Saturday, February 23, 2013

សង្គម​ស៊ីវិល​រិះគន់​គម្រោង​ផ្តល់​តំណែង​ឲ្យ​កូនៗ​មន្ត្រី​បក្ស​ប្រជាជន


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​សង្គម​ស៊ីវិល​រិះគន់​ថា កំពុង​រៀបចំ​ផែនការ​ឲ្យ​កូន​ប្រុស​លោក​ម្នាក់​ស្នង​តំណែង​ទៅ​ថ្ងៃ​អនាគត។ កូន​ប្រុស​ច្បង​នោះ គឺ​លោក ហ៊ុន ម៉ាណែត អាយុ ៣៥​ឆ្នាំ បច្ចុប្បន្ន​កំពុង​មាន​តួនាទី​ជា​នាយក​អង្គភាព​ប្រឆាំង​ភេរវកម្ម និង​ជា​អនុប្រធាន​អង្គរក្ស​នាយក​រដ្ឋមន្ត្រី។

ដោយ យន់ សាមៀន
2013-02-23

អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
ហ៊ុន ម៉ាណែត ៣០៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១១ ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។
Photo courtesy of camnews.com
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​អះអាង​តាម​ទូរស័ព្ទ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​តែ​គិត​ថា នាយ​ទាហាន​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​គ្រប់គ្រង​ប្រទេស។ លោក អ៊ូ វីរៈ បន្ត​ថា ទោះ​បី​ជា​កូន​ប្រុស​ពៅ​របស់​លោក ហ៊ុន សែន មាន​គម្រោង​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​សម្រាប់​ការ​បោះ​ឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ​ក៏ដោយ ប៉ុន្តែ​កូន​ដែល​នឹង​អាច​ស្នង​តួនាទី​ជំនួស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ គឺ​លោក ហ៊ុន ម៉ាណែត វិញ​ទេ។

ទីភ្នាក់ងារ​ព័ត៌មាន (AFP) ដក​ស្រង់​សម្ដី​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប ថា លោក ហ៊ុន ម៉ានី កូន​ប្រុស​ពៅ និង​កូន​ប្រសា​របស់​លោក ហ៊ុន សែន ដែល​ត្រូវ​ជា​កូន​ប្រុស​បង្កើត​របស់​អតីត​អគ្គស្នងការ​នគរបាល​ជាតិ លោក ហុក ឡង់ឌី ព្រម​ទាំង​កូនៗ​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ជាច្រើន​រូប​ទៀត គ្រោង​នឹង​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជំនួស​តំណាង​រាស្ត្រ​មួយ​ចំនួន​ដែល​មាន​វ័យ​ចំណាស់។
លោក អ៊ូ វីរៈ មាន​ប្រសាសន៍​បញ្ជាក់​ផង​ដែរ​ថា ប្រការ​នេះ​នឹង​នាំ​ឲ្យ​សមាជិក​ក្មេងៗ​ផ្សេង​ទៀត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាក់​ទឹក​ចិត្ត​ដោយ​យល់​ឃើញ​ថា ពួក​គេ​មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​បេក្ខជន​តំណាង​រាស្ត្រ​ជា​កូនៗ​របស់​មន្ត្រី​ធំៗ​ទាំង​នោះ ដែល​មាន​អំណាច និង​មាន​ទ្រព្យ​សម្បត្តិ។

កម្ពុជា នឹង​រៀបចំ​ការ​បោះ​ឆ្នោត​សកល​នា​ចុង​ខែ​កក្កដា ខាង​មុខ។ បច្ចុប្បន្ន គណបក្ស​ប្រជាជន​កម្ពុជា មាន​តំណាង​រាស្ត្រ​ចំនួន ៩០​រូប ក្នុង​ចំណោម​សមាជិក​សភា​សរុប​ចំនួន ១២៣​រូប។ ចំណែក​គណបក្ស សម រង្ស៊ី ទទួល​បាន ២៦​អាសនៈ គណបក្ស សិទ្ធិ​មនុស្ស បាន ៣​អាសនៈ និង​គណបក្ស នរោត្តម រណឫទ្ធិ បាន ២​អាសនៈ៕

ប្រភព អាស៊ីសេរី

បញ្ហា​គ្រប់គ្រង​ព្រំដែន​លើ​ជួរ​ភ្នំ​ដងរែក​នៅ​តាម​បណ្ដោយ​ព្រំដែន​ខ្មែរ-ថៃ


បរិបទ​នយោបាយ​នៅ​ក្នុង​អតីតកាល បាន​បង្ហាញ​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា បាន​ក្លាយ​ជា​ទិសដៅ​នៃ​ការ​ឈ្លានពាន​បូរណភាព​ទឹកដី​ពី​ប្រទេស​ជិត​ខាង ដូច​ជា​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ជាដើម។ ចំណែក​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​វិញ ទឹកដី​របស់​ខ្មែរ​ស្ទើរ​ទាំង​ស្រុង​នៅ​តាម​ជួរ​ភ្នំ​ដងរែក ដែល​ជា​អតីត​បន្ទាយ​ឈរ​ជើង​របស់​ទាហាន​តស៊ូ​នៅ​តាម​ជាយដែន ត្រូវ​បាន​យោធា​ឈុត​ខ្មៅ​ថៃ ឈរ​ជើង​នៅ​ទី​នោះ។

ដោយ ម៉ម មុនីរតន៍
2013-02-22
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
បង្គោល​លេខ​១៧ ព្រំដែន​ខ្មែរ​ថៃ ៣០៥
២០-កុម្ភៈ-២០១៣៖ បង្គោល​លេខ​១៧ ធ្វើ​ពី​ស៊ីម៉ង់ នៅ​ចំណុច​ភ្នំ​ប៉ោយ លើ​ភ្នំ​ដងរែក ខេត្ត​ឧត្តរមានជ័យ ត្រូវ​គេ​រំកិល​ចូល​ដី​ខ្មែរ​ប្រហែល​ជិត​កន្លះ​គីឡូម៉ែត្រ​ពី​ព្រំប្រទល់​ចាស់ ក្នុង​សម័យ​អាណានិគម​និយម​បារាំង ដែល​ត្រួតត្រា​ប្រទេស​កម្ពុជា។
RFA/Morm Moniroth
ប៉ុន្តែ​មន្ត្រី​គណៈកម្មាធិការ​កិច្ច​ការ​ព្រំដែន​កម្ពុជា បញ្ជាក់​ថា បូរណភាព​ទឹកដី​កម្ពុជា នឹង​មិន​បាត់​បង់​នោះ​ឡើយ ព្រោះ​ភាគី​ទាំង​ពីរ​ឯកភាព​ទទួល​ស្គាល់​ការ​កំណត់​ព្រំដែន​ដែល​មាន​ស្រាប់​នៅ​ក្នុង​សម័យ​បារាំង ឆ្នាំ​១៩០៤។
អតីត​ទាហាន​តស៊ូ​នៅ​តាម​ជាយ​ដែន​កម្ពុជា-ថៃ និយាយ​ថា ភាគី​ថៃ បាន​ចូល​គ្រប់គ្រង​ទឹកដី​ខ្មែរ​មួយ​ផ្នែក​ធំ​បន្ថែម​ទៀត​នៅ​តាម​ខ្សែ​បន្ទាត់​ជួរ​ភ្នំ​ដក​រែក និង​អតីត​បន្ទាយ​តស៊ូ​របស់​កងទ័ព​ខ្មែរ ក្រោយ​ពី​ការ​បញ្ចប់​ជម្លោះ​សង្គ្រាម​ស៊ីវិល​ផ្ទៃ​ក្នុង​ដ៏​រ៉ាំរ៉ៃ ក្រោម​កិច្ច​ផ្ដួចផ្ដើម​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។
លោក ញាណ សារុំ អតីត​កងទ័ព​ជាតិ ដែល​ធ្លាប់​តស៊ូ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ដោយ​មាន​ការ​គាំទ្រ​ពី​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ និង​បច្ចុប្បន្ន​ជា​ចៅ​សង្កាត់​ទី២ នៃ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី២០ កុម្ភៈ ថា ប្រទេស​កម្ពុជា បាន​បាត់​បង់​ទឹកដី​របស់​ខ្លួន​មួយ​ផ្នែក​ធំ​បន្ថែម​ទៀត​ក្នុង​ពេល​បច្ចុប្បន្ន​ទៅ​ប្រទេស​ថៃ។ លោក​បន្ត​ថា ការ​បាត់​បង់​ទឹកដី​មាន​ផ្នែក​ខ្លះ​រហូត​ដល់​ជាង​មួយ​គីឡូម៉ែត្រ​នេះ គឺ​កើត​ឡើង​នៅ​ក្នុង​ចន្លោះ​រវាង​ឆ្នាំ​១៩៩១ និង​ឆ្នាំ​១៩៩៨ ក្រោយ​ពី​រដ្ឋាភិបាល​របស់​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន សម្រេច​ដក​យោធា​របស់​ខ្លួន​ចេញ​ពី​ខ្សែ​ក្រវាត់​ព្រំដែន​កម្ពុជា-ថៃ មក​នោះ។
លោក ញាណ សារុំ៖ «ខ្ញុំ​សង្ស័យ​ថា វា​អត់​ឈប់​រឿង​ថៃ ខ្ញុំ​ថា​វា​អាច​ធ្វើ​បាន​ទៀត បើ​សិន​ជា​យើង​នៅ​តែ​ខ្សោយ។ ខ្សោយ​វា​អាច​បង្ខិត​បញ្ចូល​មក​ទៀត ពីព្រោះ​ថា​វា​អត់​ឈប់​ហ្មង វា​ទាមទារ​យក​ទាល់​តែ​បាន។ បើ​តាម​គម្រោង​ការ វា​ធ្វើ​ទាល់​តែ​បាន បើ​តាម​គម្រោង​ការ វា​ធ្វើ​ម៉េច​ឲ្យ​យើង​ចុះ​ពី​លើ​ភ្នំ​ឲ្យ​អស់ អា​នេះ​បើ​តាម​ខ្ញុំ​យល់​ដឹង​នោះ​ណាស់។ សឹង​ថា​មួយ​ថ្ងៃ វា​បង្ខិត​មួយ​ចំអាម​ផង​មួយ​ថ្ងៃ»
ស្ថិត​ក្នុង​វ័យ ៥១​ឆ្នាំ លោក ញាណ សារុំ មាន​ជំនឿ​ថា ភាគី​ថៃ នៅ​តែ​បន្ត​ការ​រំកិល​ព្រំដែន​របស់​ខ្លួន​បន្ថែម​ទៀត​ចូល​មក​ក្នុង​ទឹកដី​របស់​កម្ពុជា ប្រសិន​ណា​បើ​រដ្ឋាភិបាល​ពុំ​បាន​គ្រប់គ្រង​ដិតដល់​ទេ​នោះ។ លោក​គិត​ថា មហិច្ឆតា​ចង់​បាន​ទឹកដី​របស់​រដ្ឋាភិបាល​ទីក្រុង​បាងកក នេះ គឺ​មិន​បញ្ចប់​ការ​ជ្រៀតជ្រែក​បូរណភាព​ទឹកដី​កម្ពុជា ត្រឹម​ការ​សន្យា ឬ​ចុះ​អនុសារណៈ​យោគយល់​រវាង​ទ្វេភាគី ដែល​មាន​គណៈកម្មាធិការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​អនុវត្ត ដើម្បី​រក​ច្រក​ចេញ​នោះ​ឡើយ។
នៅ​លើ​ជួរ​ភ្នំ​ដងរែក ត្រង់​ចំណុច​ភ្នំ​ប៉ោយ មាន​បង្គោល​លេខ​១៧ ដែល​គេ​ផលិត​ឡើង​ពី​ស៊ីម៉ង់ និង​មាន​ចាក់​បេតុង​សើៗ​លើ​ដី​ផង​នោះ ត្រូវ​បាន​គេ​ដាក់​បន្តុប​ស្ទើរ​ក្បែរ​មាត់​ជ្រោះ​នៃ​ជួរ​ភ្នំ​ដងរែក ចូល​មក​ក្នុង​ទឹកដី​កម្ពុជា ដែល​មាន​ចម្ងាយ​ពី​ជំរំ​អតីត​កងទ័ព​បារ៉ា​របស់​ព្រះ​អង្គ​ម្ចាស់​នរោត្តម ចក្រពង្ស ឈរ​ជើង​ប្រហែល​ពី ៨០០ ទៅ ៩០០​ម៉ែត្រ។ ចំណែក​ទង់ជាតិ​ដែល​មាន​រូប​ប្រាង្គ​ប្រាសាទ​អង្គរវត្ត បាន​បក់​រវិចៗ​នៅ​លើ​កំពូល​ភ្នំ​ដងរែក ដោយ​ស្នា​ព្រះហស្ត​របស់​ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម ស៊ីហនុ កសាង​ឡើង នៅ​ក្នុង​សម័យ​តស៊ូ​នៅ​តាម​ជាយ​ដែន ហាក់​បាន​ក្លាយ​ជា​ភស្តុតាង​ដ៏​រឹងមាំ​មួយ បញ្ជាក់​ពី​វិសាលភាព​នៃ​ទឹកដី​ខ្មែរ​ក្នុង​អតីតកាល បើ​ទោះ​ជា​បង្គោល​កំណត់​ព្រំដែន​លេខ​១៧ ត្រូវ​គេ​រំកិល​ដែល​មាន​ចម្ងាយ​ឆ្ងាយ​ពី​ដង​ទង់ជាតិ​នោះ​ប្រហែល ៦០ ទៅ ៧០​ម៉ែត្រ​ក្ដី។
អតីត​យោធា​ខ្មែរ​មួយ​ចំនួន​នៅ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ កាល​ពី​សម័យ​តស៊ូ​នៅ​តាម​ជាយដែន​កម្ពុជា-ថៃ និយាយ​ថា បង្គោល​លេខ​១៧ នេះ គឺ​ពុំ​មែន​ជា​ការ​កំណត់​ខណ្ឌ​សីមា​ប្រទេស​ទាំង​ពីរ ដោយ​អាណាព្យាបាល​សម័យ​បារាំង គ្រប់គ្រង​លើ​ប្រទេស​កម្ពុជា នោះ​ទេ។ ពួក​គេ​គិត​ថា បង្គោល​នេះ គឺ​ជា​ការ​កែច្នៃ​ដោយ​ភាគី​ថៃ ដើម្បី​រំកិល​ព្រំដែន​ក្រោយ​ពី​កម្ពុជា បង្កើត​យន្តការ​នៃ​គោល​នយោបាយ​បង្រួបបង្រួម​ជាតិ​ឆ្នាំ​១៩៩១ និង​ការ​ធ្វើ​សមាហរណកម្ម​ដក​កងទ័ព​របស់​ខ្លួន​ចេញ​ពី​លើ​ជួរ​ភ្នំ​ដងរែក ក្នុង​ឆ្នាំ​១៩៩៨ ប៉ុណ្ណោះ៖ «យើង​កាល​ណោះ យើង​គ្រប់គ្រង​បាន​ទាំង​ស្រុង ថៃ​អត់​ហាន។ ព្រំដែន​តាំង​ពី​បង្គោល​ឡាក់ គឺ​អត់​ហាន​ថៃ ព្រោះ​យើង​បាន​ទៅ​នៅ​ជាប់​ព្រំ អរ​ជា​មួយ​បន្ទាយ​ថៃ»
អ្នក​សិក្សា​ផ្នែក​ប្រវត្តិសាស្ត្រ ឲ្យ​ដឹង​ថា ជម្លោះ​ដណ្ដើម​ទឹកដី​រវាង​អាណាចក្រ​ដែល​មាន​ព្រំដែន​ជាប់​គ្នា​រវាង​កម្ពុជា និង​ថៃ នេះ បាន​កើត​មាន​ឡើង​តាំង​ពី​សតវត្ស​ទី១៣ ពោល គឺ​នៅ​អំឡុង​ឆ្នាំ​១២៨០។ ជម្លោះ​នេះ នៅ​តែ​បន្ត​អូស​បន្លាយ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។ អ្នក​សិក្សា​ផ្នែក​ប្រវត្តិសាស្ត្រ ឲ្យ​ដឹង​ថា គិត​មក​ដល់​សតវត្ស​ទី២១ នេះ បាន​ន័យ​ថា ជម្លោះ​ដណ្ដើម​ទឹកដី​រវាង​កម្ពុជា និង​ថៃ មាន​រយៈពេល​ជាង ១ពាន់​ឆ្នាំ​មក​ហើយ។
លោក សំបូរ មាណ្ណារ៉ា អនុប្រធាន​ផ្នែក​ប្រវត្តិសាស្ត្រ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី១៨ កុម្ភៈ ថា ជម្លោះ​នេះ​ជា​ទូទៅ​ត្រូវ​គេ​រក​ឃើញ​ថា កើត​ឡើង​ព្រោះ​តែ​ការ​ជ្រៀតជ្រែក​របស់​ភាគី​ថៃ មក​លើ​អធិបតេយ្យ​របស់​កម្ពុជា៖ «បើ​យើង​និយាយ​ពី​ប្រវត្តិ គឺ​កើត​ឡើង​នៅ​ក្នុង​កំឡុង​នៃ​សតវត្ស​ទី១៣ ប្រមាណ​ជា​ឆ្នាំ​១២៨០ គឺ​ក្នុង​នៅ​កំឡុង​ពេល​ព្រះរាជា​មួយ​នៃ​សម័យ​អង្គរ ដែល​មាន​ព្រះបាទ លំពង់ រាជា។ នៅ​ពេល​នោះ គឺ​យើង​មាន​ការ​មិន​ពេញ​ចិត្ត​នឹង​គ្នា ឬ​ក៏​មាន​ការ​ងើប​ឡើង​ប្រឆាំង​តវ៉ា​ជាមួយ​ម្ចាស់​ស្រុក ដោយ​ក្រុម​នៃ​មនុស្ស​នៅ​ក្នុង​តំបន់​សុខោទ័យ ហើយ​បង្កើត​ទៅ​ជា​អរិយភាព​ក្នុង​ការ​បង្កើត​រដ្ឋ​ថ្មី គឺ​រដ្ឋ​សុខោថៃ ដែល​ក្រុម​ទាំង​អស់​នោះ​បាន​ធ្វើ»
អតីត​កងទ័ព​តស៊ូ​នៅ​តាម​ជាយដែន​កម្ពុជា-ថៃ របស់​ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ គឺ​លោក ញាណ សារុំ បញ្ជាក់​ថា ពុំ​មែន​តែ​នៅ​តាម​ជួរ​ភ្នំ​ដងរែក ទេ​ដែល​កម្ពុជា ត្រូវ​បាត់​បង់​ទឹកដី​ទៅ​ប្រទេស​ថៃ ក្នុង​ពេល​បច្ចុប្បន្ន។ លោក​បន្ត​ថា ដូច​ជា​អតីត​បន្ទាយ​កងពល​១៥ ឬ​ហៅ​ទំនប់​១៥ នៅ​ជាប់​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ក៏​ត្រូវ​យោធា​ថៃ ចូល​កាន់​កាប់​ទាំង​ស្រុង​អស់​ជា​ច្រើន​គីឡូម៉ែត្រ នៅ​បន្ទាប់​ពី​គោល​នយោបាយ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​រំសាយ​កងទ័ព​ចេញ​ពី​ខ្សែ​បន្ទាប់​ព្រំដែន ក្រោយ​ឆ្នាំ​១៩៩៨។
លោក ញាណ សារុំ៖ «ហើយ​ដូច​ជា​នៅ​ភ្នំ​ប៉ោយ គេ​អាច​នឹង​ដូច​កងទ័ព​និយាយ​មិញ គឺ​កាល​ណោះ​យើង​បាន​ទៅ​នៅ​ជិត​បន្ទាយ​វា។ អើ​ដូច​បន្ទាយ​វា​ហ្នឹង ដែល​សៀម សព្វថ្ងៃ​មក​នៅ​បន្ទាយ​បារ៉ា ណេះ នៅ​លើ​បន្ទាយ​បារ៉ា។ អ៊ីចឹង កាល​បារ៉ា នៅ​សៀម អត់​ហាន​មក​នៅ​ទេ។ យើង​ដូច​អាង​១៥ អ៊ីចឹង​កាល​បារ៉ា នៅ​សៀម​អត់​ហាន​មក​នៅ​ទេ ដល់​ពេល​បារ៉ា ដក​ចេញ សៀម គេ​មក​នៅ​ទាំង​អស់»
បញ្ហា​នេះ ត្រូវ​បាន​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា មាន​ប្រសាសន៍​ថា បូរណភាព​ទឹក​ដី​កម្ពុជា នឹង​ពុំ​មាន​ការ​បាត់​បង់​នោះ​ឡើយ​ទៅ​លើ​ប្រទេស​ថៃ ព្រោះ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ និង​រដ្ឋាភិបាល​ទីក្រុង​បាងកក មាន​ព្រំដែន​រួច​មក​ហើយ​ក្រោយ​ឆ្នាំ​១៩០៤ ដែល​ជា​បង្គោល​ព្រំដែន​អន្តរជាតិ​ទទួល​ស្គាល់​ដោយ​អាណាព្យាបាល​បារាំង ចំនួន ៧៣​បង្គោល នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។
លោក វ៉ា គឹមហុង ៖ «គេ​បោះ ៧៣​បង្គោល តាំង​ពី​ហ្នឹង​ណឹង​អស់​តើ។ ឥឡូវ​នេះ​ធ្វើ​ទៅ​គណៈកម្មការ​រក​បង្គោល​ចាស់​ហ្នឹង ឲ្យ​វា​ឃើញ​ទៅ។ រក​ឲ្យ​ឃើញ​ហើយ រក​ទីតាំង​ឲ្យ​វា​ពិត​ប្រាកដ​ទៅ​ណា។ បាទ​អត់​មាន​ទៅ​បោះ​អី​ទេ ហើយ​បើ​ថា​ឃើញ​ហើយ ល្អូក​គ្នា​ត្រូវ​ហើយ​យើង​រក​ឯកភាព​គ្នា​ធ្វើ​កំណត់​ហេតុ​ស៊ីញេ​អី​ទៅ ប៉ុន្តែ​រហូត​ដល់​ឥឡូវ យើង​រក​ហើយ​តែ​រក​វា​មិន​ទាន់​បាន​គ្រប់​ទាំង​អស់ រក​បាន​មួយ​ចំនួន​ហើយ យើង​ត្រូវ​រ៉ូវ​គ្នា​ខ្លះ​មិន​ត្រូវ​រ៉ូវ​គ្នា»
លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា និង​ជា​អគ្គ​ហិរញ្ញិក​មក​ពី​គណបក្ស សម រង្ស៊ី ចាត់​ទុក​ការ​បន្ត​ជ្រៀតជ្រែក​បូរណភាព​ទឹកដី​មក​លើ​ប្រទេស​កម្ពុជា ពី​សំណាក់​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ថា​នោះ​គឺ​ជា​ជំងឺ​ដែល​គេ​ងាយ​នឹង​ព្យាបាល។ ក៏ប៉ុន្តែ លោក​គិត​ថា​អ្វី​ដែល​កម្ពុជា នៅ​តែ​បន្ត​អូស​បន្លាយ​លើ​ផ្នែក​នេះ នោះ​ក៏​ព្រោះ​តែ​ភាព​ទន់​ជ្រាយ​នយោបាយ​ការ​បរទេស​របស់​កម្ពុជា៖ «ក្រុម​ការងារ​ព្រំដែន​បារាំង សៀម ហ្នឹង បាន​បោះ​បង្គោល​៧៦ ហ្នឹង​រួច​ទៅ​ហើយ។ ដូច្នេះ វា​ច្បាស់​លាស់​ណាស់​ព្រំដែន គឺ​មិន​មាន​ភាព​ស្រពិចស្រពិល​ទេ គឺ​ព្រំដែន​ច្បាស់​លាស់​ដោយ​សារ​មាន​បង្គោល​បោះ​រួច​រវាង​គណៈកម្មការ​ទាំង​ពីរ។ ដូច្នេះ យើង​យល់​ថា រដ្ឋាភិបាល​អត់​បាន​ការពារ​ទាំង​ខាង​កើត​ទាំង​ខាង​លិច»
ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក វ៉ា គឹមហុង បញ្ជាក់​ថា ការ​កើត​មាន​ជម្លោះ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ នោះ​គឺ​ជា​ការ​មិន​ទទួល​ស្គាល់​ដោយ​ភាគី​ថៃ ចំពោះ​បង្គោល​ព្រំដែន​ដែល​មាន​ស្រាប់។ លោក​បន្ត​ថា ទោះ​ជា​បែប​ណា គណៈកម្មាធិការ​ជំនាញ​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​ពន្លឿន​ការ​រុករក​បង្គោល​បោះ​ក្នុង​សម័យ​បារាំង ដែល​មាន​ស្រាប់​ឲ្យ​ឃើញ ដើម្បី​ឈាន​ទៅ​បញ្ចប់​អរិយភាព ឬ​ជម្លោះ​នៅ​តាម​ព្រំដែន៖ «ឥឡូវ​ហ្នឹង ដែល​យើង​ធ្វើ​ជាមួយ​សៀម ដោយ​សៀម វា​មាន​រឿងរ៉ាវ​ជាមួយ​ហ្នឹង គឺ​ដោយ​សារ​វា​មិន​គោរព​សន្ធិសញ្ញា​ទាំង​អស់​ហ្នឹង។ វា​មិន​គោរព​ខ្សែ​ព្រំដែន​ដែល​មាន​នៅ​លើ​ផែនទី​ទាំង​អស់​ហ្នឹង»
ក៏ប៉ុន្តែ​ករណី​នេះ ត្រូវ​បាន​ក្រុម​អ្នក​តាម​ដាន​បញ្ហា​សង្គម គិត​ថា ការ​បញ្ចប់​ជម្លោះ​ជាមួយ​ប្រទេស​នៅ​តាម​ព្រំដែន គឺ​ពុំ​មែន​ជា​ការ​ងាយ​នោះ​ឡើយ ប្រសិន​បើ​រដ្ឋាភិបាល​នៅ​បន្ត​គិត​ពី​ប្រយោជន៍​បុគ្គល ជា​ជាង​ការ​គិត​ប្រយោជន៍​ជាតិ​ជា​ធំ និង​ទាំង​នយោបាយ​ការ​បរទេស នយោបាយ​សេដ្ឋកិច្ច នៅ​មាន​កម្រិត ព្រម​ទាំង​មិន​ព្យាយាម​ជំរុញ​ការ​អភិវឌ្ឍ​នៅ​ព្រំដែន​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ​ទេ មាន​ន័យ​ថា កម្ពុជា នឹង​នៅ​តែ​ជា​សម្ពាធ និង​ជា​គោលដៅ​នៃ​ការ​ជ្រៀតជ្រែក​ជា​ដរាប៕
ប្រភព អាស៊ីសេរី

នាយក​រដ្ឋមន្ត្រី​ប្រកាស​ឲ្យ​កងទ័ព​ត្រៀម​ការពារ​ព្រំដែន​តំបន់​ព្រះវិហារ


ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី២២ ខែ​កុម្ភៈ បាន​ប្រកាស​ថា កង​កម្លាំង​យោធា និង​កង​កម្លាំង​ប្រដាប់​អាវុធ​នានា​នៃ​ប្រទេស​កម្ពុជា ត្រូវ​តែ​ត្រៀម​ខ្លួន​កម្រិត​ខ្ពស់​បំផុត ដើម្បី​ការពារ​ព្រំដែន​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ នៅ​គ្រា​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ អាយស៊ីជេ (ICJ = International Court of Justice) គ្រោង​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ នៃ​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ នៅ​ពាក់​កណ្ដាល​ខែ​មេសា ឆ្នាំ​២០១៣ ខាង​មុខ​នេះ។

ហ៊ុន សែន ៣០៥ ថ្មី
១៥-មិថុនា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល រាជធានី​ភ្នំពេញ។
RFA/Sok Serey
ប៉ុន្តែ កង​កម្លាំង​ទាំង​នោះ​ត្រូវ​តែ​រក្សា​ភាព​ស្ងប់ស្ងៀម មិន​ប្រើ​អំពើ​ហិង្សា​បំផ្ទុះ​អាវុធ​ឡើយ នៅ​គ្រា​ដែល​តុលាការ​នោះ​បកស្រាយ​សាលក្រម ទោះ​ជា​លទ្ធផល​យ៉ាង​ណា​ក៏ដោយ។
ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ប្រកាស​ដូច្នេះ ប្រាប់​ទៅ​មន្ត្រី​ជាន់​ខ្ពស់​នគរបាល​ជាតិ​ចំនួន​ជិត ៧០០​នាក់ នៅ​ក្នុង​ការ​បិទ​សន្និបាត​ប្រចាំ​ឆ្នាំ​២០១២ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៣ ដែល​បាន​ចូល​រួម​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជា​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក​នាយ​ឧត្តមសេនីយ៍ ទៀ បាញ់ និង​ជា​ឧបនាយក​រដ្ឋមន្ត្រី និង​អគ្គស្នងការ​នគរបាល​ជាតិ លោក​នាយ​ឧត្តមសេនីយ៍ នេត សាវឿន។
កន្លង​មក មាន​សេចក្តី​រាយការណ៍​ថា ក្រុម​ជ្រុល​និយម​ថៃ មួយ​ចំនួន បាន​ប្រកាស​មិន​ទទួល​ស្គាល់​យុត្តាធិការ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នោះ​ទេ ហើយ​ក្រុម​ជ្រុល​និយម​ថៃ មួយ​ចំនួន​ទៀត បាន​ប្រកាស​សុំ​ឲ្យ​អនុវត្តន៍​សន្ធិសញ្ញា​ឆ្នាំ​១៩៤១ នៅ​ទីក្រុង​តូក្យូ (Tokyo) ប្រទេស​ជប៉ុន (Japan) ដែល​កាត់​ទឹក​ដី​ខេត្ត​បាត់ដំបង ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ធំ ឲ្យ​ថៃ វិញ បើ​សិន​ណា​ការ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ នោះ ឲ្យ​កម្ពុជា ឈ្នះ​ក្តី​ជា​ដដែល​នោះ។
ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា លោក​បាន​ជម្រាប​ប្រាប់​អ្នកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) នាយក​រដ្ឋមន្ត្រី​ថៃ នៅ​ក្នុង​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ កាល​ពី​ដើម​ខែ​កុម្ភៈ កន្លង​ទៅ​នេះ​ថា លោក​ព្រួយ​បារម្ភ​អំពី​ចលនា​ជ្រុល​និយម​ថៃ ដែល​ប្រឆាំង​នឹង​ការ​បកស្រាយ​សាលក្រម​ខាង​មុខ​នេះ។
លោក ហ៊ុន សែន៖ «ខ្ញុំ​សុំ​បញ្ជាក់​ចំណុច​បន្តិច នៅ​ក្នុង​ប្រទេស​យើង វា​ងាយ​ស្រួល​ទេ ព្រោះ​និន្នាការ​នៅ​ប្រទេស​យើង​មិន​មាន​និន្នាការ​និយម​ជ្រុល​ទេ មិន​ថា​សាលក្រម​នោះ​វា​ចេញ​បែប​ណា​ទេ គឺ​កម្ពុជា បើ​ទោះ​បី​ជា​កម្ពុជា មាន​ប្រៀប កម្ពុជា ក៏​មិន​ប្រើប្រាស់​កម្លាំង​ដើម្បី​ទៅ​រុញ​ច្រាន​កម្លាំង​របស់​ថៃ ដើម្បី​ចេញ​ពី​តំបន់​នោះ​ដែរ។ យើង​ត្រូវ​មាន​ការ​ពិភាក្សា​គ្នា​ដើម្បី​រៀបចំ​ឲ្យ​មាន​ដំណើរ​ការ​ល្អ ប៉ុន្តែ​នៅ​ខាង​ប្រទេស​ថៃ ឯ​ណោះ​វិញ មាន​មតិ​ច្រើន​ណាស់»
លោក​បាន​ស្នើសុំ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ថៃ អ្នកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ កុំ​ឲ្យ​រឿង​នេះ​រីក​រាលដាល​ជា​ជម្លោះ​ព្រំដែន​ទាំង​មូល និង​ប៉ះពាល់​ដល់​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ថៃ លើ​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម។
ទាក់​ទង​នឹង​បញ្ហា​នេះ អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច ដែល​តែង​តែ​តាម​ដាន​ស្ថានការណ៍​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ បាន​មាន​ប្រសាសន៍​ថា លោក​គាំទ្រ​អនុសាសន៍​របស់​លោក ហ៊ុន សែន៖ «ទី១ ទាក់​ទង​នឹង​ផ្លូវ​ច្បាប់ យើង​ឈ្នះ​ហើយ។ បើ​សិន​ណា​យើង​ប្រើប្រាស់​កម្លាំង​បាយ ឬ​ផ្ទុះ​អាវុធ យើង​ទេ​ជា​ចំណាប់​របស់​ប្រទេស​ថៃ ថា​យើង​ប្រហែល​ជា​មាន​បញ្ហា​ទៅ​លើ​ប្រព័ន្ធ​ច្បាប់។ ហើយ​ទី២ ការ​ផ្ទុះ​អាវុធ​អត់​អាច​កើត​ឡើង​ទេ ព្រោះ​ទាហាន​គោរព​មេ​បញ្ជាការ​ណាស់ គ្មាន​មេ​បញ្ជាការ​បញ្ជា​មិន​អាច ហើយ​អ្នក​ដែល​បញ្ជា​នៅ​ពេល​ដែល​ផ្ទុះ​អាវុធ​នៅ​ក្នុង​ទ្រង់ទ្រាយ​ធំ​នោះ ទាល់​តែ​មាន​បញ្ជា​ពី​នាយក​រដ្ឋមន្ត្រី ឬ​ព្រះមហាក្សត្រ។ ដូច្នេះ មិន​អាច​កើត​មាន​ឡើង។ បើ​សិន​មាន​ទាហាន​ណា​មួយ​ផ្ទុយ​ពី​បញ្ជា​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រព័ន្ធ​ច្បាប់ ពីព្រោះ​លោក​ជា​មេ​បញ្ជាការ​នៅ​ពេល​ដែល​មាន​សង្គ្រាម»
ដោយ​ឡែក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​បញ្ជា​ឲ្យ​បិទ ឬ​បញ្ចប់​ការ​កែច្នៃ​ឈើ​ក្រញូង ការ​ឆ្លង​កាត់ និង​ការ​ជួញ​ដូរ​ឈើ​ក្រញូង​នៅ​ប្រទេស​កម្ពុជា ចាប់​ពី​ពេល​នេះ​ត​ទៅ៕

ប្រភពអាស៊ីសេរី

លោក សេង សុវណ្ណារ៉ា ការពារនិក្ខេប បទបញ្ចប់ការ សិក្សាថ្នាក់បណ្ឌិត នៅសាកលវិទ្យា ល័យ អាស៊ី អឺរ៉ុប ទទួល បានជោគជ័យ



E-mailPrintPDF
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំពិធីការពារ និក្ខេប បទបញ្ចប់ ការសិក្សាថ្នាក់បណ្ឌិត របស់បេក្ខជនបណ្ឌិត សេង សុវណ្ណារ៉ា ឯកទេស រដ្ឋបាលសាធារណៈ ជំនាន់ទី១ វគ្គ១ ក្រោមប្រធានបទ ការគ្រប់គ្រងរដ្ឋបាល នៅសាលាដំបូងរាជធានីភ្នំពេញដោយមានគណៈកម្មការវាយតម្លៃ ៧រូប រួមមាន ឯកឧត្តមបណ្ឌិត សភាចារ្យ ខៀវ ថវិកា ប្រធានគណៈកម្មការ, បណ្ឌិត សយ រាសី សាស្រ្តាចារ្យវាយតម្លៃទី១, បណ្ឌិត សឿន សោភ័ណ សាស្រ្តាចារ្យវាយតម្លៃទី២, បណ្ឌិត សំ នារី សាស្រ្តាចារ្យ វាយតម្លៃទី៣, បណ្ឌិត ជ័យ សារិន សមាជិក, បណ្ឌិត អិម វិបុល សមាជិក និងបណ្ឌិត ទេព ឈុនណារិទ្ធ ជាលេខាកត់ត្រា។
នៅក្នុងពិធីនេះដែរ ក៏មានការអញ្ជើញ ចូលរួមពីលោក ជ័រ ស្ដើង តំណាងក្រសួងអប់រំ យុវជន និងកីឡា និង សាស្រ្តាចារ្យបណ្ឌិត អ្នកជំនាញមកពីក្រសួង គណៈគ្រប់គ្រងសាកលវិទ្យាល័យ និងនិស្សិតបណ្ឌិតរួមជំនាន់ជាច្រើនរូបផងដែរ។
លោក សេង សុវណ្ណារ៉ា បានមានប្រសាសន៍ថា ប្រធានបទខាងលើ បានផ្តោតការសំខាន់ទៅលើការរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តកំណែទម្រង់ តុលាការ និងប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា ឲ្យកាន់តែមាន ប្រសិទ្ធ ភាពខ្ពស់ ដើម្បីជំរុញការកសាងប្រទេសប្រកបដោយ និរន្តរភាព និងនីតិរដ្ឋ ។ ម្យ៉ាងទៀត ការសិក្សានេះមានសារប្រយោជន៍ ដល់ប្រព័ន្ធយុត្តិធម៌សង្គម ស្ថាប័នសាលាដំបូង រាជធានី-ខេត្ត ជាពិសេស មន្ត្រីយុត្តិធម៌គ្រប់លំដាប់ថ្នាក់ និស្សិត បញ្ញាវន្តក្នុងគ្រឹះស្ថានសិក្សាអប់រំផ្នែកច្បាប់ និងអង្គការ សង្គមស៊ីវិលនានា ក្នុងក្របខ័ណ្ឌអាជីពជាអ្នកការពារច្បាប់។
ជាទីបញ្ចប់គណៈកម្មការវាយតម្លៃ បានសម្រេចប្រកាសលទ្ធផល ឲ្យបេក្ខជនបណ្ឌិត សេង សុវណ្ណារ៉ា បានបញ្ចប់ការ សិក្សាថ្នាក់បណ្ឌិតដោយជោគជ័យ និងជាបណ្ឌិត ចាប់ពីពេលនេះតទៅ។
សូមបញ្ជាក់ផងដែរថា សាកលវិទ្យាល័យ អាស៊ី អឺរុប បាននិងកំពុងបណ្តុះបណ្តាល និស្សិតថ្នាក់បណ្ឌិត បានពីរជំនាន់លើជំនាញ ដូចជា នីតិសាស្រ្ត វិទ្យាសាស្រ្ត នយោបាយ រដ្ឋបាលសាធារណៈ ទំនាក់ទំនងអន្តរជាតិ វិទ្យាសាស្រ្តសេដ្ឋកិច្ច និងគ្រប់គ្រងពាណិជកម្ម ជាដើម ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

ពង្រឹង គុណភាពអប់រំ អនុវិទ្យាល័យ និង វិទ្យាល័យ


នាទី ព្រឹត្តិការណ៍ ប្រចាំថ្ងៃ៖ ពង្រឹង គុណភាពអប់រំ អនុវិទ្យាល័យ និង វិទ្យាល័យ (មានសម្លេង)

E-mailPrintPDF
ភ្នំពេញ៖ វិស័យអប់រំនៅកម្ពុជាបច្ចុប្បន្ន មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ទាំងផ្នែកឯកជនផងដែរ។ ទទន្ទឹមនឹងការរីកចម្រើននេះ ក៏នៅមានចំណុចខ្វះខាតមួយ ចំនួន ក្នុងនោះក៏មានបញ្ហាការចែក សៀវភៅមុខវិជ្ជា ឲ្យសិស្សានុសិស្សអានផងដែរ។
តើការបែងចែកសៀវភៅមុខវិជ្ជានេះ មានរឿងរ៉ាវអ្វីខ្លះ? សព្វថ្ងៃមានគម្រោងមួយរបស់អង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការងារឃ្លាំមើល ការបែងចែកសៀវភៅនោះ ពីស្ថាប័នខាងលើ ទៅតាមសាលារៀននៅ មូលដ្ឋាន។
បើចង់ជ្រាបអំពីបញ្ហានេះ សូមប្រិយមិត្តស្តាប់ប្រសាសន៍របស់លោក សន ជ័យ អ្នកសម្របសម្រួលសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ដែលយកមកពីនាទី ព្រឹត្តិការណ៍ប្រចាំថ្ងៃ របស់វិទ្យុដើមអម្ពិល ស្តីពី ពង្រឹងគុណភាពអប់រំ អនុវិទ្យាល័យ-វិទ្យាល័យ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ មានលោក ប៉ោ សេដ្ឋា ជាអ្នកសម្របសម្រួល៖
www.dap-news.com
លោក សន ជ័យ (ពាក់អាវពណ៌ខៀវ)

បន្តផ្តាល់ពីដើមអម្ពិល