Tuesday, March 12, 2013

ដីមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក មានអ្នកធ្វើប្លង់ជ្រៀកលក់


(ថ្ងៃទី 24 កុម្ភៈ 2013, ម៉ោង 08:39:AM) | ដោយ: ចន្រ្ទា
ក- ក ក+ | Print
ស្វាយរៀង: លោក​វរសេនីយ៍ត្រី ទឹម វ​ណ្ណិ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​រមាសហែក បាន​រង​នូវ​ការ​ស៊ើប​អង្ករត និង​ចោទប្រកាន់ថា​បានធ្វើ​ប្លង់ដី​ជា​ពីរ​ចំណែក ក្នុងនោះ​មួយចំណែក​កសាង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​រមាសហែក ដែលមាន​ទំហំ​២២​ម៉ែត្រ គុណ​នឹង​៦៩​ម៉ែត្រ ដោយឡែក​ដី​ដែល​ធ្វើ​ប្លង់​លក់​នោះ​មាន​ទំហំ​១០​ម៉ែត្រ​គុណ​នឹង​៦០​ម៉ែត្រ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​តា​ត្រាវ ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក លក់បាន​បាន​តម្លៃ​១​ម៉ឺន​ដុល្លារ ដោយមាន​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​លេខ​343/08 ដោយ​លោក​គង់​សាលាង អតីត មេឃុំ​កំពង់ត្រាច កាលពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០០៨​។​
ទីតាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​រមាសហែក ដែល​ត្រូវបាន​គេ​ធ្វើ​ប្លង់​ជា​ពីរ​ចំណែក ហើយ​លក់​មួយ​ប្លង់​បាន​លុយ​១​ម៉ឺន​ដុល្លារ​​ (រូបរបងលាបថ្នាំពណ៌ស)
​រឿងរ៉ាវ​បែកធ្លាយ​នៃ​ការធ្វើ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ នៃ​ការ​បំបែក​ដី​ជា​ពីរ ចំណែក​នោះ​ទើបតែ​ដឹង​នៅពេលដែល​ម្ចាស់​ដី​ទិញ​បាន​នោះមក​ធ្វើ​របង​ព័ទ្ធ​ដី​កាលពី​ថ្ងៃទី​១១​ខែធ្នូ ឆ្នាំ​២០១២ ដល់​ថ្ងៃទី​១៤​ខែកុម្ភៈ ឆ្នាំ​២០១៣ ទើប​មាន​ក្រុមការងារ​អាវុធហត្ថ​ខេត្ត​ចុះមក​ស្រាវជ្រាវ​និង​ពិនិត្យ​ទំហំ​ដី​អង្គភាព​កងរាជអាវុធហត្ថ​ស្រុក​រមាសហែក ជាក់ស្តែង​តែម្តង​ទៅតាម​បទបញ្ជា​ផ្ទាល់មាត់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ហេ​ត្ថ​ខេត្តស្វាយរៀង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ព្រហ្ម ដន មេបញ្ជាការរង​ទទួលបន្ទុក​ភស្តុភា​-​បច្ចេកទេស លោក​វរសេនីយ៍ទោ​ម៉ែន សំអឿន មេបញ្ជាការរង​និង​ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​យុត្តិធម៌ បាន​បើក​អង្គប្រជុំ​មួយ​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែកុម្ភៈ ឆ្នាំ​២០១៣ ដោយមាន​ការចូលរួម​ពី​លោក​ហែ​ន សា​គុន អភិបាលស្រុក​រមាសហែក លោក​ម៉ៅ ពុ​ទ្ធី ប្រធានការិយាល័យ ភូមិបាល​ស្រុក លោក​អនុសេនីយ៍ទោ នួន សុឃឿន នាយការិយាល័យ​វិ​ស្វរ​កម្ម​ខេត្ត​រួម​និង លោក​វរសេនីយ៍ត្រី ទឹម វ​ណ្ណិ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​រមាសហែក​ផងដែរ​។​
ទីតាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​រមាសហែក ដែល​ត្រូវបាន​គេ​ធ្វើ​ប្លង់​ជា​ពីរ​ចំណែក ហើយ​លក់​មួយ​ប្លង់​បាន​លុយ​១​ម៉ឺន​ដុល្លារ​ (រូបរបងលាបថ្នាំពណ៌ស)
​បើ​យោងតាម​កំណត់ហេតុ​នៃ​អង្គប្រជុំ​ដែល​ទើប​បែកធ្លាយ​កាលពីពេល​ថ្មីៗ​នេះ ស្តីពី​ការពាក់ព័ន្ធ​ទៅលើ​ដីធ្លី​អង្គភាព​អាវុធហត្ថ​ស្រុក​រមាសហែក ពិនិត្យ​ជាក់ស្តែង​ទំហំ​ដី​អង្គភាព​ទទឹង​២៤​ម៉ែត្រ បណ្តោយ​៦៩​ម៉ែត្រ ទំហំ​ដី​ធ្វើ​របង​ជាប់​បន្ទាយ​មាន​ទទឹង​១០​ម៉ែត បណ្តោយ​៦០​ម៉ែត្រ លក់​ពីមុន​តម្លៃ​១​ម៉ឺន​ដុល្លារ មូលហេតុ​នៃ​ការលក់​នោះ ដើម្បី​កសាង​អង្គភាព​អាវុធហត្ថ​ស្រុក​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា នៅក្នុង​កិច្ចប្រជុំ​នោះ​លោក​ហែ​ន សា​គុន អភិបាលស្រុក​រមាសហែក បាន​មានប្រសាសន៍ថា បញ្ហា​ដិ​នេះ​គាត់​មិនបាន​ដឹង​ទេ ក្នុង​ឆ្នាំ​២០០៤ គាត់​កំពុង​រៀន កាលនោះ​លោក​ម៉ៅ វិ​រៈ និង​លោក​ណេ​ប សារ៉ុន ជា​គណៈកម្មការ គណៈបញ្ជាការ​ឯកភាព​ស្រុក​បាន​ឯកភាពគ្នា​វាស់វែង​ដីធ្លី មាន​ប្លង់​កម្មសិទ្ធិ​ដឹងឮ​តាម​ឯកសារ​ឆ្នាំ​២០០៤​។​

​លោក​ម៉ៅ​ង ពុ​ទ្ធី ប្រធានការិយាល័យ​សុរិយោដី​ស្រុក​បាន​បំភ្លឺ​លើ​បញ្ហា​ដី​នេះ​ថា លោក​បានទទួល​ស្គាល់​ក្នុងការ​វាស់វែង​ដីធ្លី​នោះ​មែន មុខ​ឆ្នាំ​២០០៣ ប៉ុន្តែ​ក្នុង​ឆ្នាំ​២០០៣ ដី​នោះ​ពុំទាន់​បានធ្វើ​ប្លង់ កម្មសិទ្ធិ​ទេ ក្រោយមក​នៅ​ចុងឆ្នាំ​២០០៣ លោក​បាន​ទៅ​បំរើការ​ងារ​នៅ​ខេត្តតាកែវ តាម​ផែនការ​របស់​ក្រសួង​។ លុះដល់​ឆ្នាំ​២០០៤ លោក​ពុំ​បានដឹង​រឿង​វាស់វែង​ដីធ្លី​និង​ចេញ​ប្លង់​កម្មសិទ្ធិ​ពេលនោះ​ឡើយ លោក​គ្រាន់តែ​ដឹង​ប៉ុណ្ណោះ​។​
ទីតាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​រមាសហែក ដែល​ត្រូវបាន​គេ​ធ្វើ​ប្លង់​ជា​ពីរ​ចំណែក ហើយ​លក់​មួយ​ប្លង់​បាន​លុយ​១​ម៉ឺន​ដុល្លារ​ (រូបរបងលាបថ្នាំពណ៌ស)
​ក្រោយពី​ការចុះ​ស្រាវជ្រាវ​ដីធ្លី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​រមាសហែក រួចមក​ក្រុមការងារ​អាវុធហត្ថ​ខេត្ត​បាន​ភ្ជាប់​ឯកសារ​មួយចំនួន រួមមាន ៖ ទី​១-​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដែលមាន​ចុះហត្ថលេខា​ដោយ​លោក​គង់ សាលាង មេឃុំ​កំពង់ត្រាច កាលពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០០៨ ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ប្រភេទ​ដី​សាងសង់​បញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក ចុះហត្ថលេខា​ដោយ​លោក​គង់ ផុន ប្រធានការិយាល័យ​រៀបចំ​ដែល​ដី​នគរូបនីយកម្ម​សំណង់ និង​ភូមិបាល ចុះ​ថ្ងៃទី​៩​ខែមីនា ឆ្នាំ​២០០៤ និង​អគ្គនាយក​សុរិយោដី​និង​ភូមិសាស្ត្រ ដោយ​លោក​សេក សេដ្ឋា ចុះ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០០៤ ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ប្រភេទ​ដី​សាងសង់ របស់​ឈ្មោះ​ទឹម វ​ណ្ណិ និង​នាង​កង សា​គុណ (​ប្តី​ប្រពន្ធ​) ព្រំប្រទល់​ខាងជើង​ទល់នឹង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក ខាងត្បូង​ច្រកចេញចូល ខាងកើត​ហេង​សេង និង​ខាងលិច​ថ្នល់​(​ប្លង់ដី​ដែល​លក់​) ចុះហត្ថលេខា​ដោយ​លោក​គង់ ផុន ប្រធានការិយាល័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​ភូមិបាល ចុះ​ថ្ងៃទី​៩​ខែមីនា ឆ្នាំ​២០០៤ និង​អគ្គនាយក​សុរិយោដី​និង​ភូមិសាស្ត្រ​ដោយ​លោ​សេក សេដ្ឋា ចុះ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០០៤ រួម​នឹង​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំ​នួ​ទៀត​។​

​នៅ​ពុំទាន់​ដឹងថា លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង មាន​ចំណាត់ការ​យ៉ាងណា​នោះទេ ក្រោយ​ពេលដែល​ទទួលបាន​របាយការណ៍​ដូច្នេះហើយ មតិ​ប្រជាពលរដ្ឋ​មន្ត្រីរាជការ​មួយចំនួន​ក៏មាន​ការងឿងឆ្ងល់​ផងដែរ ដែល​នៅ​សុខៗ​ស្រាប់តែ​ដី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​រមាសហែក​ចែកជា​ពីរ​ប្លង់​យ៉ាង​ស្របច្បាប់​ដូច្នេះ​នោះទេ ដល់ពេល​គេ​ធ្វើ​របង ទើប​ភ្ញាក់​ព្រើត​តែម្តង​។ 

​ពាក់ព័ន្ធ​ករណី​លក់​ដី​នេះ លោក​វរសេនីយ៍ត្រី ទឹម វ​ណ្ណិ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​រមាសហែក​បាន​ប្រាប់​អ្នកកាសែត​តាម​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃទី​២៣​ខែកុម្ភៈ ឆ្នាំ​២០១៣ យ៉ាងខ្លី​ថា គាត់​លក់​ដី​ប្លង់​ផ្សេង​ទេ មិនបាន​លក់​ដី​បន្ទា​ទេ​៕
- See more at: http://www.cen.com.kh/localnews/show_detail/135?token=MTc0N2MxYzlmZjFjZWQ3MGRiMTJiMWNlMDA0MGU1#.UUB8Ydaq9e9

No comments:

Post a Comment