ដោយ ឡេង ម៉ាលី
គ្រូបង្រៀននៅក្នុងរាជធានីភ្នំពេញ ឈ្មោះ ភែល ភារុណ ដែលបង្ហោះរឿងនគរបាលចាប់ម៉ូតូរបស់គាត់លើហ្វេសប៊ុក (Facebook) ចូលខ្លួនទៅឆ្លើយបំភ្លឺនគរបាលខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃចន្ទ ទី១៨ មីនា ឆ្នាំ២០១៣ ពាក់ព័ន្ធនឹងបរិហារកេរ្តិ៍។
លោក ភែល ភារុណ ឱ្យដឹងថា បន្ទាប់ពីជំនួបពិភាក្សាគ្នាអស់រយៈពេលជាង ២ម៉ោង ដោយផ្ដល់ហេតុផលរៀងៗ ខ្លួនមក លោក និងភាគីនគរបាលខណ្ឌចំការមន បានយល់ពីគ្នាទៅវិញទៅមក ហើយព្រមព្រៀងគ្នាថា មិនបន្តរឿងរ៉ាវនេះតទៅទៀតទេ។
លោក ភែល ភារុណ បញ្ជាក់ថា នៅក្នុងអំឡុងពេលនៃពិភាក្សាគ្នា គឺប្រព្រឹត្តទៅក្នុងបរិយាកាសធម្មតា គ្មានការគំរាមកំហែង ដែលធ្វើឱ្យលទ្ធផលនៃការជួបពិភាក្សាគ្នានោះអាចទទួលយកបានទាំងសង្ខាង។
ករណីរបស់លោក ភែល ភារុណ ត្រូវបានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លើកយកធ្វើជាករណីសិក្សាក្នុងបញ្ហាសិទ្ធិមនុស្សមួយនៅប្រទេសកម្ពុជា ជាពិសេសទាក់ទងនឹងសេរីភាពបញ្ចេញមតិ។
មូលហេតុនៃការចូលខ្លួនទៅឆ្លើយបំភ្លឺនៅចំពោះមុខនគរបាលខណ្ឌនេះ ត្រូវបានលោក ភែល ភារុណ បញ្ជាក់ថា បណ្ដាលមកពីលោកផ្សព្វផ្សាយព័ត៌មានតាមហ្វេសប៊ុក អំពីរឿងរ៉ាវដែលនគរបាលចាប់ម៉ូតូរបស់លោកទុកមួយយប់ កាលពីថ្ងៃទី២៤ មករា ឆ្នាំ២០១៣ នេះ។ លោកឱ្យដឹងថា ក្រោយការផ្សព្វផ្សាយព័ត៌មាននេះរួច នគរបាលខណ្ឌចំការមនរាជធានីភ្នំពេញ បានចេញលិខិតកោះអញ្ជើញលោកមួយច្បាប់ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ដោយសរសេរថា ឱ្យលោកចូលបំភ្លឺអំពីករណីបទបរិហារកេរ្តិ៍។
លោក ភែល ភារុណ ត្រូវបាននគរបាលកោះអញ្ជើញឱ្យចូលទៅបំភ្លឺអំពីករណីនេះម្ដងហើយ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ប៉ុន្តែដោយសារតែមានធុរៈនៅតាមខេត្ត លោកបានសុំលើកពេលមកថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៣វិញ៕
អាស៊ីសេរី
No comments:
Post a Comment