ដោយ ស៊ុន ណារិន ថ្ងៃព្រហស្បតិ៍ ទី04 មេសា ឆ្នាំ2013 ម៉ោង09:53
ប្រទេសថៃ ព្រមានកម្ពុជាលើការពិភាក្សា គម្រោងគ្រប់គ្រងប្រាសាទព្រះវិហារ ក្នុងកិច្ចប្រជុំ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក World Heritage Committee (WHC) ដោយរង់ចាំការសម្រេចរបស់ តុលាការអន្តរជាតិទីក្រុងឡាអេ(ICJ)។
តុលាការ ICJ នឹងបើកសវនាការលើសំណុំរឿងប្រាសាទព្រះវិហារ នៅថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣ ចំថ្ងៃចូលឆ្នាំរបស់កម្ពុជា និងថៃ។ ICJ គ្រោងនឹងប្រកាសសាលដីកានៅចុងឆ្នាំ២០១៣នេះ។ ចំណែកប្រទេសកម្ពុជា នឹងបើកឲ្យមានកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៣៧ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២៧ខែមិថុនា។
កាសែតបាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានដកស្រង់សម្តីរបស់លេខាអចិន្ត្រៃយ៍ទទួលបន្ទុកផ្នែកធនធានធម្មជាតិ និងបរិស្ថាន លោក Chote Trachooថា គណៈប្រតិភូថៃ នឹងដើរចេញពីបន្ទប់ប្រជុំ ប្រសិនបើកិច្ចប្រជុំលើកពីបញ្ហាប្រាសាទព្រះវិហារ។
មន្ត្រីរូបនោះបន្ថែមថា គណៈកម្មាធិការ គួរពិភាក្សាបញ្ហាប្រាសាទព្រះវិហារ លើការសម្រេចរបស់ICJលើជម្លោះដី៤.៦គីឡូម៉ែត្រការ៉េ ជុំវិញប្រាសាទព្រះវិហារ។ VOD មិនទាន់អាចទាក់ទង រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិព្រះវិហារ លោក ជុច ភឿន បាននៅឡើយទេ នៅថ្ងៃព្រហស្បតិ៍នេះ។
កាលពីកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣៦ ក្នុងខែមិថុនា ឆ្នាំ២០១២ លោក ជុច ភឿន បានលើកឡើងពីជំនួយរបស់អង្គការយូណេស្កូ ដែលសន្យាថានឹងផ្តល់ថវិកា ចំនួន ៧ម៉ឺនដុល្លារ សម្រាប់អភិរក្សប្រាសាទព្រះវិហារ។
កាលពីកិច្ចប្រជុំរបស់គណៈកមា្មធិការក្នុងឆ្នាំ២០១១ គណៈប្រតិភូថៃ ធ្លាប់បានដើរចេញពីកិច្ចប្រជុំម្តងរួចមកហើយ។ សេចក្តីប្រកាសព័ត៌មានរបស់ ICJ ចេញផ្សាយកាលពីចុងសប្តាហ៍មុន ឲ្យដឹងថា តុលាការនឹងផ្សាយបន្តផ្ទាល់ សវនាការចោទសួរសំណួររវាងប្រទេសទាំងពីរ នៅលើគេហទំព័ររបស់ខ្លួន (www.icj-cij.org) និងនៅលើប៉ុស្តិ៍ទូរទស្សន៍អនឡាញ(http://webtv.un.org)។
គួរបញ្ជាក់ថា ប្រាសាទព្រះវិហារខ្មែរដ៏ចំណាស់មួយនេះ មានអាយុកាលជិត ១ពាន់ឆ្នាំ ហើយត្រូវបានដាក់ចូលជាបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ ប្រាសាទមួយនេះ ត្រូវបានរងការខូចខាតយ៉ាងដំណំ ពីគ្រាប់កាំភ្លើងថៃ នៅពេលប៉ះទង្គិចគ្នាដោយអាវុធជាមួយកម្ពុជា ជាច្រើនលើក៕
ប្រភព៖VOD
ប្រភព៖VOD
No comments:
Post a Comment