Saturday, May 4, 2013

វិភាគ​៖ សង្គ្រាម​នយោបាយ​ទាក់ទាញ​យុវជន នៅក្នុង​ការបោះឆ្នោត​



(ថ្ងៃទី 4 ឧសភា 2013, ម៉ោង 01:55:PM) | ដោយ: គ្រីទិច
ក- ក ក+ | Print
ភ្នំពេញ: នៅពេលដែល​គេ​ចូល​ទៅ​កាន់​ហ្វេ​សប៊ុក (Facebook) គេ​នឹង​បានឃើញ សារ​រិ​:​គន់​ជាច្រើន​បាន​បាចសាច​មក​លើ​គណបក្ស​កាន់អំណាច​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង កំពុងតែ​ចំណាយលុយ​ផ្សាយពាណិជ្ជកម្ម​នៅក្នុង​សារព័ត៌មាន​សង្គម​មួយ​នេះ​។ ប៉ុន្តែ​នៅពេល​គេ​មើល​ទូរទស្សន៍ គេ​នឹង​បានឃើញ​រូបភាព​មនុស្ស​សំខាន់ៗ នៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួប​ជាមួយ​យុវជន​។ ពិសេស​នៅ​ថ្ងៃនេះ សម្តេច​ហ៊ុន​សែន បាន​ទៅ​ចូលរួម​ផ្ទាល់​បុណ្យសព​របស់​យុវជន​ម្នាក់ ដែល​បាន​ស្លាប់​នៅ​ពេល​ដែល​ពួកគេ បាន​បំពេញ​តួនាទី​ជា​អ្នកស្ម័គ្រចិត្ត ដើម្បី​វាស់​ដីធ្លី​ជូន​ប្រជាជន​។​

​ទិដ្ឋភាព​ទាំងនោះ ឆ្លុះបញ្ចាំង​អំពី​គោលដៅ​រួម​របស់​គណបក្ស​នយោបាយ​ទាំងពីរ​។ នោះ គឺ​ពួកគេ កំពុងតែ​ប្រកួត​គ្នា ដើម្បី​ដណ្តើម​បេះដូង​អ្នកបោះឆ្នោត​វ័យក្មេង ដែល​តំណាងអោយ​ជាង ៥០​ភាគរយ នៃ​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ទាំងអស់​។​

​លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ចំនួន​អ្នក​ចុះបញ្ជី​បោះឆ្នោត មាន​ចំនួន​ជាង ៩,៦ លាន​នាក់​។ នៅក្នុង​ចំណោម​នោះ គឺ​យុវជន​អ្នក ដែល​មាន​អាយុ​ពី ១៨ ឆ្នាំ ដល់ ៣០ ឆ្នាំ គឺ​មាន​ចំនួន​ជាង ៥២ ភាគរយ នៃ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ទាំងអស់​។​

​តួលេខ​នេះ បាន​ឆ្លុះបញ្ចាំង​អំពី​សារសំខាន់ នៃ​មនុស្ស​វ័យក្មេង នៅ​ក្នុង​ការកំណត់​លទ្ធ​ផល​នៃ​ការបោះឆ្នោត ដែល​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ខាងមុខ​។​

​លោក ទេព នីថា បាន​និយាយ​បន្តទៀតថា គណបក្ស​នីមួយៗ​បាន​ធ្វើ​ការវាយតម្លៃ​ឃើញ​ដោយ​ខ្លួនគេ​ផ្ទាល់ ហើយ​បាន​រៀបចំ​គោលនយោបាយ ដើម្បី​ទាក់ទាញ​មនុស្ស​នៅក្នុង​ក្រុម​នេះ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ភាព​លេចធ្លោ​ច្បាស់លាស់ នៅក្នុង​យុទ្ធនាការ​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនងរ​បស់​លោក និង​គណបក្ស​ប្រជាជន ជាមួយនឹង​យុវជន​។ យុទ្ធនាការ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដើម្បី​ក្លាយ​ជា​គណបក្ស​មួយ ដែល​នឹង​បម្រើ​ដល់​ផលប្រយោជន៍​យុវជន​នោះ បានចាប់ផ្តើម នៅពេលដែល​លោក​បាន​ប្រើប្រាស់​យុវជន ជា​កម្លាំង​ស្នូល​នៅ​ក្នុង​ការ​បែងចែក​ដីធ្លី​ដល់​ប្រជាកសិករ នៅតាម​បណ្តា​ខេត្ត នៅ​ពេល​មួយ​ដែល​ជម្លោះដីធ្លី បាន និង​កំពុងតែ​ញាំញី​ប្រទេស ដែល​មាន​ប្រជាជន​ជាង ១៤ លាន​នាក់​។​

​ប្រភព​គួរ​ទុកចិត្ត​បាន​មួយ បាន​បង្ហើប​ថា យុវជន​យ៉ាងតិច​ចំនួន ៦.០០០ នាក់​ហើយ បាន​ចូលរួម​នៅ​ក្នុង​ការ​បែងចែក​ដីធ្លី នៅក្នុង​គម្រោង​ដែល​ផ្តួចផ្តើម​ដោយ​សម្តេច​ហ៊ុន​សែន​។  នៅ​គ្រប់​ពេល​បង្ហាញមុខ​សាធារណ​: សម្តេច​ហ៊ុន​សែន បាន​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​លោក ចំពោះ​យុវជន​។ 

​នៅពេល​ដែល​យុវជន​ពីររូប ក្នុង​ក្រុម​វាស់វែង​ដីធ្លី បាន​ស្លាប់​នោះ សម្តេច​ផ្ទាល់ បាន​ចូលរួម​ពិធី​បុណ្យសព ដើម្បី​បង្ហាញ​សមានចិត្ត​ដ៏​ស្មោះត្រង់​របស់លោក​ចំពោះ​យុវជន​។​

​សម្តេច​ក៏​ត្រូវ​បាន​ដឹង​ថា មាន​ការជួបជុំ​ញឹកញាប់​ជាមួយនឹង​កម្លាំង​យុវជន​ផងដែរ​។​

​ចំណែក​លោក ហ៊ុន ម៉ា​នី ដែលជា​កូនប្រុស​របស់​លោក​ផ្ទាល់ បាន​ដឹកនាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​មាន​រចនាស័ម្ពន្ឋដ៏​រឹងមាំ នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ប្រកាស​ជា​ផ្លូវការ​នៅក្នុង​មហាសន្និបាត កាលពី​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣ ខែ​ធ្នូ​។ វា​មាន​ដើមកំណើត ចេញ​ពី​សមាគម​យុវជន​សង្គ្រោះ​ជាតិ​កម្ពុជា​។​

​ដើម្បី​បង្ហាញ​ថា ខ្លួន​ជា​គណបក្ស ដែល​យកចិត្តទុកដាក់​ខ្លាំង​បំផុត​ដល់​យុវជន​នោះ គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ជ្រើសរើស​បេក្ខជន​តំណាងរាស្ត្រ​វ័យក្មេង សម្រាប់​ការបោះឆ្នោត​នៅ​ពេល​ខាង​មុខ​ផង​ដែរ​។ មាន​ការវិភាគ​ថា រដ្ឋាភិបាល នៅ​អាណត្តិ​ក្រោយ ក៏​នឹង​មាន​មនុស្ស​វ័យក្មេង ចូលរួម​ផង​ដែរ​។​

​ជារួម គណបក្ស​ប្រជាជន​កម្ពុជា បាន​រៀន​ចំ​យុទ្ធសាស្ត្រ​ជា​ខ្សែសង្វាក់ ដើម្បី​ផ្សារ​សាច់ឈាម ជាមួយនឹង​កម្លាំង​យុវជន​។​

​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​តួអង្គ​សំខាន់ សម្រាប់​ប្រកួតប្រជែង ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ក៏​បាន​យកចិត្តទុកដាក់​ខ្លាំង នៅ​ក្នុង​ការទាក់ទាញ​កម្លាំង​យុវជន​។ ក្រៅពី​កសាង​កម្លាំង​យុវជន យុទ្ធនាការ​ឃោសនា​ទាក់ទាញ​យុវជន ក៏​ត្រូវបាន​គណបក្ស​ប្រឆាំង ធ្វើឡើង​។​

​វា​គឺជា​លើកទីមួយ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា ដែល​គណបក្ស​នយោបាយ បាន​ប្រើប្រាស់​បណ្តាញសារព័ត៌មាន​សង្គម និយាយអោយចំ Facebook ដើម្បី​ឃោសនា​នយោបាយ​។ 
​ក្រុមយុវជន​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ការច្របាច់បញ្ចូល​គ្នា​នៃ​គណបក្ស​សម រង្ស៊ី និង​គណណ​បក្ស​សិទ្ធិមនុស្ស បាន​ប្រើប្រាស់ Facebook 
​ដើម្បី​ទាក់ទាញ​អ្នកបោះឆ្នោត​វ័យក្មេង​។​

​សមាជិក​យុវជន ឬ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្សព្វផ្សាយ​សារ​នយោបាយ ដែល​មាន​លក្ខណៈ​រិះគន់​យ៉ាង​ទូលំទូលាយ តាមរយ​:​សារព័ត៌មាន​សង្គម ពិសេស Facebook និង youtube ដើម្បី​បណ្តុះបង្អាប់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​គួរអោយ​ចាប់អារម្មណ៍​ជាងនេះទៀត គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ក្លាយ​ជា​គណបក្ស​ដំបូង​គេ ដែល​បាន​ផ្សាយ​ពាណិជ្ជកម្ម តាម Facebook​។ នេះ​ជា​លើកដំបូង​ហើយ ដែល​គណបក្ស​នយោបាយ ធ្វើ​ការផ្សាយ​ពាណិជ្ជកម្ម ដូច​អ្វី​ដែល​បាន​កើតមាន​នៅ​ប្រទេស​អាមេរិក​។​

​គណបក្ស​សង្គ្រោះ​ជាតិ ទំនង​ជា​មើលឃើញ​ពី​សារសំខាន់ នៃ​ការប្រើប្រាស់ Facebook ដើម្បី​ធ្វើការ​ឃោសនា​នយោបាយរ​បស់​ខ្លួន​។ គិត​ម​ដល់​ត្រឹម​ថ្ងៃ​ទី​៥ ខែ​មេសា Facebook បាន​បង្ហាញ​តួលេខ​ថា មាន​អ្នកប្រើប្រាស់ Facebook ចំនួន​ជាង ៧,៥ សែន​នាក់​ហើយ ជា​ជនជាតិ​កម្ពុជា​។ ភាគច្រើន​ជា​មនុស្ស​វ័យក្មេង ដោយ​នៅ​ក្នុង​ចំណោម​នោះ មាន​មនុស្ស​អាយុ​ចន្លោះ​ពី ១៨​ឆ្នាំ ទៅ ៣០​ឆ្នាំ មាន​ចំនួន​រហូត​ដល់ ៦​សែន​នាក់​។ 

​នេះ​បញ្ជាក់ថា រាល់​សារ​ទាំងឡាយ ដែល​នឹង​ធ្វើ​ការផ្សព្វផ្សាយ​តាម​ហ្វេ​សប៊ុក នឹង​ទៅ​ដល់​មនុស្ស ដែល​មាន​អាយុ​នៅ​ចន្លោះ ១៨ ទៅ ៣០ ឆ្នាំ ដែល​មាន​ច្រើនជាងគេ​នៅក្នុង​បញ្ជី​អ្នកបោះឆ្នោត​។ 

​លក្ខណៈពិសេស​របស់​ហ្វេ​សប៊ុក គឺ​មនុស្ស​គ្រប់គ្នា អាច​ធ្វើ​ផ្សព្វផ្សាយ​បន្ត នូវ​អ្វី​ដែល​គេ​បាន​ដាក់​នៅ​ទីនោះ​។ និយាយ​ម្យ៉ាងទៀត មនុស្ស​គ្រប់គ្នា គឺ​សុទ្ធតែ​អាច​ដើរតួ​ជា​អ្នកសារព័ត៌មាន ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ​ព័ត៌មាន និង​រូបភាព​ផ្សេងៗ​។ 

​ជាមួយនឹង​កម្លាំង​ខ្លាំង​បែបនេះ វា​អាច​នឹង​មាន​ឥទ្ធិពល​ខ្ពស់ នៅក្នុង​ការធ្វើ​ទំនាក់ទំនង​ជាមួយ​យុវជន​។​

​នៅពេល​ដែល​គណបក្ស​ធំ​ទាំងពីរ កំពុងតែ​ប្រកួតប្រជែង​គ្នា ដើម្បី​ការគាំទ្រ​ពី​យុវជន​នោះ ពួកគេ​បាន​ប្រើ​យុទ្ធសាស្ត្រ​ខុសគ្នា​។ 

​តាម​ការសង្កេត​តាម​សារព័ត៌មាន គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច ហ៊ុន សែន បាន​ព្យាយាម​ទាក់ទាញ​យុវជន អោយ​មើលឃើញ​អំពី​អ្វី ដែល​ជា​អំពើ​ល្អ និង​ស្នាដៃ​របស់​គណបក្ស​កាន់អំណាច និង​សម្តេច ហ៊ុន សែន​។ 
​ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ព្យាយាម​ឆ្លុះបញ្ចាំង​អ្វី ដែល​ជា​បរាជ័យ ដើម្បី​បោកបក់​កំហឹង និង​សម្អប់​ចំពោះ​គណបក្ស​កាន់អំណាច​។​

​លទ្ធផល​នៃ​ការបោះឆ្នោត នៅ​ខែ​កក្កដា​ខាងមុខ នឹង​អាច​បង្ហាញ​ថា តើ​យុវជន​នឹង​ជឿជាក់​ទៅលើ​គណបក្ស​ណាមួយ​ជាង​?៕​

- See more at: http://www.cen.com.kh/localnews/show_detail/29?token=OTI1YmFhYm#sthash.8vaeYukB.dpuf

No comments:

Post a Comment