ឆ្លើយតបតាមការអញ្ជើញរបស់សហភាពអឺរ៉ុប និងអធិការដ្ឋានសិក្សានៃប្រទេសស៊ុយអែត ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូអប់រំ ទៅចូលរូមកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបស្តីពីការអប់រំនិងអភិវឌ្ឍន៍ ដែលរៀបចំដោយសហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល នៃប្រទេស បែលហ្ស៊ិក នាថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១៣ និងកិច្ចប្រជុំគណ:កម្មការដឹកនាំគម្រោងពង្រឹងគុណភាពអប់រំកម្ពុជា នៅទីក្រុងស្តុកខុល ប្រទេសស៊ុយអែត នាថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៣ ។
នាឱកាសសន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡាត្រូវបានប្រធានអង្គសន្និសីទអញ្ជើញធ្វើជាវាគ្មិនលើប្រធានបទសី្តពីក្របខ័ណ្ឌអប់រំសម្រាប់ទំាងអស់គ្នានិងការ អភិវឌ្ឍន៍វិស័យអប់រំក្រោយឆ្នាំ ២០១៥ ដែលមានការចូលរួមដោយរដ្ឋមន្រ្តីនិងមន្រ្តីអប់រំជាន់ខ្ពស់មកពីបណ្តាប្រទេស ក្នុងតំបន់នៃពិភពលោក ព្រមទាំងតំណាងស្ថាប័ន អង្គការអន្តរជាតិពាក់ព័ន្ធ ដែលមានចំនួនសរុប ១៦៦ នាក់ ។ អង្គប្រជុំបានពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍អំពីការងារអប់រំ និងការអភិវឌ្ឍ ដោយផ្តោតជាសំខាន់លើការប្រែក្លាយបញ្ហាប្រឈមឆ្ពោះទៅរកកាលានុវត្តភាព និងបានធ្វើការកត់សម្គាល់ពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការវិស័យអប់រំ ដែលប្រទេសក្នុងតំបន់សម្រេចបាននាឆ្នាំកន្លងមកឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍សហ្សសវត្ស និង ការអប់រំ សម្រាប់ទាំងអស់គ្នានាឆ្នាំ២០១៥។ បន្ទាប់មក អង្គប្រជុំបានកំណត់ទិសដៅ និងផែនការជាអាទិភាពសម្រាប់អនុវត្ត នាពេលខាងមុខ មាន ៖
១-ការធ្វើឳ្យប្រព័ន្ធអប់រំកាន់តែល្អប្រសើ និងធានាបាននូវសមធម៌ចូលរៀនរបស់កុមារ
២-តួនាទីអប់រំនៅក្រោយឆ្នាំ ២០១៥ ជាពិសេសសមត្ថភាពជំនាញវិជ្ជាជីវ:សម្រាប់យុវជន
៣-ការប្រមូលផ្តុំធនធាន ដើម្បីសម្រេចគោលដៅអប់រំប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម៌
៤-ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអប់រំ តាមរយ:កម្មវិធីចល័តនិស្សិត ការផ្តល់អាហារូបករណ៍ ការផ្លាស់ប្តូរវប្បធម៌ ការសិក្សាស្រាវជ្រាវ និងការ បន្តពង្រឹងបណ្តាញទំនាក់ទំនងព័ត៌មានអប់រំនៅក្នុងតំបន់ភាគខាងជើង និងខាងត្បូង ព្រមទាំងតំបន់ភាគខាងត្បូង និង ខាងត្បូង។
នាឱកាសនៃសន្និសីទមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបនេះដែរ ឯកឧត្តម អ៊ឹម សិទ្ធីបានទទួលជួបប្រជុំការងារ ជាមួយ ឯកឧត្តម Dirk Meganck នាយកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃសហភាពអឺរ៉ុប ហើយតាមរយ:កិច្ចពិភាក្សានេះ សហភាពអឺរ៉ុបបានសារទរទៅនឹងការអភិវឌ្ឍលើគ្រប់វិស័យដែលព្រះរាជាណាចក្រកម្ពុជាកំពុងសម្រេចបាន ហើយជាពិសេស ឯកឧត្តម Dirk Meganck បានសម្ដែងនូវការគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំកម្ពុជា ព្រមទាំងបញ្ជាក់ពី កិច្ចសហប្រតិបត្តិការល្អរបស់ក្រសួងអប់រំ យុវជន និងកីឡា ជាមួយសហភាពអឺរ៉ុប លើការលើកកម្ពស់វិស័យអប់រំ កម្ពុជាឈានទៅសម្រេចការអប់រំប្រកបដោយសមធម៌ និងគុណភាព។
បន្ទាប់មក នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៣ នាទីក្រុងស្តុកខុល ប្រទេសស៊ុយអែត គណៈប្រតិភូអប់រំបានចូលរួមប្រជុំគណ:កម្មការគម្រោងពង្រឹងគុណភាពអប់រំកម្ពុជា ជាមួយអធិការដ្ឋានសិក្សានៃប្រទេសស៊ុយអែត ហើយភាគីស៊ុយអែតបានសំដែងនូវការស្វាគមន៍ចំពោះលទ្ធផលវិជ្ជមានលើការអនុវត្តគម្រោងពង្រឹងគុណភាពអប់រំកម្ពុជាដែលក្រសួងអប់រំ យុវជន និងកីឡាសម្រេចបាននាឆ្នាំកន្លងមក ដោយមានការចូលរួមពីក្រុមអ្នកបច្ចេកទេស នៃប្រទេសទាំងពីរ កម្ពុជា-ស៊ុយអែត។ អង្គប្រជុំបានឯកភាពបង្កើតឯកសារគោល ដើម្បីកំណត់ផែនការសកម្មភាពក្នុងការអនុវត្តកម្មវិធីសហប្រតិបត្តិការគម្រោង លើផ្នែកក្របខ័ណ្ឌនៃការធានាគុណភាពអប់រំ ការកសាងឧប-ករណ៍សម្រាប់ប្រព័ន្ធធានាគុណភាព ការគ្រប់គ្រងប្រព័ន្ធព័ត៌មានធានាគុណភាព និង ការអភិវឌ្ឍសមត្ថភាព ធានាគុណភាពអប់រំ។
ជាមួយគ្នានេះដែរ ភាគីអធិការដ្ឋានសិក្សាប្រទេសស៊ុយអែតបានទទួលយកសំណើគម្រោងសហប្រតិបត្តិ-ការវិស័យអប់រំថ្មីទៀតសម្រាប់អនុវត្តបន្តនាពេលខាងមុខ ដោយផ្តោតលើសកម្មភាពការងារបណ្តុះបណ្តាល និង វិក្រឹតការ ការងារអប់រំឧត្តមសិក្សា ការអភិវឌ្ឍកម្មវិធីសិក្សា និងការអប់រំបច្ចេកទេស។ កិច្ចប្រជុំគណ:កម្មការ គម្រោងពង្រឹងគុណភាពអប់រំកម្ពុជាលើកទី៣នឹងប្រារព្ធធ្វើនៅរាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣។
|
Tuesday, May 28, 2013
សន្និសីទមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប ស្តីពីការអប់រំនិងអភិវឌ្ឍន៍ (EU High Level Conference) និងកិច្ចប្រជុំគណ:កម្មការ គម្រោងពង្រឹងគុណភាពអប់រំកម្ពុជា
Subscribe to:
Post Comments (Atom)
No comments:
Post a Comment