លោក ឌុន វិបុល ប្រធានក្រុមមេធាវីអាស៊ីសកល
មានទីតាំងនៅអគារអាយខន់ មហាវិថីព្រះនរោត្តម ទល់មុខក្រសួងមហាផ្ទៃ
នៅក្នុងរាជធានីភ្នំពេញ។ លោក ឌុន វិបុល កើតនៅឆ្នាំ១៩៧៧
មានស្រុកកំណើតនៅភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
លោកជាកូនប្រុសច្បងនៅក្នុងបងប្អូន ៦នាក់។
លោកបានបញ្ជប់ការសិក្សានិងបានទទួលសញ្ញាបត្របរិញ្ញាបត្រនីតិសាស្រ្ត
ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច(សាលាច្បាប់)
នៅក្នុងរាជធានីភ្នំពេញនៅក្នុងឆ្នាំ ១៩៩៩ ។ លោកមេធាវី ឌុន វិបុល
បានផ្តល់កិច្ចសម្ភាសជាពិសេសជាមួយកាសែត ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី១២
ខែមិថុនា ឆ្នាំ២០១៣ ពាក់ព័ន្ធនឹងការអភិវឌ្ឍច្បាប់ការលើកតម្កើងនិងគោរពច្បាប់
និងនីតិរដ្ឋ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
មានខ្លឹមសារជាអាទិ៍ដូចខាងក្រោម៖
លោកក្លាយជាមេធាវីនៅឆ្នាំណា?ហេតុអ្វីក៏ជ្រើសរើសយកអាជីពជាមេធាវី?
ខ្ញុំប្រឡងជាប់ចូលរៀននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងវិក្រឹត្យការវិជ្ជាជីវៈមេធាវីនៅឆ្នាំ២០០៥
និងបានក្លាយជាមេធាវីនៅឆ្នាំ ២០០៦។
មូលហេតុខ្ញុំជ្រើសរើសយកវិជ្ជាជីវៈមេធាវីនេះ ពីព្រោះវាជាវិជ្ជាជីវៈសេរី
ឯករាជ្យ និងដែលសង្គមឲ្យតម្លៃ។ ម្យ៉ាងវិញទៀត
គឺជាការងារដែលអាចទទួលបានចំណូលច្រើនជាងការងារផ្សេងៗទៀត។
តើលោកយល់ថា មេធាវីមានតួនាទីសំខាន់ដូចម្តេចខ្លះដែរក្នុងការចូលរួមអភិវឌ្ឍការផ្សព្វផ្សាយ និងការអនុវត្តច្បាប់ និងនីតិរដ្ឋ នៅប្រទេសកម្ពុជាបច្ចុប្បន្ន?
ខ្ញុំយល់ឃើញថា
តួនាទីរបស់មេធាវីពិតជាចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមពិសេសអភិវឌ្ឍដល់វិស័យច្បាប់សម្រាប់ប្រទេសដែលកំពុងស្ថិតក្នុងដំណាក់កាលកែលម្អនិងកែទម្រង់។
មេធាវីជាអ្នកដែលធ្វើការបកស្រាយពិភាក្សាវែកញែក រកខុស រកត្រូវ
រកយុត្តិធម៌ឲ្យអ្នកដែលមានបញ្ហាខាងផ្លូវច្បាប់។
បញ្ហាដែលកើតឡើងនិងមិនអាចដោះស្រាយបានគឺធ្លាក់ទៅដល់ស្ថាប័នតុលាការដែលមានមេធាវីជាអ្នកចូលរួមតស៊ូមតិជាមួយតុលាការដើម្បីការពារនូវតម្លៃរបស់ច្បាប់និងផលប្រយោជន៍របស់កូនក្តីដែលច្បាប់បានផ្តល់ឲ្យ។
ក្នុងការប្រកបអាជីពជាមេធាវី ភាគច្រើន តើលោកការពារប្រភេទរឿងក្តីអ្វីជាពិសេសនិងធ្លាប់ការពារក្តីបានប៉ុន្មានករណីដែរ?
ចាប់តាំងពីប្រកបមុខរបរជាមេធាវីមក
ខ្ញុំធ្លាប់បានការពារក្តីស្ទើរតែគ្រប់ករណី។
ខ្ញុំធ្លាប់ជាមេធាវីការពារក្តីឲ្យជនក្រីក្រ
សហជីពកម្មករផ្នែកវិវាទការងារ និងការពារក្តីសហគមន៍ក្រីក្រដែលបាត់បង់ដីពីការបណ្តេញចេញនិង
ឈ្មួញរឹបអូសដី...។ ក្រោយមក ខ្ញុំបានបើកការិយាល័យមេធាវីខ្លួនឯង
និងបានការពារក្តីលើសំណុំរឿងទូទៅ ពិសេសវិវាទកិច្ចសន្យា
វិវាទគ្រួសារលែងលះ ស្មុំកូនជាដើម។ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំចាប់យកជំនាញការពាររឿងក្តីព្រហ្មទណ្ឌធំៗ
ដូចជា រឿងភេរវកម្ម ឃាតកម្ម គ្រឿងញៀន រំលោភផ្លូវភេទ សញ្ចារកម្ម
ការទិញពេស្យាចារកុមារដោយជនបរទេសជាដើម។
បើសរុបក្តីគឺមានប្រមាណជា២០០ករណី។
រហូតទល់សព្វថ្ងៃនេះ តើលោកមានបានជួយការពារក្តីជនបរទេសប៉ុន្មានដែរ? ភាគច្រើនតើពួកគេជាប់ចោទពីបទអ្វី?និង មានប៉ុន្មានករណី ដែលលោកឈ្នះក្តី?
មកដល់ថ្ងៃនេះ
ខ្ញុំធ្លាប់បានធ្វើជាតំណាងនិងការពារក្តីព្រហ្មទណ្ឌឲ្យកូនក្តីជាជនបរទេសជាច្រើន
មានសញ្ជាតិ អឺរ៉ុប អាមេរិក អាហ្វ្រិក ចិន វៀតណាម ជាដើម
ដែលពួកគេត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋធ្ងន់ធ្ងរ។អ្នកខ្លះមានទោសដល់៣០
ឆ្នាំក៏មាន ពីបទរត់ពន្ធថ្នាំញៀន
បទភេរវកម្មគំរាមបំផ្ទុះគ្រាប់បែកស្ថានទូតបរទេសនៅកម្ពុជា
បទទិញពេស្យាចារកុមារ កម្ពុជា បទចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត...។
ក្នុងនោះ ករណីខ្លះគឺបានការលើកលែងបទចោទរួចខ្លួន ឬ
ជាប់ពន្ធនាគារតិចឆ្នាំតែប៉ុណ្ណោះ។
តើអ្វីជាការប្រឈមក្នុងតួនាទីជាមេធាវីរបស់លោក ក្នុងដំណាក់កាលបច្ចុប្បន្ន?
សម្រាប់ប្រទេសកម្ពុជាដែលនីតិរដ្ឋនៅ
មានកម្រិតការគោរពសិទ្ធិមនុស្សមិនទាន់បានពេញលេញនោះ
ការបំពេញការងារដើម្បីការពារសិទ្ធិកូនក្តីជាជនជាប់ចោទតែងមានការលំបាកដែលមានដូចជា
មន្រ្តីអនុវត្តច្បាប់(មន្ត្រីនិងភ្នាក់ងារនគរបាលយុត្តិធម៌)
មានសមត្ថភាពផ្នែកច្បាប់មានកម្រិត កង្វះច្បាប់សំខាន់ៗ ក្នុងការធានាឲ្យប្រព័ន្ធតុលាការឯករាជ្យ
កង្វះចៅក្រមជាដើមដែលពេលខ្លះធ្វើឲ្យសំណុំរឿងកកស្ទះ។
ការស៊ើបអង្កេតដាក់បន្ទុកនិងដោះបន្ទុក
ពុំបានធ្វើឡើងឲ្យមានប្រសិទ្ធភាពទេ។ កង្វះនូវអ្នកជំនាញ មន្ទីរពិសោធន៍
ពេទ្យតុលាការ និងអ្នកបកប្រែភាសាបរទេសសម្រាប់ជនជាប់ចោទបរទេសជាដើម។
គោលការណ៍សន្មតទុក ជាមុនថាមានឬគ្មានទោសនោះ
ក៏ពុំត្រូវបានគោរពទាំងស្រុងដែរ។
ក្នុងនាមជាមេធាវីការពារក្តីក្នុងរឿងព្រហ្មទណ្ឌត្រូវប្រើប្រាស់ទឡ្ហីករណ៍ផ្នែកច្បាប់បង្ហាញភ័ស្តុតាងដោះបន្ទុកក្នុងសវនាការដើម្បីការពារសិទ្ធិឲ្យកូនក្តី។
ដើម្បីចូលរួមលើកតម្កើងការគោរពនិងអនុវត្តច្បាប់ ឲ្យកម្ពុជាក្លាយជានីតិរដ្ឋ តើលោកមានការអំពាវនាវយ៉ាងណាដែរ?
ខ្ញុំសូមអំពាវនាវឲ្យប្រជាជនយើងខិតខំស្វែងយល់ពីច្បាប់និងរៀនប្រើសិទ្ធិរបស់ខ្លួន
ព្រោះថាពេលយើងយល់ដឹងពីច្បាប់គឺអាចបង្ការឬចៀសវាងពីជម្លោះមិនចាំបាច់នានាបាន។
ប្រសិនបើមានរឿងក្តីក្តាំមកតុលាការ គឺមានតែការខាតបង់ទាំងពេលវេលានិងប្រាក់កាស
និងកិត្តិយស...តែប៉ុណ្ណោះ៕
No comments:
Post a Comment