គណបក្សកាន់អំណាច និងបក្សប្រឆាំង កំណត់យកថ្ងៃទី១៦ ខែកញ្ញា ជាថ្ងៃជួបចរចាជាថ្មីទៀត រវាងថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សទាំងពីរ។ ករណីនេះ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា អះអាងថា បក្សកាន់អំណាចនឹងនៅតែប្រកាន់ជំហរមិនឯកភាពឲ្យមានការបង្កើតអង្គការចាត់តាំងណាមួយ ដើម្បីដោះស្រាយពីភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោតទេ។

លោក ជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុ និងសវនកម្មនៃរដ្ឋសភា ថ្លែងពីការពន្យារពេលបូមប្រេងកាតនៅវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី៤ ឧសភា ឆ្នាំ២០១៣។
RFA/Morm Moniroth
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប មានប្រសាសន៍នៅថ្ងៃទី១៤ ខែកញ្ញា ថា ជំហររបស់គណបក្សកាន់អំណាច គឺមិនអនុញ្ញាតឲ្យមានការបង្កើតគណៈកម្មការ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោតទេ ដោយសារក្រុមប្រឹក្សាធម្មនុញ្ញបានដោះស្រាយពីភាពមិនប្រក្រតីរួចរាល់ហើយ។ លោកបន្តថា មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច នឹងរង់ចាំការចរចាជាមួយបក្សប្រឆាំងតាមព្រះរាជតម្រិះព្រះមហាក្សត្រ ហើយនឹងពិចារណាឲ្យបានដិតដល់បំផុត រាល់ការលើកឡើងរបស់បក្សប្រឆាំង។ លោកបញ្ជាក់ថា គណបក្សប្រជាជន ក៏មិនហាមឃាត់ការតវ៉ារបស់គណបក្សប្រឆាំងដែរ ប៉ុន្តែ រឿងសើរើលទ្ធផលបោះឆ្នោតនោះជារឿងហួសពេលទៅហើយ។
លោក ជាម យៀប មិនប្រាប់ថា តើគណបក្សកាន់អំណាចនឹងលើកយកបញ្ហាអ្វីខ្លះមកជជែកជាមួយបក្សប្រឆាំងទេ នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី១៦ ខែកញ្ញា ប៉ុន្តែលោកបញ្ជាក់ថា បញ្ហាសំខាន់ គឺដើម្បីដោះស្រាយភាពជាប់គាំងផ្នែកនយោបាយ និងជជែកដើម្បីប្រយោជន៍ជាតិ។
ទោះជាបែបណាក្តី គណបក្សសង្គ្រោះជាតិ នៅតែប្រកាសជំហរធ្វើបាតុកម្មរយៈពេល ៣យប់ ៣ថ្ងៃជាប់ៗគ្នា គឺថ្ងៃទី១៥ ១៦ និង ១៧ ខែកញ្ញា ថ្វីបើក្រសួងមហាផ្ទៃ បានចេញលិខិតអនុញ្ញាតឲ្យធ្វើបាតុកម្មតែ ១ថ្ងៃ គឺថ្ងៃទី១៥ ខែកញ្ញា ក៏ដោយ។
មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ មានប្រសាសន៍ថា ព្រះមហាក្សត្រមានព្រះរាជបំណងចង់ឲ្យភាគីទាំងពីរដោះស្រាយបញ្ហាជាតិ ដោយការចរចា និងរក្សាស្ថិរភាពសង្គម។ លោកបន្តថា ក្រសួងមហាផ្ទៃ មិនអនុញ្ញាតឲ្យបក្សប្រឆាំងធ្វើបាតុកម្មតាមសំណើ ៣យប់ ៣ថ្ងៃទេ ហើយក្រសួងក៏មិនទាន់សម្រេចថា នឹងចាត់ការយ៉ាងណា បើសិនជាគណបក្សប្រឆាំងបន្តធ្វើបាតុកម្ម ៣យប់ ៣ថ្ងៃមែននោះដែរ។ លោកបញ្ជាក់ថា បាតុកម្ម និងការបង្ក្រាបបាតុកម្ម សុទ្ធតែផ្ទុយនឹងព្រះរាជបំណងព្រះមហាក្សត្រ។ ហេតុនេះ លោកសង្ឃឹមថា ការជួបចរចារបស់ថ្នាក់ដឹកនាំបក្សទាំងពីរនៅថ្ងៃទី១៦ ខែកញ្ញា នឹងបានលទ្ធផលផ្លែផ្កា ហើយបាតុកម្មក៏ប្រហែលជាមិនមានទៀតដែរ។
កិច្ចប្រជុំជាថ្មីទៀតរវាងមន្ត្រីជាន់ខ្ពស់គណបក្សទាំង២ គ្រោងនឹងធ្វើនៅវិមានរដ្ឋសភា ដោយចាប់ផ្ដើមពីម៉ោង ៨ព្រឹក។ មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចប្រាប់ថា ក្នុងជំនួបរវាងគណបក្សទាំងពីរនៅថ្ងៃច័ន្ទ ទី១៦ ខែកញ្ញា គណបក្សប្រជាជនកម្ពុជា មានសមាសភាពចូលរួម ៦នាក់ ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ ៥រូបផ្សេងទៀត រួមមាន អនុប្រធានទី១ ព្រឹទ្ធសភា លោក សាយ ឈុំ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ប្រាក់ សុខុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា និងនាយករងខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជា លោក សោម សឿន។ គណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សម រង្ស៉ី ប្រធានគណបក្ស លោក កឹម សុខា អនុប្រធានគណបក្ស លោក ប៉ុល ហំម លោក យឹម សុវណ្ណ លោក អេង ឆៃអ៊ាង និង លោក គួយ ប៊ុនរឿន៕
No comments:
Post a Comment