បន្ទាប់ពីកិច្ចប្រជុំប្រហែល ៣ម៉ោងនៅសាលារាជធានីភ្នំពេញនាព្រឹកនេះអាជ្ញាធរសាលារាជធានីភ្នំពេញបានសម្រេចជាគោលការណ៍ឯកភាពតាមការជូនដំណឹងរបស់គណបក្សសង្គ្រោះជាតិដើម្បីធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យដោយគ្មានការដើរហែរក្បួន។ គណបក្សក៏ឯកភាពសហការជាមួយអាជ្ញាធរដើម្បីការពារសន្តិសុខដូចពេលធ្វើបាតុកម្មកន្លងមក។
ក៏ប៉ុន្តែលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបញ្ជាក់ថាអាជ្ញាធរសមត្ថកិច្ចអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិធ្វើបាតុកម្មស្របតាមច្បាប់បាតុកម្មចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង៦ល្ងាចដោយមិនមានការបោះតង់ធ្វើជំរុំស្នាក់នៅពេលយប់នោះទេ។ រីឯចំនួនអ្នកចូលរួមបាតុកម្មក៏មិនត្រូវលើសពី១ម៉ឺននាក់។
ក៏ប៉ុន្តែខាងគណបក្សសង្គ្រោះជាតិដែលមានលោកហូរវ៉ាន់លោកម៉ៅមុនីវណ្ណនិងលោក ឡុង រី ចូលរួមប្រជុំនៅតែរក្សាជំហរធ្វើបាតុកម្មរយៈពេល៣ថ្ងៃ៣យប់នៅទីលានប្រជាធិបតេយ្យចាប់ពីថ្ងៃអាទិត្យទី១៥កញ្ញាដោយមានអ្នកចូលរួមចាប់ពី២ម៉ឺននាក់ឡើងទៅ។
បន្ទាប់ពីកិច្ចប្រជុំអ្នកទទួលខុសត្រូវធ្វើបាតុកម្មលោកហូរវ៉ាន់បានបញ្ជាក់ថាគណបក្សសង្គ្រោះជាតិនៅតែប្រកាន់ជំហររៀបចំគំរោងធ្វើមហាបាតុកម្ម៣យប់៣ថ្ងៃដដែលដោយពេលយប់រៀបចំធ្វើរោងប្រក់តង់កៅស៊ូដើម្បីឲ្យបាតុករដេកតវ៉ា២៤ម៉ោងលើ២៤នៅទីលានប្រជាធិបតេយ្យ។
លោក ហូរ វ៉ាន់ បានបញ្ជាក់ទៅកាន់អាជ្ញាធរសមត្ថកិច្ចពីការធានាសន្តិសុខក្នុងក្រុមបាតុករដែលគណបក្សប្រឆាំងមានស្នាដៃធ្វើបាតុកម្មដោយគ្មានអំពើហិង្សានិងដោយសុវត្ថិភាពក្នុងពេលកន្លងមកពិសេសកាលពីថ្ងៃទី៧កញ្ញា។
យ៉ាងណាក៏ដោយលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបញ្ជាក់ថាចំពោះចំណុចមិនទាន់ឯកភាពគ្នាលើចំនួនអ្នកចូលរួមនិងការធ្វើបាតុកម្ម៣ថ្ងៃ២៤ម៉ោងដោយបោះតង់ដេកនៅទីលានប្រជាធិបតេយ្យជាដើមនោះអាជ្ញាធរសាលារាជធានីភ្នំពេញនឹងសុំគោលការណ៍សម្រេចពីក្រសួងមហាផ្ទៃ។
តាមគម្រោងមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ៣ថ្ងៃ៣យប់ចាប់ពីថ្ងៃអាទិត្យមានបំណងដូចបាតុកម្មលើកមុនគឺដើម្បីទាមទារឲ្យបង្កើតគណៈកម្មការពិសេសឯករាជ្យដើម្បីដោះស្រាយបញ្ហាបោះឆ្នោត។មហាបាតុកម្មអហិង្សាដោយសន្តិវិធីនោះ ដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា នឹងមានការសម្តែងមតិរបស់បាតុករការសម្តែងសិល្បៈចម្រៀងនិងការបញ្ចាំងខ្សែភាពយន្តឯកសារការអង្គុយដោយស្ងៀមស្ងាត់ព្រមទាំងការស្នាក់នៅ លើទីលានប្រជាធិបតេយ្យទាំងយប់និងទាំងថ្ងៃ៕
តំណផ្ទាល់ពី

No comments:
Post a Comment