Tuesday, September 24, 2013

សម្តេច ហ៊ុន សែន ទម្លាយ​ថា ការជាប់គាំង​ក្នុង​កិច្ច​ចរចា ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ ទារ​យក​ប្រធានរដ្ឋសភា​

សម្តេច ហ៊ុន សែន ទម្លាយ​ថា ការជាប់គាំង​ក្នុង​កិច្ច​ចរចា ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ ទារ​យក​ប្រធានរដ្ឋសភា​

    ភ្នំពេញ: ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទម្លាយ​ប្រាប់​ក្រុមអ្នកកាសែត នៅ​ព្រឹក​ថ្ងៃទី​២៤​កញ្ញា​នេះ​ថា ការជាប់គាំង​ក្នុង​កិច្ច​ចរចា រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កន្លងមក ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​យក​តំណែង​ប្រធានរដ្ឋសភា​។
    ​សម្តេច ហ៊ុន សែន បន្ទាប់ពី​កិច្ចប្រជុំ​រដ្ឋសភា បាន​បញ្ជាក់​ប្រាប់​ក្រុមអ្នកកាសែត មុន​នឹង​ឡើង​ឡាន​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​ឲ្យ​គណបក្ស ដែល​មាន​សំឡេង​ភាគតិច ក្នុង​រដ្ឋសភា កាន់កាប់​ជា​ប្រធាន​រដ្ឋសភា​បាន​ទេ​។​

    ​ប៉ុន្តែ​យ៉ាងណា​ក៏ដោយ សម្តេច ហ៊ុន សែន នៅតែ​អះអាង​ពី​លទ្ធភាព​នៃ​ការចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ព្រមធ្វើ​សម្បទាន ផ្តល់​តំណែង​ជា​អនុប្រធាន​រដ្ឋសភា​មួយ ​ប្រធាន​គណៈកម្មការ​ ៤ និងអនុប្រធានគណៈកម្មការចំនួន ៥ នៅក្នុងរដ្ឋសភា ដល់​គណបក្ស​សង្គ្រោះ​ជាតិ​។

    ​តែ​សម្តេច ហ៊ុន សែន បានប្រកាសថា មុន​នឹង​ឈាន​ដល់​ការចរចា​លើ​បញ្ហា​នេះ ទាល់តែ​សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ស្បថ​ក្នុង​ព្រះបរមរាជវាំង​ជាមុន​សិន​។

    ក្នុងនោះ​សម្តេច ក៏​បាន​គូសបញ្ជាក់ថា សមាជិក​សភា​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ មាន​ត្រឹមតែ ៥៥ រូប​ទេ មិនមែន ៦៣ រូប ដូច​គណបក្ស​ប្រឆាំង​នេះ ប្រកាស​នោះ​ឡើយ​។​

    ​យ៉ាងណាក៏ដោយ ពាក់ព័ន្ធ​នឹង​ការប្រកាស​បើកចំហរ​ផ្តល់​តំណែង​អនុប្រធាន​សភា​មួយ និង​ប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋសភា​មួយចំនួន ដល់​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​រដ្ឋសភា ត្រូវបាន​សម្តេច ហ៊ុន សែន បញ្ជាក់ថា ត្រូវ​ឆ្លងកាត់​ការបោះឆ្នោត ដាច់​ដោយឡែក​ពិសេស​មួយ នៅក្នុង​រដ្ឋសភា ដោយ​មិន​មែន​ធ្វើ​ជា​កញ្ចប់ ដូច​ការ​បោះឆ្នោត​ជ្រើសតាំង​សមាសភាព​ថ្នាក់ដឹកនាំ​រដ្ឋសភា និង​រាជរដ្ឋាភិបាល ដូច​កាលពី​ព្រឹក​មិញ​ទេ​។​

    ​ពេលនោះ សម្តេច​ហ៊ុន​សែន ព្រមាន​ថា ខ្លាច​ក្រែងលោ សមាជិក​រដ្ឋសភា​៦៨ រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​លើក​ដៃ​គាំទ្រ បេក្ខភាព​របស់​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​អនុប្រធាន​រដ្ឋសភា និង​ប្រធាន​គណៈកម្មការ​ជំនាញ​មួយចំនួន​នៃ​រដ្ឋសភា ក្នុង​កាលៈទេសៈ​ពេលនេះ​៕ 
    ប្រភពព័ត៌មានៈ CEN

No comments:

Post a Comment