ស្វាយរៀងៈ ក្នុងចំណោម មន្រ្តីធំៗ របស់ខេត្តស្វាយរៀង ជាច្រើននាក់ គ្មាននរណាម្នាក់ ជឿថា មន្រ្តីទាំងអស់នោះ សុទ្ធតែល្អឥតខ្ចោះទាំង អស់គ្នានោះទេ ហើយក៏មិនប្រាកដថា ត្រីមួយកន្ត្រក បើស្អុយមួយ ស្អុយទាំងអស់នោះដែរ ។
ហេហេ !!! ក្នុងឋានៈ ជាមន្រ្តីរាជការជាន់ខ្ពស់ នៅក្នុងខេត្ត ដែលរាជរដ្ឋាភិបាល បានប្រគល់តួនាទីឲ្យ ក្នុងគោលបំណងតែម្យ៉ាងគត់ គឺឲ្យ ធ្វើការបម្រើរដ្ឋ និងបម្រើរាស្រ្ត ដោយស្មោះត្រង់ តែផ្ទុយទៅវិញ អ្នកធំខ្លះ នៅក្នុងខេត្តស្វាយរៀង ពួកគេមិនបានបំពេញ ភារកិច្ចឲ្យបានល្អនោះទេ គឺពួកគេធ្វើការប្រកាន់បក្ខពួក គ្រូសារនិយម ប្រព្រឹត្តអំពើពុករលួយ និងពូកែលុតក្រាបអ្នកធំ ដើម្បីការពារតំណែងរបស់ខ្លួន កុំឲ្យ វិនាសអន្តរាយតែប៉ុណ្ណោះ ហើយមានមន្រ្តីខ្លះទៀតពេលដែលកម្មករ មានបញ្ហាដោយធ្វើបាតុកម្ម ទាមទារលក្ខខណ្ឌមួយចំនួននោះ បែរជា កាន់ជើងថៅកែរោងចក្រ ហើយបានគាបសង្កត់កម្មករ ដែលជាជនជាតិខ្មែរគ្នាឯងទៅវិញ ដោយសារតែខ្លួនបានទទួល លាភសក្ការៈ ពីពួក ថៅកែរោងចក្រទាំងនោះ រីឯអធិការនគរបាលក្រុង-ស្រុកខ្លះមួយថ្ងៃៗ មិននាំគ្នាការពារសុវត្ថិភាពប្រជាពលរដ្ឋនោះទេ គឺគិតតែប្រឹងប្រែង គាបសង្កត់ និងរកលុយពីកំហុសឆ្គងតិចតួចរបស់រាស្រ្តដែលមិនសូវយល់ដឹងពីច្បាប់ទម្លាប់ ហើយក៏មាន មន្រ្តីខ្លះទៀត មានដីធ្លីរាប់រយ ហិកតា ជួលឲ្យបរទេសធ្វើស្រែចំការ ខណៈ ដែលប្រជាពលរដ្ឋខេត្តស្វាយរៀងមួយចំនួន កំពុងតែប្រឈមមុខ និងវិបត្តិគ្មានដីធ្វើស្រែចំការ សម្រាប់ចញ្ចឹមជិវិត។
ស៊ីសេរ៉ូ គឺជាទស្សនៈវិទូ និងជារដ្ឋបុរសដ៏ល្បីល្បាញម្នាក់ របស់អ៊ីតាលី លោកគឺជាអ្នកបន្តទ្រឹស្ដីរបស់ ប្លាតុង និងអារីស្តូត ស្ដីពីរដ្ឋ និងនយោបាយ ។ នៅក្នុងស្នាដៃរបស់លោកស្ដីពី «ការពិភាក្សាអំពីរដ្ឋ និងអំពីច្បាប់» លោកយល់ថា ច្បាប់គឺយុត្តិធម៌ជាទីបំផុត ចំណែក អំណាចរដ្ឋ លោកបានទទូចឲ្យប្រគល់ឲ្យមនុស្ស ដែលប៉ុនប្រសព្វ និងដែលមានប្រាជ្ញា ដើម្បីឲ្យមន្រ្តីទាំងនោះ ការពារទ្រព្យសម្បត្តិជាតិ និងការពារ ព្រមទាំងបម្រើប្រជាជនដោយស្មោះត្រង់ ។
ទស្សនៈរបស់ សេស៊ីរ៉ូ គឺលោកចង់សំដៅថា មន្រ្តីដែលរដ្ឋបានប្រគល់អំណាចជូន គឺជាមនុស្សដែលពោរពេញ ដោយចំណេះដឹង និងទេព្យ កោសល្យ ហើយគឺជាមនុស្សដែលស្មោះត្រង់បំផុត ជាមួយជាតិ និងប្រជាជន ។ ចុះចំណែកមន្រ្តីធំៗ ខេត្តស្វាយរៀងខ្លះ ដែលបម្រើការងារ នៅសាលាខេត្ត និងតាមមន្ទីរមួយចំនួន ពិតជាមនុស្សដែលមានចំណេះវិជ្ជាជ្រៅជ្រះ និងបានបម្រើរដ្ឋ និងរាស្រ្តដោយស្មោះត្រង់ដែរឬទេ?
ចម្លើយដែលពិតជាមិនអាចប្រកែកបាន គឺមន្រ្តីខ្លះធ្វើការរាល់ថ្ងៃ ដើម្បីតែផលប្រយោជន៍បក្ខពួករបស់ខ្លួន និងក្រុមគ្រូសារខ្លួន តែប៉ុណ្ណោះ ពួកគេមិនបានយកអំណាច ដែលរាជរដ្ឋាភិបាលប្រគល់ឲ្យមកបម្រើប្រជាជន ដោយស្មោះត្រង់នោះទេ ។ ស្ថានភាពរបស់មន្រ្តីខេត្តស្វាយ រៀងសព្វថ្ងៃនេះ ធ្វើឲ្យយើងនឹកស្រមៃដល់អតីតកាល ពោលគឺកាលពីឆ្នាំ១៨៣៤ ខណៈ ដែល ប្រទេសយួន បានកាន់កាប់ប្រទេស កម្ពុជា ដោយចាប់ផ្ដើមអនុវត្តនយោបាយយួនូបនីយកម្ម ហើយបានបញ្ជូនមេទ័ពយួនម្នាក់ឈ្មោះ ទ្រឿង មិញយ៉ាង មកកាន់ប្រទេសកម្ពុជា អនុវត្តផែនការនេះ ។
នៅក្នុងលិខិតមួយ របស់មេទ័ពយួន ទ្រឿង មិញយ៉ាង ដែលផ្ញើជូនព្រះចៅក្រុងវ៉េមិញម៉ាង បានសសេរថា« ឆ្លងតាមការមកដល់ប្រទេស កម្ពុជា របស់ទូលបង្គំបានមួយរយៈ ទូលបង្គំសង្កេតឃើញថា មន្រ្តីខ្មែរគ្មានចេះធ្វើការអ្វីទាំងអស់ អ្វីដែលពួកគេចេះ គឺការប្រព្រឹត្តអំពើ ពុករលួយ និងលុតក្រាបដើម្បីរក្សាអំណាចរបស់ខ្លួនតែប៉ុណ្ណោះ»។ ដោយឡែក ក្នុងនៅឆ្នាំ១៨៨៤ ខណៈ ដែលប្រទេសកម្ពុជា ស្ថិតនៅ ក្រោមអាណានិគមន៍និយមបារាំង នៅក្នុងលិខិតមួយរបស់ អគ្គទេសាភិបាលបារាំង ប្រចាំឥណ្ឌូចិនលោក ប៉ូល ឌុយមែរ ផ្ញើជូនរដ្ឋមន្រ្តី អាណានិគមន៍ លោក ហ្សង់ ឌឺក្រេ ក៏បានសរសេរថា « ខ្ញុំព្យាយាមបង្រៀន មន្រ្តីខ្មែរឲ្យចេះធ្វើការ តែផ្ទុយទៅវិញ មន្រ្តីទាំងនោះ ចេះតែ ពុករលួយ និងអែបអបសុំបុណ្យស័ក្តិតែប៉ុណ្ណោះ»។
ហេហេ !!! តើចរិតរបស់មន្រ្តីខ្មែរ កាលពីជាងមួយសត្សវត្តន៍មុន ដែលមន្រ្តី បរទេសទាំងពីរខាងលើ បានសរសេរផ្ញើទៅ ចៅហ្វាយរបស់ ខ្លួន ពិតជាដិតដាម នៅក្នុងសណ្ដានចិត្តរបស់មន្រ្តីខ្មែរមួយចំនួន រហូតដល់សព្វថ្ងៃមែនទេ ?
សំណេរមួយនេះ មិនមែនជាការវាយប្រហារទាំងទទឹងទិស ចំពោះមន្រ្តីដែលគេប្រព្រឹត្តខ្លួនល្អនោះទេ តែជាការវាយ សំពង ចំពោះមន្រ្តី អាក្រក់មួយ ចំនួន ដែលមិនបានយកអំណាច ដែលរដ្ឋប្រគល់ឲ្យទៅបម្រើរាស្រ្ត ដោយស្មោះ និងបានយកអំណាច ទៅប្រើផ្ដេសផ្ដាស ដើម្បីផលប្រយោជន៍ ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ៕
No comments:
Post a Comment