Sunday, April 28, 2013

ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ពិនិត្យ​តាមដាន​សកល ​សី្តពី​ ការអប់រំ​សម្រាប់​ទាំង​អស់​គ្នា ឆ្នាំ​២០១២


ឯកឧត្តម​ អ៊ឹម សិទ្ធី រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ពិនិត្យ​តាមដាន​សកល ​សី្តពី​ ការអប់រំ​សម្រាប់​ទាំង​អស់​គ្នា​ឆ្នាំ​២០១២ នៅ​សណ្ឋាគារ ​ឡឺរ៉ូយ៉ាល់ ​នាថ្ងៃទី​២៨ ​ខែ​មីនា ​ឆ្នាំ​២០១៣
ឯកឧត្តម​ អ៊ឹម សិទ្ធី រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ពិនិត្យ​តាមដាន​សកល ​សី្តពី​ ការអប់រំ​សម្រាប់​ទាំង​អស់​គ្នា​ឆ្នាំ​២០១២ នៅ​សណ្ឋាគារ ​ឡឺរ៉ូយ៉ាល់ ​នាថ្ងៃទី​២៨ ​ខែ​មីនា ​ឆ្នាំ​២០១៣
សូមគោរព​ ៖
- ឯកឧត្តម​បណ្ឌិត​សភាចារ្យ ​សុខ អាន ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ​ជាទី​គោរព​ដ៏ខ្ពង់ខ្ពស់
- លោក​ជំទាវ ​Anne​ Lemaistre, ​តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា
- ឯកឧត្តម ​វង សូត​ រដ្ឋ​មន្ត្រី​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវ:
-  ឯកឧត្តម ​លោកជំទាវ ​លោក​ លោកស្រី ​ភ្ញៀវកិត្តិយស​ជាតិ ​អន្តរជាតិ ​ជាទី​មេត្រី

ថ្ងៃនេះ ​ខ្ញុំ​មាន​សេចកី្ត​សោមន្ស​រីករាយ​ដែលបាន​ចូលរួម​ក្នុងពិធី​ផ្សព្​វផ្សាយ​របាយ​ការណ៍​ពិនិត្យ តាម​ដាន​សកល​សី្តពី​ការ​អប់រំ​សម្រាប់​ទាំង​អស់​គ្នា​ឆ្នាំ​២០១២​នា​ពេល​នេះ​។ ​ក្នុង​នាម​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​និង​ក្នុងនាម​ខ្លួនខ្ញុំ​ផ្ទាល់ ​ខ្ញុំសូម​ថ្លែងអំណរ​គុណ​ជា​អនេកប្ប​ការ​ និង​សូម​ស្វាគមន៍​យ៉ាង​​កក់​ក្តៅ​ចំពោះ​​ ឯកឧត្តម​បណ្ឌិត​សភាចារ្យ ​សុខ អាន ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ​ដែល​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីដ៏​ខ្ពង់ខ្ពស់​​ ព្រម​ទាំង​ប្រតិភូ​ទាំងអស់​ចូលរួម​ចែករំ​លែក​នូវ​បទពិសោធន៍ ​និងចំណេះ​ដឹង​ស្តី​អំពី​ការអភិវឌ្ឍ​ជំនាញ​នៅ​ក្នុងវិស័យ​អប់រំ។
ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានធ្វើការ​វិនិ- យោគ​លើកំណែ​ទម្រង់​វិស័យ​អប់រំ ​ដើម្បី​ទទួល​បាន​នូវ​ប្រព័ន្ធ​អប់រំ​មួយ​ប្រកប​ដោយ​គុណភាព​ស្រប​តាម​​ស្តង់​ដារជាតិ ​តំបន់​និង​ពិភពលោក​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ដើម្បី​រួម​ចំណែក​កសាង​ជាតិ​មាតុ-​ភូមិ​។ ​ជាក់ស្តែង ​តាមរយ:​នៃអង្គ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​អប់រំ ​យុវជន​ និង​កីឡា​​នាពេល​​ ថ្មីៗនេះ បាន​បង្ហាញ​ពី​លទ្ធផល​ដែល​សម្រេច​បាន​ថែម​ទៀត​ក្នុង​ឆ្នាំ​សិក្សា​២០១១-២០១២​កន្លង​មក​ ទាំង ​បរិមាណ ​និង​គុណភាព​ នៃ​វិស័យ​អប់រំ ​យុវជន​ និង​កីឡា​។ ​បច្ចុប្បន្ន ​យើង​ទទួល​បាន​អត្រា​ពិតនៃ​ការ​សិក្សា​របស់​កុមារ​នៅ​បឋម​សិក្សា​៩៧​ភាគរយ​ ដែល​ជា​លទ្ធផល​អាច​ឱ្យ​កម្ពុជា​សម្រេច​បាន​សកល កម្ម​អប់រំ​បឋម​សិក្សា​នៃ​ការអប់រំ​សម្រាប់​ទាំងអស់​គ្នា​នាឆ្នាំ​២០១៥។​​ ចំពោះការ​លើក​កម្ពស់​គុណភាព ​និង​​ប្រសិទ្ធភាព​អប់រំ​ ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​បាន​យក​ចិត្ត​​ទុកដាក់​អភិវឌ្ឍ​សម្ថភាព​មន្រ្តី​ កែលម្អ​កម្មវិធី​សិក្សា ​និង​បំពាក់​សម្ភារ​រូបវន្ត​ ដើម្បី​បម្រើ​ឱ្យ​ការ​រៀន​ ការ​បង្រៀន​ និង​ការ​ស្រាវជ្រាវ​នៅតាម​គ្រឹះស្ថាន​សិក្សា។
ជា​មួយ​គ្នា​នេះ​ដែរ​ ក្រសួង​បាន​យកចិត្ត​ទុក​ដាក់​ដល់​ការងារ​តម្រង់​ទិស​វិជ្ជាជីវ:​នៅ​តាមវិទ្យាល័យ ចំណេះ​ទូទៅ​និង​បច្ចេកទេស ​ហើយ​ជា​លទ្ធផល​យើង​បាន​រៀប​ចំ​កម្មវិធី​សិក្សា​បំណិន​ជីវិតសម្រាប់​បឋម និង​មធ្យម​សិក្សា ​គោល​នយោបាយ ​កម្មវិធី ​និង​សៀវភៅ​តម្រង់​ទិសវិជ្ជាជីវ:​សម្រាប់​មធ្យម​សិក្សា ​បឋម​ភូមិ ​ដែល​ជា​កម្ម​វិធី​សិក្សា​ធ្វើ​ឱ្យ​សិស្ស​ទទួល​បាន​នូវជំនាញ​មូលដ្ឋាន​ស្រប​តាម​ចតុស្តម្ភ​ទាំងបួន ​នៃ​គោលការណ៍​អប់រំ ​គឺ​ រៀន​ដើម្បី​មាន​ចំណេះ​ដឹង​ រៀន​ដើម្បី​មាន​ចំណេះ​ធ្វើ​ រៀន​ដើម្បី​ក្លាយ​ជាពលរដ្ឋ​ល្អ ​និង​រៀន​ដើម្បី​ចេះ​រស់​នៅ​ជា​មួយ​គ្នា។
យោង​ទៅ​លើ​ប្រធាន​បទ ​យុវជន​ និង​ជំនាញ​ ជា​ការ​ចាំបាច់​ដែល​យើង​ត្រូវ​មាន​ការ​វិនិយោគ បង្កើត​បរិយា​កាសសហ​គ្រិនភាព ​បង្កើត​ការងារ​ ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​និរន្តភាព​ ការអភិវឌ្ឍ ​ជំនាញ​ព័ត៌មានវិទ្យា​ (ICT)​ និង​ជា​ពិសេស​ផ្តល់​ឱកាស​ដល់​យុវជន​ឱ្យ​ទទួល​បាន​សមត្ថភាព​ជំនាញ​​ផ្សេងៗ ​ដើម្បី​ឱ្យ​ពួក​គេ​រក​ការងារ​ធ្វើបាន​ដោយ​ងាយស្រួល​។ ​នៅ​ក្នុង​តំណាក់​កាល​សង្គម​ពុទ្ធិ ​ យើង មាន​សុទិដ្ឋិ​និយម​ថា ​ការ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ដៃ​គូអភិវឌ្ឍ​​ អ្នក​ពាក់ព័ន្ធ​ទាំងអស់​ និង​សហគមន៍​ជាតិ ​ពិតជា​បាន​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​ដល់​យុវជន​សំដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស។
បច្ចុប្បន្ន​ប្រសិន​បើ​យើង​ពិនិត្យ​ជុំ​វិញ​ខ្លួនយើង​ ការ​ផ្លាស់ប្តូរ​ ការ​វិវត្ត​ ការ​អភិវឌ្ឍ​បាន​កើត​ឡើង គ្រប់​ផ្នែក​ និង​គ្រប់វិស័យ ​ដូចជា​ផ្នែក​បច្ចេកវិទ្យា ​សេដ្ឋកិច្ច ​សង្គម ​និង​ជាពិសេស​ផ្នែក​អភិវឌ្ឍ​ជំនាញ​តែម្តង​។ ​ដើម្បី​ឆ្លើយ​តប​នឹង​បរិបទ​ខាងលើ​នេះ​ ក្រសួង​អប់រំ យុវជន និងកីឡា​ បាន​ចាប់​ផ្តើម​បង្កើត​កម្មវិធី​អប់រំ​ បណ្តុះ​បណ្តាល​ផ្សេងៗ ​ដើម្បី​ជួយ​កុមារ ​និង​យុវជន​ទទួល​បាន​នូវ​ជំនាញ​សំខាន់ៗ​ដូចជា ​ជំនាញ​មូលដ្ឋាន ​ជំនាញ​បច្ចេកទេស​ ។ល។ ​ពី​កម្រិត​បឋម​សិក្សា​រហូត​ដល់​ឧត្តម​សិក្សា​ ដែល​ក្នុង​នោះ​គោលដៅ​យុទ្ធសាស្ត្រ​កម្មវិធី​តម្រង់​ទិស ​វិជ្ជាជីវៈ​ និង​អប់រំ​បច្ចេកទេស ​ត្រូវ​បាន​រៀប​ចំ​ដូច​ខាងក្រោម៖
  • ការ​បង្កើត​ប្រព័ន្ធអប់រំ​មួយ​ដែល​មាន​ភាព​សម្បូរ​បែប​ ផ្នែក​ព័ត៌មាន​ ដែល​ជួយ​ឱ្យ​សិស្ស​ស្គាល់​ជាក់ស្តែង​នូវ​ពិភព​ការងារ​វាយតម្លៃ​ភាព​ខ្លាំង​ ភាព​ខ្សោយ​របស់​ខ្លួន​ ដែល​ជា​​កញ្ចក់​ឆ្លុះបញ្ចាំង​នូវ​​​​ឧបនិស្ស័យ​ធម្មជាតិ​ និង​សក្តានុពល​របស់​គេ​ ដើម្បី​ឆ្លៀត​ឱកាស​ពង្រឹង​សមត្ថភាព​ផ្នែក​វិទ្យាសាស្រ្ត ​ជំនាញ​។ល។
  • ការ​ជ្រើសរើស​មុខ​របរ​ឱ្យ​បាន​ត្រឹម​ត្រូវ​ដើម្បី​ឱ្យ​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​ជោគជ័យ ​ដោយ ប្រើប្រាស់​ភាព​ខ្លាំង ​និង​ឧបនិស្ស័យ​ពីកំណើត​របស់គេ។
  • សិស្ស​ទទួល​បាន​នូវ​ជំនាញ​ផ្នែក​ទ្រឹស្តី​ ចំណេះ​ដឹង​វិទ្យាសាស្ត្រ​ វិទ្យសាស្ត្រ​សង្គម​ គណិតវិទ្យា ​រូបវិទ្យា​។ល។ ​ដែល​ជា​សមត្ថភាព​មូលដ្ឋាន​ចាំបាច់​សម្រាប់​បន្ត​ការសិក្សា​នៅ​ឧត្តម​សិក្សា​ និង​ការ​សិក្សា ​ពេញ​មួយ​ជីវិត​។
- ឯកឧត្តម​ លោកជំទាវ
- លោក​ លោកស្រី​ ភ្ញៀវកិត្តិ​យស​ជាតិ ​អន្តរ​ជាតិ
ខ្ញុំ​ជឿ​ជាក់​ថា ​ការ​ពិភាក្សា​ផ្នែក​បច្ចេក​ទេស​ ការ​ចែក​រំលែក​បទ​ពិសោធន៍ ​និងចំណេះ​ដឹង ​ទាក់ទង​នឹង​បញ្ហា ​ការ​ប្រឈម ​អភិក្រម ​មាត្រដ្ឋាន​ ពិត​ជា​រួម​ចំណែក​ឆ្លើយ​តប​ជាក់ស្តែង ​និង​មាន​ប្រសិទ្ធ​ភាព​​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​ដល់​យុវជន​។​ ក្នុង​បរិបទ​នេះ ​យើង​បាន​ដាក់​ចេញ​នូវ​មគ្គុទ្ទេស​ឆ្ពោះ ​​ទៅ​កាន់​កម្មវិធី​សិក្សា​ដែល​សម​ស្រប ​ដោយ​សង្កត់​ធ្ងន់​ទៅ​លើ​គោល​ការណ៍​ធំៗ​ជា​មូលដ្ឋាន​ចំនួន២​ គឺ “ ការ​អភិវឌ្ឍ​កុមារ ​និង​យុវជន ” និង “ការ​សិក្សា ​របស់​កុមារ ​និង​យុវជន​ ”។
ដូច្នេះ​ ការ​កសាង​គោល​នយោបាយ   និង​ផែន​ការ​អភិវឌ្ឍន៍​វិស័យ​អប់រំ​នៅ​តែ​ជា​គោល​ដៅ​ចម្បង​ និង​ជា​មូល​ដ្ឋាន​សម្រាប់​ការ​អប់រំ​នាពេល​អនាគត​ ពិសេស​ក្រោយ​ពី​ការ​សម្រេច​បាន​ការ​អប់រំ​សម្រាប់​ទាំង​អស់​គ្នា​ឆ្នាំ២០១៥​ខាងមុខ ​។​   បច្ចុប្បន្ន   ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​បាន​និង​កំពុង​រៀបចំផែន​​ការ​យុទ្ធសាស្ត្​រវិស័យ​អប់រំ​៥​ឆ្នាំ​លើក​ទី​៤​ គឺ​២០១៤-២០១៨​ ផែន​ការ​គោល​សម្រាប់​សាង​សង់​ហេដ្ឋា រចនា​សម្ព័ន្ធ​អប់រំ​គោល​នយោបាយ​ស្តី​ពី​ការ​អប់រំ​បច្ចេក​ទេស​សម្រាប់​មធ្យម​សិក្សា ​គោល​នយោបាយ ​​អភិវឌ្ឍ​កម្មវិធី​សិក្សា​ចំណេះ​ទូទៅ ​គោល​នយោបាយ​ស្តីពី​ក្រប​ខ័ណ្ឌ​ធានា​គុណភាព​អប់រំ ​និង​ចក្ខុវិស័យ ឧត្តម​សិក្សា​ឆ្នាំ២០៣០​ ដែល​គោល​នយោបាយ  និង​ផែន​ការ​អភិវឌ្ឍន៍​ទាំងអស់​នេះ ​មាន​លក្ខណះ ឆ្លើយ​តប​ទៅនឹង​យុទ្ធសាស្រ្ត​តរបស់​រាជ​រដ្ឋាភិបាល​និង​ផែន​ការ​យុទ្ធសាស្ត្រ​រអភិវឌ្ឍន៍​ជាតិ​២០១៤-២០១៨  សំដៅ​ឈាន​ទៅ​​សម្រេច​បាន​គោលដៅ​អភិវឌ្ឍ​សហសវត្ស។ ​
ជាទី​បញ្ចប់​ ខ្ញុំ​សូម​វាយ​តម្លៃខ្ពស់​ចំពោះ ​ពិធី​ប្រកាស​ឲ្យ​ប្រើ​របាយ​ការណ៍​ពិនិត្យ​តាម​ដាន​សកល សី្តពី​ការ​អប់រំ​សម្រាប់​ទាំងអស់​គ្នា​ឆ្នាំ​២០១២ ​នា​ពេល​នេះ​ដែល​ជា​វេទិកា​មួយ​មាន​កា​រចូល​រួម​ពី​គ្រប់​មជ្ឈ​ដ្ឋាន​ អ្នក​ពាក់​ព័ន្ធ​វិស័យ​អប់រំ ​ពិសេស​ដៃ​គូ​អភិវឌ្ឍ​ឲ្យ​បន្ត​នូវ​ស្មារតី​គាំទ្រ​ និង​ឧបត្ថម្ភ​ដល់​ការ​លើក​កម្ពស់ វិស័យ​អប់រំ​កម្ពុជា​ ហើយ​តាម​រយ:​របាយ​ការណ៍​ពិនិត្យ​តាម​ដាន​សកល​នេះ​ដែរ​ក៏​បាន​ឆ្លុះ​បញ្ចាំង​អំពី “ការ​គិតគូរ​ឡើង​វិញ​បញ្ហា​អប់​រំ ​និង​ជំនាញ” ​ដែល​ជា​ដំណើរ​ការ​អំពាវ​នាវ​រក​ចំណេះ​ដឹង​រួម​មួយ​ក្នុង​ការ ​អប់រំ​កុមារ ​និង​យុវជន​ឲ្យ​ទទួល​បាន​ការ​អប់រំ​ប្រកប​ដោយ​សមធម៌​លើ​គុណ​តម្លៃ​វិជ្ជា​ជីវ:​ជំនាញ ​ការ​ជំរុញ​ឲ្យ​មាន​សុចរឹត​ភាព ​ការ​គោរព ​ការ​ប្តេជ្ញា​ចិត្ត ​និង​មេត្តាធម៌។
ខ្ញុំ​សូម​ជូនពរ​ ឯកឧត្តម ​លោកជំទាវ ​លោក ​លោកស្រី ​ភ្ញៀវកិត្តិយស​ជាតិ ​អន្តរជាតិ ​ទំាង​អស់ទទួល​បាន​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ ​គឺ អាយុ​ វណ្ណ​: សុខ: ​ពល:  ព្រម​ទាំង​ជោគជ័យ​គ្រប់​​ភារ​កិច្ច។

No comments:

Post a Comment