Thursday 04 April 2013 - 5:54 pm
ភ្នំពេញ: ថ្ងៃទី៤មេសានេះ ក្រសួងអប់រំយុវជន និង កីឡា បានចំណាយលុយចំនួន៩១៧.២០០.០០០រៀល ជារង្វាន់ដល់កីឡាករ កីឡាការិនីចំនួន ៤ ប្រភេទដែលបានមេដាយកន្លងមក។
លោកអ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡា លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចូលរួមក្នុងពិធីប្រគល់រង្វាន់នេះនៅ វិទ្យាស្ថានជាតិអប់រំ ។
លោកអ៊ុក សិទ្ធិជាតិ នាយកមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឲ្យដឹងថា ប្រភេទ កីឡាដែលបានមេដាយ ហើយត្រូវទទួលរង្វាន់នោះមានប្រភេទកីឡាវ៉ូវីណាមដែលមានមេដាយចំនួន ២៥គឺមាស មួយគ្រឿង ប្រាក់១៣គ្រឿង និង សំរឹទ្ធិ ១១គ្រឿង ។ មេដាយទាំងនេះបានមកពីព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោកនៅវៀតណាម ពីថ្ងៃទី២៧ទៅ៣១ កក្កដា ២០១១ និងប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅភ្នំពេញពីថ្ងៃទី១៣ទៅ៣១តុលាឆ្នាំ ២០១១ ។
កីឡាប៉េតង់ មេដាយសរុបចំនួន ១២ គឺមេដាយមាស ៥ គ្រឿង និងសំរឹទ្ធិ ៧ គ្រឿងដែលបានមកពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី ១៥ នៅប្រទេសថៃ ពីថ្ងៃទី១៥ដល់១៩ធ្នូ ឆ្នាំ២០១១ និងការប្រកួតជើងឯកពិភពលោក នៅប្រទេសបារាំងពីថ្ងៃទី៤ ដល់៧តុលា ឆ្នាំ២០១១។
ប្រភេទកីឡាយូដូបានមេដាយសំរឹទ្ធិ៥ ពីព្រឹត្តិការណ៍ប្រកួតកីឡាជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ ២០១២ នៅវៀតណាមពីថ្ងៃទី ១៦ដល់២១តុលាឆ្នាំ២០១២។
ចំពោះរង្វាន់នៃការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍នៅឡាវ ពីថ្ងៃទី១៦ដល់២១តុលា ឆ្នាំ២០១២ នោះមានប្រភេទកីឡាយូដូ ប៉េតង់ តេក្វាន់ដូ វាយកូនបាល់ ដោយបានមេដាយសំរឹទ្ធិ ១៥គ្រឿង ។
សរុបមេដាយទាំង ៤ ព្រឹត្តិការណ៍នេះគឺមានមេដាយមាស ៦ គ្រឿង មេដាយប្រាក់ចំនួន៣៨គ្រឿង និង មេដាយ សំរឹទ្ធិចំនួន៥៧ គ្រឿង ។គ្រូបង្វឹក-គ្រូជំនួយចំនួន ១០នាក់ក៏បានទទួលរង្វាន់ដូចកីឡាករ-កីឡាការិនីដែរ គ្រាន់តែគ្រូជំនួយបាន ៧០ភាគរយប៉ុណ្ណោះ ឯគ្រូធំបាន ១០០ភាគរយគឺស្មើនឹងប្រាក់រង្វាន់មេដាយដែលខ្ពស់បំផុតរបស់អត្តពលិករបស់ខ្លួន៕ S-CEN
No comments:
Post a Comment