ភ្នំពេញ ៖ សម្រាប់ការបោះឆ្នោត អាណត្ដិទី៥ ដែលប្រព្រឹត្ដទៅ នៅថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសឱ្យ អាជ្ញាធរ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវធ្វើយ៉ាងណា ឱ្យបរិយាកាស នៃការបោះឆ្នោតប្រព្រឹត្ដទៅដោយរលូន ជាពិសេស ការឃោសនារកសំឡេងឆ្នោត ពីបណ្ដាគណបក្សនយោបាយ ដែលចូលរួម ការប្រកួតប្រជែង ពោលសម្ដេចតេជោបានបញ្ជាក់ថា កុំឱ្យការបោះឆ្នោត នាពេលខាងមុខ ក្លាយជាការបែកបាក់ជាតិ ។
នៅក្នុងពិធីប្រគល់ និងចែកសញ្ញាបត្រ ជ័យលាភីដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ ២០១៣ នេះ សម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានមានប្រសាសន៍ថា នៅសល់រយៈពេលប៉ុន្មានខែទៀតប៉ុណ្ណោះ ការបោះ ឆ្នោតសកល នឹងចាប់ផ្ដើមធ្វើឡើង ហើយទន្ទឹមគ្នានេះ បណ្ដាគណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែង បានត្រៀមរួច រាល់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ។
សម្ដេចនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា ការបោះឆ្នោតខាងមុខ ដោយចូលរួមពី បណ្ដាគណបក្សនយោបាយ តាមរយៈការប្រកួតប្រជែងនេះ គឺជំនួស ការច្បាំងគ្នារយៈពេលជាង១០ឆ្នាំមុន ។
ជាមួយគ្នានេះ សម្ដេចតេជោបានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរថ្នាក់ក្រោមជាតិ និង កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវធ្វើយ៉ាងណា សម្រួលយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោត ប្រព្រឹត្ដទៅដោយរលូន ពោលមិនត្រូវ ប្រកាន់ថា គណបក្សកាន់អំណាច ឬគណបក្សប្រឆាំងនោះឡើយ។
សម្ដេចនាយករដ្ឋមន្ដ្រី បានប្រកាសថា សម្ដេចចង់ឃើញបរិយាកាស បោះឆ្នោត ធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្ដិធម៌ ហើយគណបក្សនយោបាយទាំងអស់ អាចទទួលយកបាន ពោលចៀស វាងការលាបពណ៌ និងឃោសនាបង្កាច់បង្ខូច ខុសពីការពិត គឺត្រូវទុកឱ្យប្រជាពលរដ្ឋ ដែលមានអាយុបោះឆ្នោត សម្រេចចិត្ដ ក្នុងការបោះឆ្នោត ចំពោះបក្សនយោបាយណា ដែលពួកគាត់ស្រឡាញ់ពេញចិត្ដ ។
សម្ដេចតេជោបានបញ្ជាក់ថា ចំពោះការយក ទីលានសាធារណៈរបស់រដ្ឋ ដើម្បីឃោសនារកសំឡេងឆ្នោត នៅតាមសួនច្បារជាដើមនោះ គឺគណបក្សនយោបាយ អាចធ្វើ បានគ្រប់ៗគ្នា ដោយមិនប្រកាន់នោះឡើយ លើកលែងតែក្រុមហ៊ុនឯកជន ដែលត្រូវជួលទីតាំង។
សម្ដេចនាយករដ្ឋមន្ដ្រីក៏បាន អំពាវនាវឱ្យបណ្ដាបក្សនយោបាយទាំងអស់ រៀបចំស្លាកសញ្ញាគណបក្ស ឱ្យបានរឹងមាំ ចៀសវាងខ្យល់បោកបក់ដួលរលំ រួច ហើយចោទប្រកាន់ថា មានគេលួចទម្លាក់ស្លាកគណបក្សរបស់ខ្លួន ហើយចំពោះការលើកស្លាកគណបក្ស នៅតាមទីសាធារណៈ គឺធ្វើបានដូចៗគ្នា។
No comments:
Post a Comment