ថ្មីៗនេះ វិទ្យុអាស៊ីសេរី ដែលជាវិទ្យុមាននិន្នាការ ប្រឆាំងរាជរដ្ឋាភិបាល កម្ពុជា បានធ្វើសេចក្តីរាយ ការណ៍ព័ត៌មាន មួយចំនួន ពាក់ព័ន្ធនឹងការ ចូល រួមរបស់ លោក សម រង្ស៊ី ក្នុងការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ ដែលគ្រោងរៀបចំធ្វើ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ។
ក្នុងសេចក្តីរាយការណ៍ទាំងនេះ វិទ្យុអាស៊ីសេរីបានចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាប់មកលើរាជរដ្ឋាភិ បាល ថា បានរារាំងមិនឱ្យលោក សម រង្ស៊ី ចូលរួមការបោះឆ្នោត។ តាមរយៈសេចក្តីរាយការណ៍ទាំងនេះ ដែរ លោក សម រង្ស៊ី ដែលជាទណ្ឌិតគេចចេញពី សំណាញ់ច្បាប់បានអះអាងថា យុទ្ធ សាស្ត្រឈ្នះចុងក្រោយរបស់គណបក្សសង្គ្រោះជាតិ គឺលោកនឹងមិនត្រឡប់មកកម្ពុជា ដើម្បីចូលរួមក្នុងការបោះឆ្នោត ដើម្បីឱ្យសហគមន៍ អន្តរជាតិ មិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោត និងរាជរដ្ឋាភិបាលថ្មី។
លោក សម រង្ស៊ី ត្រូវបានតុលាការខេត្តស្វាយរៀង កាត់ទោសឱ្យជាប់ពន្ធនាការប្រមាណ ១២ ឆ្នាំ ពីបទបំផ្លាញតម្រុយបង្គោលព្រំដែន បទក្លែងបន្លំ ឯកសារផែនទី បទបរិហារកេរ្តិ៍ និងផ្សាយព័ត៌មាន មិនពិត។ ប៉ុន្តែ លោក សម រង្ស៊ី មិនបានមកទទួលទោស តាមច្បាប់នោះទេ ។ ក្រោយប្រព្រឹត្ត បទល្មើសរួច លោក សម រង្ស៊ី បានរត់គេចចេញទៅក្រៅប្រទេស ដោយប្រើប្រាស់លិខិតឆ្លងដែន ប្រទេសផ្សេង ពីព្រោះលោកមានសញ្ជាតិពីរ។ ក្នុងបទវិភាគរបស់ខ្លួន វិទ្យុអាស៊ីសេរី បានចោទប្រកាន់រាជរដ្ឋាភិបាលថា បានរារាំងលោក សម រង្ស៊ី មិនឱ្យវិលត្រឡប់ម កកម្ពុជាវិញ ក្នុងហេតុផល នយោបាយ។ វិទ្យុនេះ ថែមទាំងបានចោទប្រកាន់ សម្តេច ហ៊ុន សែន និងគណប្សប្រជាជនកម្ពុជា ថា បានត្រួតត្រាស្ថាប័នជាតិគ្រប់វិស័យ រហូត ដល់ប្រព័ន្ធផ្សព្វផ្សាយ។
តើអ្វីទៅជាការពិត? ករណីរបស់លោក សម រង្ស៊ី ជាករណីផ្លូវច្បាប់សុទ្ធសាធ មិនពាក់ព័ន្ធនឹងរឿងនយោបាយនោះឡើយ។ លោក សម រង្ស៊ី បានប្រព្រឹត្តបទល្មើសជាក់ស្តែង ហើយត្រូវបានតុលាការកាត់ទោសតាមផ្លូវច្បាប់។ រដ្ឋធមនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានចែងយ៉ាងច្បាស់ថា អំណាចបែងចែកដាច់ពីគ្នា រវាងអំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ ដូច្នេះ រាជរដ្ឋាភិបាលដែលជាអ្នកកាន់អំណាចនីតិប្រតិបត្តិ គ្មានសិទ្ធិ អ្វីទៅអន្តរាគមន៍តុលាការ ដើម្បីឱ្យលើកលែងការចោទប្រកាន់លោក សម រង្ស៊ី បាននោះទេ។ គេតែងតែស្នើឱ្យកម្ពុជាគោរពនីតិរដ្ឋ ប៉ុន្តែ គេមិនដែល ជំរុញឱ្យទណ្ឌិត សម រង្ស៊ី មកទទួលទោស តាមផ្លូវច្បាប់នោះទេ។
ជាការពិត គ្មាននរណាម្នាក់ហាមឃាត់លោក សម រង្ស៊ី មិនឱ្យវិលត្រឡប់កម្ពុជាវិញនោះទេ ប៉ុន្តែ លោក សម រង្ស៊ី ខ្លួនឯងទេ ដែលមិនត្រឡប់ មកកម្ពុជាវិញ ពីព្រោះលោកគេចចេញពីការទទួលខុសត្រូវចំពោះមុខច្បាប់។ រីឯការលុបឈ្មោះរបស់លោក សម រង្ស៊ី ចេញពីបញ្ជីអ្នកបោះឆ្នោត គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ធ្វើឡើងទៅតាមផ្លូវច្បាប់តែប៉ុណ្ណោះ។ មាត្រា៥០ ថ្មី នៃច្បាប់ស្តីការបោះឆ្នោត ជ្រើស តាំងតំណាងរាស្ត្រ បានកំណត់ពីលក្ខខណ្ឌមួយចំនួន ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលក្នុងបណ្តាលក្ខខណ្ឌទាំងនោះ គឺមានលក្ខខណ្ឌ មួយកំណត់ថា មិនត្រូវស្ថិតក្នុងស្ថានភាពជាប់ពន្ធនាគារ។ ចំណុចនេះហើយ ដែលលោក សម រង្ស៊ី ត្រូវបានលុបឈ្មោះចេញពីបញ្ជីអ្នកបោះឆ្នោត។
ជាមួយនឹងការប្រកាសគាំទ្រទណ្ឌិតដោយពុំផ្អែកលើមូលដ្ឋានច្បាប់ ក៏មានបរទេសមួយចំនួន បានចោទប្រកាន់មកលើស្ថាប័ន គ.ជ.ប. ក្នុងករណី នេះ ដែរ ពីព្រោះតែពួកគេមិនបានពិនិត្យមើលច្បាប់បោះឆ្នោតកម្ពុជាឱ្យបានច្បាស់លាស់។
មកដល់នេះ លោក សម រង្ស៊ី យល់ច្បាស់ណាស់ថា ទោះបីមាន ឬគ្មានរូបលោកក៏ដោយ ក៏ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅតែ ដំណើរ ការដែរ។ មនុស្សម្នាក់មិនមែនជាកត្តាកំណត់សម្រាប់ដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋនៅកម្ពុជានោះទេ។ ចំណុចនេះហើយ ដែល លោក សម រង្ស៊ី ពីមុនមកបានស្រែកថា នឹងមកចូលរួមការបោះឆ្នោត បានត្រឡប់ទៅជានិយាយថា លោកនឹងមិនត្រឡប់មកកម្ពុជា ដើម្បីចូលរួមក្នុងការបោះឆ្នោត ដើម្បីឱ្យសហគមន៍អន្តរជាតិមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត និងរាជរដ្ឋាភិបាលថ្មី។
ហេតុអ្វីបានជា លោក សម រង្ស៊ី អះអាងបែបនេះនៅខណៈនេះ? លោក សម រង្ស៊ី បានដើរមកដល់ផ្លូវទ័លច្រកមួយ ដែលលោកត្រូវប្រឈម នឹងការ ពិតបីយ៉ាង ៖ ទី១ បើលោក សម រង្ស៊ី វិលត្រឡប់មកកម្ពុជា លោក សម រង្ស៊ី ត្រូវតែទទួលទោសតាមផ្លូវច្បាប់ ពីព្រោះ ច្បាប់ស្ថិតនៅពីលើ មនុស្សទាំងអស់នៅក្នុងសង្គម ហើយក៏គ្មានករណីពិសេសណាមួយ សម្រាប់ទណ្ឌិតរូបនេះដែរ។ ទី២ ទោះបីលោក សម រង្ស៊ី មាន ឬគ្មានវត្តមាន ក្នុងការបោះឆ្នោតក៏ដោយ ក៏មិនបានធ្វើឱ្យគណបក្សរបស់លោកមានសំឡេងកើនឡើងដែរ ដោយហេតុថា ខណៈដែលមន្ត្រីគណបក្សរបស់លោក ចុះដើរឃោសនាបោកប្រាស់ប្រជាពលរដ្ឋ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច កំពុងតែមមាញឹកយ៉ាងខ្លាំង ក្នុងការកសាង សមិទ្ធផលធំៗជូនជាតិមាតុភូមិ និងប្រជាជន។ ទី៣ លោក សម រង្ស៊ី កំពុងតែបាត់ភាពម្ចាស់ការក្នុងការគ្រប់គ្រងគណបក្សរបស់ខ្លួន មិនថា គណបក្ស សម រង្ស៊ី ខ្លួនឯង ឬគណបក្សសង្គ្រោះជាតិ ដែលទើបបង្កើតឡើងថ្មីនោះទេ។
លោក សម រង្ស៊ី អះអាងថា មិនចូលរួមការបោះឆ្នោតដោយលើកហេតុផលថា គ្មានភាពយុត្តិធម៌។ តាមពិតយុត្តិធម៌ ឬមិនយុត្តិធម៌មិនមែន ស្ថិតនៅ លើបបូរមាត់របស់បុគ្គលណាម្នាក់នោះទេ គឺវាអាស្រ័យលើការវិនិច្ឆ័យរបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត និងម្ចាស់អំណាច។ លោក សម រង្ស៊ី ពិតជាដឹងច្បាស់ពីលទ្ធផលនៃការបោះឆ្នោត ថា គណបក្សរបស់លោកនឹងមិនបានទទួលការគាំទ្រជាដុំកំភួននោះទេ។ ដូច្នេះ ដើម្បីជាលេស ក្នុងការបិទបាំងភាពអវិជ្ជាមានក្នុងការដឹកនាំគណបក្សរបស់ខ្លួន លោក សម រង្ស៊ី ចាំបាច់ត្រូវប្រកាសមិនចូលរួមការបោះឆ្នោត។ ការប្រកាសបែបនេះ របស់លោក សម រង្ស៊ី គឺជាការបង្អើលគណបក្សរបស់ខ្លួន ដែលកំពុងតែចុះខ្សោយ និងបែកបាក់ជាបំណែកទៅហើយនោះថែមទៀត។
ដូច្នេះ វាច្បាស់ណាស់ថា ទង្វើរបស់លោក សម រង្ស៊ី ក្នុងការដកតម្រុយបង្គោលព្រំដែន ជាសកម្មភាពគិតទុកជាមុន ដើម្បីបំផ្លាញការបោះឆ្នោត និងប្រកាសមិនចូលរួមការបោះឆ្នោត ដើម្បីកុំឱ្យសហគមន៍អន្តរជាតិទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ពីព្រោះលោក សម រង្ស៊ី ដឹងខ្លួនច្បាស់ ណាស់ថា លោកប្រាកដជាចាញ់ដូចអាណត្តិមុនទៀត។ នេះជាការរៀបចំលេសនយោបាយយ៉ាងច្បាស់ក្រឡែត ប៉ុន្តែ លេសនយោបាយរបស់លោក សម រង្ស៊ី មិនអាចទទួលជោគជ័យបានទេ ប្រជាធិបេតយ្យសេរីពហុបក្សនៅកម្ពុជា មិនចំណុះលើទណ្ឌិត សម រង្ស៊ី ម្នាក់នោះទេ គឺវាអាស្រ័យ លើការចូលរួមរបស់ប្រជាពលរដ្ឋមកពីគ្រប់និន្នាការនយោបាយ។
កន្លងមក ក៍ដូចជាបច្ចុប្បន្ននេះ លោក សម រង្ស៊ី មិនដែលពឹងលើសមត្ថភាពខ្លួនឯងទេ លោក សមរង្ស៊ី តែងតែយកសហគមន៍អន្តរជាតិធ្វើជារនាំង ហើយថែមទាំងឃោសនាឱ្យបរទេសផ្តាច់ជំនួយ ឬដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើជាតិឯងទៀតផង។ គ្រប់ពាក្យដែលលោក សម រង្ស៊ី លើកឡើង គ្មានចំណុចណាមួយ ដែលបង្ហាញពីការអភិវឌ្ឍ និងការបង្រួមបង្រួមជាតិទេ គឺមានតែពាក្យបំផ្លិចបំផ្លាញ ផ្តួលរំលំដូចសម័យ កម្ពុជាប្រជាធិប តេយ្យដូច្នោះដែរ។ ប្រសិនលោក សម រង្ស៊ី មានឱកាសឈ្នះឆ្នោតដឹកនាំប្រទេសកាលពីឆ្នាំ១៩៩៣ វិញ ម៉្លេះសមថ្ងៃនេះប្រទេស កម្ពុជា មិនអាច មានការបង្រួបបង្រួម និងផ្សះផ្សារជាតិ និងមានសន្តិភាពដូចសព្វថ្ងៃនេះទេ។ ពីព្រោះ លោក សម រង្ស៊ី ជាមនុស្សបុគ្គលនិយម មិនចូលចិត្តរួប រួមជាមួយអ្នកដទៃឡើយ គឺប្រកាន់គំនិតថា គ្មាននរណាស្មើខ្លួនជានិច្ច។
ពេលនេះ លោក សម រង្ស៊ី កាន់តែស្ថិតក្នុងភាពអស់សង្ឃឹម ក្នុងជីវិតនយោបាយរបស់ខ្លួន បាត់បង់ទាំងឱកាសឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី បាត់បង់ទាំងឱកាសគ្រប់គ្រង គណបក្សខ្លួន ហើយបែរជាទម្លាក់បញ្ហានេះទៅលើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចទៅវិញ។ ចំពោះមុខទ្វេរគ្រោះនយោបាយនេះ លោក សម រង្ស៊ី ខំបំភាន់មតិជាតិ និងអន្តរជាតិដោយប្រកាសថា នឹងមិនចូលរួមការបោះឆ្នោត ដែលគ្រោង ធ្វើនៅថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះទេ។ ប៉ុន្តែ ទោះបីលោក សម រង្ស៊ី ចូលរួម ឬ មិនចូលរួមក៏ដោយ ក៏ការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ដែរ សមដូចពំនោលមួយលើកឡើងថា «ទោះមាន់មិនរងាវ ក៏ថ្ងៃនៅតែរះដែរ» ៕
អត្ថបទដោយៈ បណ្ឌិត សុខ ទូច
No comments:
Post a Comment