គ្មានទៀតឡើយការយោគយល់និងអត់ឱនដល់មន្ត្រីក្រោមឱវាទដែលប្រព្រឹត្តខុស។ នេះជាពាក្យបញ្ជាម៉ឺងម៉ាត់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅចំពោះមុខសមាជិកគណៈរដ្ឋមន្ត្រីថ្មីសម្រាប់រដ្ឋាភិបាលអាណត្តិទី៥។ ក្រោយពីបង្ហាញគោលនយោបាយនិងការសន្យាកំណែទម្រង់ដ៏វែងអន្លាយសំដៅបម្រើប្រជាពលរដ្ឋម្ចាស់ឆ្នោតឲ្យបានល្អជាងមុន លោកនាយករដ្ឋមន្ត្រីក៏បានដំឡើងសំឡេងដាក់សមាជិកគណៈរដ្ឋមន្ត្រីយ៉ាងខ្លាំងៗដោយសុំឲ្យពួកគេផ្លាស់ប្តូរឥរិយាបថជាចាំបាច់។
ដើម្បីចាត់វិធានការឲ្យមានការផ្លាស់ប្តូរឥរិយាបថរបស់មន្ត្រី និងក៏ដូចជាដើម្បីបម្រើប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព លោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យមានការរៀបចំធ្វើវេទិកាសាធារណៈរវាងមន្ត្រី និងប្រជាពលរដ្ឋ ឬរវាងប្រធានស្ថាប័នជាមួយមន្ត្រីក្រោមឱវាទ។
វិធីនេះត្រូវបានប្រមុខរដ្ឋាភិបាលចាត់ទុកជាការឆ្លុះកញ្ចក់ដើម្បីស្វែងយល់ពីកំហយសឆ្គងរបស់ខ្លួន។ នៅក្នុងវេទិកាសាធារណៈឬហៅថាជាសមាជផ្ទៃក្នុង ប្រជាពលរដ្ឋ ឬមន្ត្រីរាជការមានសិទ្ធិឡើងចង្អុលមុខមន្ត្រីដែលបានប្រព្រឹត្តខុសឆ្គង។
លោកនាយករដ្ឋមន្ត្រីក៏បានព្រមានដល់រដ្ឋមន្ត្រីរបស់ខ្លួនឲ្យបញ្ឈប់ការប្រើសិទ្ធអំណាចគាបសង្កត់ថ្នាក់ក្រោម ឬការបង្កើតបណ្តាញក្រុមគ្រួសារក្នុងក្រសួងដែលខ្លួនដឹកនាំ។ លោកទទួលស្គាល់ថា គណៈរដ្ឋមន្ត្រីថ្មីមានសមាសភាពចាស់ភាគច្រើនដដែល ប៉ុន្តែ មន្ត្រីចាស់ទាំងនោះត្រូវតែផ្លាស់ប្តូរឥរិយាបថ ហើយចាប់យកគំនិតថ្មី និងរបៀបដឹកនាំថ្មី។ នៅឯថ្នាក់មូលដ្ឋានវិញ អំពើពុករលួយតាមរយៈការដាក់កុងត្រូលយកលុយតាមផ្លូវ ឬការទារលុយពីពលរដ្ឋពេលធ្វើលិខិតស្នាមជាដើមត្រូវតែលុបបំបាត់ជាដាច់ខាត។
ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីក៏បានព្រមានរដ្ឋមន្ត្រីរបស់ខ្លួនឲ្យទទួលខុសត្រូវចំពោះ មុខរដ្ឋសភាទៀតផង។ លោកបានរម្លឹកថា រដ្ឋមន្ត្រីត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី និងរដ្ឋសភា។ ក្នុងន័យនេះ លោកបានបើកសិទ្ធិឲ្យរដ្ឋសភាកោះអញ្ជើញរដ្ឋមន្ត្រីណាម្នាក់មកសាកសួរឬធ្វើញត្តិស្តីបន្ទោសយ៉ាងពេញលេញផងដែរ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីចាស់អាណត្តិថ្មីក៏បានសុំឲ្យមន្ត្រីរបស់ខ្លួនទទួលយកមតិរិះគន់ស្ថាបនាពីគណបក្សប្រឆាំង និងសង្គមស៊ីវិល ព្រមទាំងផ្តល់តម្លៃដល់បណ្តាញផ្សាយព័ត៌មាន។
លោកនាយករដ្ឋមន្ត្រីក៏មិនភ្លេចសន្យាលើកតម្កើងប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋផងដែរ។ យ៉ាងណាក៏ដោយ លោកបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា រដ្ឋាភិបាលប្រឆាំងជាដាច់ខាតរាល់សកម្មភាពឬការញុះញង់ដែលនាំឲ្យមានអស្ថិរភាព និងចលាចលសង្គម។
សូមបញ្ជាក់ថា ក្នុងរយៈពេលពេញមួយព្រឹកនេះ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្មីនៅមិនទាន់ចប់នៅឡើយទេ។ លោកនាយករដ្ឋមន្ត្រីនៅបន្តបង្ហាញកំណែទម្រង់ដ៏វែងអន្លាយលើគ្រប់វិស័យដោយចាត់ទុកកំណែទម្រង់ជាបញ្ហាស្លាប់រស់។ ការដំឡើងប្រាក់ខែជូនមន្ត្រីរាជការស៊ីវិល និងប្រដាប់អាវុធក៏ត្រូវបានបង្ហាញផងដែរ៕
http://www.khmer.rfi.fr/cambodia/20130925-cambodia-hun-sen-warn-minister
No comments:
Post a Comment