Monday, August 4, 2014

បទសម្ភាសន៍​​ឯកឧត្ដម​រដ្ឋមន្ត្រី​​ក្រសួង​អប់រំ យុវជន និង​កីឡា ស្ដី​ពី ​ការ​ប្រព្រឹត្តិ​​ទៅ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡង ០៤ សីហា ២០១៤


ផ្សាយបន្តពី http://www.moeys.gov.kh/kh/leadership/807.html#.U-BGY_mSySp

802-02

ឯកឧត្ដម​​ រដ្ឋមន្ត្រី​៖
ក្រសួង​បាន​រៀបចំ​នៅ​មណ្ឌល​ប្រឡង​ទាំង​អស់​ ១៥៤មណ្ឌល​ ហើយ​ក៏​មាន​គណៈ​កម្មការ​មេប្រយោគ​ទូទាំង​ប្រទេស​គណៈកម្មការ​អប្បមាទ ក៏​ដូច​ជា​គណៈ​កម្មការ​អនុរក្ស ហើយ​តួនាទី​របស់​គណៈ​កម្មការ​មេ​ប្រយោគ និង​អប្បមាទ​ ក៏​ដូចជា​អនុរក្ស​នេះ​ដើម្បី​ត្រួត​ពិនិត្យ​ការ​ប្រឡង ហើយ​យើង​អប្បមាទ​ហ្នឹង​ ​គាត់​ពិនិត្យ​មើល​ពី​លើ​ប្រធាន​មណ្ឌល​នេះ​ទៀត ក៏​ប៉ុន្តែ​ឆ្នាំ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​សហការ​ជាមួយ​នឹងអង្គភាព​ប្រឆាំង​អំពើពុករលួយ គឺ​ដើម្បី​ធានា​ឲ្យ​បាន​ថា​ការ​ប្រឡង​នេះ មាន​តម្លាភាព ភាព​យុត្តិធម៌ ហើយ​លទ្ធផល​អាច​ទទួល​យក​បាន ក្រសួង​ក៏​ចង់​ធានា​យ៉ាង​ណា​ឲ្យរាល់​ច្បាប់ បទប្បញ្ញត្តិ​ផ្សេងៗ​ត្រូវ​អនុវត្តន៍ឲ្យ​បាន​ទាំងស្រុង អញ្ចឹង​បាន​ជា​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ជា​មួយ​អ្នក​សង្កេត​ការ​ផ្សេងៗ​ទៀត ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​របស់​ក្រសួង​ក្នុង​ការ​ធានា​ឲ្យ​​បាន​នៅ​ការ​ប្រឡង​មួយ ដែល​ឈរ​ទៅលើ​មូលដ្ឋាន​នៃ​ចំណេះដឹង គឺ​គោលដៅ​ចង់​ឲ្យ​ការ​ប្រឡង​មាន​តម្លាភាព ហើយ​ចង់​ឲ្យ​​សិស្ស​ខំ​ប្រឹង​រៀន​ដើម្បី​ឲ្យ​គាត់​ទទួល​បាន​ជំនាញ ចំណេះដឹង ជំនាញ​ពិត​ប្រាកដ ហើយ​អាច​ប្រណាំង​ប្រជែង​សម្រាប់​ទីផ្សារ​ការងារ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ពី​ក្រៅ​ប្រទេស យើង​ឃើញ​ហើយ​ថា​អ្នក​វិនិយោគ​ជប៉ុន​មក​កម្ពុជា ក៏​ដូច​អ្នក​វិនិយោគ​បរទេស​ដទៃ​ទៀត​មក​កម្ពុជា​ច្រើន​ណាស់ សម្រាប់​អ្នក​វិនិយោគ​ជប៉ុន​ក្នុង​ឆ្នាំ ២០១០ មានតែ ២០លានដុល្លា ឆ្នាំ ២០១៣ មានដល់ ៥០០លានដុល្លា​​។
​អ្នក​សម្ភាសន៍៖
​ឯកឧត្ដម​សូម​កាត់​បន្តិច ទាក់ទង​នឹង​ការ​ប្រឡង​បុគ្គលិក​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មាន​ចូល​ត្រួត​ពិនិត្យ​ដល់​ក្នុង​បន្ទប់​ទេ ព្រោះ​ថា​កន្លង​មក​តាម​ព័ត៌មាន​ថា​មាន​បាតុភាព​កើត​ចេញ​ពី​ក្នុង​បន្ទប់​ដូច​ជា​ការ​ប្រមូល​លុយ​របស់​ក្មេង​ឲ្យ​​ទៅ​គ្រូ​បន្ទប់​ថ្នាក់​ ឬក៏​គ្រូ​ដែល​នៅ​ក្រៅ​បន្ទប់​ជា​ដើម។
ឯកឧត្ដម​​ រដ្ឋមន្ត្រី​៖
ជូន​វេទិកា​ជូន​ឯកឧត្ដមឃាង ​សេង ដែល​ជា​អនុ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ សូម​ឲ្យឯកឧត្ដម​បញ្ជាក់​បន្ថែម។
ឯកឧត្ដម ​ឃាង សេង ៖
បាទ! សូម​ឆ្លើយ​នឹង​សំណួរ​​ដែល​លោក​បាន​លើក​ឡើង​នេះ គឺ​បុគ្គលិក​អង្គ​ភាព​ប្រឆាំង​អំពើ​ពុករលួយ​ចូល​ដល់​ក្នុង​បរិវេណ​មណ្ឌល​ប្រឡង​ទាំង​មូល ហើយ​យើង​មើល​ជុំវិញ​មណ្ឌល​ប្រឡង ក៏​ដូច​ជា​ក្នុង​បន្ទប់​ប្រឡង។
​អ្នក​សម្ភាសន៍៖
តើ​ក្នុង​មួយ​មណ្ឌល​មាន​ប៉ុន្មាន​នាក់ ?
ឯកឧត្ដម ​ឃាង សេង ៖
យើង​ចែក​ជា​ ១៥៤មណ្ឌល មន្ត្រី​អង្គភាព​ពិត​ប្រាកដ​មាន ១នាក់​ក្នុង​មួយ​មណ្ឌល ហើយ​នៅ​ក្នុង​នោះ​អ្នក​ដែល​ទទួល​បន្ទុក​ដែល​ហៅថា​អ្នក​សង្កេតការណ៍ ក្នុង​មណ្ឌល​​មាន ២ ឬ​ ៣នាក់​ ជា​មន្ត្រី​ស្ម័គ្រ​ចិត្ត ហើយ​អាច​​ថត​ជារូប​ភាព ឬ​​ជា​វីដេអូ ព្រម​ទាំង​ធ្វើ​ការ​កត់ត្រា​លេខតុ លេខ​បន្ទប់ ហើយ​និង​ឈ្មោះ​សិស្ស ​បន្ទាប់​មក​យើង​ចាត់​នីតិវិធី​តាម​ផ្លូវ​ច្បាប់ ។
​អ្នក​សម្ភាសន៍៖
ឯកឧត្ដម ​តើ​សង្ឃឹម​ថា​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នឹង​អាច​ការពារ​នៅ​ករណី​អំពើ​ពុក​រលួយ​ក្នុង​ពេល​ប្រឡង​បាន​ដែរ​​ទេ?
ឯកឧត្ដម​​ រដ្ឋមន្ត្រី​៖
យើង​ឃើញ​ថា​ យើង​បាន​គិត​នូវ​វិធានការ​យ៉ាង​លម្អិត​គឺថា ទី​មួយ គឺ​មាន​អ្នក​សង្កេត​ការ​ណ៍​ដែល​ជា​មន្ត្រី​អង្គភាព​ផ្ទាល់ ឬ​ជា​មន្ត្រី​របស់​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​ក្ដី ឬ​ជា​បុគ្គល​ក្ដី ហើយ​បន្ទាប់​មក​ទៀត​ប្រសិន​បើ​មាន​ករណី​ជាក់​ស្ដែង អញ្ចឹង​យើង​អនុញ្ញាត​ឲ្យ​សិស្ស​​​ប្ដឹង​មក​ក្រសួង​ ហើយ​ទន្ទឹម​នឹង​នេះ​យើង​ត្រួតពិនិត្យ​សន្លឹក​កិច្ច​ការ​របស់​សិស្ស​តែ​ម្ដង អញ្ចឹង​ក្នុង​ករណី​មាន​ការ​ចម្លង មាន​ករណី​អនុរក្ស​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​ចម្លង ​យើង​នឹង​យក​សន្លឹក​កិច្ចការ​នោះ​មក​ពិនិត្យ ថា​តើ​សន្លឹក​កិច្ចការ​ដូច​គ្នា​ ឬ​អត់ បើ​ចម្លង​​ពី​សំណៅ​ឯកសារ​ផ្សេងៗ វា​មាន​លក្ខណៈ​ដូចៗ​គ្នា ប៉ុន្តែ​បើ​ធ្វើ​ខ្លួនឯង​វា​អាច​សិស្ស​អង្គុយ​ជាប់​គ្នា វា​អាច​ខុស​ៗ​គ្នា វា​មិន​អាច​សរសេរ​ដូច​គ្នា​បាន​ទេ​ មនុស្ស​ពីរ​នាក់ ដូច្នេះហើយ យើង​បាន​បង្កើត​គណៈ​កម្មការ​កោសល្យវិច័យ​មួយ​ទៀត ដើម្បី​ពិនិត្យ​មើល បើ​គណៈកម្មការ​វា​យតម្លៃ​ថា មាន​ការ​ចម្លង ហើយ​ក៏​មាន​ភស្តុតាង​ការ​បង្ហោះ​ឯកសារ​តាម facebook ឬ​ក៏​តាម​ប្រព័ន្ធ​ព័ត៌មាន​សង្គម​អ្វី​ផ្សេងទៀតនោះ ក្រសួង​នឹង​ពិនិត្យ​មើល​ទៅ​តាម​មណ្ឌល​ និង​​បន្ទប់​ជាក់ស្ដែង ។ ​​ប្រសិន​បើ​មាន​ករណី​នោះ​កើត​ឡើយ ហើយ​​អនុរក្ស​មិន​​រាយការណ៍ ក៏​យើង​អាច​​រក​ឃើញ​ភស្តុតាងពី​ភាព​មិន​ប្រក្រតី​កើត​ឡើងដែរ។ ក្នុង​ករណី​​អនុរក្ស​ មិន​រាយការណ៍ យើង​និង​កាត់​វិធាន​ការ ក្រសួង​មាន​វិធាន​ការដាក់​វិន័យ​​កម្រិត​ទី​១និង កម្រិត​ទី២ ។ វិន័យ​កម្រិត​ទី១ ​មាន​ន័យ​ថា អនុរក្ស​អនុញ្ញាត​ឲ្យ​បេក្ខជនចម្លង​ ​អត់​មាន​ចាត់​វិធាន​ការ​អ្វី​ទាំង​អស់ វិន័យ​កម្រិត​ទី២ នៅ​ពេល​ដែល​មាន​ការ​ប្រមូល​លុយ​ពី​សិស្ស​ អញ្ចឹង​វិន័យ​ទី២ ​មាន​ការ​ដេញ​ចេញ​ពី​ក្រប​ខណ្ឌ​គ្រូ​បង្រៀន និង​មិន​ទាន់​គិត​ដល់​បទល្មើស​អាច​នឹង​ត្រូវ​បាន​ស៊ើប​អង្កេត​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​ស្ដី​ពី​អំពើ​ពុក​រលួយ។​
អ្នក​សម្ភាសន៍៖
ឯកឧត្ដម​អាច​ធានា​បាន​ ១០០% ​ទេ​ថា​ការ​ប្រឡង​បាក់​ឌុប​ទូទាំង​ប្រទេស​នឹង​មិន​មាន​ភាព​មិន​ប្រក្រតី?
ឯកឧត្ដម​​ រដ្ឋមន្ត្រី​៖
ជា​ការ​ពិត​ ​ដូច​ដែល​ក្រសួង​បាន​ដាក់​ចេញ​ហើយ​ ​​វិធានការ​របស់​ក្រសួង​​​នៅ​ក្នុង​ការ​ពង្រឹង​គុណភាព​អប់រំ​ មាន​៨ អាទិភាព​ អញ្ចឹង​​ការ​ប្រឡង​ជា​អាទិភាព​មួយ​ក្នុង​ក្នុង​ចំណោម​​អាទិភាព​ទាំង​៨​។
​អ្នក​សម្ភាសន៍៖
អាទិភាព​ហ្នឹង​ តើ​ឯកឧត្ដម​​អាច​ធ្វើ​អ្វី​ខ្លះ​​ជា​កិច្ចការ​បន្ទាន់​បាទ​​?
ឯកឧត្ដម​​ រដ្ឋមន្ត្រី​៖
​ចំណុចទី​១ សម្ដេច​នាយករដ្ឋមន្ត្រី​​បាន​សម្រេច​ដំឡើង​ប្រាក់​បៀវត្ស​ជូន​ដល់​​គ្រូ​បង្រៀន​ហើយ ក្នុង​ឆ្នាំ​២០១៣ ​ប្រាក់​​បៀវត្ស​​អប្បបរមា​ ៣០​ ម៉ឺន​រៀល​ ហើយ ឆ្នាំ​​២០១៤ ឡើង​ដល់​ ៤០ ម៉ឺន​រៀល​ ហើយ​​នៅ​ចុង​ឆ្នាំ​២០១៤ ឬ​ដើម​ឆ្នាំ​២០១៥ រដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​​ដំឡើង​​ថែម​​​​​​ទៀត អញ្ចឹង​ហ្នឹង​ជា​វិធាន​ការ​ទី​១ ចំណែក​វិធាន​ការ​ទី​ ២​ គឺ​ការ​ពង្រឹង​​​កំណែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​​​ក្នុង​វិស័យ​អប់រំ​។ អញ្ចឹង​គឺ​ថា​ កំណែ​ទម្រង់​ក្នុង​វិស័យ​អប់រំ​នេះ​ យើង​បាន​​ដាក់​ចេញ​ហើយ​នូវ​​វិធាន​ការ​ពង្រឹង​ ហើយ​តាម​របាយការណ៍​​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ​គោរព​ផ្ញើ​ជូន​​ សម្ដេចអគ្គមហាសេនាបតីតេជោ​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្ដេច ហ៊ុន សែន​ បាន​បង្ហាញ​ថា​ ក្រសួង​អប់រំ យុវជន និង​កីឡា ជា​ក្រសួង​ឈាន​មុខ​គេ​នៅ​ក្នុង​ការ​​អនុវត្ត​កម្មវិធី​កំណែ​ទម្រង់​​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ​​ ហើយ​កន្លង​ទៅ​​​រាជរដ្ឋាភិបាល​បាន​​អនុញ្ញាត​ឱ្យ​គ្រូ​​ទទួល​​ប្រាក់​បៀវត្ស​​នៅ​តាម​ប្រព័ន្ធ​ធនាគារ​ មាន​ន័យ​ថា​ លោក​គ្រូ​អ្នក​គ្រូ​ មាន​គណនី​​​របស់​គាត់​ផ្ទាល់​​នៅ​ធនាគារហើយ​ក្រសួង​​ក៏​បាន​ឯកភាព​​ជា​មួយ​ក្រសួងសេដ្ឋកិច្ច និង​​ហិរញ្ញវត្ថុ ​​​ដែរ​ថា ទៅ​ថ្ងៃ​អនាគត​យើង​នឹង​ផ្ទេរ​​ថវិកា​ ដំណើរការ​​សាលា​រៀន​នីមួយ​ៗ ​​តាម​​ប្រព័ន្ធ​ធនាគារ​ទៀត​ដើម្បី​​ធានា​ឱ្យ​បាន​ថា​​ថវិកា​ហ្នឹង​ដល់​សាលា​​ទាំង​ស្រុង​ នេះ​ចំណុច​ទី​២។ ចំណុច​ទី​៣ គឺ​កំណែ​ទម្រង់​​ឧត្ដម​សិក្សា​​​ យើង​ដឹង​ហើយ​ថា​ ​វិធានការ​ពង្រឹង​នូវ​គុណភាព​។ វិធាន​ការ​ទី​៤ ​គឺ​ការ​ពង្រឹង​កំណែ​ទម្រង់​​​ការ​ប្រឡង​​​ នេះ​ជា​កម្រិត​វិធានការ​ ​ផ្ដល់​ឱ្យ​យុវជន​នូវ​​​ជំនាញ ។ មាន​ន័យ​ថា​ក្រសួង​នឹង​បញ្ចូល​​ការ​បណ្ដុះបណ្ដាល​ខាង​ផ្នែក​បច្ចេកទេស​​ និង​វិជ្ជាជីវៈ​ខ្លះ​​ទៅ​ក្នុង​គ្រឹះស្ថាន​​សិក្សា​តែ​ម្ដង​ ​ឱ្យ​មាន​កំណែ​ទម្រង់​នៃ​ការ​គ្រប់គ្រង​សាលា​ ការ​បង្កើត​គ្រឹះស្ថាន​សិក្សា​សម្រាប់​មនុស្ស​ជំនាន់​ថ្មី​ មាន​ន័យ​ថា​ ពង្រឹង​ការ​គ្រប់គ្រង​សាលា​​តាម​រយៈ​ការ​បង្កើត​ឱ្យ​មាន​នូវ​ក្រុមប្រឹក្សាភិបាល​ ហើយ​បង្កើត​នូវ​មូលនិធិ​សមធម៌​វិស័យ​អប់រំ​ ​ កន្លង​មក​នេះ​ ​មាន​សប្បុរស​ជន​​​ផ្ដល់​​​ថវិកា​ច្រើន​ណាស់​សម្រាប់​សាងសង់​អគារ ឥឡូវ​នេះ​ យើង​ចង់​ផ្ដោត​លើ​ការ​គាំទ្រ​ជីវភាព​​ដល់​គ្រូ​បង្រៀន​ផង​ អញ្ចឹង​ទិស​ដៅ​របស់​មូលនិធិ​​សមធម៌​អប់រំ​នេះ​​ គឺ​ចង់​​ជួយ​កែ​លម្អ​​កម្រិត​ជីវភាព​របស់​លោក​គ្រូ​អ្នក​គ្រូ ហើយ​បន្ទាប់​មក​ទៀត​ យើង​នឹង​ពង្រឹង​គុណភាព​របស់​គ្រូ​​ ដាក់​ចេញ​នូវ​គោល​វិធី​​​បង្កើន​​គុណភាព​របស់​គ្រូ​ ​បណ្ដុះបណ្ដាល​ ធ្វើ​វិក្រឹតការ​គ្រូ​ជា​ដើម​ ​​ហើយ​យើង​នឹង​រៀប​ចំ​គម្រោង​នេះ​​នៅ​ក្នុង​​​ខេត្ត​កំពង់​ចាម​ នៅ​ថ្ងៃ​ទី​២៥ – ២៦ ខែ​សីហា​ នេះ​។
អ្នក​សម្ភាសន៍៖
តើ​មូលនិធិ​ជួយ​គ្រូ​នេះ​ យើង​ជួយ​យ៉ាង​ដូច​ម្ដេច?​
ឯកឧត្ដម​​ រដ្ឋមន្ត្រី​៖
មានន័យ​ថា​ នៅ​តាម​សាលា​​នីមួយ​ៗ​នេះ ​​​មាតាបិតា​​​ សប្បុរស​ជន​ ​អាច​ចូល​រួម​ចំណែក​​​​ក្នុង​មូលនិធិ​ហ្នឹង​​ដើម្បី​ឲ្យ​គ្រូ​បង្រៀន​គាត់​ខិត​ខំ​ប្រឹងប្រែង​ អញ្ចឹង​​​មាតាបិតា​សិស្ស​​អាច​ធានា​បាន​​​ថា​ មិន​ចាំបាច់​ឱ្យ​កូន​ទៅ​រៀន​​គួរ​បន្ថែម​ទេ​ គឺ​រៀន​នៅ​ក្នុង​សាលា​តែ​ម្ដង​​ ជាជាង​ឱ្យ​ចំណាយ​លុយ​ទៅ​រៀន​​គួរ​បន្ថែម​ អញ្ចឹង​យើង​ជួយ​តាម​រូប​ភាព​ហ្នឹង​ ។ ដូច​គ្នា​នេះ​ដែរ​​​ ពេលខ្លះ​ យើង​​​ដក​កូន​ទៅ​រៀន​​​​​នៅ​សាលា​ឯកជន​ ​ក៏​យើង​មិន​ដឹង​ថា​គុណភាព​ហ្នឹង​យ៉ាង​ដូចម្ដេច​​​ទេ​ តែ​​ប្រសិន​បើ​យើង​យក​ថវិកា​ហ្នឹង​​មក​ជួយ​ពង្រឹង​គ្រូ​ទៅ​ ​យើង​អាច​បាន​លទ្ធផល​ប្រសើរ​ជាង​។
អ្នក​សម្ភាសន៍៖
តើ​យើង​បង្កើត​ប្រអប់​នៅ​តាម​សាលា​រៀន​ ឬ​យ៉ាង​ដូចម្ដេច​​បាទ?​
ឯកឧត្ដម​​ រដ្ឋមន្ត្រី​៖
បាទ​ នៅ​តាម​សាលារៀន។
អ្នក​សម្ភាសន៍៖
តើ​យើង​គ្រោង​អនុវត្ត​​ចាប់​ពី​ពេល​ណា​ទៅ​?
ឯកឧត្ដម​​ រដ្ឋមន្ត្រី​៖
នៅ​សាលា​មួយ​ចំនួន​នៅ​តាម​សាលា​រៀន​ ដូច​នៅ​ខេត្ត​សៀមរាប​ជា​ដើម​ ​គេ​បាន​អនុវត្ត​ហើយ​ ដូច​ជា​សាលា​​វត្ត​បូព៌ អញ្ចឹង​ការ​គាំទ្រ​ហ្នឹង​មាន​ហើយ​ ប៉ុន្តែ​យើង​ចង់​ឲ្យ​​ចលនា​នេះ​មាន​​លក្ខណៈ​ជា​ទូទៅ​​ដើម្បីឲ្យ​​គ្រូ​​មាន​ការ​ខិតខំ​​ប្រឹងប្រែង​តាម​រយៈ​ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម​​​​​ទៅ​លើ​ប្រាក់​បៀវត្ស​។
អ្នក​សម្ភាសន៍៖
បើ​សិន​ជា​មាន​បញ្ហា​​បែប​នេះ​កើត​ឡើង​ តើ​ក្រសួង​នឹង​មាន​វិធានការ​បែបណា?
ឯកឧត្ដម​​ រដ្ឋមន្ត្រី​៖
នៅ​ក្នុង​រយៈ​ពេល​២សប្ដាហ៍​កន្លង​មក​នេះ​ ​នៅ​មាន​ការ​បង្ហោះ​តាម​បណ្ដាញ​​ Facebook នៅ​មាន​ការ​ក្លែង​បន្លំ​​ថា​វិញ្ញាសា​បែក​ធ្លាយ​ ទី​១​ វិញ្ញាសា​គណិតវិទ្យា​ ទី​២​វិញ្ញាសា​ប្រវត្តិ​វិទ្យា​ ហើយ​ការ​បែក​ធ្លាយ​នេះ​គឺ​មុន​ក្រសួង​ចេញ​វិញ្ញាសា​ទៅ​ទៀត​​គេ​ប្រកាស​ហ្នឹង​ ​អញ្ចឹង​ខ្ញុំ​ក៏​យក​ឯកសារ​ហ្នឹង​មក​ពិនិត្យ​មើល​ ហើយ​ឃើញ​ថា អ្នក​ដែល​ថា​វិញ្ញាសា​បែក​ធ្លាយ​ហ្នឹង​​ជា​បុគ្គល​ឯកជន​ ​គាត់​បង្រៀន​​កួរ​ឯកជន​ គាត់​ចង់​ទាក់ទាញ​សិស្ស​មក​រៀន​កួរ​​ជាមួយ​គាត់​​ ហើយ​គាត់​ចេះ​តែ​​​សន្យា​ថា​ មាន​វិញ្ញាសា​បែក​ធ្លាយ​អី​អញ្ចឹង​ ។ តែ​វា​មិន​អាច​ទៅ​រួច​ទេ​ ប្រសិន​ជា​មាន​ការ​បាត់ Seal ​ត្រូវ​ធ្វើ​កំណត់​ហេតុ​ភ្លាម​ ហើយ​គណៈកម្មការ​មេ​ប្រយោគ​នឹង​​ត្រូវ​​ប្រជុំ​គ្នា​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​​ឯកភាព​ ​ពិនិត្យ​មើល​​​ វិនិច្ឆ័យ​មើល​​​​​ ប្រសិន​​បើ​បាត់​​ Seal មែន​ ។ តែ​មិន​អាច​ទេ​ ទី​១ មាន​​បន្ទប់​១ជាន់​ហើយ​ ទី​២​ ហិប​មាន​ Seal ១​ជាន់​ទៀត​ ទី​៣​ សន្លឹក​វិញ្ញាសា​​​ច្រក​ក្នុង​ស្រោម​សំបុត្រ បិទ​ស្កុត និង​បោះត្រា​របស់​ក្រសួង​មួយ​ជាន់​ទៀត ។ អញ្ចឹង​​មក​ដល់​ពេល​នេះ​មិន​មាន​បែក​ធ្លាយ​វិញ្ញាសា​​​ទេ​ មាន​តែ​ពាក្យ​​ចចាមអារ៉ាម​ និង​ការ​​ក្លែង​បន្លំ​ប៉ុណ្ណោះ។ អញ្ចឹង​រហូត​មក​ទល់​ព្រឹក​មិញ​នេះ ប្រសិន​បើ​មាន​ពិត​មែន យប់​មិញ​នេះ​ ច្បាស់​ជា​ប្រធាន​គណៈ​មេប្រយោគ ​​គាត់​ទូរស័ព្ទ​​មក​ខ្ញុំ​ហើយ ។ក្រសួង​មាន​ក្រុម​ការងារ​មួយ​តាមដាន​ប្រព័ន្ធ Facebook ​បើ​មានមែន​ ក្រសួង​ក៏​ស្រាវជ្រាវ​រក​​វិញ្ញាសា​ដែល​បែក​ធ្លាយ​ឲ្យ​ឃើញ ​​ហើយ​ចាត់​វិធាន​ការ​ដាក់​​ទោស​តាម​នីតិវិធី​ច្បាប់​ អញ្ចឹង​យើង​ប្រាប់​បេក្ខជន​មិន​អាច​ចម្លង​បានទេ ​បើ​ទោះបី​ជា​មាន​អញ្ចឹង​មែន ឧទាហរណ៍ មិន​អាច​ចម្លង​បាន​ទេ ​បើ​នៅ​តែ​ចម្លង​ គឺ​ធ្លាក់​ហើយ អញ្ចឹង​យើង​មាន​វិធាន​ការ​លម្អិត។ យក​ល្អ​បេក្ខជន​គេ​សរសេរ​បាន​ប៉ុណ្ណា​យក​ប៉ុណ្ណឹងទៅ
ឆ្នាំ​នេះ​ ជា​វិញ្ញាសា​សាកល្បង​មួយ​​សម្រាប់​ក្រសួង​អប់រំ យុវជន និង​កីឡា គឺ​ប្រឡង​ធ្វើ​ម៉េច​ឲ្យ​ការ​រៀប​ចំ​ការ​ប្រឡង​ប្រព្រឹត្ត​ទៅ​​បាន​ល្អ។
ជា​គោលដៅ​ក្នុង​ការ​អប់រំ គឺ​យើង​ចង់​ឲ្យ​សិស្ស​នឹង​ចេះ​ ក្នុង​ការ​អប់រំ​ចង់​ឲ្យ​សិស្ស​ចេះ​ដឹង​ទូលំទូលាយ​អាច​ប្រើប្រាស់​ចំណេះដឹង​នេះ​ដើម្បី​ទទួល​បាន​ជំនាញ​មួយ​ពិត​ប្រាកដ ​រក​ការងារ​ធ្វើ​បាន ហើយ​អាច​ប្រណាំង​ប្រជែង​ជា​មួយ​យុវជន យុវនារី​ដទៃ​ទៀត នៅ​ក្នុង​តំបន់ ក៏​ដូច​ជា​ក្នុង​ឆាក​អន្តរជាតិ អញ្ចឹង​នេះ​ជា​គោលដៅ​ចម្បង យើង​ចង់​ឲ្យ​សិស្ស​ធ្វើ​ម៉េច រៀន​ឲ្យ​បាន​ច្រើន ហើយ​យើង​ចង់​ឲ្យ​ប្រទេស​កម្ពុជា​មាន​ការ​អភិវឌ្ឍ យើង​ថា​ឥឡូវ​នេះ​ដើម្បី​ទាក់ទាញ​វិនិយោគ​យើង​ត្រូវ​ការ​មនុស្ស​មាន​ជំនាញ អញ្ចឹង​យើង​មិន​មាន​ពលករ​មាន​ជំនាញ​ទេ យើង​មិន​អាច​អភិវឌ្ឍ​​ប្រទេស​បានទេ យើង​ក៏​មិន​អាច​ទាក់​ទាញ​អ្នក​វិនិយោគ​បាន​ដែរ អញ្ចឹង​យើង​ក៏​មិន​​អាច​មាន​លទ្ធផល​ដំឡើង​ប្រាក់​បៀវត្ស​ដល់​មន្ត្រីរាជការ គ្រូបង្រៀន​បាន​ដែរ ។ ​ដើម្បី​ឆ្លើយ​តប គឺ​ត្រូវ​តែ​រៀបចំ​ការ​ប្រឡង​ឲ្យ​មាន​តម្លាភាព​ដើម្បី​ឲ្យ​មាន​ជំនាញ​ច្បាស់លាស់​បង្កើត​ការងារ​ឲ្យ​យុវជន​យើង អញ្ចឹង​មិនមែន​យក​តែ​សញ្ញាបត្រ។
អ្នក​សម្ភាសន៍៖
តើ​ក្រសួង​មាន​បញ្ចូល​កម្មវិធី​អាន​សៀវភៅ​ជា​ប្រចាំ​ទេ ឯកឧត្ដម?
ឯកឧត្ដម​​ រដ្ឋមន្ត្រី​៖
ក្រសួង​បាន​ធ្វើ​ការ​វាយ​តម្លៃ​ពី​ស្តង់ដារ​អំណាន អញ្ចឹង​យើង​ឃើញ​ថា ដើម្បី​ពង្រឹង​ស្តង់​ដារ​អំណាន ក្រសួង​កំពុង​រៀបចំ​ដាក់​ឲ្យ​អនុវត្តន៍​ស្តង់ដារ​​អំណាន​ពី​ថ្នាក់ទី១ ទី២ ទី៣ ។ ស្តង់ដារ​អំណាន​ធានា​ឲ្យ​​សិស្ស​ចេះ​អាន​តែ​ម្ដង​។

No comments:

Post a Comment