«បេក្ខជន ដែលខិតខំឆ្លើយសំណួរដោយការគិតពិចារណាពីក្នុងខ្លួននោះ នឹងទទួលបានលទ្ធផលល្អជាងការលួចចម្លង»។ នេះជាសារចុងក្រោយរបស់រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអេឡិចត្រូនិកwww.thmeythmey.com នៅរសៀលថ្ងៃអាទិត្យនេះ ប៉ុ់ន្មានម៉ោងមុនដល់ថ្ងៃប្រឡង។ នៅក្នុងបទសម្ភាសន៍ជាមួយ លោក លាង ដឺលុច និពន្ធនាយកសារព័ត៌មានថ្មីៗ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រុមគណៈកម្មការកំណែនឹងអាចស្គាល់ចំលើយដែលជាការចម្លង ហើយថាចំលើយចម្លងនឹងមិនទទួលលទ្ធផលល្អឡើយ។ គឺធ្លាក់។
លោក លាង ដឺលុច៖ លោករដ្ឋមន្ត្រី! ការប្រឡងសញ្ញាបត្រទុតិយភូមិ ឬបាក់ឌុប នឹងចាប់ផ្តើមនៅថ្ងៃចន្ទនេះហើយ។ តើលោកអាចបញ្ជាក់បានទេថា ការត្រៀមរៀបចំរបស់ក្រសួង រហូតមកដល់ថ្ងៃអាទិត្យដែលជាថ្ងៃបិតប្រកាសឈ្មោះបេក្ខជនប្រឡងនោះ មានបញ្ហាអ្វីខ្លះបានកើតឡើងដែរឬទេ? ឬក៏ថា អ្វីៗមានដំណើររលូន?
លោក ហង់ ជួន ណារ៉ុន៖ ខ្ញុំចង់ជំរាបថា រហូតមកដល់ថ្ងៃអាទិត្យនេះ យើងមិនបានលឺព័ត៌មានអំពីការលេចធ្លាយវិញ្ញាសាប្រឡងនោះទេ។ នេះគឺជាសញ្ញាល្អ ជាការចាប់ផ្តើមដ៏ល្អមួយនៅក្នុងវិធានការកំណែទម្រង់របស់យើង។ មាន២ករណី ដែលជាការបំភាន់ពីបុគ្គលមួយចំនួន ដែលបង្ហាញថា មានវិញ្ញាសាលេចធ្លាយ ហើយយើងបានតាមទាន់ពួកគាត់ហើយ។ យើងក៏បានតាមទាន់ បុគ្គលខ្លះទៀតដែលសន្យាជួយបេក្ខជន។ យើងបានជួបពួកគាត់ ហើយអោយពួកគាត់ចុះហត្ថលេខាសន្យាបញ្ឈប់សកម្មភាពនេះទៀត។ ជារួម រហូតមកដល់ថ្ងៃអាទិត្យនេះ យើងមិនមានព័ត៌មានអ្វីដែលជាបញ្ហាពីមណ្ឌលប្រឡងទាំង១៥៤មណ្ឌលនោះឡើយ។
លោក លាង ដឺលុច៖ គ្មានបញ្ហាធំដុំកើតឡើងឡើយ ហើយករណីមិនប្រក្រតីបន្តិចបន្តួច ក៏ក្រសួងចាប់បានទៀត។ តើបានន័យថា លោកបានបង្កើតប្រព័ន្ធការងារតឹងរ៉ឹងណាស់មែនដែរឬទេ?
លោក ហង់ ជួន ណារ៉ុន៖ ជាការពិត។ យើងមានក្រុមការងារតាមដានព័ត៌មានទូទៅ ព្រមទាំងនៅតាមបណ្តាញសង្គមទៀតផង។ ប្រសិនបើមានបញ្ហាមិនប្រក្រតីកើតឡើងត្រង់ណា យើងចាត់វិធានការភ្លាមតែម្តង។ ព្រោះយើងមិនចង់អោយបេក្ខជនបាក់ទឹកចិត្ត នៅពេលដែលពួកគេបានលឺពាក្យចចាមអារ៉ាមអំពីការលិចធ្លាយវិញ្ញាសា។
លោក លាង ដឺលុច៖ សម័យប្រឡងនឹងមកដល់ក្នុងពេលប៉ុន្មានម៉ោងទៀតនេះហើយ។ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងអប់រំ តើអ្វីជាសាររបស់លោកទៅកាន់បេក្ខជនទាំងជាង៩ម៉ឺននាក់ ព្រមទាំងឪពុកម្តាយរបស់ពួកគេផងនោះ?
លោក ហង់ ជួន ណារ៉ុន៖ ទីមួយ ខ្ញុំចង់ជំរាបថា អ្វីដែលក្រសួងអប់រំកំពុងធ្វើនៅក្នុងក្របខណ្ឌកំណែទម្រង់នេះ គឺយើងចង់ផ្លាស់ប្តូរឥរិយាបថសិស្សានុសិស្ស ពីការលួចចម្លង មកជាការគិតពិចារណា ប្រឹងប្រែងសរសេរចម្លើយដោយខ្លួនឯងនៅលើក្រដាសវិញ្ញាសា។ ដូច្នេះខ្ញុំសូមផ្ញើរសារទៅពួកគេ ដោយលើកទឹកចិត្តអោយពួកគេ ខិតខំ និងប្រឹងប្រែងពិចារណាសរសេរចម្លើយដោយខ្លួនឯង ទោះតិចក្តី ច្រើនក្តី នោះពួកគេនឹងទទួលបានលទ្ធផលល្អប្រសើរជាង ការលួចចម្លង។ យើងអាចមើលដឹង ចំពោះចម្លើយដែលជាការលួចចម្លង។ ចម្លើយដែលជាការលួចចម្លង នឹងធ្លាក់នៅក្នុងការប្រឡងនេះ។ ខ្ញុំចង់អោយបេក្ខជនប្រឡងជាប់ដោយកិត្តិយស។ ដូច្នេះ ខ្ញុំលើកទឹកចិត្តអោយពួកគេចំណាយពេលរំលឹកមេរៀន ប្រឹងប្រែងចងចាំដោយខ្លួនឯង ហើយប្រឹងប្រែងធ្វើចម្លើយដោយខ្លួនឯង។ ចំពោះឪពុកម្តាយរបស់ពួកគេ ខ្ញុំអាចយល់បានថា ពួកគាត់បារម្ភអំពីកូនប្រុសស្រីរបស់ពួកគាត់។ ប៉ុន្តែខ្ញុំក៏ដឹងថា ពួកគាត់ក៏មិនចង់អោយកូនៗរបស់ពួកគាត់ ជាប់មានតែសញ្ញាបត្រ ហើយគ្មានគុណភាពនោះដែរ។ ការលើកទឹកចិត្តអោយកូនរបស់ពួកគាត់ ខិតខំរៀនសូត្រ វាមិនត្រឹមតែជាការចូលរួមក្នុងកំណែទម្រង់វិស័យអប់រំរបស់កម្ពុជាទេ ប៉ុន្តែវាជាការចូលរួមជួយអោយការអប់រំរបស់កូនពួកគាត់មានគុណភាព។
លោក លាង ដឺលុច៖ ជាសំណួរចុងក្រោយ! តើលោករដ្ឋមន្ត្រីអាចបញ្ជាក់បានទេ ថាក្រសួងបានប្រើប្រាស់បុគ្គលិកអប់រំចំនួនប៉ុន្មាននាក់នៅក្នុងសម័យ ប្រឡងបាក់ឌុប ក្នុងដំណាក់កាលនៃការផ្តើមកំណែទម្រង់វិស័យអប់រំនេះ?
លោក ហង់ ជួន ណារ៉ុន៖ ក្នុងក្របខណ្ឌបុគ្គលិកអប់រំ យើងមានបានប្រើប្រាស់មន្ត្រីទាំងអស់ប្រមាណ ២៦០០០នាក់។ នេះយើងនៅមិនទាន់រាប់បញ្ចូលមន្ត្រីពីអង្គភាពប្រឆាំងអំពើពុករលួយជាង ២០០០នាក់ទៀតនៅឡើយផង៕
No comments:
Post a Comment