
ឯកឧត្ដម រដ្ឋមន្ត្រី៖
ក្រសួងបានរៀបចំនៅមណ្ឌលប្រឡងទាំងអស់ ១៥៤មណ្ឌល ហើយក៏មានគណៈកម្មការមេប្រយោគទូទាំងប្រទេសគណៈកម្មការអប្បមាទ ក៏ដូចជាគណៈកម្មការអនុរក្ស ហើយតួនាទីរបស់គណៈកម្មការមេប្រយោគ និងអប្បមាទ ក៏ដូចជាអនុរក្សនេះដើម្បីត្រួតពិនិត្យការប្រឡង ហើយយើងអប្បមាទហ្នឹង គាត់ពិនិត្យមើលពីលើប្រធានមណ្ឌលនេះទៀត ក៏ប៉ុន្តែឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡាបានសហការជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយ គឺដើម្បីធានាឲ្យបានថាការប្រឡងនេះ មានតម្លាភាព ភាពយុត្តិធម៌ ហើយលទ្ធផលអាចទទួលយកបាន ក្រសួងក៏ចង់ធានាយ៉ាងណាឲ្យរាល់ច្បាប់ បទប្បញ្ញត្តិផ្សេងៗត្រូវអនុវត្តន៍ឲ្យបានទាំងស្រុង អញ្ចឹងបានជាកិច្ចសហប្រតិបត្តិការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងជាមួយអ្នកសង្កេតការផ្សេងៗទៀត ដើម្បីបង្ហាញពីឆន្ទៈរបស់ក្រសួងក្នុងការធានាឲ្យបាននៅការប្រឡងមួយ ដែលឈរទៅលើមូលដ្ឋាននៃចំណេះដឹង គឺគោលដៅចង់ឲ្យការប្រឡងមានតម្លាភាព ហើយចង់ឲ្យសិស្សខំប្រឹងរៀនដើម្បីឲ្យគាត់ទទួលបានជំនាញ ចំណេះដឹង ជំនាញពិតប្រាកដ ហើយអាចប្រណាំងប្រជែងសម្រាប់ទីផ្សារការងារ ដើម្បីទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស យើងឃើញហើយថាអ្នកវិនិយោគជប៉ុនមកកម្ពុជា ក៏ដូចអ្នកវិនិយោគបរទេសដទៃទៀតមកកម្ពុជាច្រើនណាស់ សម្រាប់អ្នកវិនិយោគជប៉ុនក្នុងឆ្នាំ ២០១០ មានតែ ២០លានដុល្លា ឆ្នាំ ២០១៣ មានដល់ ៥០០លានដុល្លា។
អ្នកសម្ភាសន៍៖
ឯកឧត្ដមសូមកាត់បន្តិច ទាក់ទងនឹងការប្រឡងបុគ្គលិកអង្គភាពប្រឆាំងអំពើពុករលួយមានចូលត្រួតពិនិត្យដល់ក្នុងបន្ទប់ទេ ព្រោះថាកន្លងមកតាមព័ត៌មានថាមានបាតុភាពកើតចេញពីក្នុងបន្ទប់ដូចជាការប្រមូលលុយរបស់ក្មេងឲ្យទៅគ្រូបន្ទប់ថ្នាក់ ឬក៏គ្រូដែលនៅក្រៅបន្ទប់ជាដើម។
ឯកឧត្ដម រដ្ឋមន្ត្រី៖
ជូនវេទិកាជូនឯកឧត្ដមឃាង សេង ដែលជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សូមឲ្យឯកឧត្ដមបញ្ជាក់បន្ថែម។
ឯកឧត្ដម ឃាង សេង ៖
បាទ! សូមឆ្លើយនឹងសំណួរដែលលោកបានលើកឡើងនេះ គឺបុគ្គលិកអង្គភាពប្រឆាំងអំពើពុករលួយចូលដល់ក្នុងបរិវេណមណ្ឌលប្រឡងទាំងមូល ហើយយើងមើលជុំវិញមណ្ឌលប្រឡង ក៏ដូចជាក្នុងបន្ទប់ប្រឡង។
អ្នកសម្ភាសន៍៖
តើក្នុងមួយមណ្ឌលមានប៉ុន្មាននាក់ ?
ឯកឧត្ដម ឃាង សេង ៖
យើងចែកជា ១៥៤មណ្ឌល មន្ត្រីអង្គភាពពិតប្រាកដមាន ១នាក់ក្នុងមួយមណ្ឌល ហើយនៅក្នុងនោះអ្នកដែលទទួលបន្ទុកដែលហៅថាអ្នកសង្កេតការណ៍ ក្នុងមណ្ឌលមាន ២ ឬ ៣នាក់ ជាមន្ត្រីស្ម័គ្រចិត្ត ហើយអាចថតជារូបភាព ឬជាវីដេអូ ព្រមទាំងធ្វើការកត់ត្រាលេខតុ លេខបន្ទប់ ហើយនិងឈ្មោះសិស្ស បន្ទាប់មកយើងចាត់នីតិវិធីតាមផ្លូវច្បាប់ ។
អ្នកសម្ភាសន៍៖
ឯកឧត្ដម តើសង្ឃឹមថាអង្គភាពប្រឆាំងអំពើពុករលួយនឹងអាចការពារនៅករណីអំពើពុករលួយក្នុងពេលប្រឡងបានដែរទេ?
ឯកឧត្ដម រដ្ឋមន្ត្រី៖
យើងឃើញថា យើងបានគិតនូវវិធានការយ៉ាងលម្អិតគឺថា ទីមួយ គឺមានអ្នកសង្កេតការណ៍ដែលជាមន្ត្រីអង្គភាពផ្ទាល់ ឬជាមន្ត្រីរបស់អង្គការក្រៅរាជរដ្ឋាភិបាលក្ដី ឬជាបុគ្គលក្ដី ហើយបន្ទាប់មកទៀតប្រសិនបើមានករណីជាក់ស្ដែង អញ្ចឹងយើងអនុញ្ញាតឲ្យសិស្សប្ដឹងមកក្រសួង ហើយទន្ទឹមនឹងនេះយើងត្រួតពិនិត្យសន្លឹកកិច្ចការរបស់សិស្សតែម្ដង អញ្ចឹងក្នុងករណីមានការចម្លង មានករណីអនុរក្សផ្ដល់ឱកាសឲ្យសិស្សចម្លង យើងនឹងយកសន្លឹកកិច្ចការនោះមកពិនិត្យ ថាតើសន្លឹកកិច្ចការដូចគ្នា ឬអត់ បើចម្លងពីសំណៅឯកសារផ្សេងៗ វាមានលក្ខណៈដូចៗគ្នា ប៉ុន្តែបើធ្វើខ្លួនឯងវាអាចសិស្សអង្គុយជាប់គ្នា វាអាចខុសៗគ្នា វាមិនអាចសរសេរដូចគ្នាបានទេ មនុស្សពីរនាក់ ដូច្នេះហើយ យើងបានបង្កើតគណៈកម្មការកោសល្យវិច័យមួយទៀត ដើម្បីពិនិត្យមើល បើគណៈកម្មការវាយតម្លៃថា មានការចម្លង ហើយក៏មានភស្តុតាងការបង្ហោះឯកសារតាម facebook ឬក៏តាមប្រព័ន្ធព័ត៌មានសង្គមអ្វីផ្សេងទៀតនោះ ក្រសួងនឹងពិនិត្យមើលទៅតាមមណ្ឌល និងបន្ទប់ជាក់ស្ដែង ។ ប្រសិនបើមានករណីនោះកើតឡើយ ហើយអនុរក្សមិនរាយការណ៍ ក៏យើងអាចរកឃើញភស្តុតាងពីភាពមិនប្រក្រតីកើតឡើងដែរ។ ក្នុងករណីអនុរក្ស មិនរាយការណ៍ យើងនិងកាត់វិធានការ ក្រសួងមានវិធានការដាក់វិន័យកម្រិតទី១និង កម្រិតទី២ ។ វិន័យកម្រិតទី១ មានន័យថា អនុរក្សអនុញ្ញាតឲ្យបេក្ខជនចម្លង អត់មានចាត់វិធានការអ្វីទាំងអស់ វិន័យកម្រិតទី២ នៅពេលដែលមានការប្រមូលលុយពីសិស្ស អញ្ចឹងវិន័យទី២ មានការដេញចេញពីក្របខណ្ឌគ្រូបង្រៀន និងមិនទាន់គិតដល់បទល្មើសអាចនឹងត្រូវបានស៊ើបអង្កេតក្នុងក្របខណ្ឌច្បាប់ស្ដីពីអំពើពុករលួយ។
អ្នកសម្ភាសន៍៖
ឯកឧត្ដមអាចធានាបាន ១០០% ទេថាការប្រឡងបាក់ឌុបទូទាំងប្រទេសនឹងមិនមានភាពមិនប្រក្រតី?
ឯកឧត្ដម រដ្ឋមន្ត្រី៖
ជាការពិត ដូចដែលក្រសួងបានដាក់ចេញហើយ វិធានការរបស់ក្រសួងនៅក្នុងការពង្រឹងគុណភាពអប់រំ មាន៨ អាទិភាព អញ្ចឹងការប្រឡងជាអាទិភាពមួយក្នុងក្នុងចំណោមអាទិភាពទាំង៨។
អ្នកសម្ភាសន៍៖
អាទិភាពហ្នឹង តើឯកឧត្ដមអាចធ្វើអ្វីខ្លះជាកិច្ចការបន្ទាន់បាទ?
ឯកឧត្ដម រដ្ឋមន្ត្រី៖
ចំណុចទី១ សម្ដេចនាយករដ្ឋមន្ត្រីបានសម្រេចដំឡើងប្រាក់បៀវត្សជូនដល់គ្រូបង្រៀនហើយ ក្នុងឆ្នាំ២០១៣ ប្រាក់បៀវត្សអប្បបរមា ៣០ ម៉ឺនរៀល ហើយ ឆ្នាំ២០១៤ ឡើងដល់ ៤០ ម៉ឺនរៀល ហើយនៅចុងឆ្នាំ២០១៤ ឬដើមឆ្នាំ២០១៥ រដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការដំឡើងថែមទៀត អញ្ចឹងហ្នឹងជាវិធានការទី១ ចំណែកវិធានការទី ២ គឺការពង្រឹងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈក្នុងវិស័យអប់រំ។ អញ្ចឹងគឺថា កំណែទម្រង់ក្នុងវិស័យអប់រំនេះ យើងបានដាក់ចេញហើយនូវវិធានការពង្រឹង ហើយតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គោរពផ្ញើជូន សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ហ៊ុន សែន បានបង្ហាញថា ក្រសួងអប់រំ យុវជន និងកីឡា ជាក្រសួងឈានមុខគេនៅក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ ហើយកន្លងទៅរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យគ្រូទទួលប្រាក់បៀវត្សនៅតាមប្រព័ន្ធធនាគារ មានន័យថា លោកគ្រូអ្នកគ្រូ មានគណនីរបស់គាត់ផ្ទាល់នៅធនាគារហើយក្រសួងក៏បានឯកភាពជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែរថា ទៅថ្ងៃអនាគតយើងនឹងផ្ទេរថវិកា ដំណើរការសាលារៀននីមួយៗ តាមប្រព័ន្ធធនាគារទៀតដើម្បីធានាឱ្យបានថាថវិកាហ្នឹងដល់សាលាទាំងស្រុង នេះចំណុចទី២។ ចំណុចទី៣ គឺកំណែទម្រង់ឧត្ដមសិក្សា យើងដឹងហើយថា វិធានការពង្រឹងនូវគុណភាព។ វិធានការទី៤ គឺការពង្រឹងកំណែទម្រង់ការប្រឡង នេះជាកម្រិតវិធានការ ផ្ដល់ឱ្យយុវជននូវជំនាញ ។ មានន័យថាក្រសួងនឹងបញ្ចូលការបណ្ដុះបណ្ដាលខាងផ្នែកបច្ចេកទេស និងវិជ្ជាជីវៈខ្លះទៅក្នុងគ្រឹះស្ថានសិក្សាតែម្ដង ឱ្យមានកំណែទម្រង់នៃការគ្រប់គ្រងសាលា ការបង្កើតគ្រឹះស្ថានសិក្សាសម្រាប់មនុស្សជំនាន់ថ្មី មានន័យថា ពង្រឹងការគ្រប់គ្រងសាលាតាមរយៈការបង្កើតឱ្យមាននូវក្រុមប្រឹក្សាភិបាល ហើយបង្កើតនូវមូលនិធិសមធម៌វិស័យអប់រំ ។ កន្លងមកនេះ មានសប្បុរសជនផ្ដល់ថវិកាច្រើនណាស់សម្រាប់សាងសង់អគារ ឥឡូវនេះ យើងចង់ផ្ដោតលើការគាំទ្រជីវភាពដល់គ្រូបង្រៀនផង អញ្ចឹងទិសដៅរបស់មូលនិធិសមធម៌អប់រំនេះ គឺចង់ជួយកែលម្អកម្រិតជីវភាពរបស់លោកគ្រូអ្នកគ្រូ ហើយបន្ទាប់មកទៀត យើងនឹងពង្រឹងគុណភាពរបស់គ្រូ ដាក់ចេញនូវគោលវិធីបង្កើនគុណភាពរបស់គ្រូ បណ្ដុះបណ្ដាល ធ្វើវិក្រឹតការគ្រូជាដើម ហើយយើងនឹងរៀបចំគម្រោងនេះនៅក្នុងខេត្តកំពង់ចាម នៅថ្ងៃទី២៥ – ២៦ ខែសីហា នេះ។
អ្នកសម្ភាសន៍៖
តើមូលនិធិជួយគ្រូនេះ យើងជួយយ៉ាងដូចម្ដេច?
ឯកឧត្ដម រដ្ឋមន្ត្រី៖
មានន័យថា នៅតាមសាលានីមួយៗនេះ មាតាបិតា សប្បុរសជន អាចចូលរួមចំណែកក្នុងមូលនិធិហ្នឹងដើម្បីឲ្យគ្រូបង្រៀនគាត់ខិតខំប្រឹងប្រែង អញ្ចឹងមាតាបិតាសិស្សអាចធានាបានថា មិនចាំបាច់ឱ្យកូនទៅរៀនគួរបន្ថែមទេ គឺរៀននៅក្នុងសាលាតែម្ដង ជាជាងឱ្យចំណាយលុយទៅរៀនគួរបន្ថែម អញ្ចឹងយើងជួយតាមរូបភាពហ្នឹង ។ ដូចគ្នានេះដែរ ពេលខ្លះ យើងដកកូនទៅរៀននៅសាលាឯកជន ក៏យើងមិនដឹងថាគុណភាពហ្នឹងយ៉ាងដូចម្ដេចទេ តែប្រសិនបើយើងយកថវិកាហ្នឹងមកជួយពង្រឹងគ្រូទៅ យើងអាចបានលទ្ធផលប្រសើរជាង។
អ្នកសម្ភាសន៍៖
តើយើងបង្កើតប្រអប់នៅតាមសាលារៀន ឬយ៉ាងដូចម្ដេចបាទ?
ឯកឧត្ដម រដ្ឋមន្ត្រី៖
បាទ នៅតាមសាលារៀន។
អ្នកសម្ភាសន៍៖
តើយើងគ្រោងអនុវត្តចាប់ពីពេលណាទៅ?
ឯកឧត្ដម រដ្ឋមន្ត្រី៖
នៅសាលាមួយចំនួននៅតាមសាលារៀន ដូចនៅខេត្តសៀមរាបជាដើម គេបានអនុវត្តហើយ ដូចជាសាលាវត្តបូព៌ អញ្ចឹងការគាំទ្រហ្នឹងមានហើយ ប៉ុន្តែយើងចង់ឲ្យចលនានេះមានលក្ខណៈជាទូទៅដើម្បីឲ្យគ្រូមានការខិតខំប្រឹងប្រែងតាមរយៈការផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមទៅលើប្រាក់បៀវត្ស។
អ្នកសម្ភាសន៍៖
បើសិនជាមានបញ្ហាបែបនេះកើតឡើង តើក្រសួងនឹងមានវិធានការបែបណា?
ឯកឧត្ដម រដ្ឋមន្ត្រី៖
នៅក្នុងរយៈពេល២សប្ដាហ៍កន្លងមកនេះ នៅមានការបង្ហោះតាមបណ្ដាញ Facebook នៅមានការក្លែងបន្លំថាវិញ្ញាសាបែកធ្លាយ ទី១ វិញ្ញាសាគណិតវិទ្យា ទី២វិញ្ញាសាប្រវត្តិវិទ្យា ហើយការបែកធ្លាយនេះគឺមុនក្រសួងចេញវិញ្ញាសាទៅទៀតគេប្រកាសហ្នឹង អញ្ចឹងខ្ញុំក៏យកឯកសារហ្នឹងមកពិនិត្យមើល ហើយឃើញថា អ្នកដែលថាវិញ្ញាសាបែកធ្លាយហ្នឹងជាបុគ្គលឯកជន គាត់បង្រៀនកួរឯកជន គាត់ចង់ទាក់ទាញសិស្សមករៀនកួរជាមួយគាត់ ហើយគាត់ចេះតែសន្យាថា មានវិញ្ញាសាបែកធ្លាយអីអញ្ចឹង ។ តែវាមិនអាចទៅរួចទេ ប្រសិនជាមានការបាត់ Seal ត្រូវធ្វើកំណត់ហេតុភ្លាម ហើយគណៈកម្មការមេប្រយោគនឹងត្រូវប្រជុំគ្នាជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ឯកភាព ពិនិត្យមើល វិនិច្ឆ័យមើល ប្រសិនបើបាត់ Seal មែន ។ តែមិនអាចទេ ទី១ មានបន្ទប់១ជាន់ហើយ ទី២ ហិបមាន Seal ១ជាន់ទៀត ទី៣ សន្លឹកវិញ្ញាសាច្រកក្នុងស្រោមសំបុត្រ បិទស្កុត និងបោះត្រារបស់ក្រសួងមួយជាន់ទៀត ។ អញ្ចឹងមកដល់ពេលនេះមិនមានបែកធ្លាយវិញ្ញាសាទេ មានតែពាក្យចចាមអារ៉ាម និងការក្លែងបន្លំប៉ុណ្ណោះ។ អញ្ចឹងរហូតមកទល់ព្រឹកមិញនេះ ប្រសិនបើមានពិតមែន យប់មិញនេះ ច្បាស់ជាប្រធានគណៈមេប្រយោគ គាត់ទូរស័ព្ទមកខ្ញុំហើយ ។ក្រសួងមានក្រុមការងារមួយតាមដានប្រព័ន្ធ Facebook បើមានមែន ក្រសួងក៏ស្រាវជ្រាវរកវិញ្ញាសាដែលបែកធ្លាយឲ្យឃើញ ហើយចាត់វិធានការដាក់ទោសតាមនីតិវិធីច្បាប់ អញ្ចឹងយើងប្រាប់បេក្ខជនមិនអាចចម្លងបានទេ បើទោះបីជាមានអញ្ចឹងមែន ឧទាហរណ៍ មិនអាចចម្លងបានទេ បើនៅតែចម្លង គឺធ្លាក់ហើយ អញ្ចឹងយើងមានវិធានការលម្អិត។ យកល្អបេក្ខជនគេសរសេរបានប៉ុណ្ណាយកប៉ុណ្ណឹងទៅ។
ឆ្នាំនេះ ជាវិញ្ញាសាសាកល្បងមួយសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា គឺប្រឡងធ្វើម៉េចឲ្យការរៀបចំការប្រឡងប្រព្រឹត្តទៅបានល្អ។
ជាគោលដៅក្នុងការអប់រំ គឺយើងចង់ឲ្យសិស្សនឹងចេះ ក្នុងការអប់រំចង់ឲ្យសិស្សចេះដឹងទូលំទូលាយអាចប្រើប្រាស់ចំណេះដឹងនេះដើម្បីទទួលបានជំនាញមួយពិតប្រាកដ រកការងារធ្វើបាន ហើយអាចប្រណាំងប្រជែងជាមួយយុវជន យុវនារីដទៃទៀត នៅក្នុងតំបន់ ក៏ដូចជាក្នុងឆាកអន្តរជាតិ អញ្ចឹងនេះជាគោលដៅចម្បង យើងចង់ឲ្យសិស្សធ្វើម៉េច រៀនឲ្យបានច្រើន ហើយយើងចង់ឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍ យើងថាឥឡូវនេះដើម្បីទាក់ទាញវិនិយោគយើងត្រូវការមនុស្សមានជំនាញ អញ្ចឹងយើងមិនមានពលករមានជំនាញទេ យើងមិនអាចអភិវឌ្ឍប្រទេសបានទេ យើងក៏មិនអាចទាក់ទាញអ្នកវិនិយោគបានដែរ អញ្ចឹងយើងក៏មិនអាចមានលទ្ធផលដំឡើងប្រាក់បៀវត្សដល់មន្ត្រីរាជការ គ្រូបង្រៀនបានដែរ ។ ដើម្បីឆ្លើយតប គឺត្រូវតែរៀបចំការប្រឡងឲ្យមានតម្លាភាពដើម្បីឲ្យមានជំនាញច្បាស់លាស់បង្កើតការងារឲ្យយុវជនយើង អញ្ចឹងមិនមែនយកតែសញ្ញាបត្រ។
អ្នកសម្ភាសន៍៖
តើក្រសួងមានបញ្ចូលកម្មវិធីអានសៀវភៅជាប្រចាំទេ ឯកឧត្ដម?
ឯកឧត្ដម រដ្ឋមន្ត្រី៖
ក្រសួងបានធ្វើការវាយតម្លៃពីស្តង់ដារអំណាន អញ្ចឹងយើងឃើញថា ដើម្បីពង្រឹងស្តង់ដារអំណាន ក្រសួងកំពុងរៀបចំដាក់ឲ្យអនុវត្តន៍ស្តង់ដារអំណានពីថ្នាក់ទី១ ទី២ ទី៣ ។ ស្តង់ដារអំណានធានាឲ្យសិស្សចេះអានតែម្ដង។