Sunday, 19 August 2012 16:53 ដោយ៖ឃួន វាយោ-Posted:ID068
ភ្នំពេញ៖ ក្រុមអ្នកស្រាវជ្រាវ ជាន់ខ្ពស់មួយក្រុម
បានអះអាងថាខ្លួន នឹងបង្ហាញរបាយការណ៍ លទ្ធផលអង្កេតលើ ការប្រឡងបាក់ឌុប នាសម័យប្រឡង
ឆ្នាំ២០១១-២០១២ ទៅក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១២
ស្ដីពីភាព មិនប្រក្រតីមួយចំនួន ក្នុងអំឡុងពេលប្រឡង ដើម្បីឲ្យក្រសួង បានដឹងនូវភាព
មិនប្រក្រតីទាំងនោះ។
ប្រធានក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់
លោក កែម ឡី បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃអាទិត្យទី១៩ ខែសីហា
ឆ្នាំ២០១២ ថា ក្រុមនិស្សិតមួយក្រុម មានគ្នាប្រមាណជា២០ ទៅ៣០នាក់
បានធ្វើការអង្កេតទៅលើ ភាពមិនប្រក្រតីក្នុងអំឡុងពេលប្រឡងបាក់ឌុប
ដោយបានធ្វើការសម្ភាសន៍ ជាមួយមាតាបិតាសិស្ស សាស្ត្រាចារ្យ និងព្រះសង្ឃ
ដែលបានចូលរួមប្រឡង រួមទាំងបេក្ខជនប្រឡងបាក់ឌុប ចំនួន១៥៤នាក់ផងដែរ។
ការអង្កេតនេះគ្រាន់តែចង់ដឹងថា តើបេក្ខជនប្រឡង បានចម្លងដែរឬទេ? មានប្រ៊ុយយុងប្រឡងដែរឬទេ? គាត់បានផ្តល់ថវិកា
សម្រាប់ប្រឡងដែរឬទេ? ដើម្បីយករបាយការណ៍
ស្ដីពីភាពមិនប្រក្រតី ក្នុងពេលប្រឡងនោះ ផ្ងើទៅក្រសួងអប់រំ សម្រាប់ជាព័ត៌មាន។
លោក បន្ថែមថា
របាយការណ៍លទ្ធផល អង្កេតលើការប្រឡងបាក់ឌុប បានឲ្យដឹងថា បេក្ខជនដែលបានចូលរួម
ប្រឡងបាក់ឌុបចំនួន ៦៦,៩ភាគរយ បានឆ្លើយថា
ខ្លួនបានបង់លុយឲ្យគ្រូ ដើម្បីបានចម្លង។ ប៉ុន្តែកូនសិស្ស ក៏បានឆ្លើយផងដែរថា ៩២,៣ភាគរយ នៃការផ្តល់លុយ គឺផ្ដើមចេញពីកូនសិស្សខ្លួនឯងផ្ទាល់។
បញ្ហានេះត្រូវ បានលោកបរិយាយថា ”ដូចជាប្រពៃណីទៅហើយថា
នៅពេលដែលប្រឡង យើងត្រូវតែអង្គាសលុយគ្នា ដើម្បីផ្តល់ឲ្យគ្រូ
ព្រោះសិស្សគាត់បារម្ភខ្លួនគាត់ ហើយថា មានតែ ៧,៧ភាគរយប៉ុណ្ណោះ
ដែលគាត់បានប្រាប់ យើងថា គ្រូជាអ្នកឲ្យអង្គាស” ។
លោកបន្ថែមទៀតថា កូនសិស្សប្រឡងបាក់ឌុប
បានចំណាយប្រាក់ជាមធ្យមចំនួន ១សែន២ម៉ឺន រៀលក្នុងម្នាក់ៗ ក្នុងរយៈពីរថ្ងៃកន្លះនោះ
ដើម្បីអាចបើកមើលវិញ្ញាសា ព្រាងប្រឡងបាន ហើយកូនសិស្ស ៤៦,៧ភាគរយ
ឆ្លើយថា ខ្លួនសប្បាយចិត្តនឹងធ្វើបែបនឹង។ តែយ៉ាងណាក៏ដោយ
ប្រធានក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់រូបនេះ បញ្ជាក់ថា
ប្រសិនបើគេវាយតម្លៃលើស្ថានភាពទូទៅ នៃការប្រឡងបាក់ឌុប នៅឆ្នាំ២០១២នេះ
មានលក្ខណៈល្អប្រសើរ ជាងរាល់ឆ្នាំ ព្រោះមានការរឹតបន្តឹង ជាងឆ្នាំមុនៗ។
ចំពោះរបាយការណ៍
ដែលគ្រោងដាក់ជូនក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែសីហា ស្អែកនេះ
គ្រាន់ជាការបង្ហាញពី ភាពមិនប្រក្រត្រីមួយចំនួនប៉ុណ្ណោះ ក្នុងអំឡុងពេលប្រឡង
ដើម្បីក្រសួង មានវិធានការ បន្ថែមទៀត នៅឆ្នាំក្រោយៗ។
ការប្រឡងបាក់ឌុបឆ្នាំ២០១២
មានបេក្ខជនចូលរួមប្រឡង ចំនួន ១១៤.១១៤នាក់ ដោយក្រសួងអប់រំ យុវជន និងកីឡា
បានបែងចែកមណ្ឌលប្រឡង នៅទូទាំងប្រទេស ចំនួន ២៥៤មណ្ឌល ដែលមានបន្ទប់ប្រឡងចំនួន ៤៦១២បន្ទប់
ហើយការប្រឡងនៅឆ្នាំនេះ ត្រូវបានគេមើលឃើញជាទូទៅថា មានភាពល្អប្រសើរជាងរាល់ឆ្នាំ
ដោយហេតុថា មានការរឹតបណ្ដឹងច្រើន ពីអាជ្ញាធរយាមកាម និងអនុរក្ស៕
http://www.dap-news.com/typography/the-news/47845-2012-08-19-09-59-27.html