Showing posts with label ការសិក្សាអប់រំ. Show all posts
Showing posts with label ការសិក្សាអប់រំ. Show all posts

Thursday, July 9, 2015

ជីវិត​គ្រូបង្រៀន​ម្នាក់

តម្លៃ​នៃ​គ្រូបង្រៀន​ម្នាក់ !
(ចុះ​ផ្សាយ​នៅ​ថ្ងៃ   09-07-2015,  2:14 pm) |  ដោយ : ថ្មីៗ            1844
 រូបភាព

លិខិត​មិត្តអ្នកអាន​
ដោយ ធុល វិសាល (ដកស្រង់​និង​កែសម្រួល​ពី​ជីវិត​គ្រូបង្រៀន​ម្នាក់)
អត្ថបទ​នេះ​គោរព​ផ្ញើជូន ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​លោកគ្រូ​អ្នកគ្រូ​ទាំងអស់​ទូទាំងប្រទេស


មាន​លោកគ្រូ គណិតវិទ្យា​ថ្នាក់​វិទ្យាល័យ​ម្នាក់ មានលទ្ធភាព​ត្រឹម​ជិះ​កង់​ទៅ​បង្រៀន​សិស្ស​ប៉ុណ្ណោះ ខណ:សិស្ស​គាត់​ភាគច្រើន​ជិះ​ម៉ូតូ​ទៅ​រៀន។ លោកគ្រូ​មាន​អត្តចរិត​ស្លូតបូត ស្រលាញ់​ការបង្រៀន និង​ចង់ឃើញ​កូនសិស្ស​គាត់​រៀនសូត្រ ចេះ​ចាំ​ណាស់។ លោកគ្រូ​មិន​បង្រៀន​គួរ​ទេ គាត់​ថា​ម៉ោង​បង្រៀន​នៅក្នុង​ថ្នាក់ ល្មម​គ្រប់គ្រាន់​អោយ​គាត់​បង្រៀន​សិស្ស​គាត់​អោយ​ចេះ​បាន។ ពេល​ម៉ោង​បង្រៀន​គាត់​យកចិត្តទុកដាក់​ណា​ស់ និង​ខិតខំ​ធ្វើយ៉ាងណា​អោយ​សិស្ស​ចេះ។ គាត់​មិនដែល​បន្ទោស ឬ​ស្តីអោយ​សិស្ស​ណា​ម្នាក់​ឡើយ។

តែ​ផ្ទុយទៅវិញ​សិស្ស​របស់គាត់ មិន​យកចិត្តទុកដាក់​នឹង​ការបង្រៀន​របស់គាត់​ទេ។ ថ្ងៃមួយ​គាត់​ដាក់​កិច្ចការ​ផ្ទះ អោយ​សិស្ស​របស់គាត់​ធ្វើ។ នៅពេល​ដល់​ថ្ងៃ​ប្រគល់​កិច្ចការ​ផ្ទះ មាន​សិស្ស​តែ​ពាក់កណ្តាល​ប៉ុណ្ណោះ​ដែល​បានធ្វើ។ សិស្ស​ផ្សេងទៀត​មិន​រវីរវល់​ធ្វើ​ឡើយ ព្រោះ​ដោយសារ​អត្ត​ច​រិ​ក​ស្លូតបូត និង​មិន​ហ៊ាន​ស្តីអោយ​សិស្ស​ខ្លួនឯង​របស់គាត់។
ថ្ងៃនេះ​គាត់​បាន​សំរេចចិត្ត ផ្តល់​មេរៀន​ជីវិត​ខ្លះ​ដល់​សិស្ស​របស់គាត់។ គាត់​បាន​ហៅ​សិស្ស​ដែល​មិន​បានធ្វើ​កិច្ចការ​ផ្ទះ​ទាំងអស់​ឈរ​តំរង់​ជួរមុខ​ក្តារខៀន។ បន្ទាប់មក​គាត់​អង្គុយ​ពីមុខ​សិស្ស​ទាំងនោះ គាត់​បាន​យកដៃ​ទះ​មុខ​ខ្លួនឯង​ពីរ​កំផ្លៀង ។ បន្ទាប់មកទៀត​គាត់​បញ្ជា​អោយ​សិស្ស​ដែល​ឈរ​នោះ ត្រូវ​ទះ​មុខ​គាត់​ម្នាក់​ថែម​មួយ​កំផ្លៀង​ទៀត។ កូនសិស្ស​ទាំងអស់​មាន​ការស្ទាក់ស្ទើរ​យ៉ាងខ្លាំង និង​ចង់ដឹង​ពី​មូល​ហេតុដែល​គ្រូ​ខ្លួន​ធ្វើបែបនេះ។ គាត់​បាន​បញ្ជា​ដាច់ខាត សិស្ស​ដែល​មិន​បានធ្វើ​កិច្ចការ​ផ្ទះ​ទាំងអស់​ត្រូវតែ​ទះ​មុខ​គាត់។

បន្ទាប់ពី​សិស្ស​ទាំងអស់​ទះកំផ្លៀង​លោកគ្រូ​ហើយ លោកគ្រូ​បាន​និយាយថា ចាប់ពី​ថ្ងៃនេះ​ទៅ នៅពេល​កូនសិស្ស​ណា​ម្នាក់​មិន​ធ្វើ​កិច្ចការ​ផ្ទះ «គឺជា​កំហុស​របស់​គ្រូ»។ ហេតុនេះ​គាត់​តម្រូវអោយ​សិស្ស ត្រូវ​ទះកំផ្លៀង​គាត់ ដើម្បី​ជាការ​សុំទោស​ដល់​អាណាព្យាបាល​សិស្ស សិស្ស និង​វិជ្ជាជីវៈ​ខ្លួនឯង។ ទឹកភ្នែក​សិស្ស​ក្នុង​ថ្នាក់​ក៏បាន​ហូរ​មក ហើយ​សិស្ស​ទាំងនោះ​ក៏បាន​លើកដៃ​សំពះសុំទោស​លោកគ្រូ​គ្រប់គ្នា។

ចាប់តាំងពី​ថ្ងៃ​នោះមក ឥរិយាបថ​សិស្ស​របស់គាត់​បាន​ផ្លាស់ប្តូរ ហើយ​សិស្ស​គាត់​មួយចំនួនធំ​មិន​ត្រឹមតែ​ក្លាយជា​សិស្ស​ពូកែ​ទូទាំង​សាលា​ថ្នាក់​ខេត្ត ថ្នាក់ជាតិ​ប៉ុណ្ណោះ​ទេ ពួកគេ​ក៏បាន​អាហារូបករណ៍​ទៅ​រៀន​បរទេស​ថែម​ទៀតផង៕

ដកស្រង់ការផ្សាយទាំងស្រុងពី សារព័ត៌មានថ្មីៗ

Monday, August 4, 2014

រដ្ឋមន្ត្រី​អប់រំ​ផ្ញើ​សារ​ អោយ​​បេក្ខជន​​ធ្វើ​​ចម្លើយ​ដោយ​​ខ្លួន​ឯង ​ជា​ជាង​​ការ​​លួច​​ចម្លង


«បេក្ខជន ​ដែល​ខិតខំ​ឆ្លើយ​សំណួរ​ដោយ​ការគិត​ពិចារណា​ពី​ក្នុង​ខ្លួន​នោះ នឹង​ទទួលបាន​លទ្ធផល​ល្អ​ជាង​ការលួចចម្លង»។ នេះ​ជា​សារ​ចុងក្រោយ​របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួន ណា​រ៉ុ​ន នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក​www.thmeythmey.com នៅ​រសៀល​ថ្ងៃអាទិត្យ​នេះ ប៉ុ់ន្មាន​ម៉ោង​មុន​ដល់​ថ្ងៃ​ប្រឡង។ នៅក្នុង​បទសម្ភាសន៍​​ជាមួយ លោក លាង ដឺ​លុច និពន្ធ​នាយក​សារព័ត៌មានថ្មីៗ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ក្រុម​គណៈកម្មការ​កំណែ​នឹង​អាច​ស្គាល់​ចំលើយ​ដែលជា​ការចម្លង ហើយ​ថា​ចំលើយ​ចម្លង​នឹងមិន​ទទួលលទ្ធផល​ល្អ​ឡើយ។ គឺ​ធ្លាក់។ 

លោក លាង ដឺ​លុច៖ លោក​រដ្ឋមន្ត្រី! ការប្រឡង​សញ្ញាបត្រ​ទុតិយភូមិ ឬ​បាក់​ឌុប នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​នេះហើយ។ តើ​លោក​អាច​បញ្ជាក់​បានទេ​ថា ការត្រៀម​រៀប​ចំ​របស់​ក្រសួង រហូត​មកដល់​ថ្ងៃអាទិត្យ​ដែលជា​ថ្ងៃ​បិត​ប្រកាស​ឈ្មោះ​បេក្ខជន​ប្រឡង​នោះ មាន​បញ្ហា​អ្វីខ្លះ​បាន​កើតឡើង​ដែរឬទេ? ឬក៏​ថា អ្វីៗមានដំណើរ​រលូន?
លោក ហង់ ជួន ណា​រ៉ុ​ន៖ ខ្ញុំ​ចង់​ជំរាប​ថា រហូតមកដល់​ថ្ងៃអាទិត្យ​នេះ យើង​មិន​បានលឺ​ព័ត៌មាន​អំពី​ការ​លេច​ធ្លាយ​វិញ្ញាសា​ប្រឡង​នោះទេ។ នេះ​គឺជា​សញ្ញា​ល្អ ជាការ​ចាប់ផ្តើម​ដ៏​ល្អ​មួយ​នៅក្នុង​វិធានការ​កំណែទម្រង់​រប​ស់​យើង។ មាន២ករណី ដែល​ជាការ​បំភាន់​ពី​បុគ្គល​មួយចំនួន ដែល​បង្ហាញថា មាន​វិញ្ញាសា​លេច​ធ្លាយ ហើយ​យើង​បាន​តាម​ទាន់​ពួកគាត់​ហើយ។ យើង​ក៏បាន​តាម​ទាន់ បុគ្គល​ខ្លះទៀត​ដែល​សន្យា​ជួយ​បេក្ខជន។ យើង​បាន​ជួប​ពួកគាត់ ហើយ​អោយ​ពួកគាត់​ចុះហត្ថលេខា​សន្យា​បញ្ឈប់​សកម្មភាព​នេះ​ទៀត។ ជារួម រហូតមកដល់​ថ្ងៃអាទិត្យ​នេះ យើង​មិនមាន​ព័ត៌មាន​អ្វី​ដែលជា​បញ្ហា​ពី​មណ្ឌល​ប្រឡង​ទាំង១៥៤មណ្ឌល​នោះឡើយ។

លោក លាង ដឺ​លុច៖ គ្មាន​បញ្ហា​ធំដុំ​កើតឡើងឡើយ​​ ហើយករណី​មិន​ប្រក្រតី​បន្តិចបន្តួច ក៏​ក្រសួង​ចាប់បាន​ទៀត។ តើ​បានន័យថា លោក​បាន​បង្កើត​ប្រព័ន្ធ​ការងារ​តឹងរ៉ឹង​ណាស់​មែន​ដែរឬទេ?
លោក ហង់ ជួន ណា​រ៉ុ​ន៖ ជាការ​ពិត។ យើង​មាន​ក្រុមការងារ​តាមដាន​ព័ត៌មាន​ទូទៅ ព្រមទាំង​នៅតាម​បណ្តាញ​សង្គម​ទៀតផង។ ប្រសិនបើ​មាន​បញ្ហា​មិន​ប្រក្រតី​កើតឡើង​ត្រង់ណា យើង​ចាត់វិធានការ​ភ្លាម​តែម្តង។ ព្រោះ​យើង​មិន​ចង់អោយ​បេក្ខជន​បាក់​ទឹកចិត្ត នៅពេលដែល​ពួកគេ​បានលឺ​ពាក្យ​ចចាមអារ៉ាម​អំពី​ការ​លិច​ធ្លាយ​វិញ្ញាសា។

លោក លាង ដឺ​លុច៖ សម័យ​ប្រឡង​នឹង​មកដល់​ក្នុងពេល​ប៉ុន្មាន​ម៉ោង​ទៀត​នេះហើយ។ ក្នុងនាម​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ តើ​អ្វី​ជា​សារ​របស់លោក​ទៅកាន់​បេក្ខជន​ទាំង​ជាង៩ម៉ឺន​នាក់ ព្រមទាំង​ឪពុកម្តាយ​របស់​ពួកគេ​ផង​នោះ?
លោក ហង់ ជួន ណា​រ៉ុ​ន៖ ទីមួយ ខ្ញុំ​ចង់​ជំរាប​ថា អ្វីដែល​ក្រសួង​អប់រំ​កំពុង​ធ្វើ​នៅក្នុង​ក្របខណ្ឌ​កំណែទម្រង់​នេះ គឺ​យើង​ចង់​ផ្លាស់ប្តូរ​ឥរិយាបថ​សិស្សានុសិស្ស ពី​ការលួចចម្លង មកជា​ការគិត​ពិចារណា​ ប្រឹងប្រែង​សរសេរ​ចម្លើយ​ដោយខ្លួន​ឯង​នៅលើ​ក្រដាស​វិញ្ញាសា។ ដូច្នេះ​ខ្ញុំ​សូម​ផ្ញើរ​សារ​ទៅ​ពួកគេ ដោយ​លើកទឹកចិត្ត​អោយ​ពួកគេ ខិតខំ និង​ប្រឹងប្រែង​ពិចារណា​សរសេរ​ចម្លើយ​ដោយ​ខ្លួនឯង ទោះ​តិចក្តី ច្រើនក្តី នោះ​ពួកគេ​នឹង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ជាង ការលួចចម្លង។ យើង​អាច​មើល​ដឹង ចំពោះ​ចម្លើយ​ដែលជា​ការលួចចម្លង។ ចម្លើយ​ដែលជា​ការលួចចម្លង នឹង​ធ្លាក់​នៅក្នុង​ការប្រឡង​នេះ។ ខ្ញុំ​ចង់អោយ​បេក្ខជន​ប្រឡង​ជាប់​ដោយ​កិត្តិយស។ ដូច្នេះ ខ្ញុំ​លើកទឹកចិត្ត​អោយ​ពួកគេ​ចំណាយពេល​រំលឹក​មេរៀន ប្រឹងប្រែង​ចងចាំ​ដោយ​ខ្លួនឯង ហើយ​ប្រឹងប្រែង​ធ្វើ​ចម្លើយ​ដោយ​ខ្លួនឯង។ ចំពោះ​ឪពុកម្តាយ​របស់​ពួកគេ ខ្ញុំ​អាច​យល់បាន​ថា ពួកគាត់​បារម្ភ​អំពី​កូនប្រុស​ស្រី​របស់​ពួកគាត់។ ប៉ុន្តែ​ខ្ញុំ​ក៏​ដឹងថា ពួកគាត់​ក៏​មិន​ចង់អោយកូនៗរបស់​ពួកគាត់ ជាប់​មានតែ​សញ្ញាបត្រ​ ហើយ​គ្មាន​គុណភាព​នោះដែរ។ ការលើកទឹកចិត្ត​អោយ​កូន​របស់​ពួកគាត់ ខិតខំ​រៀនសូត្រ វា​មិន​ត្រឹមតែ​ជាការ​ចូលរួម​ក្នុង​កំណែទម្រង់​វិស័យ​អប់រំ​របស់​កម្ពុជា​ទេ ប៉ុន្តែ​វា​ជាការ​ចូលរួម​ជួយ​អោយ​ការអប់រំ​របស់​កូន​ពួកគាត់​មានគុណ​ភាព។

លោក លាង ដឺលុច៖ ជាសំណួរ​ចុងក្រោយ! តើលោករដ្ឋមន្ត្រី​អាច​បញ្ជាក់បានទេ ថា​ក្រសួង​បាន​ប្រើប្រាស់​បុគ្គលិក​អប់រំ​ចំនួន​ប៉ុន្មាន​នាក់នៅ​ក្នុង​សម័យ ប្រឡង​បាក់ឌុប ក្នុង​ដំណាក់កាល​នៃ​ការ​ផ្តើម​កំណែទម្រង់​វិស័យ​អប់រំ​នេះ?
លោក ហង់ ជួន ណារ៉ុន៖ ក្នុង​ក្របខណ្ឌ​បុគ្គលិក​អប់រំ​ យើងមាន​បាន​ប្រើប្រាស់​មន្ត្រីទាំងអស់​ប្រមាណ ២៦០០០នាក់។ នេះ​យើងនៅមិនទាន់រាប់បញ្ចូល​មន្ត្រី​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​ជាង​ ២០០០នាក់ទៀត​នៅឡើយ​ផង៕

បទសម្ភាសន៍​​ឯកឧត្ដម​រដ្ឋមន្ត្រី​​ក្រសួង​អប់រំ យុវជន និង​កីឡា ស្ដី​ពី ​ការ​ប្រព្រឹត្តិ​​ទៅ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡង ០៤ សីហា ២០១៤


ផ្សាយបន្តពី http://www.moeys.gov.kh/kh/leadership/807.html#.U-BGY_mSySp

802-02

ឯកឧត្ដម​​ រដ្ឋមន្ត្រី​៖
ក្រសួង​បាន​រៀបចំ​នៅ​មណ្ឌល​ប្រឡង​ទាំង​អស់​ ១៥៤មណ្ឌល​ ហើយ​ក៏​មាន​គណៈ​កម្មការ​មេប្រយោគ​ទូទាំង​ប្រទេស​គណៈកម្មការ​អប្បមាទ ក៏​ដូច​ជា​គណៈ​កម្មការ​អនុរក្ស ហើយ​តួនាទី​របស់​គណៈ​កម្មការ​មេ​ប្រយោគ និង​អប្បមាទ​ ក៏​ដូចជា​អនុរក្ស​នេះ​ដើម្បី​ត្រួត​ពិនិត្យ​ការ​ប្រឡង ហើយ​យើង​អប្បមាទ​ហ្នឹង​ ​គាត់​ពិនិត្យ​មើល​ពី​លើ​ប្រធាន​មណ្ឌល​នេះ​ទៀត ក៏​ប៉ុន្តែ​ឆ្នាំ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​សហការ​ជាមួយ​នឹងអង្គភាព​ប្រឆាំង​អំពើពុករលួយ គឺ​ដើម្បី​ធានា​ឲ្យ​បាន​ថា​ការ​ប្រឡង​នេះ មាន​តម្លាភាព ភាព​យុត្តិធម៌ ហើយ​លទ្ធផល​អាច​ទទួល​យក​បាន ក្រសួង​ក៏​ចង់​ធានា​យ៉ាង​ណា​ឲ្យរាល់​ច្បាប់ បទប្បញ្ញត្តិ​ផ្សេងៗ​ត្រូវ​អនុវត្តន៍ឲ្យ​បាន​ទាំងស្រុង អញ្ចឹង​បាន​ជា​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ជា​មួយ​អ្នក​សង្កេត​ការ​ផ្សេងៗ​ទៀត ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​របស់​ក្រសួង​ក្នុង​ការ​ធានា​ឲ្យ​​បាន​នៅ​ការ​ប្រឡង​មួយ ដែល​ឈរ​ទៅលើ​មូលដ្ឋាន​នៃ​ចំណេះដឹង គឺ​គោលដៅ​ចង់​ឲ្យ​ការ​ប្រឡង​មាន​តម្លាភាព ហើយ​ចង់​ឲ្យ​​សិស្ស​ខំ​ប្រឹង​រៀន​ដើម្បី​ឲ្យ​គាត់​ទទួល​បាន​ជំនាញ ចំណេះដឹង ជំនាញ​ពិត​ប្រាកដ ហើយ​អាច​ប្រណាំង​ប្រជែង​សម្រាប់​ទីផ្សារ​ការងារ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ពី​ក្រៅ​ប្រទេស យើង​ឃើញ​ហើយ​ថា​អ្នក​វិនិយោគ​ជប៉ុន​មក​កម្ពុជា ក៏​ដូច​អ្នក​វិនិយោគ​បរទេស​ដទៃ​ទៀត​មក​កម្ពុជា​ច្រើន​ណាស់ សម្រាប់​អ្នក​វិនិយោគ​ជប៉ុន​ក្នុង​ឆ្នាំ ២០១០ មានតែ ២០លានដុល្លា ឆ្នាំ ២០១៣ មានដល់ ៥០០លានដុល្លា​​។
​អ្នក​សម្ភាសន៍៖
​ឯកឧត្ដម​សូម​កាត់​បន្តិច ទាក់ទង​នឹង​ការ​ប្រឡង​បុគ្គលិក​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មាន​ចូល​ត្រួត​ពិនិត្យ​ដល់​ក្នុង​បន្ទប់​ទេ ព្រោះ​ថា​កន្លង​មក​តាម​ព័ត៌មាន​ថា​មាន​បាតុភាព​កើត​ចេញ​ពី​ក្នុង​បន្ទប់​ដូច​ជា​ការ​ប្រមូល​លុយ​របស់​ក្មេង​ឲ្យ​​ទៅ​គ្រូ​បន្ទប់​ថ្នាក់​ ឬក៏​គ្រូ​ដែល​នៅ​ក្រៅ​បន្ទប់​ជា​ដើម។
ឯកឧត្ដម​​ រដ្ឋមន្ត្រី​៖
ជូន​វេទិកា​ជូន​ឯកឧត្ដមឃាង ​សេង ដែល​ជា​អនុ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ សូម​ឲ្យឯកឧត្ដម​បញ្ជាក់​បន្ថែម។
ឯកឧត្ដម ​ឃាង សេង ៖
បាទ! សូម​ឆ្លើយ​នឹង​សំណួរ​​ដែល​លោក​បាន​លើក​ឡើង​នេះ គឺ​បុគ្គលិក​អង្គ​ភាព​ប្រឆាំង​អំពើ​ពុករលួយ​ចូល​ដល់​ក្នុង​បរិវេណ​មណ្ឌល​ប្រឡង​ទាំង​មូល ហើយ​យើង​មើល​ជុំវិញ​មណ្ឌល​ប្រឡង ក៏​ដូច​ជា​ក្នុង​បន្ទប់​ប្រឡង។
​អ្នក​សម្ភាសន៍៖
តើ​ក្នុង​មួយ​មណ្ឌល​មាន​ប៉ុន្មាន​នាក់ ?
ឯកឧត្ដម ​ឃាង សេង ៖
យើង​ចែក​ជា​ ១៥៤មណ្ឌល មន្ត្រី​អង្គភាព​ពិត​ប្រាកដ​មាន ១នាក់​ក្នុង​មួយ​មណ្ឌល ហើយ​នៅ​ក្នុង​នោះ​អ្នក​ដែល​ទទួល​បន្ទុក​ដែល​ហៅថា​អ្នក​សង្កេតការណ៍ ក្នុង​មណ្ឌល​​មាន ២ ឬ​ ៣នាក់​ ជា​មន្ត្រី​ស្ម័គ្រ​ចិត្ត ហើយ​អាច​​ថត​ជារូប​ភាព ឬ​​ជា​វីដេអូ ព្រម​ទាំង​ធ្វើ​ការ​កត់ត្រា​លេខតុ លេខ​បន្ទប់ ហើយ​និង​ឈ្មោះ​សិស្ស ​បន្ទាប់​មក​យើង​ចាត់​នីតិវិធី​តាម​ផ្លូវ​ច្បាប់ ។
​អ្នក​សម្ភាសន៍៖
ឯកឧត្ដម ​តើ​សង្ឃឹម​ថា​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នឹង​អាច​ការពារ​នៅ​ករណី​អំពើ​ពុក​រលួយ​ក្នុង​ពេល​ប្រឡង​បាន​ដែរ​​ទេ?
ឯកឧត្ដម​​ រដ្ឋមន្ត្រី​៖
យើង​ឃើញ​ថា​ យើង​បាន​គិត​នូវ​វិធានការ​យ៉ាង​លម្អិត​គឺថា ទី​មួយ គឺ​មាន​អ្នក​សង្កេត​ការ​ណ៍​ដែល​ជា​មន្ត្រី​អង្គភាព​ផ្ទាល់ ឬ​ជា​មន្ត្រី​របស់​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​ក្ដី ឬ​ជា​បុគ្គល​ក្ដី ហើយ​បន្ទាប់​មក​ទៀត​ប្រសិន​បើ​មាន​ករណី​ជាក់​ស្ដែង អញ្ចឹង​យើង​អនុញ្ញាត​ឲ្យ​សិស្ស​​​ប្ដឹង​មក​ក្រសួង​ ហើយ​ទន្ទឹម​នឹង​នេះ​យើង​ត្រួតពិនិត្យ​សន្លឹក​កិច្ច​ការ​របស់​សិស្ស​តែ​ម្ដង អញ្ចឹង​ក្នុង​ករណី​មាន​ការ​ចម្លង មាន​ករណី​អនុរក្ស​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​ចម្លង ​យើង​នឹង​យក​សន្លឹក​កិច្ចការ​នោះ​មក​ពិនិត្យ ថា​តើ​សន្លឹក​កិច្ចការ​ដូច​គ្នា​ ឬ​អត់ បើ​ចម្លង​​ពី​សំណៅ​ឯកសារ​ផ្សេងៗ វា​មាន​លក្ខណៈ​ដូចៗ​គ្នា ប៉ុន្តែ​បើ​ធ្វើ​ខ្លួនឯង​វា​អាច​សិស្ស​អង្គុយ​ជាប់​គ្នា វា​អាច​ខុស​ៗ​គ្នា វា​មិន​អាច​សរសេរ​ដូច​គ្នា​បាន​ទេ​ មនុស្ស​ពីរ​នាក់ ដូច្នេះហើយ យើង​បាន​បង្កើត​គណៈ​កម្មការ​កោសល្យវិច័យ​មួយ​ទៀត ដើម្បី​ពិនិត្យ​មើល បើ​គណៈកម្មការ​វា​យតម្លៃ​ថា មាន​ការ​ចម្លង ហើយ​ក៏​មាន​ភស្តុតាង​ការ​បង្ហោះ​ឯកសារ​តាម facebook ឬ​ក៏​តាម​ប្រព័ន្ធ​ព័ត៌មាន​សង្គម​អ្វី​ផ្សេងទៀតនោះ ក្រសួង​នឹង​ពិនិត្យ​មើល​ទៅ​តាម​មណ្ឌល​ និង​​បន្ទប់​ជាក់ស្ដែង ។ ​​ប្រសិន​បើ​មាន​ករណី​នោះ​កើត​ឡើយ ហើយ​​អនុរក្ស​មិន​​រាយការណ៍ ក៏​យើង​អាច​​រក​ឃើញ​ភស្តុតាងពី​ភាព​មិន​ប្រក្រតី​កើត​ឡើងដែរ។ ក្នុង​ករណី​​អនុរក្ស​ មិន​រាយការណ៍ យើង​និង​កាត់​វិធាន​ការ ក្រសួង​មាន​វិធាន​ការដាក់​វិន័យ​​កម្រិត​ទី​១និង កម្រិត​ទី២ ។ វិន័យ​កម្រិត​ទី១ ​មាន​ន័យ​ថា អនុរក្ស​អនុញ្ញាត​ឲ្យ​បេក្ខជនចម្លង​ ​អត់​មាន​ចាត់​វិធាន​ការ​អ្វី​ទាំង​អស់ វិន័យ​កម្រិត​ទី២ នៅ​ពេល​ដែល​មាន​ការ​ប្រមូល​លុយ​ពី​សិស្ស​ អញ្ចឹង​វិន័យ​ទី២ ​មាន​ការ​ដេញ​ចេញ​ពី​ក្រប​ខណ្ឌ​គ្រូ​បង្រៀន និង​មិន​ទាន់​គិត​ដល់​បទល្មើស​អាច​នឹង​ត្រូវ​បាន​ស៊ើប​អង្កេត​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​ស្ដី​ពី​អំពើ​ពុក​រលួយ។​
អ្នក​សម្ភាសន៍៖
ឯកឧត្ដម​អាច​ធានា​បាន​ ១០០% ​ទេ​ថា​ការ​ប្រឡង​បាក់​ឌុប​ទូទាំង​ប្រទេស​នឹង​មិន​មាន​ភាព​មិន​ប្រក្រតី?
ឯកឧត្ដម​​ រដ្ឋមន្ត្រី​៖
ជា​ការ​ពិត​ ​ដូច​ដែល​ក្រសួង​បាន​ដាក់​ចេញ​ហើយ​ ​​វិធានការ​របស់​ក្រសួង​​​នៅ​ក្នុង​ការ​ពង្រឹង​គុណភាព​អប់រំ​ មាន​៨ អាទិភាព​ អញ្ចឹង​​ការ​ប្រឡង​ជា​អាទិភាព​មួយ​ក្នុង​ក្នុង​ចំណោម​​អាទិភាព​ទាំង​៨​។
​អ្នក​សម្ភាសន៍៖
អាទិភាព​ហ្នឹង​ តើ​ឯកឧត្ដម​​អាច​ធ្វើ​អ្វី​ខ្លះ​​ជា​កិច្ចការ​បន្ទាន់​បាទ​​?
ឯកឧត្ដម​​ រដ្ឋមន្ត្រី​៖
​ចំណុចទី​១ សម្ដេច​នាយករដ្ឋមន្ត្រី​​បាន​សម្រេច​ដំឡើង​ប្រាក់​បៀវត្ស​ជូន​ដល់​​គ្រូ​បង្រៀន​ហើយ ក្នុង​ឆ្នាំ​២០១៣ ​ប្រាក់​​បៀវត្ស​​អប្បបរមា​ ៣០​ ម៉ឺន​រៀល​ ហើយ ឆ្នាំ​​២០១៤ ឡើង​ដល់​ ៤០ ម៉ឺន​រៀល​ ហើយ​​នៅ​ចុង​ឆ្នាំ​២០១៤ ឬ​ដើម​ឆ្នាំ​២០១៥ រដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​​ដំឡើង​​ថែម​​​​​​ទៀត អញ្ចឹង​ហ្នឹង​ជា​វិធាន​ការ​ទី​១ ចំណែក​វិធាន​ការ​ទី​ ២​ គឺ​ការ​ពង្រឹង​​​កំណែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​​​ក្នុង​វិស័យ​អប់រំ​។ អញ្ចឹង​គឺ​ថា​ កំណែ​ទម្រង់​ក្នុង​វិស័យ​អប់រំ​នេះ​ យើង​បាន​​ដាក់​ចេញ​ហើយ​នូវ​​វិធាន​ការ​ពង្រឹង​ ហើយ​តាម​របាយការណ៍​​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ​គោរព​ផ្ញើ​ជូន​​ សម្ដេចអគ្គមហាសេនាបតីតេជោ​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្ដេច ហ៊ុន សែន​ បាន​បង្ហាញ​ថា​ ក្រសួង​អប់រំ យុវជន និង​កីឡា ជា​ក្រសួង​ឈាន​មុខ​គេ​នៅ​ក្នុង​ការ​​អនុវត្ត​កម្មវិធី​កំណែ​ទម្រង់​​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ​​ ហើយ​កន្លង​ទៅ​​​រាជរដ្ឋាភិបាល​បាន​​អនុញ្ញាត​ឱ្យ​គ្រូ​​ទទួល​​ប្រាក់​បៀវត្ស​​នៅ​តាម​ប្រព័ន្ធ​ធនាគារ​ មាន​ន័យ​ថា​ លោក​គ្រូ​អ្នក​គ្រូ​ មាន​គណនី​​​របស់​គាត់​ផ្ទាល់​​នៅ​ធនាគារហើយ​ក្រសួង​​ក៏​បាន​ឯកភាព​​ជា​មួយ​ក្រសួងសេដ្ឋកិច្ច និង​​ហិរញ្ញវត្ថុ ​​​ដែរ​ថា ទៅ​ថ្ងៃ​អនាគត​យើង​នឹង​ផ្ទេរ​​ថវិកា​ ដំណើរការ​​សាលា​រៀន​នីមួយ​ៗ ​​តាម​​ប្រព័ន្ធ​ធនាគារ​ទៀត​ដើម្បី​​ធានា​ឱ្យ​បាន​ថា​​ថវិកា​ហ្នឹង​ដល់​សាលា​​ទាំង​ស្រុង​ នេះ​ចំណុច​ទី​២។ ចំណុច​ទី​៣ គឺ​កំណែ​ទម្រង់​​ឧត្ដម​សិក្សា​​​ យើង​ដឹង​ហើយ​ថា​ ​វិធានការ​ពង្រឹង​នូវ​គុណភាព​។ វិធាន​ការ​ទី​៤ ​គឺ​ការ​ពង្រឹង​កំណែ​ទម្រង់​​​ការ​ប្រឡង​​​ នេះ​ជា​កម្រិត​វិធានការ​ ​ផ្ដល់​ឱ្យ​យុវជន​នូវ​​​ជំនាញ ។ មាន​ន័យ​ថា​ក្រសួង​នឹង​បញ្ចូល​​ការ​បណ្ដុះបណ្ដាល​ខាង​ផ្នែក​បច្ចេកទេស​​ និង​វិជ្ជាជីវៈ​ខ្លះ​​ទៅ​ក្នុង​គ្រឹះស្ថាន​​សិក្សា​តែ​ម្ដង​ ​ឱ្យ​មាន​កំណែ​ទម្រង់​នៃ​ការ​គ្រប់គ្រង​សាលា​ ការ​បង្កើត​គ្រឹះស្ថាន​សិក្សា​សម្រាប់​មនុស្ស​ជំនាន់​ថ្មី​ មាន​ន័យ​ថា​ ពង្រឹង​ការ​គ្រប់គ្រង​សាលា​​តាម​រយៈ​ការ​បង្កើត​ឱ្យ​មាន​នូវ​ក្រុមប្រឹក្សាភិបាល​ ហើយ​បង្កើត​នូវ​មូលនិធិ​សមធម៌​វិស័យ​អប់រំ​ ​ កន្លង​មក​នេះ​ ​មាន​សប្បុរស​ជន​​​ផ្ដល់​​​ថវិកា​ច្រើន​ណាស់​សម្រាប់​សាងសង់​អគារ ឥឡូវ​នេះ​ យើង​ចង់​ផ្ដោត​លើ​ការ​គាំទ្រ​ជីវភាព​​ដល់​គ្រូ​បង្រៀន​ផង​ អញ្ចឹង​ទិស​ដៅ​របស់​មូលនិធិ​​សមធម៌​អប់រំ​នេះ​​ គឺ​ចង់​​ជួយ​កែ​លម្អ​​កម្រិត​ជីវភាព​របស់​លោក​គ្រូ​អ្នក​គ្រូ ហើយ​បន្ទាប់​មក​ទៀត​ យើង​នឹង​ពង្រឹង​គុណភាព​របស់​គ្រូ​​ ដាក់​ចេញ​នូវ​គោល​វិធី​​​បង្កើន​​គុណភាព​របស់​គ្រូ​ ​បណ្ដុះបណ្ដាល​ ធ្វើ​វិក្រឹតការ​គ្រូ​ជា​ដើម​ ​​ហើយ​យើង​នឹង​រៀប​ចំ​គម្រោង​នេះ​​នៅ​ក្នុង​​​ខេត្ត​កំពង់​ចាម​ នៅ​ថ្ងៃ​ទី​២៥ – ២៦ ខែ​សីហា​ នេះ​។
អ្នក​សម្ភាសន៍៖
តើ​មូលនិធិ​ជួយ​គ្រូ​នេះ​ យើង​ជួយ​យ៉ាង​ដូច​ម្ដេច?​
ឯកឧត្ដម​​ រដ្ឋមន្ត្រី​៖
មានន័យ​ថា​ នៅ​តាម​សាលា​​នីមួយ​ៗ​នេះ ​​​មាតាបិតា​​​ សប្បុរស​ជន​ ​អាច​ចូល​រួម​ចំណែក​​​​ក្នុង​មូលនិធិ​ហ្នឹង​​ដើម្បី​ឲ្យ​គ្រូ​បង្រៀន​គាត់​ខិត​ខំ​ប្រឹងប្រែង​ អញ្ចឹង​​​មាតាបិតា​សិស្ស​​អាច​ធានា​បាន​​​ថា​ មិន​ចាំបាច់​ឱ្យ​កូន​ទៅ​រៀន​​គួរ​បន្ថែម​ទេ​ គឺ​រៀន​នៅ​ក្នុង​សាលា​តែ​ម្ដង​​ ជាជាង​ឱ្យ​ចំណាយ​លុយ​ទៅ​រៀន​​គួរ​បន្ថែម​ អញ្ចឹង​យើង​ជួយ​តាម​រូប​ភាព​ហ្នឹង​ ។ ដូច​គ្នា​នេះ​ដែរ​​​ ពេលខ្លះ​ យើង​​​ដក​កូន​ទៅ​រៀន​​​​​នៅ​សាលា​ឯកជន​ ​ក៏​យើង​មិន​ដឹង​ថា​គុណភាព​ហ្នឹង​យ៉ាង​ដូចម្ដេច​​​ទេ​ តែ​​ប្រសិន​បើ​យើង​យក​ថវិកា​ហ្នឹង​​មក​ជួយ​ពង្រឹង​គ្រូ​ទៅ​ ​យើង​អាច​បាន​លទ្ធផល​ប្រសើរ​ជាង​។
អ្នក​សម្ភាសន៍៖
តើ​យើង​បង្កើត​ប្រអប់​នៅ​តាម​សាលា​រៀន​ ឬ​យ៉ាង​ដូចម្ដេច​​បាទ?​
ឯកឧត្ដម​​ រដ្ឋមន្ត្រី​៖
បាទ​ នៅ​តាម​សាលារៀន។
អ្នក​សម្ភាសន៍៖
តើ​យើង​គ្រោង​អនុវត្ត​​ចាប់​ពី​ពេល​ណា​ទៅ​?
ឯកឧត្ដម​​ រដ្ឋមន្ត្រី​៖
នៅ​សាលា​មួយ​ចំនួន​នៅ​តាម​សាលា​រៀន​ ដូច​នៅ​ខេត្ត​សៀមរាប​ជា​ដើម​ ​គេ​បាន​អនុវត្ត​ហើយ​ ដូច​ជា​សាលា​​វត្ត​បូព៌ អញ្ចឹង​ការ​គាំទ្រ​ហ្នឹង​មាន​ហើយ​ ប៉ុន្តែ​យើង​ចង់​ឲ្យ​​ចលនា​នេះ​មាន​​លក្ខណៈ​ជា​ទូទៅ​​ដើម្បីឲ្យ​​គ្រូ​​មាន​ការ​ខិតខំ​​ប្រឹងប្រែង​តាម​រយៈ​ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម​​​​​ទៅ​លើ​ប្រាក់​បៀវត្ស​។
អ្នក​សម្ភាសន៍៖
បើ​សិន​ជា​មាន​បញ្ហា​​បែប​នេះ​កើត​ឡើង​ តើ​ក្រសួង​នឹង​មាន​វិធានការ​បែបណា?
ឯកឧត្ដម​​ រដ្ឋមន្ត្រី​៖
នៅ​ក្នុង​រយៈ​ពេល​២សប្ដាហ៍​កន្លង​មក​នេះ​ ​នៅ​មាន​ការ​បង្ហោះ​តាម​បណ្ដាញ​​ Facebook នៅ​មាន​ការ​ក្លែង​បន្លំ​​ថា​វិញ្ញាសា​បែក​ធ្លាយ​ ទី​១​ វិញ្ញាសា​គណិតវិទ្យា​ ទី​២​វិញ្ញាសា​ប្រវត្តិ​វិទ្យា​ ហើយ​ការ​បែក​ធ្លាយ​នេះ​គឺ​មុន​ក្រសួង​ចេញ​វិញ្ញាសា​ទៅ​ទៀត​​គេ​ប្រកាស​ហ្នឹង​ ​អញ្ចឹង​ខ្ញុំ​ក៏​យក​ឯកសារ​ហ្នឹង​មក​ពិនិត្យ​មើល​ ហើយ​ឃើញ​ថា អ្នក​ដែល​ថា​វិញ្ញាសា​បែក​ធ្លាយ​ហ្នឹង​​ជា​បុគ្គល​ឯកជន​ ​គាត់​បង្រៀន​​កួរ​ឯកជន​ គាត់​ចង់​ទាក់ទាញ​សិស្ស​មក​រៀន​កួរ​​ជាមួយ​គាត់​​ ហើយ​គាត់​ចេះ​តែ​​​សន្យា​ថា​ មាន​វិញ្ញាសា​បែក​ធ្លាយ​អី​អញ្ចឹង​ ។ តែ​វា​មិន​អាច​ទៅ​រួច​ទេ​ ប្រសិន​ជា​មាន​ការ​បាត់ Seal ​ត្រូវ​ធ្វើ​កំណត់​ហេតុ​ភ្លាម​ ហើយ​គណៈកម្មការ​មេ​ប្រយោគ​នឹង​​ត្រូវ​​ប្រជុំ​គ្នា​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​​ឯកភាព​ ​ពិនិត្យ​មើល​​​ វិនិច្ឆ័យ​មើល​​​​​ ប្រសិន​​បើ​បាត់​​ Seal មែន​ ។ តែ​មិន​អាច​ទេ​ ទី​១ មាន​​បន្ទប់​១ជាន់​ហើយ​ ទី​២​ ហិប​មាន​ Seal ១​ជាន់​ទៀត​ ទី​៣​ សន្លឹក​វិញ្ញាសា​​​ច្រក​ក្នុង​ស្រោម​សំបុត្រ បិទ​ស្កុត និង​បោះត្រា​របស់​ក្រសួង​មួយ​ជាន់​ទៀត ។ អញ្ចឹង​​មក​ដល់​ពេល​នេះ​មិន​មាន​បែក​ធ្លាយ​វិញ្ញាសា​​​ទេ​ មាន​តែ​ពាក្យ​​ចចាមអារ៉ាម​ និង​ការ​​ក្លែង​បន្លំ​ប៉ុណ្ណោះ។ អញ្ចឹង​រហូត​មក​ទល់​ព្រឹក​មិញ​នេះ ប្រសិន​បើ​មាន​ពិត​មែន យប់​មិញ​នេះ​ ច្បាស់​ជា​ប្រធាន​គណៈ​មេប្រយោគ ​​គាត់​ទូរស័ព្ទ​​មក​ខ្ញុំ​ហើយ ។ក្រសួង​មាន​ក្រុម​ការងារ​មួយ​តាមដាន​ប្រព័ន្ធ Facebook ​បើ​មានមែន​ ក្រសួង​ក៏​ស្រាវជ្រាវ​រក​​វិញ្ញាសា​ដែល​បែក​ធ្លាយ​ឲ្យ​ឃើញ ​​ហើយ​ចាត់​វិធាន​ការ​ដាក់​​ទោស​តាម​នីតិវិធី​ច្បាប់​ អញ្ចឹង​យើង​ប្រាប់​បេក្ខជន​មិន​អាច​ចម្លង​បានទេ ​បើ​ទោះបី​ជា​មាន​អញ្ចឹង​មែន ឧទាហរណ៍ មិន​អាច​ចម្លង​បាន​ទេ ​បើ​នៅ​តែ​ចម្លង​ គឺ​ធ្លាក់​ហើយ អញ្ចឹង​យើង​មាន​វិធាន​ការ​លម្អិត។ យក​ល្អ​បេក្ខជន​គេ​សរសេរ​បាន​ប៉ុណ្ណា​យក​ប៉ុណ្ណឹងទៅ
ឆ្នាំ​នេះ​ ជា​វិញ្ញាសា​សាកល្បង​មួយ​​សម្រាប់​ក្រសួង​អប់រំ យុវជន និង​កីឡា គឺ​ប្រឡង​ធ្វើ​ម៉េច​ឲ្យ​ការ​រៀប​ចំ​ការ​ប្រឡង​ប្រព្រឹត្ត​ទៅ​​បាន​ល្អ។
ជា​គោលដៅ​ក្នុង​ការ​អប់រំ គឺ​យើង​ចង់​ឲ្យ​សិស្ស​នឹង​ចេះ​ ក្នុង​ការ​អប់រំ​ចង់​ឲ្យ​សិស្ស​ចេះ​ដឹង​ទូលំទូលាយ​អាច​ប្រើប្រាស់​ចំណេះដឹង​នេះ​ដើម្បី​ទទួល​បាន​ជំនាញ​មួយ​ពិត​ប្រាកដ ​រក​ការងារ​ធ្វើ​បាន ហើយ​អាច​ប្រណាំង​ប្រជែង​ជា​មួយ​យុវជន យុវនារី​ដទៃ​ទៀត នៅ​ក្នុង​តំបន់ ក៏​ដូច​ជា​ក្នុង​ឆាក​អន្តរជាតិ អញ្ចឹង​នេះ​ជា​គោលដៅ​ចម្បង យើង​ចង់​ឲ្យ​សិស្ស​ធ្វើ​ម៉េច រៀន​ឲ្យ​បាន​ច្រើន ហើយ​យើង​ចង់​ឲ្យ​ប្រទេស​កម្ពុជា​មាន​ការ​អភិវឌ្ឍ យើង​ថា​ឥឡូវ​នេះ​ដើម្បី​ទាក់ទាញ​វិនិយោគ​យើង​ត្រូវ​ការ​មនុស្ស​មាន​ជំនាញ អញ្ចឹង​យើង​មិន​មាន​ពលករ​មាន​ជំនាញ​ទេ យើង​មិន​អាច​អភិវឌ្ឍ​​ប្រទេស​បានទេ យើង​ក៏​មិន​អាច​ទាក់​ទាញ​អ្នក​វិនិយោគ​បាន​ដែរ អញ្ចឹង​យើង​ក៏​មិន​​អាច​មាន​លទ្ធផល​ដំឡើង​ប្រាក់​បៀវត្ស​ដល់​មន្ត្រីរាជការ គ្រូបង្រៀន​បាន​ដែរ ។ ​ដើម្បី​ឆ្លើយ​តប គឺ​ត្រូវ​តែ​រៀបចំ​ការ​ប្រឡង​ឲ្យ​មាន​តម្លាភាព​ដើម្បី​ឲ្យ​មាន​ជំនាញ​ច្បាស់លាស់​បង្កើត​ការងារ​ឲ្យ​យុវជន​យើង អញ្ចឹង​មិនមែន​យក​តែ​សញ្ញាបត្រ។
អ្នក​សម្ភាសន៍៖
តើ​ក្រសួង​មាន​បញ្ចូល​កម្មវិធី​អាន​សៀវភៅ​ជា​ប្រចាំ​ទេ ឯកឧត្ដម?
ឯកឧត្ដម​​ រដ្ឋមន្ត្រី​៖
ក្រសួង​បាន​ធ្វើ​ការ​វាយ​តម្លៃ​ពី​ស្តង់ដារ​អំណាន អញ្ចឹង​យើង​ឃើញ​ថា ដើម្បី​ពង្រឹង​ស្តង់​ដារ​អំណាន ក្រសួង​កំពុង​រៀបចំ​ដាក់​ឲ្យ​អនុវត្តន៍​ស្តង់ដារ​​អំណាន​ពី​ថ្នាក់ទី១ ទី២ ទី៣ ។ ស្តង់ដារ​អំណាន​ធានា​ឲ្យ​​សិស្ស​ចេះ​អាន​តែ​ម្ដង​។

ត្រួតពិនិត្យសំណៅឯកសារដែលសិស្សយកចូលពេលប្រឡង

បន្ទាប់ពីដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី១ (០៤ សីហា ២០១៤) ប្រព្រឹត្តទៅប្រកបដោយភាពរលូននោះ នាព្រឹកថ្ងៃទី ៥ ខែសីហា ២០១៤ នេះ តាមមណ្ឌលនានា ត្រូវបានបន្តរឹតបន្តឹងយ៉ាងម៉ត់ចត់ ក្នុងការត្រួតពិនិត្យ និងដកហូតសំណៅវិញ្ញាសា ទូរស័ព្ទ និងឧបករណ៍ ហាមឃាត់គ្រប់ប្រភេទ ដើម្បីរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងដំណើរការប្រឡង ឲ្យប្រព្រឹត្តទៅបានល្អប្រសើរ ។

#MoEYS MoEYS Cambodia
Photo: បន្ទាប់ពីដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ  នាថ្ងៃទី១ (០៤ សីហា ២០១៤) ប្រព្រឹត្តទៅប្រកបដោយភាពរលូននោះ នាព្រឹកថ្ងៃទី ៥ ខែសីហា ២០១៤ នេះ តាមមណ្ឌលនានា ត្រូវបានបន្តរឹតបន្តឹងយ៉ាងម៉ត់ចត់ ក្នុងការត្រួតពិនិត្យ និងដកហូតសំណៅវិញ្ញាសា ទូរស័ព្ទ និងឧបករណ៍ ហាមឃាត់គ្រប់ប្រភេទ ដើម្បីរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងដំណើរការប្រឡង ឲ្យប្រព្រឹត្តទៅបានល្អប្រសើរ ។ 

#MoEYS MoEYS Cambodia

Thursday, February 6, 2014

បុរសម្នាក់ទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិត ក្នុងអាយុ៩១ឆ្នាំ


លោកបណ្ឌិត ហឺមែន ជីកណាំង ក្នុងពិធីបញ្ចប់ការសិក្សាកាលពីថ្ងៃអង្គារ។ រូបថត ចាកាតាប៉ុស្ដិ៍
មិនមែនជាងារបណ្ឌិតកិត្តិយសដូចឥស្សរជនកម្ពុជាដែលមានវ័យក្មេងជាងនេះ មួយចំនួនបានទទួលគ្រាន់តែបង្គ្រប់កិច្ចនោះ ទេ តែវាជាងារបណ្ឌិតផ្នែកស្រាវជ្រាវយ៉ាងពិតប្រាកដ និងអាចថាជាស្នាដៃចុងក្រោយបំផុតក្នុងជីវិតរបស់បុរសឥណ្ឌូនេស៊ី វ័យ៩១ឆ្នាំរូបនេះ ហើយដែលត្រូវបានប្រគល់កាលពីថ្ងៃអង្គារ។
កើតក្នុងខេត្តបាងកា ប្រទេសឥណ្ឌូនេស៊ី ក្នុងឆ្នាំ១៩២២ លោកបណ្ឌិតជីកណាំងហឺមែន ជាឪពុកដែលមានកូនប្រាំនាក់ ផងនោះ បានត្រូវកាសែត ចាកាតាប៉ុស្ដិ៍ដកស្រង់សម្ដីថា បានព្យាយាមអស់រយៈពេល៧ដង មុននឹងអាចសម្រេចជោគជ័យ ក្នុងការការពារនិក្ខេបបទថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ ប៉ាត់ចាត់ចារ៉ាន់ ក្នុងទីក្រុងបានឌុង ប្រទេសឥណ្ឌូនេស៊ី។
ក្នុងដំណើរទៅកាន់ថ្នាក់បណ្ឌិតរបស់ លោកជីកណាំង ត្រូវបានបង្ហើបឱ្យដឹងពីសំណាក់កូនស្រីច្បងរបស់លោកថា បាន ជម្នះនឹងរោគប្រចាំកាយ គឺជម្ងឺគាំងបេះដូងដែលធ្វើទុក្ខលោកជាប្រចាំ និងដែលធ្លាប់បណ្ដាលឱ្យលោកត្រូវបានបញ្ជូនទៅ សង្គ្រោះបន្ទាន់ អស់រយៈពេល២ដង ក្នុងអំឡុងពេលស្រាវជ្រាវ និក្ខេបបទនេះ ដែលប្រើពេលអស់ជាច្រើនឆ្នាំកន្លងមក។
ម្ចាស់និក្ខេបបទស្រាវជ្រាវផ្នែកច្បាប់ដែលមានចំណងជើងថា «កិច្ចការពារផ្នែកនីតិកម្មចំពោះ ពលករដែលបាត់បង់សម្បទា ពលកម្មហើយដែលត្រូវបានបញ្ឍប់ពីការងារពីសំណាក់និយោជក» រូបនេះ កន្លងមកមានតួនាទីជាមេធាវី ហើយក៏ធ្លាប់ជា គ្រូបង្រៀននៅសាលាទាហានឥណ្ឌូនេស៊ី អំឡុងពេលស្ថិតក្រោមអំណាចអាណានិគមរបស់ប្រទេសហូឡង់។
ក្នុងសុន្ទរកថា នាថ្ងៃទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិតនេះ លោកជីកណាំង បាននិយាយថា បើគេចង់បានឥណ្ឌូនេស៊ីមួយដែល កាន់តែល្អប្រសើរជាងនេះ គេគួរចាំបាច់អភិវឌ្ឍបុគ្គលម្នាក់ម្នាក់ៗដោយប្រើវិស័យអប់រំ៕

Friday, January 17, 2014

មាន​ការ​បញ្ជាក់​ពី​ផែនទី​ចាស់​របស់​កម្ពុជា

140117_02
ផែន​ទី​​​ខ្មែ​រផលិត​​ដោយ​ហូឡង់​ក្នុង​ឆ្នាំ១៧៤៧។ រូបថត Michael Hayes
លោក​ការី​និពន្ធ​ជាទី​រាប់​អាន!
ខ្ញុំ​ចាប់​អារម្មណ៍ និង​ភ្ញាក់​ផ្អើល​ដោយ​សារ​អត្ថបទ​របស់ Emily Wright មាន​ចំណង​ជើង​ថា «ផែនទី​ចាស់​បំផុត​របស់​កម្ពុជា​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​បណ្ណសារដ្ឋាន» (ភ្នំពេញ ប៉ុស្តិ៍ ចុះ​ថ្ងៃ ទី៣១ ខែ ធ្នូ)។
ជា​បឋម​ឃ្លា​ដើម «ផែនទី​មុន​បង្អស់​របស់​កម្ពុជា...» ហាក់​បី​ដូចជា​បាន​សរសេរ​ដោយ​សិស្ស​ទើប​បញ្ចប់​ការ​សិក្សា​ពី Elasticity School of Journalism ជា​ពិសេស​ពីព្រោះ​ផែនទី​នោះ​ត្រូវ​បាន​រៀបរាប់​ថា ជា​គំនូស​ឈូង​សមុទ្រ កំពត»។ ខណៈ​ដែល​ទឹក​ដី​កម្ពុជា បាន​រួម​តូច​ខ្លាំង​ក្នុង​ឆ្នាំ ១៨៥៧ ពី​ផ្ទៃ​ដី​ដ៏​ធំ​នៅ​សម័យ​អង្គរ​ប្រទេស កម្ពុជា មាន​លក្ខណៈ​ច្រើន​ជាង​ឈូង សមុទ្រ កំពត ទៅ​ទៀត​នៅ​ពាក់​កណ្តាល​ទសវត្សរ៍ ទី៩០។ មិន​ថ្វី​ទេ ដោយ​ប្រើ​ប្រាស់​និយមន័យ​របស់​លោក​ស្រី Wright ខ្ញុំ​សូម​ចង្អុល​បង្ហាញ​ថា ផែនទី​កម្ពុជា​ត្រូវ​បាន​រៀបចំ ឡើង​ដោយ​ពួក​ហូឡង់​នៅ​ដើម​ឆ្នាំ ១៦៤៤។ ផែនទី​ប្រវតិ្តសាស្រ្ត​ទីក្រុង​ភ្នំពេញ ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ក្រដាស​បួន​ទំព័រ​នៅ​ក្នុង​សៀវភៅ​ដែល​បោះពុម្ព​ផ្សាយ​នា​ពេល​ថ្មីៗ​នេះ ដែល​មាន​ចំណង​ជើង​ថា ការ​សម្លាប់​និង​ចលាចល​នៅ កម្ពុជា សតវត្សរ៍ ទី១៖ Anthony van Diemen vs. King Ramadhipati I ដែល​និពន្ធ​ដោយ Alfons van Der Kraan។
ដោយ​ប្រើ​ឯកសារ​យក​ចេញ​ពី​បណ្ណសារ​របស់​ជនជាតិ ហូឡង់ លោក Van Der Kraan បាន​រៀបរាប់​អំពី​ជម្លោះ​រយៈ​ពេល​វែង​រវាង​ក្រុមហ៊ុន Dutch East India និង កម្ពុជា នៅ​ទសវត្សរ៍​ឆ្នាំ ១៦៣០ និង ១៦៤០ ជា​ការ​ប្រឈម​តទល់​គ្នា​ដែល​បាន​កត់​សម្គាល់​នៅ​ទំព័រ​ខាង​ក្រោយ​នៃ​សៀវភៅ​ថា៖ «... មាន​លក្ខណៈ​ខុស​គ្នា នៃ​ប្រវតិ្តសាស្រ្ត រវាង​រដ្ឋ​អាស៊ី​អាគេ្នយ៍​ដី​គោក និង​មហា​អំណាច​អឺរ៉ុប»។
ហូឡង់ ដែល​គ្រប់​គ្រង ឥណ្ឌូនេស៊ី ពី Batavia (សព្វ​ថ្ងៃ ហ្សាការតា) ព្រួយ​បារម្ភ​អំពី​ការ​ទន្ទ្រាន​ពី​ពួក ព័រទុយហ្គាល់ លើ​ពាណិជ្ជកម្ម​ជាមួយ​នឹង ជប៉ុន ដោយ​ពួកគេ​បាន​បង្ហាញ​កន្លែង​ពាណិជ្ជកម្ម និង​ស្ថានទូត​នៅ កម្ពុជា ក្បែរ​ទីក្រុង ឧដុង្គ ដែល​ជា​រាជធានី​របស់​កម្ពុជា​នា​ពេល​នោះ។ ទំនាក់​ទំនង​មិន​ដែល​មាន​ភាព​ងាយ​ស្រួល​ឡើយ ខណៈ​ដែល​ពាណិជ្ជករ និង​ទ័ព​ស៊ី​ឈ្នួល​របស់ ព័រទុយហ្គាល់ បាន​នៅ​ទីតាំង​នោះ​រួច​ហើយ។ សរុប​មក​សកម្មភាព​ខុស​ច្បាប់ បាន​កើត​មាន​ជា​ទូទៅ​គ្រប់​ភាគី​ទាំង​អស់​ទំនាក់​ទំនង​កាន់​តែ​ជូរចត់។ ជនជាតិ ហូឡង់ ត្រូវ​បាន​គេ​សម្លាប់ ហើយ​នៅ​ថ្ងៃ ទី២៧ ខែ វិចិ្ឆកា ឆ្នាំ ១៦៤៣ បេសកកម្ម​របស់​ជនជាតិ ហូឡង់ ទាំង​មូល​ប្រហែល​ពី ២០ ទៅ ២៥ នាក់​ត្រូវ​បាន​សម្លាប់​រង្គាល​ដោយ​ទ័ព​របស់​ព្រះ​មហាក្សត្រ​កម្ពុជា​នៅ​ក្បែរ​ទីផ្សារ ឧដុង្គ។
ហូឡង់ ចង់​សង​សឹក​ហើយ​ក៏​បញ្ជូន​ក្រុម​នាវា​ចំនួន ៥ ពី Batavia នៅ​ខែ មីនា ឆ្នាំ ១៦៤៤ ហើយ​គេ​បាន​ធ្វើ​ដំណើរ​មក​ដល់ ភ្នំពេញ ហើយ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ដោយ​អ្នក​នាំ​សារ​របស់​ព្រះ​មហាក្សត្រ​ឲ្យ​ជិះ​ឡើង​តាម​ទន្លេ​សាប​ទៅ ឧដុង្គ ដើម្បី​ចរចា ប៉ុន្តែ​នៅ​ទី​នោះ​ពួក​គេ​បាន​ដឹង​ថា ពួក​គេ​ត្រូវ​គេ​បោក​ប្រាស់​ខណៈ​ដែល​កម្ពុជា​ត្រៀម​ខ្លួន​ធ្វើ​សង្គ្រាម។
ពេល​ពួក​គេ​មក​ដល់ ភ្នំពេញ វិញ​កម្ពុជា បាន​សាង​សង់​ស្ពាន​អណ្តែត​ចំនួន​ពីរ ឆ្លង​កាត់​ទន្លេ​សាប​ដើម្បី​ព្យាយាម​ដាក់​អន្ទាក់​ពួក ហូឡង់។ យោង​តាម​ផែនទី​សមរភូមិ​រនាំង​ជា​ស្ពាន​អណ្តែត ទី១ គឺ​នៅ​ក្បែរ​ស្ពាន ជ្រោយ​ចង្វារ ពេល​នេះ ហើយ​ស្ពាន​មួយ​ទៀត​គឺ​ឆ្លង​កាត់​ទន្លេ​ពី​សួនច្បារ​នៅ​សណ្ឋាគារ​សុខា ថ្មី ដល់ Hurly's Cantina។
ក្នុង​ព្រឹត្តិការណ៍​នោះ ទីបំផុត ហូឡង់ បាន​ឆ្លង​ផុត​ឧបសគ្គ​ទាំង​ពីរ ដោយ​ភាគី​ទាំង​សង​ខាង មាន​មនុស្ស​ស្លាប់​របួស ហើយ​បាន​វិល​ត្រឡប់​ទៅ Java វិញ។ ផែនទី​ដើម ដែល​ផលិត​ដោយ​ប្រើ​ក្រដាស​ស្រូវ​ជប៉ុន គឺ​ស្ថិត​នៅ​បណ្ណសារ​ជាតិ ហូឡង់ នៅ​ទីក្រុង ឡាអេ។ ប្រហែល​ជា​ស្ថានទូត ហូឡង់ នៅ បាងកក មាន​បំណង​សម្រួល​ថត​ចម្លង​ដើម្បី​បរិច្ចាគ​ឲ្យ​បណ្ណសារ​ជាតិ​កម្ពុជា?
យ៉ាង​ហោច​ណាស់​មាន​ផែនទី ហូឡង់ មួយ​ទៀត មុន​ផែនទី អង់គ្លេស ឆ្នាំ ១៨៦០។ វា​ជា​ផែនទី​ទីក្រុង លង្វែក ដែល​ជា​អតីត​រាជធានី​មួយ​ទៀត​របស់​កម្ពុជា​នៅ​ខាង​ជើង ឧដុង្គ ហើយ​បាន​ផលិត​នៅ​ឆ្នាំ ១៧៤៧។
ខ្ញុំ​ដឹង​ថា ផែនទី​នោះ​មាន ពិត ព្រោះ​ផែនទី​បោះពុម្ព​មួយ​គឺ​ព្យួរ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​របស់​ខ្ញុំ។ ខ្ញុំ​បាន​ទិញ​វា​ពី​ក្រុង បាងកក ហើយ​សង្ឃឹម​ថា ហូឡង់ នឹង​អាច​ឲ្យ​កម្ពុជា​ឃើញ​ផែនទី​ទាំង​នោះ​ផង​ដែរ៕ TK
លោក Michael Hayes ទីប្រឹក្សា​ជាន់​ខ្ពស់​អង្គការ Finnmap កម្ពុជា និង​អតីត​ចាងហ្វាង​កាសែត ភ្នំពេញ ប៉ុស្ដិ៍

http://www.postkhmer.com/national/letter-to-editor/109395-2014-01-17-03-30-40

Tuesday, January 14, 2014

អនុក្រឹត្យ ស្តីពី ការបន្ថែម​បៀវត្សមូលដ្ឋាន​ជូន​មន្ត្រី​រាជការស៊ីវិល

ការបង្កើន​ប្រាក់​អាហារប្រចាំ​ថ្ងៃ ជូនយោធិន នគរបាលជាតិ និង​មន្ត្រីពន្ធនាគារ និង​ការ​ផ្តល់​ប្រាក់​កម្រៃ​បន្ថែម​ជូន​គ្រូ​បង្រៀន​ជាប់​កិច្ចសន្យា

Tuesday, September 24, 2013

លោក​នាយក​​រដ្ឋ​មន្ត្រី ហ៊ុន សែន ព្រមាន​​សមាជិក​​គណៈរ​ដ្ឋ​​មន្ត្រី​​ឲ្យ​​ប្តូរ​​ឥរិយា​បថ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមាន​រដ្ឋមន្ត្រីរបស់ខ្លួន ក្នុងការប្រជុំ​គណៈរដ្ឋមន្ត្រី​ជាលើកដំបូង។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមាន​រដ្ឋមន្ត្រីរបស់ខ្លួន ក្នុងការប្រជុំ​គណៈរដ្ឋមន្ត្រី​ជាលើកដំបូង។
@rfi

ដោយ ប៉ែន បូណា
ក្នុងឱកាស​ប្រជុំ​គណៈរដ្ឋមន្ត្រី​ថ្មី​លើកដំបូង​នៃ​រដ្ឋាភិបាល​អាណត្តិ​ទី៥ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដំឡើង​សំឡេង​ខ្លាំងៗ​ដាក់​មន្ត្រី​របស់​ខ្លួន​ដោយ​សុំ​ឲ្យ​ពួកគេ​ផ្លាស់ប្តូរ​ឥរិយាបថ​និង​ការដឹកនាំ​ជាដាច់ខាត។ ប្រមុខ​រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​រដ្ឋបាល​សាធារណៈ​បើក​វេទិកា​សាធារណៈ​ដើម្បី​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចង្អុលមុខ​មន្ត្រី​ដែល​ធ្វើ​ខុស។ វិធានការ​ជាច្រើន​ត្រូវបាន​ប្រកាស​ក្នុង​គោលដៅ​បម្រើ​ពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព។


គ្មាន​ទៀតឡើយ​ការយោគយល់​និង​អត់ឱន​ដល់​មន្ត្រីក្រោមឱវាទ​ដែល​ប្រព្រឹត្ត​ខុស។ នេះ​ជា​ពាក្យ​បញ្ជា​ម៉ឺងម៉ាត់​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ចំពោះមុខ​សមាជិក​គណៈរដ្ឋមន្ត្រី​​ថ្មី​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ទី៥។ ក្រោយពី​បង្ហាញ​គោលនយោបាយ​និង​ការសន្យា​កំណែ​ទម្រង់​ដ៏​វែង​អន្លាយ​សំដៅ​បម្រើ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ឲ្យ​បានល្អ​ជាង​មុន លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ដំឡើង​សំឡេង​ដាក់​សមាជិក​គណៈរដ្ឋមន្ត្រីយ៉ាងខ្លាំងៗដោយ​សុំ​ឲ្យ​ពួកគេ​ផ្លាស់ប្តូរ​ឥរិយាបថ​ជា​ចាំបាច់។

ដើម្បី​ចាត់វិធានការ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​មន្ត្រី និង​ក៏ដូចជា​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​មានការ​រៀបចំ​ធ្វើ​វេទិកាសាធារណៈ​រវាង​មន្ត្រី និង​ប្រជាពលរដ្ឋ ឬ​រវាង​ប្រធាន​ស្ថាប័ន​ជាមួយ​មន្ត្រីក្រោមឱវាទ។

វិធី​នេះ​ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​ចាត់ទុកជា​ការឆ្លុះ​កញ្ចក់​ដើម្បី​ស្វែងយល់​ពី​កំ​ហយ​ស​ឆ្គង​របស់ខ្លួន។ នៅក្នុង​វេទិកាសាធារណៈ​ឬ​ហៅថា​ជា​សមាជ​ផ្ទៃក្នុង ប្រជាពលរដ្ឋ ឬ​មន្ត្រីរាជការ​មាន​សិទ្ធិ​ឡើង​ចង្អុល​មុខមន្ត្រី​ដែល​បាន​ប្រព្រឹត្ត​ខុសឆ្គង។

លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ព្រមាន​ដល់​រដ្ឋមន្ត្រី​របស់ខ្លួន​ឲ្យ​បញ្ឈប់​ការប្រើ​សិទ្ធ​អំណាច​គាបសង្កត់​ថ្នាក់ក្រោម ឬ​ការបង្កើត​បណ្តាញ​ក្រុមគ្រួសារ​ក្នុង​ក្រសួង​ដែល​ខ្លួន​ដឹកនាំ។ លោក​ទទួលស្គាល់ថា គណៈរដ្ឋមន្ត្រី​ថ្មី​មាន​សមាសភាព​ចាស់​ភាគច្រើន​ដដែល ប៉ុន្តែ មន្ត្រី​ចាស់​ទាំងនោះ​ត្រូវតែ​ផ្លាស់ប្តូរ​ឥរិយាបថ ហើយ​ចាប់យក​គំនិត​ថ្មី និង​របៀប​ដឹកនាំ​ថ្មី។ នៅឯ​ថ្នាក់មូលដ្ឋាន​វិញ អំពើពុករលួយ​តាមរយៈ​ការដាក់​កុងត្រូល​យកលុយ​តាមផ្លូវ ឬ​ការទារលុយ​ពី​ពលរដ្ឋ​ពេលធ្វើ​លិខិតស្នាម​ជាដើម​ត្រូវតែ​លុបបំបាត់​ជាដាច់ខាត។

ទន្ទឹមនឹងនោះ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ព្រមាន​រដ្ឋមន្ត្រី​របស់ខ្លួន​ឲ្យ​ទទួលខុសត្រូវ​ចំពោះ មុខ​រដ្ឋសភា​ទៀតផង។ លោក​បាន​រម្លឹកថា រដ្ឋមន្ត្រី​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​នាយករដ្ឋមន្ត្រី និង​រដ្ឋសភា។ ក្នុងន័យនេះ លោក​បាន​បើក​សិទ្ធិ​ឲ្យ​រដ្ឋសភា​កោះអញ្ជើញ​រដ្ឋមន្ត្រី​​ណា​ម្នាក់​មក​សាកសួរ​ឬ​ធ្វើ​ញត្តិ​ស្តីបន្ទោស​យ៉ាង​ពេញលេញ​ផងដែរ។ លើសពីនេះ លោកនាយក​រដ្ឋមន្ត្រី​ចាស់​អាណត្តិ​ថ្មី​ក៏បាន​សុំ​ឲ្យ​មន្ត្រី​របស់ខ្លួន​ទទួលយក​មតិ​រិះគន់​ស្ថាបនា​ពី​គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល ព្រមទាំង​ផ្តល់​តម្លៃ​ដល់​បណ្តាញ​ផ្សាយ​ព័ត៌មាន។

លោកនាយក​រដ្ឋមន្ត្រី​ក៏​មិន​ភ្លេច​សន្យា​លើកតម្កើង​ប្រជាធិបតេយ្យ នីតិរដ្ឋ និង​ការគោរព​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​របស់​ពល​រដ្ឋ​ផងដែរ។ យ៉ាងណាក៏ដោយ លោក​បានបញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា រដ្ឋាភិបាល​ប្រឆាំង​ជាដាច់ខាត​រាល់​សកម្មភាព​ឬ​ការ​ញុះញង់​ដែល​នាំ​ឲ្យ​មាន​អស្ថិរភាព និង​ចលាចល​សង្គម។

សូមបញ្ជាក់ថា ក្នុង​រយៈពេល​ពេញ​មួយ​ព្រឹក​នេះ កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថ្មី​នៅ​មិនទាន់​ចប់​នៅឡើយ​ទេ។ លោកនាយក​រដ្ឋមន្ត្រី​នៅ​បន្ត​បង្ហាញ​កំណែទម្រង់​ដ៏​វែង​អន្លាយ​លើ​គ្រប់​វិស័យ​ដោយ​ចាត់ទុក​កំណែទម្រង់​ជា​បញ្ហា​ស្លា​ប់រស់។ ការដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​ស៊ីវិល និង​ប្រដាប់អាវុធ​ក៏ត្រូវ​បានបង្ហាញ​ផងដែរ៕
http://www.khmer.rfi.fr/cambodia/20130925-cambodia-hun-sen-warn-minister

សភា​​និង​​រដ្ឋាភិ​បាល​៖ ទារក​​ដែល​​កើត​​មិន​​គ្រប់​​ទម្ងន់

ព្រះមហាក្សត្រ និងសមាជិកសភាថ្មី ថតរូបរួមគ្នា ក្នុងថ្ងៃបើក​ប្រជុំសភា​ លើកដំបូងថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៣។
ព្រះមហាក្សត្រ និងសមាជិកសភាថ្មី ថតរូបរួមគ្នា ក្នុងថ្ងៃបើក​ប្រជុំសភា​ លើកដំបូងថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៣។
@ reuters
ដោយ ប៉ែន បូណា
រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី៥បានកើត​ចេញ​ជា​រូបរាង​ហើយ​បន្ទាប់ពី​ការបោះឆ្នោត​អនុម័ត​​ដោយ​​អ្នក​តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​​ទាំង ៦៨ រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ព្រឹក​​ថ្ងៃ​​អង្គារ​​ទី ២៤ កញ្ញា​​ម្សិល​មិញ។ ប៉ុន្តែ អ្នក​តំណាងរាស្ត្រ​ជាប់ឆ្នោត​មួយ​ក្រុម​ទៀត​មកពី​គណបក្សប្រឆាំង​មិនបាន​ចូលប្រជុំ​សភា​ទេ។បញ្ហា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី៥នេះ​ត្រូវគេ​ប្រៀបប្រដូច​ទៅនឹង​ទារក​ដែល​កើត​មិន​គ្រប់​ទម្ងន់។ តើ​រដ្ឋសភា និង​រដ្ឋាភិបាល មិន​គ្រប់​ទម្ងន់​នឹងត្រូវ​ប្រឈម​មុខ​នឹង​ផលវិបាក​អ្វីខ្លះ?
អ្នក​ដែល​បាន​តាមដាន​ការវិវឌ្ឍ​នយោបាយ​កម្ពុ​ជា​ចុងក្រោយ​នេះ​ពិត​ជាមាន​អារម្មណ៍​ហួស​ចិត្ត​​ផង​​ឬ​សង្វេគ​ផង​ក៏​ថា​បាន។ សង្វេគ​នៅត្រង់ថា ក្រោយ​ការបោះឆ្នោត អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត​មួយក្រុម​ចូលប្រជុំ​សភា​និង​បានធ្វើ​សច្ចាប្រណិធាន​នៅក្នុង​ព្រះបរមរាជវាំង។ ចំណែក​តំណាងរាស្ត្រ​ជាប់ឆ្នោត​មួយក្រុម​ទៀត​បែរជា​ទៅ​ជួបជុំ​និង​ស្បថ​នៅ​ពីមុខ​ប្រាសាទ​អង្គរវត្ត​​ក្នុង​ខេត្តសៀមរាប​ឯណោះ​ទៅវិញ។

មិនតែប៉ុណ្ណោះ អ្នកតំណាងរាស្ត្រ​ទាំងពីរ​ក្រុម​នេះ​ដែល​ទទួលបាន​សំឡេងគាំទ្រ​ពី​ពលរដ្ឋ​ម្ចាស់​​ឆ្នោត​​ដូចគ្នា​បែរ​ទៅជា​ចង្អុលមុខ​គ្នា​ថា​ជា​អ្នក​រំលោភបំពាន​រដ្ឋធម្មនុញ្ញ​ទៅវិញ។ តើ​អ្នក​ណា​ជា​អ្នករំលោភ​រដ្ឋធម្មនុញ្ញ? សំណួរ​នេះ សូម​ទុក​ឲ្យ​អ្នកច្បាប់​ទាំងឡាយ​បកស្រាយ​ទៅ​ចុះ ប៉ុន្តែ អ្វីដែល​គេ​អាច​មើលឃើញ​ច្បាស់​នៅពេលនេះ​គឺ ផលវិបាក​របស់​វា​បានធ្វើ​ឲ្យ​រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី​ក្រោយ​ការបោះឆ្នោត​មាន​លក្ខណៈ​មិន​គ្រប់គ្រាន់​ប្រៀបបាន​នឹង​ទារក​ដែល​កើតមក​មិន​គ្រប់​ទម្ងន់​ដែល​ត្រូវ​ទទួល​ការព្យាបាល​ជា​ចាំបាច់។

ជាការ​ពិតណាស់ វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត​ជា​រឿង​ដែល​បាន​កើតឡើង​ស្ទើរតែ​ស៊ាំ​​ទៅហើយ។ លើក​ណា​ក៏ដូចជា​លើក​ណា​ដែរ ឲ្យ​តែ​បោះឆ្នោត​ហើយ គណបក្ស​ដែល​ទទួល​​បាន​សំឡេងគាំទ្រ​ក្នុង​សភា​មិនដែល​បាន​ចូលប្រជុំ​សភា​ដោយ​ស្រុះស្រួល​គ្នា​ឡើយ។ ទោះជា​ត្រូវ​ចូលប្រជុំ​ទាំងអស់គ្នា ក៏​ពួកគេ​បាន​ឆ្លងកាត់​ជម្លោះ​បែកផ្សែង​ជាច្រើន​ខែ​រួច​ទៅ​ហើយ​​ដែរ។ តើ​នេះ​ជា​ចំណុចខ្សោយ​របស់​អ្នកនយោបាយ​ខ្មែរ​ដែល​មិនអាច​កែ​បាន​មែនឬ?

លើក​នេះ​អា​ចាត់ទុកថា​ជា​សំណាងល្អ​ទៅ​ចុះ​សម្រាប់​គណបក្ស​កាន់អំណាច​ដោយសារ​ការ​បង្កើត​​រដ្ឋាភិបាល​មិន​ទាមទារ​ឲ្យ​មាន​សំឡេង​គាំទ្រ​ពីរ​ភាគ​បី​ដូច​កាល​ពីលើក​មុន។ ប្រសិន​បើ​មិន​ដូច្នោះ​ទេ ម្ល៉េះ​សម​ការបង្កើត​រដ្ឋាភិបាល​ថ្មី​ត្រូវ​ជាប់គាំង​ជាច្រើន​ខែ​តទៅ​ទៀត​ជាមិនខាន។

ទោះបីជា​ការ​ជាប់គាំង​ត្រូវបាន​បញ្ចៀស​មែន ប៉ុន្តែ រដ្ឋសភា​និង​រដ្ឋាភិបាល​ថ្មី​ដែល​ទើបតែ​កើតចេញ​នៅពេលនេះ​ក៏​នៅមាន​ចំណុច​ប្រឈម​ចំពោះមុខ​ជាច្រើន​ទៀត​ដែរ៖ចំណុច​ប្រឈម​​ទី១​គឺ ការ​ទប់ទល់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុងស្ថិត​នៅក្រៅ​រដ្ឋសភា។ មិន​​ថា​​មហា​បាតុកម្ម ឬ​ជា​សកម្មភាព​អ្វី​ផ្សេង​ទៀតឡើយ​សុទ្ធតែជា​រំខាន​ដល់​ដំណើរ​របស់​រដ្ឋាភិបាល​​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ពីព្រោះ​អ្នក​តំណាងរាស្ត្រ ៥៥ នាក់​តំណាង​ឲ្យ​អ្នកបោះឆ្នោត​ជិត ៣លាន​នាក់​ចេញ​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​គ្រប់បែបយ៉ាង​មិនមែន​ជា​​រឿង​​សាមញ្ញ​ពេក​នោះឡើយ។

ចំណុច​ប្រឈម​ទី២ គឺ​រដ្ឋសភា​និង​រដ្ឋាភិបាល​ដែលមាន​ទម្ងន់​មិន​គ្រប់គ្រាន់​នឹងធ្វើ​ឲ្យ​ស្ថាប័នរដ្ឋ​​ទាំងពីរ​មាន​រូបភាព​មិនសូវ​ល្អ​ទាំង​នៅក្នុង​ឆាកនយោបាយ​ជាតិ និង​នៅលើ​ឆាក​អន្តរជាតិ។ ជាក់ស្តែង បណ្តា​ប្រទេស​មួយចំនួន​ដូចជា​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ជា​ដើម​​នៅតែ​បន្ត​ជំរុញ​ឲ្យ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​ចូលរួម​ក្នុង​រដ្ឋសភា​ដដែល។ នេះ​មាន​ន័យ​ថា បណ្តា​ប្រទេស​ទាំងនោះ​នៅ​មិនទាន់​ផ្តល់​តម្លៃ​ពេញលេញ​ដល់​រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​នោះឡើយ​ទេ។

ដូច្នេះ ខណៈដែល​រដ្ឋាភិបាល​ថ្មី​នេះ​មិនសូវមាន​ទឹកមាត់ប្រៃ​ជាមួយ​សហគមន៍​អន្តរជាតិ រីឯ​នៅ​ជ្រុង​ម្ខាង​ទៀត រវល់​តែ​ចំណាយ​កម្លាំង និង​ធនធាន​សម្រាប់​ទប់ទល់​ជាមួយ​បក្សប្រឆាំង​នោះ តើ​រដ្ឋាភិបាល​មាន​ពេលវេលា និង​ថាមពល​ល​គ្រប់គ្រាន់​ដែរឬទេ​សម្រាប់​អនុវត្ត​នយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​ដែល​ខ្លួន​ត្រូវធ្វើ​ក្នុង​គ្រប់​វិស័យ​ដូច​ការសន្យា​នោះ? ទាំងនេះ​គឺជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ណាស់​របស់​រដ្ឋាភិបាល​អាណត្តិ​ទី។

ពិត​ហើយ​ថា អាចមាន​អ្នកខ្លះ​សប្បាយ​ចិត្តនឹង​ឃើញ​ស្ថានភាព​បែបនេះ ប៉ុន្តែ សូម​កុំភ្លេចថា ផលវិបាក​របស់​វា​នឹង​ធ្លាក់​ទៅលើ​ពលក​រដ្ឋ​ខ្មែរ​គ្រប់គ្នា​មុនគេ។ ដូច្នេះ ប្រសិនបើ​អាច​បញ្ចប់​បាន​នៅ​មិនទាន់​ហួសពេល​ទេ​ដែល​អ្នកនយោបាយ​គួរតែ​រិះរក​មធ្យោបាយ​ស្រុះស្រួល​គ្នា​ដើម្បី​ពង្រឹង​រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី​ឲ្យ​មាន​កម្លាំង​ជាង​នេះ។ ក្នុងន័យនេះ គណបក្ស​ទាំងពីរ​គួរតែ​ងាក​មករក​ការចរចា​គ្នា​ជាថ្មី​ហើយ​រក​ច្រក​ណាមួយ​សមរម្យ​ដែល​អនុញ្ញាត​ឲ្យ​គណបក្ស​ទាំងពីរ​មានលទ្ធភាព​តស៊ូ​នយោបាយ​ជាមួយគ្នា​ប្រកបដោយ​តុល្យភាព​នៅក្នុង​រដ្ឋសភា។ នេះ​ជា​វិធី​ដ៏​ល្អ​បំផុត​មួយ។

ផ្ទុយទៅវិញ ការបន្ត​បែរខ្នង​ដាក់គ្នា​ហើយ​នៅតែ​ប្រើ​ទម្លាប់​យកឈ្នះ​ចិត្ត​គ្នា​ទៅវិញទៅមក​ដោយ​ម្ខាង​សម្អាង​លើ​សំឡេង​ភាគច្រើន​ដាច់ខាត​ដែល​ខ្លួន​អាចធ្វើ​អ្វី​ក៏បាន រីឯ​ម្ខាង​ទៀត​សម្អាង​លើ​សន្ទុះ​ចិត្ត​អ្នកគាំទ្រ​ហើយ​បន្ត​តស៊ូ​គ្រប់​រូបភាព​នៅក្រៅ​រដ្ឋសភា​នោះ ទីបំផុត ភាគី​ទាំងពីរ​នឹង​ខាតបង់​ទាំងអស់គ្នា។ អ្នក​ដែល​ខាតបង់​ធ្ងន់​ជាងគេ​គឺ​ប្រទេសជាតិ​និង​ប្រជា​ពល​រដ្ឋ​ខ្មែរ៕
ផ្សាយបន្តទាំងស្រុងពី៖ ទំព័រ​ដើម

ប្រសាសន៍សំខាន់ របស់សម្តេចតេជោ ហ៊ុន សែន សម្រាប់កំណែទម្រង់ រាជរដ្ឋាភិបាលថ្មី (មានសំឡេង)

E-mailPrintPDF
សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូង សម្រាប់រាជរដ្ឋាភិបាល អាណត្តិថ្មីបានលត់មន្រ្តី របស់សម្តេចយ៉ាងចាស់ដៃ និងធ្ងន់ៗ។
- សម្តេចតេជោ បានស្នើឲ្យបង្កើតវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដើម្បីស្តាប់មតិ ប្រជាពលរដ្ឋ។ សម្តេចបន្តថា សម័យនេះ ប្រជាពលរដ្ឋហ៊ានចង្អុលមុខមន្រ្តី សម្តេចស្នើឲ្យប្រជាពលរដ្ឋ បើមេឃុំ មេស្រុក មេខេត្ត មេប៉ូលិសខុស ចង្អុលឲ្យចំៗមុខៗតែម្តង។ សម្តេចបញ្ជាក់ថា វេទិកាត្រូវតែធ្វើជាមួយប្រជាពលរដ្ឋ មិនមែនធ្វើជាមួយគណបក្សនោះទេ ត្រូវតែធ្វើជាមួយប្រជាពលរដ្ឋគ្រប់និន្នការ ដើម្បីធ្វើជាកញ្ចក់ឆ្លុះបញ្ចាំង។
- សម្តេច ក៏បានជំរុញរដ្ឋមន្រ្តីតាមក្រសួងឈប់ដើរពើងទ្រូង ត្រូវអង្គុយនិយាយគ្នាជាមួយមន្រ្តីថ្នាក់ក្រោម និងចេះ ពិភាក្សាផ្ទៃក្នុង ដើម្បីកែតម្រូវគ្នា។
- សម្តេច បានហៅកុងត្រូលជជុះ ថាជាបញ្ហាជ្រាំដែល ហើយបញ្ជាឲ្យលប់បំបាត់ឲ្យបាននៅអាណត្តិថ្មី រួមទាំងអំពើ ពុករលួយកើតចេញពីការធ្វើលិខិតស្នាមនានាផងដែរ។
- សម្តេចឲ្យមន្រ្តីទាំងអស់ផ្លាស់ប្តូរកាតគិត ឥរិយាបថ ដើម្បីឆ្លើយតបទៅនិងការចង់បាន របស់ប្រជាពលរដ្ឋ។ សម្តេច បញ្ជាក់ថា បើមិនកែ មានការផ្លាស់ប្តូរ រដ្ឋមន្រ្តី កុំបន្ទោសសម្តេច។
- សម្តេចដាក់បទបញ្ជាធ្ងន់ៗ ឲ្យលប់បំបាត់ការគ្រប់គ្រងក្រសួងលក្ខណៈគ្រួសារ បញ្ឈប់វប្បធម៌ ប្តីស័ក្តិ៣ ប្រពន្ធ ស័ក្តិ៤ កូនស័ក្តិ៥ ប្រសិនបើមានករណីនេះ សម្តេចនិងធ្វើកំណែទម្រង់ ដោយសម្តេចមិនទុកឲ្យនាំគ្រោះថ្នាក់ដល់ សម្តេច និងរាជរដ្ឋាភិបាលនោះទេ។
- សម្តេចក៏បានមានប្រាសាសន៍ ឲ្យមន្រ្តីរាជរដ្ឋាភិបាល កាត់បន្ថយការធ្វើខួបកំណើត ដោយសម្តេចបញ្ជាក់ថា ការ ធ្វើខួបកំណើតនេះ ជាការដាក់គំនាបទៅលើមន្រ្តីក្រោមឱវាទ និងនាំឲ្យមន្រ្តីស្អប់ខ្ពើម។
- សម្តេចបានបញ្ជាក់ថា នៅអាណត្តិថ្មីនេះ បក្សប្រឆាំងនៅក្នុងរដ្ឋសភាមានសិទ្ធិកោះហៅ មន្រ្តីតាមក្រសួងទៅសួរ នាំ ហើយអាចដាក់ញ្ញត្តិដកសេចក្តីទុកចិត្ត។ សម្តេចបញ្ជាក់ថា សម្តេចឈប់អាណិត ឬជួយទៀតហើយ។
- សម្តេចបើកចំហរឲ្យមានសុំឱ្យមានរបបប្រជុំមួយ ដែលមានចាប់ពីមន្រ្តីមុខងារនយោបាយ ថ្នាក់នាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ធ្វើឱ្យមានការទិទៀន នាយករដ្ឋមន្រ្តី ទិទៀន ឧបនាយករដ្ឋមន្រ្តី...។ អ្នកត្រួតពិនិត្យខ្ញុំ គឺចាប់ពីមន្រ្តីមុខងារនយោបាយឡើង។
- សម្តេចបន្តថា មានតែវេទិកាសាធារណៈទេ ទើបអាចធ្វើកំណែទម្រង់បាន។
- សម្តេចបញ្ជាក់ថា ក្រសួងជាក្រសួងរបស់ជាតិ កុំយកក្រសួងទៅធ្វើជារបស់ផ្ទាល់ខ្លួន។ សម្តេចបានបញ្ជាក់ថា បើសម្តេចមានប្រសាសន៍ប៉ុណ្ណឹងហើយ មិនអាចធ្វើបាន នឹងឈានចូលដល់ការការព្យាបាលវះកាត់ ដែលរួមមាន ការដកហូតតំណែង ចាប់ខ្លួន និងដាក់ពាក្យបណ្តឹងទៅតុលាការ។
-សូមឱ្យអស់លោក មន្រ្តីអានកាសែត និង មើលទូរទស្សន៍ផង។ មួយជីវិត ខ្ញុំ ព័ត៌មាន ប្រៀបបានទៅនឹងបាយ និង បារី។ រដ្ឋាភិបាល អត់មានផែនការបិទហ្វេសប៊ុកទេ។
-សូមជម្រាបមន្រ្តីរាជការ ទាំងអស់ឱ្យបានជ្រាប ថា បើមានលុយបើកប្រាក់ខែ មិនចាំឱ្យគេមកឃោសនា យក សន្លឹកឆ្នោតបាននោះទេ។ ដោយសារវាអត់លុយ បើមានលុយឱ្យដល់២លានរៀល វាមិនល្អ ចាំបាច់ឱ្យគេមក ឃោសនា។ អត់មានប្រទេសណារដ្ឋាភិបាល ទៅខ្ចីបុល ពីបរទេស មកបើកប្រាក់ខែនោះទេ មានតែប្រទេសក្រិច មួយទេ។
Photo by DAP-NEWS
ប្រភព៖ ដើមអម្ពិល