Showing posts with label RFIខេមរភាសា. Show all posts
Showing posts with label RFIខេមរភាសា. Show all posts

Friday, February 14, 2014

គុណ​ភាព​អប់​រំ​នៅ​ឧត្តម​សិក្សា៖ កំ​ណែ​ទម្រង់​ជាក់​ស្តែង​បាន​ចាប់​ផ្តើម​ហើយ​

និស្សិតទទួលសញ្ញាបត្របញ្ចប់ការសិក្សា​ជាធនធានមនុស្សថ្មី​​របស់កម្ពុជា​
និស្សិតទទួលសញ្ញាបត្របញ្ចប់ការសិក្សា​ជាធនធានមនុស្សថ្មី​​របស់កម្ពុជា​
Siv Channa/RFI
ដោយ ឯម មាឃ
កំ​ណែ​ទម្រង់ ដែល​សំ​ដៅ​លើ​ការ​ពង្រឹង​គុណ​ភាព​អប់រំ​កម្រិត​ឧត្តម​សិក្សា​នៅ​កម្ពុជា កំពុង​ប្រ​ព្រឹត្ត​ទៅ។ ការ​ប្រែ​ប្រួល​ជាក់​ស្តែង​បាន​លេច រូប​រាង​ខ្លះ​ហើយ នៅ​ពេល​ដែល​ក្រ​សួង​អប់រំ​ទុក​ឱ្យ​គ្រឹះ​ស្ថាន​ឧត្តម​សិ​ក្សា​នី​មួយ​ៗ​ទទួល​ខុស​ត្រូវ​លើ​ខ្លួន​ឯង​ច្រើន​ជាង​មុន ក្នុង​ការ​បណ្តុះ​បណ្តាល​និស្សិត។ ជំ​ហាន​ដំបូង​ៗ​នៃ​ដំ​ណើរ​ការ​នេះ​គឺ​ការ​កែ​លំ​អរ​លទ្ធ​ផល​នៃ​ការ​អប់រំ ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទី​ផ្សារ​ការ​ងារ និង​ធន​ធាន​សម្រាប់​ការ​បណ្តុះ​បណ្តាល។ ក្នុង​នោះ ការ​លើក​កម្ពស់​ការ​ងា​រ​ស្រាវ​ជ្រាវ​ក៏​ជា​អ្វី​ដែល​ក្រ​សួង​អប់រំ​និង​អ្នក​ពាក់​ព័ន្ធ​កំ​ពុង​អនុវត្ត​

ផ្សាយបន្តទាំងស្រុកពី RFI ភាសាខ្មែរ

Thursday, December 26, 2013

លោក សន ជ័យ​៖​«​បាត់បង់​សៀវភៅ​សិ​ក្សា​គោល ប៉ះ​ពាល់​គុណភាព​អប់រំ និង​អភិបាល​កិច្ច​ក្នុង​វិស័យ​អប់រំ​»​



ស្តាប់
បញ្ចូល​ទៅ​ក្នុង Playlist របស់​ខ្ញុំ
ចម្លងទុក
Embed

ដោយ លាង ដឺលុច
ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់វិទ្យុបារាំងអន្តរជាតិ​នៅ​ថ្ងៃ​នេះ គឺ​លោក​សន ជ័យ តំណាង​សម្ព័ន្ធ​គណនេយ្យ​ភាព​​សង្គម​ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​បារាំង​​អន្តរជាតិ​នៅ​ថ្ងៃ​នេះ លោក​សន ជ័យ​បាន​បង្ហាញ​ក្តីព្រួយ​បារម្ភ​អំពី​ការ​បាត់​បង់​គុណភាព​​អប់រំ​ និង​កង្វះខាត​អភិបាលកិច្ច​ក្នុង​វិស័យ​អប់រំ តាម​រយៈ​ការ​បាត់បង់​សៀវភៅ​សិក្សា​​គោល​សម្រាប់​គ្រូបង្រៀន និង​សិស្ស។ របាយការណ៍បាន​បង្ហាញ​ថា សៀវភៅ​សិក្សា​គោល​​នេះ​​ មិនត្រូវ​បាន​ចែកចាយ​ ​នៅ​គ្រប់​សាលារៀន​នោះឡើយ ហើយ​បែរជា​គេ​ឃើញ​មាន​លក់​​នៅ​​តាម​​ទី​ផ្សារ​​ទៅ​វិញ។

ប្រភព៖ http://www.khmer.rfi.fr/sorn-guess-interview-26-12-2013

Wednesday, October 30, 2013

តើ​ពេល​ណា​ទើប​បញ្ចប់​វប្បធម៌​លួច​ចម្លង​ស្នាដៃ​?
ការ​បង្ក្រាប CD ខុសច្បាប់​ កាល​ពី​ពេល​កន្លង​ទៅ
ការ​បង្ក្រាប CD ខុសច្បាប់​ កាល​ពី​ពេល​កន្លង​ទៅ
@RFI
ដោយ លាង ដឺលុច
ការ​លួច​ចម្លង​ស្នាដៃ ដូច​ជា សៀវភៅ និងអត្ថបទ​​សារព័ត៌មាន​ លួច​ចម្លង​ផលិតផល​សិល្បៈ​ចម្រៀង និង​វីដេអូ​ជា​ដើម បាន​ក្លាយ​ទៅ​ជា​វប្បធម៌​ទៅ​ហើយ​ នៅ​ពេល​ដែល​គេ​មិន​ដឹង​ថា តើ​ច្បាប់​ស្តី​កម្មសិទ្ធិ​បញ្ញា​នឹង​ត្រូវ​គេ​អនុវត្ត​នៅ​ពេល​ណា​នៅ​កម្ពុជា។ ការ​បណ្តែត​បណ្តោយ​អោយ​សកម្មភាព​នៃ​ការ​លួច​ចម្លង​នេះ ​នៅ​ប្រព្រឹត្តិ​ទៅ​ដោយ​គ្មាន​វិធាន​ការ​អ្វី​សោះ​យ៉ាង​ដូច្នេះ វា​កំពុង​ធ្វើ​អោយ​អ្នក​និពន្ធ និង​ផលិតករ​នានា​បន្ត​បាក់​ទឹក​ចិត្ត នឹង​ទទួល​រង​ភាព​អយុត្តិធម៌​។ បើ​មិន​ទាន់​អនុវត្ត​ច្បាប់ តើ​អាច​មាន​យុទ្ធនាការ​អប់រំ​ផ្នែក​សីលធម៌ ដើម្បី​កាត់​បន្ថយ​ការ​លួ​ចម្លង​នេះ មុន​មាន​ការ​អនុវត្ត​ន៍​ច្បាប់​ជំនាញ​ដែរ​ឬ​ទេ?
ការ​លួច​ចម្លងស្នាដៃ​នៅ​កម្ពុជា វា​បាន​ក្លាយជា​ប្រធាន​បទ​ដែល​គេ​សឹង​តែ​ឈប់​និយាយ​ទៅវិញ​ហើយ។ គេ​ឈប់​និយាយ​ពីព្រោះ វា​បាន​ក្លាយជា​វប្បធម៌ ឬ​ជាសកម្មភាព​យ៉ាង​សាមញ្ញ​មួយ​នៅ​កម្ពុជា។ សៀវភៅ​ចេញ​ថ្មី​ភ្លាម ក៏​មានច្បាប់ចម្លង​ដាក់​លក់​ទន្ទឹម​គ្នា​ដែរ ដោ​យ​គ្មាន​ការ​ខ្លាចរអា ខ្លាច​ញញើត​ម្ចាស់​កម្មសិទ្ធិ​បន្តិច​សោះ​ឡើយ។ CD និង​ VCD ចម្រៀង ក៏ដូចគ្នា។ អត្ថបទ​សារព័ត៌មាន​​តាម​គេហទំព័រ​ ក៏​រឹត​តែ​ស្រួល​ចម្លង​ទៀត។ អ្នកខ្លះ​គ្រាន់តែ​បង្កើត​អសយដ្ឋាន​គេហទំព័រ​មួយ ហើយ​លួច​អត្ថបទ​គ្រប់​បែប​យ៉ាង​​មក​បំពេញ​ទំព័រ​របស់​ខ្លួន​ ក៏​រួច​ជាស្រេច។ សកម្មភាព​អសីលធម៌ និង​គ្មាន​មនសិការ​នេះ កំពុង​តែ​រីក​ដុះដាល​យ៉ាង​សេរី និង​យ៉ាង​ទូលំទូលាយ។
អ្នក​ផលិត CD VCDចម្រៀង អ្នកនិពន្ធ​សៀវភៅ អ្នក​និពន្ធ​អត្ថបទ​កាសែត​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​តែ​បាក់​ទឹក​ចិត្ត និង​ក្លាយ​ជា​ជនរងគ្រោះ​​នៃ​វប្បធម៌​អសីលធម៌​មួយ​នេះ។

ជា​ការ​ពិត ការ​លួច​ចម្លង​ស្នាដៃ​នេះ​មាន​គុណ​សម្បត្តិ​ខ្លះ​ដែរ​ នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​កម្ពុជា។ និយាយ​អំពី​ស្នាដៃ​មួយ​ចំនួន​ដូចជា​សៀវភៅ​អាន ផលិតផល​សិល្បៈ​ចម្រៀង និង​ភាពយន្ត។ ច្បាប់​ចម្លង ឬ​របស់​ក្លែងក្លាយ​នៃ​ផលិតិផល​ទាំងនេះ ​ដែល​ក្រុម​ឈ្មួញ​ទុច្ចរិត​​បាន​លួច​ធ្វើ​នោះ ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ​ថោកជាង​ច្បាប់​ដើម។ ដូច្នេះ ផលិតផល​ក្លែងក្លាយ​នេះ បាន​បម្រើ​ផលប្រយោជន៍​ប្រជាជន​ក្រីក្រ​ខ្លះ​ដែរ។

នៅ​ក្នុងវិស័យ​សារព័ត៌មាន​វិញ ក្រុម​ហ៊ុនសារព័ត៌មាន​ខ្លះ​ដែល​មិនមាន​ធនធាន​គ្រប់គ្រាន់នោះ ក៏​មានតែ​រង់ចាំ​លួច​ចម្លង​យក​អត្ថបទ​របស់​គេ ពី​ឆ្វេង​ពីស្តាំ​មក​ធ្វើ​ជា​របស់​ខ្លួន។ អ្នកខ្លះ​ទៀត លួច​ចម្លង​របស់​ម្ចាស់​ដើម​ទាំង​ដុល ដោយ​គ្មាន​កែ​សម្រួល​បន្តិច​ឡើយ ហើយ​ក៏​មិនទាំង​ប្រាប់​ប្រភព​ម្ចាស់​ដើម​នៃ​អត្ថបទ​នោះ​ទៀត​ផង។ ហើយ​ជំនួញ​របស់​ពួកគេ​ ក៏​ចេះ​តែ​រស់​ដោយ​អំពើ​អសីលធម៌ និង​គ្មាន​មនសិការ​នេះ​ទៅ។

និយាយ​ត្រង់​នេះ ប្រយោជន៍​ ឬ​គុណសម្បត្តិ​វា​បាន​កើត​មាន​ដល់​មហាជន​ទូទៅ​ដែល​មាន​ជីវភាព​ខ្សត់​ខ្សោយ​មែនហើយ ហើយ​គេ​ក៏​អាច​ចាត់​ទុក​ថា វា​ជា​ចំណែក​មួយ​នៃ​ការ​ផ្សព្វផ្សាយ​ចំណេះដឹង កា​រ​អប់រំ ឬ​ព័ត៌មាន​ទៅ​ដល់​ក្រុម​មនុស្សដែល​​លទ្ធភាព​ពួកគេ​នៅ​មា​ន​កម្រិត​។

ប៉ុន្តែ ប្រសិន​បើ​គេ​ប្រៀបធៀប​​គុណសម្បតិ្ត​ជាមួយ​នឹង​គុណ​វិបត្តិ​វិញ គុណវិបត្តិ​ពិត​ជា​មាន​ធំធេង​ណាស់ ចំពោះ​អនាគត​នៃ​សង្គម​កម្ពុជា។ ជា​បឋម គេ​មិន​ត្រូវ​ភ្លេច​ទេ​ថា ការ​លួច​ចម្លង​ស្នាដៃ​ ឬ​ការ​លួច​ចម្លង​កម្មសិទ្ធិ​បញ្ញា​ គឺ​ជា​ទង្វើ​ផ្ទុយ​​ច្បាប់។ វៀរ​​លែង​តែ​កម្ពុជា ជា​រដ្ឋ​ដែល​ចាត់ទុក​ទង្វើ​ផ្ទុយ​ច្បាប់​ ជា​បញ្ហា​ធម្មតា។

បន្ទាប់​មក​ទៀត គេ​ត្រូវ​​គិត​ថា ការ​លួច​ចម្លង​ស្នាដៃ​នឹង​សម្លាប់​អ្នក​ផលិត​ និង​​អ្នកនិពន្ធ​ទាំងឡាយ។  អ្នក​និពន្ធ​សៀវភៅ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​តែ​បន្ត​​និយាយទាំងអស់​សង្ឃឹម​​​ថា ពួកគេ​ឈប់​និពន្ធ​សៀវភៅ​លក់​ទៀត​ហើយ​ ពីព្រោះ​​ពួកគេ​បោះ​ពុម្ព​មិន​ទាន់អ្នក​​លួច​ចម្លង​លក់នោះទេ។ អ្នកនិពន្ធ​អត្ថបទ​កាសែត ​និង​អ្នក​ផលិត​ចម្រៀងក៏​មាន​អារម្មណ៍​មិនសូវ​ខុសគ្នា​​ពី​អ្នក​សរសេរ​សៀវភៅ​នោះ។ ការ​នេះ​​វា​កំពុង​តែ​នាំ​ក្រុម​អ្នកនិពន្ធ និង​ផលិតករ​នានា​បោះបង់​អាជីព​របស់​ពួកគេ​ចោល។ ពួកគេ​ទាំងនេះ​មិន​អាច​បញ្ចេញ​បញ្ញាញាណ​ សម្រាប់​តែ​ការ​លួច​ចម្លង​នោះ​ដែរ។

និយាយ​យ៉ាង​ដូច្នេះ​ មិន​មែន​មាន​ន័យថា កន្លងមក​គ្មាន​ការ​បង្ក្រាប​នោះទេ។ ប៉ុន្តែ​ ការ​បង្ក្រាប​បទល្មើស​​មួយនេះ មិនខុស​ពី​ការ​បង្ក្រាប​បទ​ល្មើស​ផ្សេងទៀត ដែល​ត្រូវបាន​គេ​មើល​ឃើញថា ដូច​ជា​ការ​វែកចក។ គេ​ក៏ស​ង្កេត​ឃើញថា នៅ​ពេល​ណា​មាន​ករណីបង្ក្រាប​ម្តង​ៗ ពេល​នោះ​ក្រុម​ឈ្មួញ​ទុច្ចរិត​ គ្រាន់តែ​បន្ថយ​សកម្មភាព​បន្តិច​ប៉ុណ្ណោះ។ ប៉ុន្តែ​ ក្រោយ​មក​ទៀត នៅ​ពេល​ស្ងប់ស្ងាត់​នៃ​ការ​បង្ក្រាប​នោះ អ្វីៗ​បាន​វិល​មក​ធម្មតា​ដដែល។ គឺ​លួច​ចម្លង លក់​ដដែល។

និយាយ​អំពី​វិធានការ​ទប់ស្កាត់​ការ​លួច​ចម្លងនេះ ប្រសិន​បើ​គេ​មើល​ករណី​បង្ក្រាប​ដែល​បាន​ធ្វើ​អោយ​ថមថយ​ការ​ចេញ​របស់​ក្លែងក្លាយ ឬ​របស់​ចម្លងនោះទៅ គឺ​បាន​ន័យ​ថា ក្រុម​ឈ្មួញ​ទុច្ចរិត​ក៏​ខ្លាច​ការ​អនុវត្ត​ន៍​ច្បាប់​ដែរ។ ដូច្នេះ​ វិធានការ​ប្រសិទ្ធភាព​មួយ​នោះ គឺ​ការ​បង្ក្រាប​ជា​ប្រចាំ​លើ​គ្រប់​ផលិតផល​លួច​ច​ម្លង ទាំង​ប្រភេទ​ផលិត​ផល​សិល្បៈ​ចម្រៀង ភាពយន្ត និង​សៀវភៅ​ជាដើម។ ប្រការ​​សំខាន់នោះ គឺ​ព្រមាន​អំពី​ការ​អនុវត្តន៍​អោយតឹងរ៉ឹង​នូវ​ច្បាប់​កម្មសិទ្ធិ​បញ្ញា។

វិធាន​ការ​មួយ​ទៀតនោះ គឺ​យុទ្ធនា​ការ​អប់រំ។ អប់រំ​អោយ​មនុស្ស​ទូទៅ ពិសេស​អ្នកលួច​ចម្លង​នោះ អោយពួកគេ​មាន​សតិសម្បជញ្ញៈ​ឡើងវិញ អោយពួកគេ​យល់​ថា ការ​លួច​ចម្លង​​បញ្ញា គឺ​ជា​​អំពើ​អសីលធម៌ គ្មាន​មនសិការ។ និង​ចុងក្រោយ​នោះ គឺ​កំលាំង​អតិថិជន​វិញ។ អតិថិជន​ត្រូវ​តែ​បដិសេធ​​ផលិតផល​ចម្លង និង​ក្លែងក្លាយ ហើយ​ត្រូវ​មាន​អារម្មណ៍​មោទនៈ​ ចំពោះ​ផលិតផល​ដើម និង​ផលិតផល​ពិត។ ប្រសិន​បើ​ គេ​អាច​អនុវត្ត​វិធាន​ការ​ទាំងនេះ​បាន​មែន នោះ​កម្ពុជា​នឹង​ប្រាកដ​ជា​មាន​អ្នកនិពន្ធ​ចម្រុះ មាន​ការ​បង្កើត​ស្នាដៃ​ថ្មី គំនិត​ច្នៃ​ប្រឌិត​ថ្មី ដោយ​គ្មាន​ក្តី​បារម្ភ​អំពី​ការ​លួច​ចម្លង​ស្នាដៃ​ទៀត​នោះ​ឡើយ៕

ផ្សាយបន្តពី ទំព័រ​ដើម

ខ្ទឹម​មិត្ត​ល្អ​របស់​បេះដូង ?

ខ្ទឹម​ស
ខ្ទឹម​ស
© wikipedia
ដោយ អៀង សុខម៉ិញ
ខ្ទឹម​ស ដែល​​​ជា​គ្រឿង​ផ្សំ​ដ៏​ចំណាន​ និង​សំខាន់​បំផុត​មួយ សម្រាប់​បង្កើន​​​​​រសជាតិ និង​ក្លិន​ឈ្ងុយឈ្ងប់​ដល់​ម្ហូប​ក្នុង​ចាន​ ក៏​ជា​សារធាតុ​ផ្សំ​​ថ្នាំ​តាម​បែប​ធម្មជាតិ​ដ៏​មាន​មហិទ្ធិរិទ្ធ​ នា​សម័យ​បច្ចុប្បន្ន​នេះ។ មុន​ការ​រក​ឃើញ​ឱសថ​ទំនើប​​ ដូច​ដែល​យើង​មាន​ប្រើ​សព្វថ្ងៃ​នេះ​ ខ្ទឹម​ស​ មាន​ចុះ​នៅក្នុង​បញ្ជី សៀវភៅ​ក្បួន​ពេទ្យ​ផ្លូវការ តាំង​ពី​សម័យ​រាប់​ពាន់​ឆ្នាំ​មុន​ និង​ត្រូវ​បាន​គេ​យក​មក​ប្រើ​ប្រាស់​​សម្រាប់​ព្យាបាល​ជំងឺ​ជា​ច្រើន​​ ទាំង​ខាង​ក្នុង​និង​ទាំង​ផ្នែក​ខាង​ក្រៅ​សពាង្គកាយ។
កាលពី ជាង​បីពាន់​ឆ្នាំ​មុន អ្នក​ស្រាវជ្រាវ​អេហ្ស៊ីប បាន​រក​ឃើញ​ពី​គុណ​សម្បត្តិ​ដ៏​មហិមា​របស់​ខ្ទឹម​ស រហូត​​ចាត់​ទុក​ជា​​កំណប់​ដ៏​អស្ចារ្សមួយ​ ក្នុង​ចំណោម​កំណប់​សំខាន់ៗ​របស់​អេហ្ស៊ីប។ អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រសម័យ​នោះ​ បាន​កត់ត្រា​​២០​ក្បួន​ ថ្នាំ​​បូរាណ ផ្សំ​​ដោយ​ខ្ទឹម​ស សម្រាប់​ព្យាបាល​ជំងឺ​ឈឺក្បាល ឡើង​ឈាម ឬ​ដុំ​ពក។ល។ និង​។ល។ តាមពិត​រុក្ខជាតិ​មួយ​បែប​បាន​ក្លាយ​ជា​រុក្ខជាតិ​ថ្នាំ​ ដែល​មាន​លក្ខណៈ​មុន​គេ​ ព្រោះ​ថា​តាំង​ពី​ស្រុក​​ចិន ដល់​ស្រុក​រ៉ូម៉ាំង កាត់​តាម​​​អ៊ីស្រាអែលទៀត បណ្តា​ប្រជាជន​មាន​ដើម​កំណើត​តាំង​ពី​យូរ​លង់​លើ​ពិភពលោក​​នេះ សុទ្ធ​តែ​ចុះ​ឈ្មោះ​ខ្ទឹម​ស​ក្នុង​​​ក្បួនព្យាបាល​ជំងឺ​​ទាំង​អស់។ ដល់​ពេល​មាន​កលិយុគ​កើត​ជំងឺ​ប៉េស្ត​រាតត្បាត​នៅអឺរ៉ុប គេ​នាំ​គ្នា​ប្រើ​ខ្ទឹម​ស​ ធ្វើ​ជា​ថ្នាំ​ប្រឆាំង​នឹង​ការ​បង្ក​រោគ។​ សមត្ថភាព​ធម្មជាតិ​ផ្នែ​ក​ប្រឆាំង​នឹង​ការ​បង្ក​រោគ​ ដែល​៥០០​ឆ្នាំ​ក្រោយ​មក​ទៀត ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​តាម​បែប​វិទ្យាសាស្ត្រ​ទំនើប ដោយ​លោក​ ល្វី ប៉ាស្ទ័រ​។

ដើម្បី​ផ្ទៀង​ផ្ទាត់​​និង​ពិនិត្យ​ពិច័យ​លើ​គុណសម្បត្តិ​នៃ​ថ្នាំ​ដ៏​ចំណាស់​មួយ​នេះ ការសិក្សា​តាម​បែប​វេជ្ជសាស្ត្រ​ជា​ច្រើន​ធ្វើ​​ឡើង​ជា​បន្តបន្ទាប់​ នា​រយៈ​ពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ។ ជា​លទ្ធផល​ មហិទ្ធិរិទ្ធ​​​របស់​ខ្ទឹម​ដែល​មនុស្ស​ចាស់​បូរាណ​បាន​ចំណាំ​តៗ​គ្នា​មក​ ថា​ល្អ​ចំពោះ​បេះដូង​ត្រូវ​បាន​លាត​ត្រដាង​បញ្ជាក់​កាន់​តែ​ច្បាស់ នា​ពេល​បច្ចុប្បន្ន​នេះ។

គុណសម្បត្តិ​ទី​មួយ គឺ​ខ្ទឹម​ អាច​ជួយ​បញ្ចុះ​ អត្រា​ជាតិ​ខ្លាញ់​ លីពីត Triglycérides និង​ខ្លាញ់​ក្នុង​ឈាម Cholestérole បាន​តិច​តួច​ទេ​តែ​ថេរ​ថយ​ជា​លំដាប់​។ លើស​ពី​នេះ​ទៅ​ទៀត ខ្ទឹម​ស​អាច​ជួយ​ទៅ​កាត់​បន្ថយ​គ្រោះ​ផ្គុំ​ជា​កំណក​ឈាម​តូចៗ​តាម​សរសៃ​ឈាម និង​ជួយ​សម្រួល​ឈាម​ឱ្យ​រាវ​ល្អ​ អាច​ហូរ​បាន​ស្រួល។ ជា​ចុង​ក្រោយ​ខ្ទឹម​ស​ មាន​ប្រយោជន៍​ខ្លាំង​ណាស់​ចំពោះ​អ្នក​មាន​ជំងឺ​ឡើង​ឈាម​ ឈាម​ហូរ​មិនស្រួល សរសៃ​វែន​រីកប៉ោង​ព្រោះ​ឈាម​ហូរ​យឺត​ ឬ​មាន​បញ្ហា​ឬ​ស​ដូង​បាត។ ដូច្នេះ​​ខ្ទឹម​ស​មិន​មែន​ត្រឹម​តែ​ជា​មិត្ត​ល្អ​របស់​បេះដូង​មួយ​ប៉ុណ្ណោះទេ។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​ស្រាវជ្រាវ​ កំពុង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​សកម្មភាព​របស់​ខ្ទឹម​ចំពោះ​​ប្រព័ន្ធ​ការពារ​ខ្លួន​ និង​ដុំ​សាច់​មហារីក។ ថ្មីៗ​នេះ​​ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​តួនាទី​របស់​ខ្ទឹម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បាក់តេរី​ដែលធន់​បំផុត​ ដូច​ជា​ពពួក​entérocoque staphylocoque ភ្នាក់ងារ​មាន​ឈ្មោះ​ល្បី​ខាង​បង្ក​ជំងឺ​ឆ្លង​នៅ​មន្ទីរពេទ្យ។ កាន់​តែ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ទៅ​ទៀត​នោះ មាន​សារធាតុ​បន្សំ​ក្នុង​ខ្ទឹម​ជាង​២០​មុខ ដែល​ទំនង​ជា​មាន​ប្រសិទ្ធិភាព​ជា​ពិសេស​អាច​ប្រឆាំង​ទប់​នឹង​ជំងឺ​​មហារីក​ បំពង់​ ផ្លូវ រំលាយ​អាហារ​ ឬក្រពះ។ មហារីក​សួត សុដន់ ពោះវៀន​ធំ​ ក៏​កំពិស​ខ្ទឹម​អាច​យក​ឈ្នះ​បាន​ដែរ តាម​រយៈ​សកម្មភាព​ពីរ ៖ ការពារ​ទប់​នឹង​សារធាតុ​ពុល​អាច​បង្ក​ជំងឺ​មហារីក និង​បញ្ឈប់​ការ​រីក​រាល​នៃ​ដុំ​សាច់​ មិន​ឱ្យ​កោសិកា​មាន​ជំងឺ​រីក​លូត​លាស់​បាន។

រាប់​​សតវត្សរ៍​មក​ហើយ ដែល​គេ​ប្រើ​ប្រាស់​ខ្ទឹម​ស​សម្រាប់​ព្យាបាល​ជំងឺ​​ផ្លូវ​ដង្ហើម​ មាន​ជា​អាទិ៍​ជំងឺ​ផ្តាសាយ​ រលាក​ទងសួត រលាក​បំពង់ក ... គេ​អាច​និយាយ​ជា​ទូទៅ​បាន​ថា ខ្ទឹម​ស​មាន​គុណ​ប្រយោជន៍ ប្រឆាំង​នឹង​មេរោគ ប្រឆាំង​វីរ៉ុស ផ្សិត ប្រឆាំង​មហារីក​ ជា​ថ្នាំ​សម្លាប់​មេរោគ សម្លាប់​មីក្រុប អង់ទីប៊ីយូទិក អង់ទីសិបទិច ជា​ថ្នាំ​បន្សាប​ ជា​ថ្នាំ​រំលាយ​ឈាម​ ។ល។ និង។ល។ ឃើញ​ថា​គុណ​ប្រយោជន៍​មាន​ច្រើន​អនេក ! ចុះ​សួរ​ថា​តើ​ការ​សិក្សា​របស់​អ្នក​វិទ្យាសាស្ត្រ​បាន​លទ្ធផល​យ៉ាងណា និង យល់​យ៉ាង​ណា​ដែរ​ចំពោះ​គុណប្រយោជន៍​ដ៏​សន្ធឹក​សន្ធាប់​នេះ ?!

មែន​ហើយ ! ខ្ទឹម​ជា​កម្មវត្ថុ​ នៃ​ការ​សិក្សា​ស្រាវជ្រាវ ទាំង​ផ្នែក​អាហារូបត្ថម្ភ​ និង​ទាំងផ្នែក​វេជ្ជសាស្ត្រ។ ជា​លទ្ធផល​ ៖ ខ្ទឹម​​មាន​ផ្ទុក​សារធាតុ​​សំខាន់ៗ និង​ក្នុង​បរិមាណ​ច្រើន​ គួរ​ឱ្យ​ស្ងប់ស្ងែង​ ដូច​ជា​ វីតាមីន អា បេ សេ ដេ អឺ ប៉េប៉េ​ អូលីហ្កូអេឡេម៉ង់ និង​រ៉ែ (ដែក ម៉ាញេស្យូម សង្កសី ។ល។) សារធាតុ​សរសៃ​ និង​ប្រូតេអ៊ីនដែល​មាន​តួនាទី​ជា​កាតាលីហ្សឺ​ ពោល​គឺ​ងាយ​ធ្វើ​ប្រតិកម្ម​ប៊ីយូគីមី និង​ពិសេស​សារធាតុ​អាលីអ៊ីន អាលីស៊ីន ឬ​អាហ្វូអែន។

អ្នក​ស្រាវជ្រាវ​បានបក​ស្រាយ​​ពន្យល់​ថា សារធាតុ​Ajoène មាន​សកម្មភាព​ដូច​ជា​ថ្នាំ​Aspirine និង​ ពង្រាវ​ឈាម​​​មិន​ឱ្យ​ឆាប់​កក។ ដូច្នេះ​បើ​ពិសារ​ខ្ទឹម​ស​ចូល​ទៅ​ ដូច​ជា​បានទៅ​ភ្ញោច​សរសៃ​ឈាម​តូចៗ​ឱ្យ​រលា​ សម្រួល​​សម្ពាធឈាម និង​ចរន្ត​បេះដូង​​។ នៅពេល​បេះដូង​កាន់​តែ​ចាស់ សរសៃ​អាទែ​ជុំវិញ​បេះដូង​​​កាន់​តែ​ឡើង​រឹង​ ចរន្ត​​​​ឈាមក៏​បន្ថយ​ល្បឿន​​ ដែល​នេះ​អាចបង្កើន​គ្រោះ​​ស្ទះ​បេះ​ដូង​កាន់​តែ​ខ្លាំង ប៉ុន្តែ​ដោយ​ភាព​សម្បូរ​បែប​ផ្នែក​អង់ទីអុកស៊ីដង់​ ខ្ទឹមស​អាច​ជួយ​រាំង​ស្ទះ​​ដំណើរ​វិវឌ្ឍន៍​របស់​បេះដូង​នេះ។

ទាកទង​នឹង​ជំងឺ​មហារីក​វិញ​ ​ការ​ស្រាវជ្រាវ​បាន​លទ្ធផល​គួរ​ជា​ទី​គាប់​ចិត្ត។ ដោយ​មាន​ផ្ទុក​សកម្មភាព​ប្រឆាំង​នឹង​ដុំពក ការ​បរិភោគ​ខ្ទឹម​ស​ជា​ប្រចាំ​អាច​នឹង​ការពារ​មិន​ឱ្យ​មាន​ការ​ដុះ​ ឬ​លេច​ជា​ដុះ​សាច់​ពក​មហារីក​ខ្លះ។ លទ្ធផល​ល្អ​ត្រូវបាន​រក​ឃើញ​រួច​មក​ហើយ​ចំពោះ​មហារីក​ក្រពះ​ ពោះវៀន ស្បែក​ និង​ក្រពេញ​ប្រូស្តាត ប៉ុន្តែ​ចំពោះ​ករណី​មហារី​កផ្សេង​ទៀត​ អ្ន​ក​វិទ្យាសាស្ត្រ​កំពុង​សិក្សា​នៅ​ឡើយ។

ខ្ទឹម​មាន​ប្រយោជន៍​ខ្លាំង​រហូត​ដល់​មាន​សុភាសិត​​បារាំង​មួយ​និយាយ​ថា "ញ៉ាំខ្ទឹមសពេល​ព្រឹក ខ្ទឹម​បារាំង​ពេល​ល្ងាច នោះ​គ្រូពេទ្យ​ពិត​ជាស៊យ​ហើយ !”

ខ្ទឹម​ស​ ទំនង​ជា​មាន​ប្រភព​ដើម​ចេញ​មក​ពី​អាស៊ី​កណ្តាល ឬ​ឥណ្ឌា​ខាង​ជើង។ រុក្ខជាតិ​មួយ​នេះ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​បន្លែ អាច​រក​ទទួល​ទាន​បាន​ពេញ​មួយ​ឆ្នាំ​ ហើយ​ស្ថិត​នៅ​ក្នុង​ចង្កោម​គ្រួសារ Alliaceae ពោល​គឺ​ពពួក​ខ្ទឹម ៖ ខ្ទឹម​ដើម ខ្ទឹម​ខ្យល់ ខ្ទឹម​ស ខ្ទឹម​ក្រហម ខ្ទឹម​បារាំង។ ឬស​វា​ផ្តល់​ជា​មើម​។ ក្នុង​មួយ​មើមៗ​មាន​ចែក​ជា​​កំពិស​ ប្រមាណពី​១២ ទៅ​១៦កំពិស​យ៉ាង​ច្រើន។ ជា​សរុប​ខ្ទឹម​មាន​ប្រមាណ​ជា​ជាង​៣០​ប្រភេទ បែង​ចែង​ទៅ​តាម​មាឌ​ ពណ៌ ឬ​រសជាតិ​។ ពពួក​ខ្ទឹម​ទាំង​អស់​នេះ មាន​គុណភាព​​និង​គុណ​ប្រយោជន៍ ដូច​ដែល​បាន​រៀប​រាប់ខាង​លើ គ្រាន់តែ​ថា​ខ្ទឹម​ស​មាន​មហិទ្ធិរិទ្ធ​ខ្លាំង​ជាង​ប៉ុណ្ណោះ។ ជា​ឧទាហរណ៍ ក្នុង​មួយ​រយក្រាម​ ខ្ទឹម​បារាំង​មាន​ផ្ទុក​​សារធាតុ​រ៉ែ​សេឡេនីញ៉ូម​ ០,៥មីក្រូក្រាម ឯ​ខ្ទឹម​ស​វិញ​ដល់​ទៅ​១៤មីក្រូក្រាម។
ដើម្បី​អាច​ទាញ​ប្រយោជន៍​ពី​ខ្ទឹម​ដល់​សុខភាព​បាន ចូរ​ពិសារ​​ជា​ខ្ទឹម​ស្រស់ និង​ហាន់​ថ្មីៗ ព្រោះ​ការ​សិក្សា​បាន​បង្ហាញ​ខ្ទឹម​ឆ្អិន​មានអានុភាព​តិច​ជា​ខ្ទឹម​ឆៅ។ រសជាតិ​របស់​ខ្ទឹម​ប្រែ​ប្រួល​ទៅ​តាម​របៀប​ហាន់​ កាន់​តែ​ស្តើង​ ល្អិត កាន់​តែ​មាន​រសជាតិ និងកាន់​តែ​ហិរ។ ហើយ​បើ​កាន់​តែ​ហិរ នោះ​កាន់​តែ​ផ្តល់​ផល​ល្អ​ដល់​សុខភាព។ ប៉ុន្តែ​​សត្រូវ​ដ៏​ចម្បង​របស់​ខ្ទឹម​ក៏​មាន​ដែរ នោះ​គឺ​ក្លិន​មាត់ ! តែ​សូមកុំ​ព្រួយ​បារម្ភ និង​យក​មក​ធ្វើ​ជា​លេស​លែង​បរិភោគ​ខ្ទឹមអី។ មាន​មធ្យោបាយ​មួយ​ចំនួន​អាច​ជួយ​លោក​អ្នក​បាន ៖ ដក​បណ្តូល​​ខ្ទឹម​ កុំ​បរិភោគ - សូម​ទំពារ​គ្រាប់​អានីស គ្រាប់​ក្រវ៉ាញ កាហ្វេ ឬ​ជីរ​ ជីរ​អង្កាម ក្រោយ​ពេល​បរិភោគ​ខ្ទឹម​រួច។
ចង់​បាន​សុខភាព​ល្អ ទាល់​តែ​ហ៊ាន​ខ្លះ​បង់​ខ្លះ ហើយ​សូម​កុំ​ធ្វើ​អ្វី​ឱ្យ​ជ្រុល​ហួស​ហេតុ ! ខ្ទឹម​មាន​គុណប្រយោជន៍​ល្អ​មែន​សម្រាប់​សុខភាព ប៉ុន្តែ​បើ​បរិភោគ​ច្រើនជ្រុល​ពេក​ក៏អាច​ធ្វើ​ឱ្យ​រលាក​ក្រពះទៅ​វិញ បើលាប​លើ​ស្បែក​ច្រើន​ក៏​នឹងធ្វើ​ឱ្យ​ស្បែក​អាច​រលាក​ ឬ​ងាប់​កោសិកា​ស្បែក​ខ្លះ​ទៀត​ផង៕

ផ្សាយបន្តពី ទំព័រ​ដើម

Monday, October 28, 2013

ប្រមុខ​ការ​ទូត​កម្ពុជា​-ថៃ​បង្ហាញ​ជំហរ​ដូចគ្នា​ច្រើន​ លើ​ការ​រក្សា​សន្តិសុខ​តាម​ព្រំដែន​

ក្នុង​កិច្ច​ប្រជុំក្រុមការងារ​រួម​លើកទីពីរ​កម្ពុជា-ថៃ​អនុវត្ត​ដីកា​បង្គាប់តុលាការ​យុត្តិធម៌​អន្តរជាតិ
ក្នុង​កិច្ច​ប្រជុំក្រុមការងារ​រួម​លើកទីពីរ​កម្ពុជា-ថៃ​អនុវត្ត​ដីកា​បង្គាប់តុលាការ​យុត្តិធម៌​អន្តរជាតិ
RFI/Siv Channa

ដោយ លាង ដឺលុច
កិច្ច​ប្រជុំ​ទ្វេភាគី​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​​កម្ពុជា និង​ថៃ​ នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​បញ្ចប់​ដោយចំនុចត្រូវ​គ្នា​ច្រើន​ ទាក់ទង​នឹង​ការ​អភិវឌ្ឍន៍ និង​រក្សា​សន្តិសុខ​តាម​ព្រំដែន។ តំណាងរដ្ឋាភិបាល​ជិត​ខាង​​​​​ទាំងពីរ​បាន​សន្យា​អនុវត្ត​សាលដីកា​តុលាការ​ឡាអេ​ ដែល​នឹង​ត្រូវ​ប្រកាស​នៅថ្ងៃ​ទី​១១វិច្ឆិកា​ខាង​មុខ​នេះ ស្តីពីភាព​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ។

ជំនួប​រវាង​ប្រមុខ​ការទូត​នៃប្រទេស​ជិតខាង​ទាំងពីរ កម្ពុជាថៃ នៅ​ថ្ងៃ​ចន្ទ​ បាន​អនុញ្ញាត​អោយ​ភាគី​ទាំង​ពីរ​បាន​សន្យា​ជា​ឧឡារិក និង​ជា​ផ្លូវការ​អំពី​ជំហរ​ដូចគ្នា​ក្នុង​ការ​រក្សា​ទំនាក់ទំនង​អោយ​កាន់តែ​ល្អ​​រវាង​ប្រទេស​ទាំងពីរ​ បើទោះជា​សាលដីកា​នៅ​ថ្ងៃ​ខាង​មុខ​ បែប​ណា​ក៏ដោយ​នោះ។ ភាគី​ទាំងពីរ​ក៏​បាន​សន្យា​ ស្វែង​រក​មធ្យោបាយ និង​សហការ​គ្នា​អនុវត្ត​​សាលដីកា​តុលាការ​យុត្តិធម៌​អន្តរជាតិ​ថ្ងៃទី​១១​វិច្ឆិកា ស្តីពី​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ​ទៀត​ផង។
ទាំង​នេះ​គឺ​ជា​ខ្លឹមសារ​ដែល​ត្រូវបាន​រកឃើញ​នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ថៃ នៅ​ព្រឹក​ថ្ងៃចន្ទ​នេះ។ កិច្ចប្រជុំ​ដែល​ត្រូវបាន​រៀបចំ​ធ្វើ​នៅ​ក្នុង​សណ្ឋាគារ Holiday Palace ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ​របស់​កម្ពុជា មុន​នឹង​ភាគី​ទាំងពីរ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ នៅ​លើទឹកដី​ថៃ។
អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក​ កុយ គួង ​បាន​អត្ថាធិប្បាយ​ប្រាប់​វិទ្យុបារាំង​អន្តរជាតិថា កិច្ច​ប្រជុំ​ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការទេស​ទាំងពីរ​នោះ បាន​បង្ហាញ​ចំនុច​វិជ្ជមាន​ច្រើន​ ក្នុង​បរិយាកាស​រីករាយ ដោយ​ភាគីទាំងពីរបង្ហាញ​ជំហរ​ដូចគ្នា​ថា ត្រូវ​អនុវត្តន៍​សេចក្តី​សម្រេច​​របស់​តុលាការ​ឡាអេ​ នៅ​ថ្ងៃ​ទី​១១​វិច្ឆិកា ​ខាង​មុខ​នេះ។

គួរ​បញ្ជាក់​ផងដែរថា ភាគី​ទាំងពីរ​ក៏​បាន​សន្យា​​ពន្យល់​ប្រជាជន​ទាំង​សងខាង ​អំពី​សាលដីកា​តុលាការ​ខាង​មុខនេះ ដើម្បី​ចៀសវាង​ការ​យល់​ច្រឡំ ដែល​អាច​នាំ​អោយ​ឈាន​ទៅ​ការ​ប៉ះពាល់​នៃ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ។

សូមរម្លឹកឡើង​វិញ​ថា ការ​ជួប​គ្នា​រវាង​ប្រមុខ​ការទូតទាំងពីរ​ ត្រូវបាន​រៀបចំឡើង​ភា្លម តែ​២​សប្តាហ៍​មុន​ការ​ប្រកាស​សាលដីកា​តុលាការ​ឡាអេ​ នៅ​ថ្ងៃទី​១១​វិច្ឆិកា។ គឺ​ជា​សេចក្តី​សម្រេច​លើ​បណ្តឹង​របស់​កម្ពុជា។ កម្ពុជា​ដែល​បាន​ស្នើអោយ​តុលាការ​អន្តរជាតិ​មួយ​នេះ​បកស្រាយ​ឡើងវិញ សាលក្រម​របស់​ខ្លួន​ឆ្នាំ​១៩៦២ ដែល​និយាយ​អំពីភាព​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​​ប្រាសាទ​ព្រះវិហារ។ កម្ពុជា​ត្រូវ​បង្ខំ​ចិត្ត​ដាក់​ពាក្យ​បណ្តឹង​នេះ ​កាល​ពីចុង​ខែ​មេសា ​ឆ្នាំ​២០១១ បន្ទាប់ពី​រដ្ឋាភិបាលថៃ​របស់​លោក​អាប់ភីស៊ីត វេចាជីវ៉ា​ បាន​ទាមទារ​កាន់កាន់​តំបន់​៤,៦ គីឡូម៉ែត្រ​ក្រឡា​​ជុំវិញ​ប្រាសាទ​ព្រះវិហារ។

នៅ​ក្នុង​កិច្ចប្រជុំ​គណៈ​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​សុក្រ​កន្លងទៅ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​អំពាវនាវ​រួចហើយ ដល់​កង​កម្លាំង​ប្រដាប់អាវុធ​នៅ​តាម​ព្រំដែន អោយ​រក្សាភាពស្ងប់ស្ងាត់ និង​រង់ចាំ​អនុវត្ត​សាលដីកា​របស់​តុលាការ​ឡាអេ៕
ផ្សាយបន្តពី ទំព័រ​ដើម

Tuesday, October 1, 2013

សួរ​លោក​ឯកអគ្គរដ្ឋទូត


  1. វិនិយោគ​លើ​យុវជន​កម្ពុជាៈ ផ្លូវ​ឆ្ពោះទៅកាន់​ភាពជឿនលឿន​ (២៩ កញ្ញា ២០១៣)
  2. រក្សាគន្លងផ្លូវនៃដំណើរការលទ្ធិប្រជាធិបតេយ្យប្រកបដោយសន្តិភាព (២២ កញ្ញា ២០១៣)
  3. ផ្លូវ​ទៅមុខ​សំរាប់​កំណែ​ទំរង់​ (១៥ កញ្ញា ២០១៣)
  4. គាំទ្រ​កម្មករ​នៅ​ប្រទេស​កម្ពុជា (៨ កញ្ញា ២០១៣)
  5. កំណែ​ទំរង់​អាច​នាំ​ទៅ​ដល់​ការ​ចូលរួម​និង​ឱកាស​សំរាប់ ប្រជាជន​កម្ពុជា​ទាំងអស់ (២៥ សីហា ២០១៣)
  6. ឱកាស​ជា​ប្រវត្តិសាស្ត្រ​សំរាប់​កំណែ​ទំរង់​ដ៏​មានន័យ​ (១៨ សីហា ២០១៣)
  7. តួនាទី​របស់​យុវជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ក្នុងការ​អភិវឌ្ឍន៍​នៅ​កម្ពុជា (១១ សីហា ២០១៣)
  8. ចាប់យក​ឱកាស​ក្នុងការ​អភិវឌ្ឍ​ន៍​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា (៤ សីហា ២០១៣)
  9. ក្តីសង្ឃឹម​នៃ​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​ (២៦ កក្កដា ២០១៣)
  10. បង្កលក្ខណៈ​ដល់​ការនាំចេញ​និង​ការវិនិយោគ​ច្រើន​របស់​សហរដ្ឋ​អាមេរិក (២១ កក្កដា ២០១៣)
  11. ការ​អភិរក្សប្រព័ន្ធ​ទន្លេ​មេគង្គ (១៤ កក្កដា ២០១៣)
  12. ផ្លូវ​ទៅកាន់​លទ្ធិប្រជាធិបតេយ្យ​ដ៏​ស្ថិតស្ថេរ​មួយ​ (៧ កក្កដា ២០១៣)
  13. ការការពារ និងការអភិរក្សវប្បធម៌ខ្មែរ (៣០ មិថុនា ២០១៣)
  14. ពលរដ្ឋ​កម្ពុជា​ គឺជា​ផ្នែក​មួយ​នៃ​រឿង​របស់​អាមេរិក​ (២៣ មិថុនា ២០១៣)
  15. ការ​ថែ​រក្សា​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​សង្គ្រោះ​ជីវិត (១៦ មិថុនា ២០១៣)
  16. បង្កើន​ចំណូល​របស់​រដ្ឋ គឺ​ជា​ជំហាន​សំខាន់​មួយ ឆ្ពោះ​ទៅ​រក​ភាព​គ្រប់គ្រាន់​ដោយ​ខ្លួន​ឯង (២ មិថុនា ២០១៣)
  17. សិទ្ធិ​របស់​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​ គឺជា​សិទ្ធិមនុស្ស (២៦ ឧសភា ២០១៣)
  18. តួនាទី​​របស់​ប្រទេស​កម្ពុជា ក្នុងការ​បង្វែរ​ការយ​ក​ចិត្ត​ទុក​ដាក់​របស់​សហរដ្ឋ​អាមេរិក​មក​ទ្វីប​អាស៊ី (២០ ឧសភា ២០១៣)
  19. បដិវត្តន៍​បច្ចេកទេស​នៅ​កម្ពុជា​ (១២ ឧសភា ២០១៣)
  20. សេរីភាព​សារព័ត៌មាន​មាន​សារៈសំខាន់​ចំពោះ​ប្រជាធិបតេយ្យ​មួយ​ដែល​រឹង​មាំ (៥ ឧសភា ២០១៣)
  21. ទាក់ទាញ​វិនិយោគ​បរទេស​ថែមទៀត ​នៅ​ប្រទេស​កម្ពុជា​ (២៨ មេសា ២០១៣)
  22. សារៈសំខាន់នៃគោលនយោបាយស្តីពីទិដ្ឋាការ ចំពោះទំនាក់ទំនងកម្ពុជា សហរដ្ឋអាមេរិក (២១ មេសា ២០១៣)
  23. សុវត្ថិភាព​ចរាចរ​ពលរដ្ឋ​កម្ពុជា​តាម​ដងផ្លូវ​ (៧ មេសា ២០១៣)
  24. ការ​គ្រប់គ្រង​​និង​​ទប់ស្កាត់​ជំងឺ​ (៣១ មិនា ២០១៣)
  25. សារៈសំខាន់​នៃ​តុល្យ​ភាព​ក្នុង​ទំនាក់ទំនង​ការងារ​រវាង​កម្មករ ​និង​ថៅកែ (២៤ មិនា ២០១៣)
  26. ការចូលរួម​គឺជា​គន្លឹះ​សំរាប់​លទ្ធិប្រជាធិបតេយ្យ​រឹងមាំ (១៧ មិនា ២០១៣)
  27. ទាញយកប្រយោជន៍ ពីបញ្ហាប្រឈម នៃនគរូបនីយកម្ម (១០ មិនា ២០១៣)
  28. គាំទ្រប្រទេសកម្ពុជា ពេលបច្ចុប្បន្ន និងអនាគត (៣ មិនា ២០១៣)
  29. ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា (២៤ កុម្ភៈ ២០១៣)
  30. កម្ពុជា​បន្ទាប់ពី​ធ្វើជា​ប្រធាន​អាស៊ាន (១០ កុម្ភៈ ២០១៣)
  31. ការ​ចងចាំ​ចំពោះ​ព្រះមហាវីរក្សត្រ (៣ កុម្ភៈ ២០១៣)
  32. ពិធី​សម្ភោ​ធ​ឡើង​កាន់តំណែង និង​​មាគ៌ា​ឆ្ពោះ​ទៅ​មុខ​ (២៧ មករា ២០១៣)
  33. មាគ៌ា​ទៅ​កាន់​អនាគត​ប្រសើរ​មួយ (២០ មករា ២០១៣)
  34. សុខមាលភាព​កុមារ​ ជា​រឿង​សំខាន់​ទី​១ ​និង​ការប្តេជ្ញាចិត្ត​រួមគ្នា​ (១៤ មករា ២០១៣)
  35. ការ​សម្លឹង​ក្នុង​ឆ្នាំ​ខាងមុខ​ (៧ មករា ២០១៣)
  36. សហរដ្ឋអាមេរិក​គាំទ្រ​សាលាក្តី​ខ្មែរក្រហម​ (៣០ ធ្នូ ២០១២)
  37. ការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា (២៣ ធ្នូ ២០១៣)
  38. ការផ្តល់អំណាច​ដល់​ស្ត្រី (១៦ ធ្នូ ២០១៣)
  39. បកស្រាយការយល់ខុសស្តីពីបំណុល (៩ ធ្នូ ២០១២)
  40. ការកាត់បន្ថយភាពអត់ការងារធ្វើ របស់យុវវ័យ (២ ធ្នូ ២០១២)
  41. ទស្សនកិច្ចរបស់លោកប្រធានាធិបតី និងពិធីអាហារពេលល្ងាច​ សំរាប់​អបអរ​បុណ្យ​អំណរ​គុណ​ព្រះ (២៥ វិច្ឆិកា ២០១២)
  42. ទស្សនកិច្ច​របស់លោក​ប្រធានាធិបតី Obama នៅ​កម្ពុជា​ (១៨ វិច្ឆិកា ២០១២)
  43. ការ​ឆ្លើយ​តប​​គ្រោះ​មហន្តរាយ​ធម្មជាតិ​ នៅ​សហរដ្ឋអាមេរិក​ (១១ វិច្ឆិកា ២០១២)
  44. ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក (៤ វិច្ឆិកា ២០១២)
  45. ការសុំ​កូនចិញ្ចឹម និង​សហប្រតិបត្តិការ​យោធា​រួមគ្នា​ (28 តុលា 2012)
  46. ការថែទាំសុខភាព ផ្លូវចិត្ត នៅកម្ពុជា (២១ តុលា ២០១២)
  47. សេដ្ឋកិច្ច និង​យុវជន​ (៧ តុលា ២០១២)
  48. ការវិនិយោគ​ក្នុង​សហគមន៍ ការប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​ (៣០ កញ្ញា ២០១២)
  49. សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពសាសនា (២៣ កញ្ញា ២០១២)
  50. សភា​សហរដ្ឋអាមេរិក និង​សេរីភាព​ក្នុងការ​បញ្ចេញយោបល់​ (១៦ កញ្ញា ២០១២)
  51. អត្ថន័យនៃពលកម្មរឹងមាំ ការបញ្ឈប់ការជួញដូរគ្រឿងញៀន (៩ កញ្ញា ២០១២)
  52. សហរដ្ឋអាមេរិក និង​លទ្ធិប្រជាធិបតេយ្យ​ (២ កញ្ញា ២០១២)
  53. ទីភ្នាក់ងារផ្តល់ជំនួយ USAID៖ ៥០ ឆ្នាំ នៅទូទាំងពិភពលោក និង ២០ ឆ្នាំ ដ៏មានសារសំខាន់នៅកម្ពុជា (២៦ សីហា ២០១២)
  54. វិនិយោគទុន​បរទេស និង​ទីភ្នាក់ងារ​ផ្តល់ជំនួយ USAID (១៩ សីហា ២០១២)
  55. គំរោង​ស្តីពី​គំនិត​ផ្តួចផ្តើម​នៅ​តំបន់​មេគង្គ​ក្រោម និង​ទិដ្ឋាការ​ឆ្នោត​ផ្សងសំណាង​ (១២ សីហា ២០១២)
  56. សាសនា​អ៊ិស្លាម និង​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​ (៥ សីហា ២០១២)
  57. ចំនួន​ផ្កាយ​លើ​ទង់ជាតិកីឡា​អូឡាំពិក និង​បេសកកម្ម​ភាពជា​ដៃគូ​តំបន់​ប៉ាស៊ីហ្វិក​ (២៩ កក្កដា ២០១២)
  58. ភាពទាក់ទង​គ្នា​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​ (២២ កក្កដា ២០១២)
  59. ទស្សនកិច្ច​របស់លោក​ស្រី Clinton រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ (១៥ កក្កដា ២០១២)
  60. បំណុល​កម្ពុជា និង​និមិត្តរូប​អាមេរិក​ (៨ កក្កដា ២០១២)
  61. ខួប​ទី ២៣៦ ឆ្នាំ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​សហរដ្ឋអាមេរិក​ (១ កក្កដា ២០១២)
  62. ហេតុអ្វី​ប្រទេស​កម្ពុជា​? (២៦ មិថុនា ២០១២)
  63. លោក William E. Todd ៖ “​សួរ​ឯកអគ្គរដ្ឋទូត​” (១៧ មិថុនា ២០១២)

Tuesday, September 24, 2013

លោក​នាយក​​រដ្ឋ​មន្ត្រី ហ៊ុន សែន ព្រមាន​​សមាជិក​​គណៈរ​ដ្ឋ​​មន្ត្រី​​ឲ្យ​​ប្តូរ​​ឥរិយា​បថ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមាន​រដ្ឋមន្ត្រីរបស់ខ្លួន ក្នុងការប្រជុំ​គណៈរដ្ឋមន្ត្រី​ជាលើកដំបូង។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមាន​រដ្ឋមន្ត្រីរបស់ខ្លួន ក្នុងការប្រជុំ​គណៈរដ្ឋមន្ត្រី​ជាលើកដំបូង។
@rfi

ដោយ ប៉ែន បូណា
ក្នុងឱកាស​ប្រជុំ​គណៈរដ្ឋមន្ត្រី​ថ្មី​លើកដំបូង​នៃ​រដ្ឋាភិបាល​អាណត្តិ​ទី៥ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដំឡើង​សំឡេង​ខ្លាំងៗ​ដាក់​មន្ត្រី​របស់​ខ្លួន​ដោយ​សុំ​ឲ្យ​ពួកគេ​ផ្លាស់ប្តូរ​ឥរិយាបថ​និង​ការដឹកនាំ​ជាដាច់ខាត។ ប្រមុខ​រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​រដ្ឋបាល​សាធារណៈ​បើក​វេទិកា​សាធារណៈ​ដើម្បី​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចង្អុលមុខ​មន្ត្រី​ដែល​ធ្វើ​ខុស។ វិធានការ​ជាច្រើន​ត្រូវបាន​ប្រកាស​ក្នុង​គោលដៅ​បម្រើ​ពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព។


គ្មាន​ទៀតឡើយ​ការយោគយល់​និង​អត់ឱន​ដល់​មន្ត្រីក្រោមឱវាទ​ដែល​ប្រព្រឹត្ត​ខុស។ នេះ​ជា​ពាក្យ​បញ្ជា​ម៉ឺងម៉ាត់​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ចំពោះមុខ​សមាជិក​គណៈរដ្ឋមន្ត្រី​​ថ្មី​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ទី៥។ ក្រោយពី​បង្ហាញ​គោលនយោបាយ​និង​ការសន្យា​កំណែ​ទម្រង់​ដ៏​វែង​អន្លាយ​សំដៅ​បម្រើ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ឲ្យ​បានល្អ​ជាង​មុន លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ដំឡើង​សំឡេង​ដាក់​សមាជិក​គណៈរដ្ឋមន្ត្រីយ៉ាងខ្លាំងៗដោយ​សុំ​ឲ្យ​ពួកគេ​ផ្លាស់ប្តូរ​ឥរិយាបថ​ជា​ចាំបាច់។

ដើម្បី​ចាត់វិធានការ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​មន្ត្រី និង​ក៏ដូចជា​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​មានការ​រៀបចំ​ធ្វើ​វេទិកាសាធារណៈ​រវាង​មន្ត្រី និង​ប្រជាពលរដ្ឋ ឬ​រវាង​ប្រធាន​ស្ថាប័ន​ជាមួយ​មន្ត្រីក្រោមឱវាទ។

វិធី​នេះ​ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​ចាត់ទុកជា​ការឆ្លុះ​កញ្ចក់​ដើម្បី​ស្វែងយល់​ពី​កំ​ហយ​ស​ឆ្គង​របស់ខ្លួន។ នៅក្នុង​វេទិកាសាធារណៈ​ឬ​ហៅថា​ជា​សមាជ​ផ្ទៃក្នុង ប្រជាពលរដ្ឋ ឬ​មន្ត្រីរាជការ​មាន​សិទ្ធិ​ឡើង​ចង្អុល​មុខមន្ត្រី​ដែល​បាន​ប្រព្រឹត្ត​ខុសឆ្គង។

លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ព្រមាន​ដល់​រដ្ឋមន្ត្រី​របស់ខ្លួន​ឲ្យ​បញ្ឈប់​ការប្រើ​សិទ្ធ​អំណាច​គាបសង្កត់​ថ្នាក់ក្រោម ឬ​ការបង្កើត​បណ្តាញ​ក្រុមគ្រួសារ​ក្នុង​ក្រសួង​ដែល​ខ្លួន​ដឹកនាំ។ លោក​ទទួលស្គាល់ថា គណៈរដ្ឋមន្ត្រី​ថ្មី​មាន​សមាសភាព​ចាស់​ភាគច្រើន​ដដែល ប៉ុន្តែ មន្ត្រី​ចាស់​ទាំងនោះ​ត្រូវតែ​ផ្លាស់ប្តូរ​ឥរិយាបថ ហើយ​ចាប់យក​គំនិត​ថ្មី និង​របៀប​ដឹកនាំ​ថ្មី។ នៅឯ​ថ្នាក់មូលដ្ឋាន​វិញ អំពើពុករលួយ​តាមរយៈ​ការដាក់​កុងត្រូល​យកលុយ​តាមផ្លូវ ឬ​ការទារលុយ​ពី​ពលរដ្ឋ​ពេលធ្វើ​លិខិតស្នាម​ជាដើម​ត្រូវតែ​លុបបំបាត់​ជាដាច់ខាត។

ទន្ទឹមនឹងនោះ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ព្រមាន​រដ្ឋមន្ត្រី​របស់ខ្លួន​ឲ្យ​ទទួលខុសត្រូវ​ចំពោះ មុខ​រដ្ឋសភា​ទៀតផង។ លោក​បាន​រម្លឹកថា រដ្ឋមន្ត្រី​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​នាយករដ្ឋមន្ត្រី និង​រដ្ឋសភា។ ក្នុងន័យនេះ លោក​បាន​បើក​សិទ្ធិ​ឲ្យ​រដ្ឋសភា​កោះអញ្ជើញ​រដ្ឋមន្ត្រី​​ណា​ម្នាក់​មក​សាកសួរ​ឬ​ធ្វើ​ញត្តិ​ស្តីបន្ទោស​យ៉ាង​ពេញលេញ​ផងដែរ។ លើសពីនេះ លោកនាយក​រដ្ឋមន្ត្រី​ចាស់​អាណត្តិ​ថ្មី​ក៏បាន​សុំ​ឲ្យ​មន្ត្រី​របស់ខ្លួន​ទទួលយក​មតិ​រិះគន់​ស្ថាបនា​ពី​គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល ព្រមទាំង​ផ្តល់​តម្លៃ​ដល់​បណ្តាញ​ផ្សាយ​ព័ត៌មាន។

លោកនាយក​រដ្ឋមន្ត្រី​ក៏​មិន​ភ្លេច​សន្យា​លើកតម្កើង​ប្រជាធិបតេយ្យ នីតិរដ្ឋ និង​ការគោរព​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​របស់​ពល​រដ្ឋ​ផងដែរ។ យ៉ាងណាក៏ដោយ លោក​បានបញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា រដ្ឋាភិបាល​ប្រឆាំង​ជាដាច់ខាត​រាល់​សកម្មភាព​ឬ​ការ​ញុះញង់​ដែល​នាំ​ឲ្យ​មាន​អស្ថិរភាព និង​ចលាចល​សង្គម។

សូមបញ្ជាក់ថា ក្នុង​រយៈពេល​ពេញ​មួយ​ព្រឹក​នេះ កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថ្មី​នៅ​មិនទាន់​ចប់​នៅឡើយ​ទេ។ លោកនាយក​រដ្ឋមន្ត្រី​នៅ​បន្ត​បង្ហាញ​កំណែទម្រង់​ដ៏​វែង​អន្លាយ​លើ​គ្រប់​វិស័យ​ដោយ​ចាត់ទុក​កំណែទម្រង់​ជា​បញ្ហា​ស្លា​ប់រស់។ ការដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​ស៊ីវិល និង​ប្រដាប់អាវុធ​ក៏ត្រូវ​បានបង្ហាញ​ផងដែរ៕
http://www.khmer.rfi.fr/cambodia/20130925-cambodia-hun-sen-warn-minister

សភា​​និង​​រដ្ឋាភិ​បាល​៖ ទារក​​ដែល​​កើត​​មិន​​គ្រប់​​ទម្ងន់

ព្រះមហាក្សត្រ និងសមាជិកសភាថ្មី ថតរូបរួមគ្នា ក្នុងថ្ងៃបើក​ប្រជុំសភា​ លើកដំបូងថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៣។
ព្រះមហាក្សត្រ និងសមាជិកសភាថ្មី ថតរូបរួមគ្នា ក្នុងថ្ងៃបើក​ប្រជុំសភា​ លើកដំបូងថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៣។
@ reuters
ដោយ ប៉ែន បូណា
រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី៥បានកើត​ចេញ​ជា​រូបរាង​ហើយ​បន្ទាប់ពី​ការបោះឆ្នោត​អនុម័ត​​ដោយ​​អ្នក​តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​​ទាំង ៦៨ រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ព្រឹក​​ថ្ងៃ​​អង្គារ​​ទី ២៤ កញ្ញា​​ម្សិល​មិញ។ ប៉ុន្តែ អ្នក​តំណាងរាស្ត្រ​ជាប់ឆ្នោត​មួយ​ក្រុម​ទៀត​មកពី​គណបក្សប្រឆាំង​មិនបាន​ចូលប្រជុំ​សភា​ទេ។បញ្ហា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី៥នេះ​ត្រូវគេ​ប្រៀបប្រដូច​ទៅនឹង​ទារក​ដែល​កើត​មិន​គ្រប់​ទម្ងន់។ តើ​រដ្ឋសភា និង​រដ្ឋាភិបាល មិន​គ្រប់​ទម្ងន់​នឹងត្រូវ​ប្រឈម​មុខ​នឹង​ផលវិបាក​អ្វីខ្លះ?
អ្នក​ដែល​បាន​តាមដាន​ការវិវឌ្ឍ​នយោបាយ​កម្ពុ​ជា​ចុងក្រោយ​នេះ​ពិត​ជាមាន​អារម្មណ៍​ហួស​ចិត្ត​​ផង​​ឬ​សង្វេគ​ផង​ក៏​ថា​បាន។ សង្វេគ​នៅត្រង់ថា ក្រោយ​ការបោះឆ្នោត អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត​មួយក្រុម​ចូលប្រជុំ​សភា​និង​បានធ្វើ​សច្ចាប្រណិធាន​នៅក្នុង​ព្រះបរមរាជវាំង។ ចំណែក​តំណាងរាស្ត្រ​ជាប់ឆ្នោត​មួយក្រុម​ទៀត​បែរជា​ទៅ​ជួបជុំ​និង​ស្បថ​នៅ​ពីមុខ​ប្រាសាទ​អង្គរវត្ត​​ក្នុង​ខេត្តសៀមរាប​ឯណោះ​ទៅវិញ។

មិនតែប៉ុណ្ណោះ អ្នកតំណាងរាស្ត្រ​ទាំងពីរ​ក្រុម​នេះ​ដែល​ទទួលបាន​សំឡេងគាំទ្រ​ពី​ពលរដ្ឋ​ម្ចាស់​​ឆ្នោត​​ដូចគ្នា​បែរ​ទៅជា​ចង្អុលមុខ​គ្នា​ថា​ជា​អ្នក​រំលោភបំពាន​រដ្ឋធម្មនុញ្ញ​ទៅវិញ។ តើ​អ្នក​ណា​ជា​អ្នករំលោភ​រដ្ឋធម្មនុញ្ញ? សំណួរ​នេះ សូម​ទុក​ឲ្យ​អ្នកច្បាប់​ទាំងឡាយ​បកស្រាយ​ទៅ​ចុះ ប៉ុន្តែ អ្វីដែល​គេ​អាច​មើលឃើញ​ច្បាស់​នៅពេលនេះ​គឺ ផលវិបាក​របស់​វា​បានធ្វើ​ឲ្យ​រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី​ក្រោយ​ការបោះឆ្នោត​មាន​លក្ខណៈ​មិន​គ្រប់គ្រាន់​ប្រៀបបាន​នឹង​ទារក​ដែល​កើតមក​មិន​គ្រប់​ទម្ងន់​ដែល​ត្រូវ​ទទួល​ការព្យាបាល​ជា​ចាំបាច់។

ជាការ​ពិតណាស់ វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត​ជា​រឿង​ដែល​បាន​កើតឡើង​ស្ទើរតែ​ស៊ាំ​​ទៅហើយ។ លើក​ណា​ក៏ដូចជា​លើក​ណា​ដែរ ឲ្យ​តែ​បោះឆ្នោត​ហើយ គណបក្ស​ដែល​ទទួល​​បាន​សំឡេងគាំទ្រ​ក្នុង​សភា​មិនដែល​បាន​ចូលប្រជុំ​សភា​ដោយ​ស្រុះស្រួល​គ្នា​ឡើយ។ ទោះជា​ត្រូវ​ចូលប្រជុំ​ទាំងអស់គ្នា ក៏​ពួកគេ​បាន​ឆ្លងកាត់​ជម្លោះ​បែកផ្សែង​ជាច្រើន​ខែ​រួច​ទៅ​ហើយ​​ដែរ។ តើ​នេះ​ជា​ចំណុចខ្សោយ​របស់​អ្នកនយោបាយ​ខ្មែរ​ដែល​មិនអាច​កែ​បាន​មែនឬ?

លើក​នេះ​អា​ចាត់ទុកថា​ជា​សំណាងល្អ​ទៅ​ចុះ​សម្រាប់​គណបក្ស​កាន់អំណាច​ដោយសារ​ការ​បង្កើត​​រដ្ឋាភិបាល​មិន​ទាមទារ​ឲ្យ​មាន​សំឡេង​គាំទ្រ​ពីរ​ភាគ​បី​ដូច​កាល​ពីលើក​មុន។ ប្រសិន​បើ​មិន​ដូច្នោះ​ទេ ម្ល៉េះ​សម​ការបង្កើត​រដ្ឋាភិបាល​ថ្មី​ត្រូវ​ជាប់គាំង​ជាច្រើន​ខែ​តទៅ​ទៀត​ជាមិនខាន។

ទោះបីជា​ការ​ជាប់គាំង​ត្រូវបាន​បញ្ចៀស​មែន ប៉ុន្តែ រដ្ឋសភា​និង​រដ្ឋាភិបាល​ថ្មី​ដែល​ទើបតែ​កើតចេញ​នៅពេលនេះ​ក៏​នៅមាន​ចំណុច​ប្រឈម​ចំពោះមុខ​ជាច្រើន​ទៀត​ដែរ៖ចំណុច​ប្រឈម​​ទី១​គឺ ការ​ទប់ទល់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុងស្ថិត​នៅក្រៅ​រដ្ឋសភា។ មិន​​ថា​​មហា​បាតុកម្ម ឬ​ជា​សកម្មភាព​អ្វី​ផ្សេង​ទៀតឡើយ​សុទ្ធតែជា​រំខាន​ដល់​ដំណើរ​របស់​រដ្ឋាភិបាល​​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ពីព្រោះ​អ្នក​តំណាងរាស្ត្រ ៥៥ នាក់​តំណាង​ឲ្យ​អ្នកបោះឆ្នោត​ជិត ៣លាន​នាក់​ចេញ​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​គ្រប់បែបយ៉ាង​មិនមែន​ជា​​រឿង​​សាមញ្ញ​ពេក​នោះឡើយ។

ចំណុច​ប្រឈម​ទី២ គឺ​រដ្ឋសភា​និង​រដ្ឋាភិបាល​ដែលមាន​ទម្ងន់​មិន​គ្រប់គ្រាន់​នឹងធ្វើ​ឲ្យ​ស្ថាប័នរដ្ឋ​​ទាំងពីរ​មាន​រូបភាព​មិនសូវ​ល្អ​ទាំង​នៅក្នុង​ឆាកនយោបាយ​ជាតិ និង​នៅលើ​ឆាក​អន្តរជាតិ។ ជាក់ស្តែង បណ្តា​ប្រទេស​មួយចំនួន​ដូចជា​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ជា​ដើម​​នៅតែ​បន្ត​ជំរុញ​ឲ្យ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​ចូលរួម​ក្នុង​រដ្ឋសភា​ដដែល។ នេះ​មាន​ន័យ​ថា បណ្តា​ប្រទេស​ទាំងនោះ​នៅ​មិនទាន់​ផ្តល់​តម្លៃ​ពេញលេញ​ដល់​រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​នោះឡើយ​ទេ។

ដូច្នេះ ខណៈដែល​រដ្ឋាភិបាល​ថ្មី​នេះ​មិនសូវមាន​ទឹកមាត់ប្រៃ​ជាមួយ​សហគមន៍​អន្តរជាតិ រីឯ​នៅ​ជ្រុង​ម្ខាង​ទៀត រវល់​តែ​ចំណាយ​កម្លាំង និង​ធនធាន​សម្រាប់​ទប់ទល់​ជាមួយ​បក្សប្រឆាំង​នោះ តើ​រដ្ឋាភិបាល​មាន​ពេលវេលា និង​ថាមពល​ល​គ្រប់គ្រាន់​ដែរឬទេ​សម្រាប់​អនុវត្ត​នយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​ដែល​ខ្លួន​ត្រូវធ្វើ​ក្នុង​គ្រប់​វិស័យ​ដូច​ការសន្យា​នោះ? ទាំងនេះ​គឺជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ណាស់​របស់​រដ្ឋាភិបាល​អាណត្តិ​ទី។

ពិត​ហើយ​ថា អាចមាន​អ្នកខ្លះ​សប្បាយ​ចិត្តនឹង​ឃើញ​ស្ថានភាព​បែបនេះ ប៉ុន្តែ សូម​កុំភ្លេចថា ផលវិបាក​របស់​វា​នឹង​ធ្លាក់​ទៅលើ​ពលក​រដ្ឋ​ខ្មែរ​គ្រប់គ្នា​មុនគេ។ ដូច្នេះ ប្រសិនបើ​អាច​បញ្ចប់​បាន​នៅ​មិនទាន់​ហួសពេល​ទេ​ដែល​អ្នកនយោបាយ​គួរតែ​រិះរក​មធ្យោបាយ​ស្រុះស្រួល​គ្នា​ដើម្បី​ពង្រឹង​រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី​ឲ្យ​មាន​កម្លាំង​ជាង​នេះ។ ក្នុងន័យនេះ គណបក្ស​ទាំងពីរ​គួរតែ​ងាក​មករក​ការចរចា​គ្នា​ជាថ្មី​ហើយ​រក​ច្រក​ណាមួយ​សមរម្យ​ដែល​អនុញ្ញាត​ឲ្យ​គណបក្ស​ទាំងពីរ​មានលទ្ធភាព​តស៊ូ​នយោបាយ​ជាមួយគ្នា​ប្រកបដោយ​តុល្យភាព​នៅក្នុង​រដ្ឋសភា។ នេះ​ជា​វិធី​ដ៏​ល្អ​បំផុត​មួយ។

ផ្ទុយទៅវិញ ការបន្ត​បែរខ្នង​ដាក់គ្នា​ហើយ​នៅតែ​ប្រើ​ទម្លាប់​យកឈ្នះ​ចិត្ត​គ្នា​ទៅវិញទៅមក​ដោយ​ម្ខាង​សម្អាង​លើ​សំឡេង​ភាគច្រើន​ដាច់ខាត​ដែល​ខ្លួន​អាចធ្វើ​អ្វី​ក៏បាន រីឯ​ម្ខាង​ទៀត​សម្អាង​លើ​សន្ទុះ​ចិត្ត​អ្នកគាំទ្រ​ហើយ​បន្ត​តស៊ូ​គ្រប់​រូបភាព​នៅក្រៅ​រដ្ឋសភា​នោះ ទីបំផុត ភាគី​ទាំងពីរ​នឹង​ខាតបង់​ទាំងអស់គ្នា។ អ្នក​ដែល​ខាតបង់​ធ្ងន់​ជាងគេ​គឺ​ប្រទេសជាតិ​និង​ប្រជា​ពល​រដ្ឋ​ខ្មែរ៕
ផ្សាយបន្តទាំងស្រុងពី៖ ទំព័រ​ដើម

Sunday, September 15, 2013

យុវជន​ម្នាក់ស្លាប់​ដោយ​គ្រាប់កាំភ្លើង​របស់​ប៉ូលិសនៅក្នុង​អំពើ​ហិង្សា​នៅ​ម្តុំ​ស្ពាន​អាកាស​មុនីវង្ស

ប៉ូលិស​ប្រើគ្រាប់​បែកផ្សែង និង​ឡាន​ទឹក​ដើម្បី​វាយបំបែក​ហ្វូង​បាតុករ​នៅថ្ងៃ​អាទិត្យ ទី ១៥​កញ្ញា
ប៉ូលិស​ប្រើគ្រាប់​បែកផ្សែង និង​ឡាន​ទឹក​ដើម្បី​វាយបំបែក​ហ្វូង​បាតុករ​នៅថ្ងៃ​អាទិត្យ ទី ១៥​កញ្ញា
©REUTERS/Samrang Pring

យុវជន​ម្នាក់​បាន​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​របស់​ប៉ូលិស និង​បីនាក់​ផ្សេងទៀត​រងរបួស នៅក្នុង​ការប្រឈម​មុខ​ដាក់គ្នា​ដាច់ដោយឡែក​គ្នាមួយ រវាង​ក្រុម​យុវជន​មួយ​ក្រុម ជាមួយ​ប៉ូលិស នៅ​ម្តុំ​ស្ពាន​ក្បាលថ្នល់។ នេះ​បើតាម​ព័ត៌មាន​ពី​លោក​ចាន់ សាវ៉េត មន្រ្តី​ស៊ើបអង្កេត​របស់​អង្គការ​សិទ្ធិមនុស្ស​អាដហុក ដែល​វត្តមាន​នៅ​កន្លែង​កន្លែង​កើតហេតុ នៅ​យប់​ថ្ងៃ​អាទិត្យ​ទី ១៥ កញ្ញានេះ។

តាម​លោកចាន់ សាវ៉េត ប៉ូលិស​បាន​ប្រើ​គា្រប់កាំភ្លើង​ពិត គ្រាប់បែកផ្សែង និង​ឡានទឹក​បាញ់​លើ​ក្រុមយុវជន​ជាង​៣០​នាក់ ដែល​បាន​ប្រឈមមុខ​តទល់​ជាមួយ​ជាមួយ​ប៉ូលិស ដែល​មាន​ប្រមាណ​៣ពាន់នាក់។ តាម​លោកចាន់ សាវ៉េត យុវជន​មួយ​ក្រុមនោះ​មិន​ស្ថិតនៅក្នុង​ចំណោម​ក្រុមបាតុករ​ដឹកនាំ​ដោយ​គណបក្ស​សង្រ្គោះជាតិ​ទេ ដោយសារ​គណបក្ស​សង្រ្គោះជាតិ​បាន​រំសាយ​បាតុកម្ម​តាំង​តែ​ពី​រសៀល​ម្ល៉េះ។ គេ​មិន​ដឹងថា តើ​យុវជន​មួយ​ក្រុម​នោះ​មាន​ប្រភព​មក​ពី​ណា​ទេ ប៉ុន្តែ តាម​លោកចាន់ សាវ៉េត ពួកយុវជន​ខឹង ​តវ៉ា​ចំពោះ​ការបិទផ្លូវ ដែល​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​ចាប់តាំង ពី​ម៉ោង បីព្រឹកភ្លឺ នៅ​ថ្ងៃ អាទិត្យ។ ការបិទ​ផ្លូវ​ដែល​បណ្តាល​ឲ្យ​មានការកកស្ទះ​ចរាចរណ៍​ខ្លាំង​នៅ​ម្តុំ​ស្ពាន​មុនីវង្ស។

បើតាម​លោក​ចាន់ សាវ៉េតដដែល យុវជន​ដែល​ត្រូវ​ស្លាប់​ដោយ​គ្រាប់ប៉ូលិស មិនមែន​ជាមនុស្ស​ក្នុង​ចំណោម​យុវជន​ទាំង​ជាង​៣០​នាក់នោះទេ ប៉ុន្តែ គឺ​គ្រាន់តែ​អ្នកមើល។ ចំណែក​មនុស្ស​បីនាក់​ផ្សេងទៀត បាន​រងរបួស​ដោយ​គ្រាប់កំាភ្លើង ឬ​ភ្លើង​ដែល​ចេញ​ពី​គ្រាប់បែកផ្សែង​របស់​ប៉ូលិស។ លោក​ចាន់​សាវ៉េត ដែល​នៅ​កន្លែង​កើតហេតុ រហូត​ដល់​ម៉ោង​១០​កន្លះយប់ ថ្ងៃ​អាទិត្យ បាន​និយាយ​ថា លោកឃើញ​គេ​ចាប់មនុស្ស​យ៉ាងតិច ១០​នាក់ នៅក្នុង​ការប្រឈមមុខ​មួយ​ប្រាវ​រវាង​ក្រុមយុវជន និង​ប៉ូលិស៕
ទំព័រ​ដើម

Wednesday, September 11, 2013

អាជ្ញាធរ​ក្រុង​ភ្នំពេញ អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បាតុកម្ម តែត្រូវ​គោរព​​លក្ខ​ខណ្ឌ​

សកម្មភាព​បាតុកម្ម​ របស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ពេល​កន្លងទៅ
សកម្មភាព​បាតុកម្ម​ របស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ពេល​កន្លងទៅ
@Siv Channa

ដោយ លី ម៉េងហួរ
នៅ​​ព្រឹក​ថ្ងៃទី១១កញ្ញា​នេះអា​ជធរ​រាជធានី​ភ្នំពេញបាន​ជួបប្រជុំ​ជាមួយ​តំណាង​គណបក្ស​សង្គ្រោះ​​​ជាតិ ដើម្បី​​និយាយ​​ពី​​បាតុកម្ម​នៅ​ថ្ងៃអាទិត្យ​។ បន្ទាប់​ពី​​កិច្ច​ប្រជុំ​​ប្រហែល​ ៣​ម៉ោង​អាជ្ញាធរ​​​ក្រុង​ភ្នំពេញ​បាន​សម្រេច​​ជា​គោលការណ៍​​ថា​អនុញ្ញាត​​ឲ្យ​​គណបក្ស​​សង្គ្រោះ​​ជាតិ​ធ្វើ​មហា​​បាតុកម្ម​អហិង្សា​នៅ​​ទី​លាន​​ប្រជាធិបតេយ្យ ដោយ​​មិន​មាន​​ដើរ​​ហែ​រក្បួន​ និង​​មិន​​ឲ្យ​បោះ​តង់​ដេក​​តវ៉ា​​ទេ​។ពោល​គឺ​​បាតុកម្ម​​របស់​​គណបក្ស​​សង្គ្រោះ​​ជាតិ​ត្រូវ​គោរព​​តាម​ច្បាប់​បាតុកម្ម​ដោយ​​ធ្វើ​​ចាប់​ពី ​ម៉ោង​៦ព្រឹក ដល់​​ម៉ោង​៦ល្ងាច​ រីឯ​​ចំនួន​​អ្នក​ចូល​រួម​​ក៏​​មិន​ត្រូវ​​លើស​ពី​១​ម៉ឺន​​នាក់​។ ប៉ុន្តែ​​គណបក្ស​​សង្គ្រោះ​​ជាតិ​នៅ​តែ​​ទាម​ទារ​​ធ្វើ​​បាតុកម្ម​​២៤​​ម៉ោង​​លើ​​២៤​​ម៉ោង​​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​៣​យប់​ចាប់​ពី​​ថ្ងៃ​អាទិត្យ​​ត​ទៅ​។

សេចក្តី​រាយការ​ណ៏របស់​ លី ម៉េងហួរ
 
11/09/2013

បន្ទាប់ពី​កិច្ចប្រជុំ​ប្រហែល ៣ម៉ោងនៅ​សាលា​រាជធានី​ភ្នំពេញនា​ព្រឹក​នេះអាជ្ញាធរ​សាលា​រាជធានី​​ភ្នំពេញបានសម្រេច​ជាគោលការណ៍ឯកភាព​តាម​ការជូនដំណឹង​រប​ស់​គណបក្ស​សង្គ្រោះ​​ជាតិដើម្បី​ធ្វើបាតុកម្មនៅ​ទីលាន​ប្រជាធិបតេយ្យដោយ​គ្មាន​ការដើរ​ហែ​រក្បួន​​។ គណបក្សក៏​ឯកភាព​សហការ​ជាមួយ​អាជ្ញាធរដើម្បី​ការពារ​សន្តិសុខដូច​ពេលធ្វើ​បាតុកម្ម​កន្លងមក។

ក៏ប៉ុន្តែ​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញបាន​បញ្ជាក់ថាអាជ្ញាធរ​សមត្ថកិច្ច​អនុញ្ញាត​​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិធ្វើបាតុកម្មស្របតាម​ច្បាប់​បាតុកម្មចាប់ពី​ម៉ោង៦ព្រឹកដល់​ម៉ោង​៦​ល្ងាចដោយ​មិន​មានការ​បោះតង់ធ្វើ​ជំរុំ​ស្នាក់នៅ​ពេលយប់​នោះទេ។ រីឯ​ចំនួន​អ្នកចូលរួម​បាតុកម្មក៏​មិនត្រូវ​លើសពី១ម៉ឺន​នាក់។

ក៏ប៉ុន្តែ​ខាង​គណបក្ស​សង្គ្រោះ​ជាតិដែលមាន​លោកហូរវ៉ាន់លោកម៉ៅមុនី​វណ្ណនិង​លោក ឡុង រី ចូលរួម​ប្រជុំនៅតែ​រក្សា​ជំហរធ្វើបាតុកម្ម​រយៈពេល៣ថ្ងៃ៣យប់នៅ​ទីលាន​ប្រជាធិបតេយ្យ​ចាប់ពី​ថ្ងៃអាទិត្យទី១៥កញ្ញាដោយមាន​អ្នកចូលរួម​ចាប់ពី២ម៉ឺន​នាក់​ឡើងទៅ។

បន្ទាប់ពី​កិច្ចប្រជុំអ្នកទទួលខុសត្រូវ​ធ្វើ​បាតុកម្មលោកហូរវ៉ាន់បាន​បញ្ជាក់ថាគណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ប្រកាន់​ជំហររៀបចំ​គំរោង​ធ្វើ​មហា​បាតុកម្ម៣យប់៣ថ្ងៃ​ដដែលដោយពេល​យប់​រៀប​ចំ​ធ្វើ​រោងប្រក់​តង់​កៅស៊ូដើម្បី​ឲ្យ​បាតុករដេក​តវ៉ា២៤ម៉ោងលើ២៤នៅ​ទីលាន​ប្រជាធិបតេយ្យ​។​

លោក ហូរ វ៉ាន់ បានបញ្ជាក់​ទៅកាន់​អាជ្ញាធរ​សមត្ថកិច្ចពី​ការធានា​សន្តិសុខ​ក្នុង​ក្រុមបាតុករ​ដែល​​គណបក្ស​ប្រឆាំងមាន​ស្នាដៃធ្វើបាតុកម្មដោយ​គ្មាន​អំពើហិង្សានិង​ដោយ​សុវត្ថិភាព​ក្នុង​ពេល​​កន្លងមកពិសេស​កាលពី​ថ្ងៃទី៧កញ្ញា។

យ៉ាងណាក៏ដោយលោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញបាន​បញ្ជាក់ថាចំពោះ​ចំណុច​មិនទាន់​ឯកភាពគ្នាលើ​ចំនួន​អ្នកចូលរួមនិង​ការធ្វើ​បាតុកម្ម៣ថ្ងៃ២៤ម៉ោងដោយ​បោះ​តង់​​ដេក​​នៅ​ទីលាន​ប្រជាធិបតេយ្យជាដើម​នោះអាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញនឹង​សុំ​គោលការណ៍​​សម្រេច​​ពី​​ក្រសួងមហាផ្ទៃ។

តាម​គម្រោងមហា​បាតុកម្មអហិង្សា​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ៣ថ្ងៃ៣យប់ចាប់ពី​ថ្ងៃ​អាទិត្យ​មាន​បំណង​ដូច​បាតុកម្ម​លើក​មុនគឺ​ដើម្បី​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ពិសេស​ឯករាជ្យ​ដើម្បី​​ដោះស្រាយ​បញ្ហា​បោះឆ្នោត។មហា​បាតុកម្មអហិង្សាដោយ​សន្តិវិធី​នោះ  ដឹកនាំ​ដោយ​លោក ​សម រង្ស៊ី និង​លោក កឹម សុខា នឹងមាន​ការសម្តែង​មតិ​របស់​បាតុករការសម្តែង​សិល្បៈ​ចម្រៀង​និង​ការ​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារការ​អង្គុយ​ដោយ​ស្ងៀមស្ងាត់ព្រមទាំង​ការ​ស្នាក់​នៅ លើ​ទីលាន​ប្រជាធិបតេយ្យទាំងយប់និង​ទាំង​ថ្ងៃ៕

តំណផ្ទាល់ពី ទំព័រ​ដើម

លោក ស ខេង បាន​ហៅ​បាតុកម្ម​អហិង្សា​របស់​បក្ស​ប្រឆាំង​ថា​ជា​ជោគ​ជ័យ​

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ក្នុង​ពេល​ផ្តល់​បទ​ពិសោធន៍​ដល់​អ្នក​សារព័ត៌មាន​ កាលពី​ពេល​កន្លងទៅ។
លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ក្នុង​ពេល​ផ្តល់​បទ​ពិសោធន៍​ដល់​អ្នក​សារព័ត៌មាន​ កាលពី​ពេល​កន្លងទៅ។
@rfi/ siv channa

ដោយ ប៉ែន បូណា
រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង បាន​ថ្លែង​កោតសរសើរ​កងកម្លាំង​សមត្ថកិច្ច​ដែល​បានការ​ពារ​សុវត្ថិភាព​បានល្អ​ចំពោះ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃទី៧កញ្ញា។ លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​អ្នកចូលរួម​បាតុកម្ម​ដែល​បាន​គោរព​ច្បាប់​បានល្អ និង​អំពាវនាវ​ឲ្យ​ពួកគេ​ស្ងប់ស្ងាត់ ហើយ​ចូលរួម​តែ​សកម្មភាព​ណា​ដែល​គោរព​ច្បាប់។ សេចក្តីថ្លែងការណ៍​នេះ​បាន​ធ្វើឡើង​ខណៈដែល​គណ​បក្ស​សង្គ្រោះ​ជាតិ​គ្រោង​ធ្វើ​មហា​បាតុកម្ម​ជាង​ថ្មី​នៅ​ថ្ងៃទី ១៥ដល់ ១៧ កញ្ញា​ខាងមុខ។

សេចក្តី​រាយការ​ណ៏របស់​ ប៉ែន បូណា
 
11/09/2013
 រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ក្នុងនាម​អគ្គបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត​បាន​ហៅ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃទី ៧កញ្ញា​ថា​ជា​ជោគជ័យ។ ជោគជ័យ​ដោយសារតែ​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​​បានល្អ និង​ក៏​ដោយសារតែ​អ្នកចូលរួម​បាតុកម្ម​ទាំងអស់​គោរព​ច្បាប់ និង​ធ្វើ​ដោយ​អហិង្សា​។

ការវាយតម្លៃ​បែបនេះ​បាន​ធ្វើឡើង​តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃទី១១កញ្ញា​នេះ។ តាមរយៈ​សេចក្តីថ្លែងការណ៍​នោះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​រក្សា​ភាពស្ងប់ស្ងាត់ និង​ចូលរួម​តែ​សកម្មភាព​ណា​ដែល​គោរព​ច្បាប់​តែប៉ុណ្ណោះ។

សេចក្តីអំពាវនាវ​រប​ស់លោក ស ខេង បានធ្វើ​ឡើង​ចំ​ពេលដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រៀម​ធ្វើ​មហា​បាតុកម្ម​ជាថ្មីទៀត។ ប៉ុន្តែ មហា​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ជា​លើក​ទី២នេះ​មាន​រយៈពេល៣ថ្ងៃជាប់ៗដោយ​គ្មាន​ឈប់សម្រាក​ឡើយ។ មហា​បាតុកម្ម​លើក​នេះ​ត្រូវបាន​លោក សម រង្ស៊ី ប្រកាសថា នឹងធ្វើ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​តែម្តង។ គណបក្សប្រឆាំង​ប្រកាស​ថា នឹង​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ឯក​រាជ​ដើម្បី​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការ​បោះឆ្នោត​រហូត​ទាល់តែ​បានសម្រេច។

ប្រសិនបើ​ដូច្នោះ​មែន មហា​បាតុកម្ម​លើក​នេះ​ត្រូវគេ​រំពឹងថា​នឹងមាន​បញ្ហា​ប្រឈមមុខ​ដាក់គ្នា​ខ្លាំង​ជាង​មុន។ យ៉ាងណាក៏ដោយ លោក ស ខេង សង្ឃឹមថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់​នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ក្នុងការ​ថែរក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​ប្រជាជន​ប្រកបដោយ​ការទទួលខុសត្រូវ និង​ជាពិសេស​ត្រូវ​បញ្ចៀស​ឲ្យ​បានជា​ដាច់ខាត​នូវ​ការ​ប៉ះ​ទង្គិច​​គ្នា៕
ផ្សាយតំណផ្ទាល់ពីទំព័រ​ដើម

Tuesday, September 10, 2013

វប្បធម៌​ហិង្សា​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​ពី​ឆាក​នយោបាយ​កម្ពុជា

ឆាកឈុត​សោកនាដកម្ម​​ក្នុង​សម័យ​ខ្មែរ​ក្រហម
ឆាកឈុត​សោកនាដកម្ម​​ក្នុង​សម័យ​ខ្មែរ​ក្រហម
©rfi- បួណា
ដោយ ប៉ែន បូណា
ការ​ប៉ះ​សម្តី​គ្នា​ដ៏​ខ្លាំង​មួយ​បាន​កើតឡើង​នៅ​ចុង​សប្តាហ៍​នេះ​រវាង​លោក​សម រង្ស៊ី មេដឹកនាំ​បក្សប្រឆាំង​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក​សម រង្ស៊ី ប្រកាសថា លោក​នឹង​ចាប់​នាយករដ្ឋមន្ត្រី និង​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន​ទៅ​កាត់ទោស​ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត។ ចំណែក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ព្រមាន​តប​វិញ​ថា សង្គ្រាម​ផ្ទៃក្នុង​នឹង​កើតឡើង​ជាថ្មី​ប្រសិនបើ​បក្សប្រឆាំង​នេះ​ឈ្នះឆ្នោត​និង​ធ្វើបែបនេះ​មែន។ នេះ​ជា​សារ​ដែល​បញ្ជាក់ថា វប្បធម៌​ហិង្សា​នៅ​មិនទាន់​ទៅណា​ឆ្ងាយ​ពី​ឆាកនយោបាយ​កម្ពុជា​នៅឡើយ​ទេ។
បើទោះបីជា​វប្បធម៌​ប្រជាធិបតេយ្យ​បាន​ចាក់ឫស​ក្នុងប្រទេស​កម្ពុជា​អស់​រយៈពេល​ពីរ​ទសវត្សរ៍​ហើយ​ក៏ដោយ ក៏​អ្នកនយោបាយ​ខ្មែរ​ហាក់​នៅ​មិនទាន់​ស៊ាំ​នឹង​វប្បធម៌​ថ្មី​នេះ​នៅឡើយ​ទេ។ គំនុំសងសឹក និង​ការគំរាមកំហែង​ដែល​អាច​ឈានដល់​ការផ្ទុះ​សង្គ្រាម​ហាក់​នៅតែ​ជា​បច្ចុប្បន្នភាព​នយោបាយ​នៅឡើយ។

សង្គ្រាមពាក្យសម្តី​ដែល​បាន​ផ្ទុះឡើង​មួយឈុត​ថ្មី​ទៀត ​រវាង​មេដឹកនាំ​បក្សប្រឆាំង ​និង​បក្ស​កាន់អំណាច​នៅ​ចុង​សប្តាហ៍​នេះ​គឺជា​ឧទាហរណ៍​ស្រាប់។ ថ្លែង​ពី​ក្រៅប្រទេស កាលពី​ថ្ងៃទី១៧មេសា លោក​សម រង្ស៊ី មេដឹកនាំ​បក្សប្រឆាំង​បានប្រកាសថា មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​បច្ចុប្បន្ន​មួយចំនួន​រួមទាំង​នាយករដ្ឋមន្ត្រី​ផង ដែល​លោក​ហៅថា​ជា«ឧក្រិដ្ឋជន» ឬ​​ជា​អតីត​មេដឹកនាំ​ខ្មែរក្រហម​នោះ នឹងត្រូវ​នាំខ្លួន​ទៅ​កាត់ទោស​ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​នា​ខែកក្កដា​ខាងមុខ។

ប៉ុន្តែ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​វាយបក​វិញ​ដោយបាន​ហៅ​លោក​ សម រង្ស៊ី ថា​កំពុង​ប្រើ​យុទ្ធសាស្ត្រ«ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី» ដែលជា​នយោបាយ​ដ៏​គ្រោះថ្នាក់​បំផុត​មួយ។ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​បក្ស​កាន់អំណាច​បាន​ព្រមាន​តប​វិញ​ថា នេះ​ជាស​ញ្ញា​នៃ​ការផ្ទុះ​សង្គ្រាម​ផ្ទៃក្នុង​នៅ​កម្ពុជា​ ប្រសិនបើ​បក្សប្រឆាំង​ឈ្នះឆ្នោត ពីព្រោះ​គ្មាន​អ្នកណា​អនុញ្ញាត​ឲ្យ​លោក ​សម រង្ស៊ី​ ធ្វើបែបនេះ​ដោយ​ងាយ​នោះឡើយ។

ជាការ​ពិត នេះ​គ្រាន់តែ​ជា​សារ​នយោបាយ​ដើម្បី​គៀងគរ​រក​ការគាំទ្រ​នៅមុន​ពេល​បោះឆ្នោត​តែប៉ុណ្ណោះ។ ភាព​ហិង្សា​ពាក្យសម្តី​ពេល​ជិត​បោះឆ្នោត​មិនមែនជា​រឿង​ថ្មី​ទេ​សម្រាប់​ប្រទេស​កម្ពុជា​ ទោះបីជា​អំពើហិង្សា​លើ​រាងកាយ​បាន​ថយចុះ​យ៉ាងខ្លាំង​ក៏ដោយ។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ សារ​នយោបាយ​ដែល​បង្កប់​ដោយ​ភាពជា​សត្រូវ​នឹង​គ្នា ​ស៊ីសាច់ហុតឈាម ​នៅតែ​យុទ្ធសាស្ត្រ​ដែល​អ្នកនយោបាយ​ខ្មែរ​ប្រើប្រាស់​ដើម្បី​ទាញយក​ប្រយោជន៍​ដដែល។

ជាក់ស្តែង វា​មិនមែនជា​រឿង​ចៃដន្យ​ទេ​ដែល​លោក​សម រង្ស៊ី ផ្ញើ​សារ​នយោបាយ​ធ្ងន់ធ្ងរ​ទៅកាន់​មេដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន​នៅពេលនេះ។ សារ​បែបនេះ​ត្រូវបាន​លោក​សម រង្ស៊ី ​រំពឹងថា​អាចធ្វើ​ឲ្យ​អ្នកគាំទ្រ​បក្សប្រឆាំង​ពេញចិត្ត​ហើយ​បន្ត​ការគាំទ្រ​នយោបាយ​របស់ខ្លួន​ ដើម្បី​ទម្លាក់​មេដឹកនាំ​បច្ចុប្បន្ន​ចេញពី​អំណាច។ រីឯ​ការព្រមាន​របស់​លោក​យក​រដ្ឋមន្ត្រី ហ៊ុន សែន អំពី​លទ្ធភាព​នៃ​ការផ្ទុះ​សង្គ្រាម​ក៏​មិនមែនជា​រឿង​ចៃដន្យ​ដែរ ​ពីព្រោះ​សង្គ្រាម​ជា​អ្វីដែល​ពលរដ្ឋ​ខ្មែរ​ឆ្អែតឆ្អន់ ហើយ​ខ្លាចរអា​មិន​ប្រាថ្នា​ចង់​ជួប​ទៀតឡើយ។

ហេតុដូច្នេះ​ហើយ​បានជា​បក្ស​កាន់អំណាច​តែង​លើក​ឡើងជា​ញឹកញាប់​ថា ការប្តូរ​រដ្ឋាភិបាល​មានន័យ​ស្មើនឹង​ការ​រុញច្រាន​ប្រទេសជាតិ​ឲ្យ​ធ្លាក់​ក្នុង​ភាពវឹកវរ​ ឬ​ក្នុង​ភ្លើងសង្គ្រាម​សាជាថ្មី ដូចដែល​ប្រវត្តិសាស្ត្រ​បានបង្ហាញ​រួចមកហើយ។ ដូច្នេះ ប្រសិនបើ​គេ​វិភាគ​ទៅលើ​អត្ថន័យ​នៃ​សារ​នយោបាយ​របស់​គណ​បក្សធំៗទាំងពីរ ​ដែល​កំពុង​ប្រជែង​អំណាច គេ​នឹង​ឃើញ​យ៉ាងច្បាស់​​នូវ​រូបភាព​នៃ​វប្បធម៌​ហិង្សា​ដែល​បង្កប់​ក្នុង​សារ​នយោបាយ​ទាំងនោះ។

ក្រុមអ្នកវិភាគ​នយោបាយ​ប្រទេស​កម្ពុជា​បាន​មើលឃើញថា ប្រទេសមួយ​ដែល​ទើបតែ​ងើប​ចេញពី​ភ្លើងសង្គ្រាម និង​របប​កាប់សម្លាប់​មនុស្ស​យ៉ាង​រង្គាល ដូចជា​កម្ពុជា ការកសាង​វប្បធម៌​សន្តិ​ភាព​ គឺជា​បេសកកម្ម​ចាំបាច់​ដំបូង​គេ​ដែល​ត្រូវបំពេញ។ អ្នកនយោបាយ​មាន​តួនាទី​នាំមុខគេ​នៅក្នុង​បេសកកម្ម​នេះ។ ដូច្នេះ ជំនួស​ឲ្យ​សារ​នយោបាយ​ដែល​បង្កប់​ដោយ​ន័យ​ហិង្សា​គួរ​ឲ្យ​ព្រឺ​ខ្លាច អ្នកនយោបាយ​ខ្មែរ​គួរតែ​ប្រណាំង​គ្នា​បង្ហាញ​សមត្ថភាព​នៃ​ការបង្រួបបង្រួម និង​ផ្សះផ្សា​ជាតិ​ ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​វិញ​ម្តង។

ប្រជាពលរដ្ឋ​ខ្មែរ​ក៏ត្រូវ​ចូលរួម​ក្នុង​ការកសាង​វប្បធម៌​សន្តិភាព​ដែរ គឺ​ចូលរួម​តាមរយៈ​ការផ្តល់​ពិន្ទុ​ល្អ​ដល់​អ្នកនយោបាយ​ណា​ដែលមាន​សមត្ថភាព​កសាង​វប្បធម៌​សន្តិភាព និង​វប្បធម៌​ប្រជាធិបតេយ្យ​ក្នុងប្រទេស​ ជាជាង​ការផ្តល់​តម្លៃ​ទៅលើ​នយោបាយ​ដំឡើង​សាច់ដុំ និង នយោបាយ«ស៊ីសាច់ហុតឈាម»។ ពិន្ទុ​របស់​អ្នកបោះឆ្នោត​គឺជា​ឱសថ​ដ៏​ស័ក្តិសិទ្ធិ​ដើម្បី​កែលម្អ​ចរិត​​អ្នកនយោបាយ​ឆ្ពោះទៅរក​វប្បធម៌​សន្តិភាព៕

ចម្លងការផ្សាយទាំងស្រុងពី៖ វិទ្យុបារាំងខេមរភាសា