Showing posts with label នយោបាយ. Show all posts
Showing posts with label នយោបាយ. Show all posts

Tuesday, October 29, 2013

មូលហេតុ​បាតុករ​ចូល​រួម​មហា​បាតុកម្ម​របស់​បក្ស​សង្គ្រោះ​ជាតិ

បាតុកម្ម​ជា​ជម្រើស​ចុង​ក្រោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាក់ទង​នឹង​ការ​ទាមទារ​លទ្ធផល​បោះ​ឆ្នោត ដែល​គណបក្ស​នេះ​ចោទ​ប្រកាន់​ថា មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​អំពី​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ នោះ។

ដោយ ទីន ហ្សាការីយ៉ា
2013-10-29

អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
បាតុកម្ម សង្គ្រោះ​ជាតិ ៦១០
ក្បួន​ហែ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ តាម​បណ្ដោយ​ផ្លូវ​សុធារស ម្ដុំ​បូឌីន រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​ដាក់​នៅ​តាម​ស្ថានទូត​បរទេស​មួយ​ចំនួន នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៣។
RFA/Mom Sophon
ការ​ធ្វើ​មហា​បាតុកម្ម​កន្លង​មក​នេះ ក្រុម​បាតុករ​មួយ​ចំនួន​បាន​បង្ហាញ​ថា អ្វី​ដែល​ពួក​គាត់​មក​ចូល​រួម​ធ្វើ​បាតុកម្ម មិន​មែន​មក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុណ្ណោះ​ទេ អ្វី​ដែល​ពួក​គាត់​ចង់​បាន គឺ​ធ្វើ​ឲ្យ​សង្គម​មាន​ការ​ផ្លាស់​ប្ដូរ ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​ដូច​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ប្រទេស​នៅ​តំបន់​អាស៊ាន​មួយ​ចំនួន​ទៀត។
បញ្ហា​អយុត្តិធម៌​កើត​មាន​នៅ​ក្នុង​សង្គម និង​ភាព​ក្រីក្រ ជា​មូលហេតុ​ដ៏​សំខាន់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ មាន​ផ្នត់​គំនិត​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​របៀប​ដឹក​នាំ​ប្រទេស​របស់​រដ្ឋាភិបាល​ថ្មី ដែល​ធានា​នូវ​ការ​រីក​ចម្រើន​ជីវភាព​របស់​ពួក​គាត់​យ៉ាង​ពិត​ប្រាកដ។
ការ​មក​ចូល​រួម​ធ្វើ​បាតុកម្ម​របស់​ប្រជាពលរដ្ឋ​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ តុលា របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ គឺ​ក្រៅ​ពី​ទាមទារ​យក​យុត្តិធម៌​លទ្ធផល​បោះ​ឆ្នោត​នោះ គឺ​ពួក​គាត់​ទាមទារ​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​របៀប​គ្រប់គ្រង ដោយ​ចង់​បាន​ប្រទេស​កម្ពុជា ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។
ស្ត្រី​វ័យ​ចំណាស់​ជាង ៧០​ឆ្នាំ ឈ្មោះ យាយ កែ បាន​រៀប​រាប់​ថា ទោះ​បី​ជា​រូប​គាត់​មាន​វ័យ​ចំណាស់​ទៅ​ហើយ​ក្ដី ប៉ុន្តែ​កម្លាំង​អ្នកស្រី​នៅ​រឹងមាំ​ដដែល ដើម្បី​មក​ចូល​រួម​ធ្វើ​បាតុកម្ម​អហិង្សា​នេះ។ អ្នកស្រី​បញ្ជាក់​ថា អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​មាន​ចិត្ត​តស៊ូ​លក់​ស្រូវ ដើម្បី​យក​លុយ​ធ្វើ​សោហ៊ុយ​មក​ទីក្រុង​ភ្នំពេញ ក្នុង​គោល​បំណង​ទាមទារ​ឲ្យ​មាន​រដ្ឋាភិបាល​ធានា​នូវ​ជីវភាព​ប្រជាពលរដ្ឋ មាន​ជីវភាព​ធូរធារ​ប្រហាក់​ប្រហែល​គ្នា។
អ្នកស្រី​បន្ថែម​ថា សង្គម​បច្ចុប្បន្ន​នេះ មាន​ការ​រឹតត្បិត មិន​បើក​សិទ្ធិ​សេរីភាព​ជូន​ប្រជាពលរដ្ឋ​ទេ ហើយ​អ្វី​ដែល​គាត់​ខំ​ទាមទារ​នោះ ទោះ​បី​ជា​អាយុ​គាត់​មិន​ទាន់​បាន​ឃើញ​សង្គម​មាន​ការ​ផ្លាស់​ប្ដូរ​ក្ដី ប៉ុន្តែ​គាត់​សង្ឃឹម​ថា ការ​ផ្លាស់​ប្ដូរ​នេះ​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ។
បាតុករ​ជាច្រើន​ទៀត បាន​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​ថា បញ្ហា​ចម្បង​ដែល​ពួក​គាត់​មក​ចូល​រួម​ធ្វើ​បាតុកម្ម​នេះ ដោយសារ​ពួក​គាត់​មិន​មាន​ជំនឿ​ទៅ​លើ​ការ​សន្យា​របស់​រដ្ឋាភិបាល​ថ្មី ដែល​បង្កើត​ឡើង​ដោយ​ឯក​បក្ស ថា​នឹង​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ ដោយ​ហេតុ​ថា ក្រៅ​ពី​បញ្ហា​ជីវភាព​ដែល​ពួក​គាត់​ប្រឈម​នោះ គឺ​ពួក​គាត់​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ទៀត រួម​មាន ការ​បណ្ដេញ​ចេញ​ពី​ដីធ្លី តុលាការ​មិន​ឯករាជ្យ ការ​គាប​សង្កត់​ពី​អាជ្ញាធរ​មូលដ្ឋាន។ល។
ស្ត្រី​ជនជាតិ​ចាម មួយ​រូប​មក​ពី​ស្រុក​ឈ្នួល ខេត្ត​ក្រចេះ បាន​មក​សម្ដែង​ពី​ការ​ឈឺ​ចាប់ ដែល​ក្រុមហ៊ុន​ឯកជន​បាន​រឹបអូស​យក​ដី​ចម្ការ​របស់​គាត់ និង​បណ្ដេញ​ពួក​គាត់​ចេញ​ពី​ដី​ចម្ការ។ គាត់​បាន​និយាយ​នៅ​លើ​វេទិកា​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៥ តុលា ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នោះ​ថា អ្វី​ដែល​គាត់​នាំ​គ្នា​មក​ធ្វើ​បាតុកម្ម​នេះ ដោយសារ​តែ​ការ​ឈឺ​ចាប់​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ ដែល​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​សង្គម​គ្មាន​ការពារ​ដោយ​ច្បាប់។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​កំពុង​រក​វិធីសាស្ត្រ​រៀងៗ​ខ្លួន ដើម្បី​ជួប​ចរចា​ជា​ថ្មី​ម្ដង​ទៀត ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​សមស្រប​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លក្ខខណ្ឌ​មួយ​ចំនួន​មុន​នឹង​ជួប​ចរចា​ជា​ថ្មី​ក្ដី។
ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ អ្នក​វិភាគ​ពន្យល់​ថា រដ្ឋាភិបាល​ឯក​បក្ស​នេះ ត្រូវ​តែ​ទទួល​យក​លក្ខខណ្ឌ​របស់​គណបក្ស​ប្រឆាំង​ខ្លះ ដើម្បី​យក​ទៅ​ធ្វើ​កំណែ​ទម្រង់​រដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព និង​ជា​ក្ដី​សង្ឃឹម​របស់​ប្រជាពលរដ្ឋ​ក្រោម​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​នីតិកាល​ទី​៥​នេះ។
គ្រូ​បង្រៀន​វិទ្យាល័យ បាកាន ខេត្ត​ពោធិ៍សាត់ ឈ្មោះ ឃុន វ៉ាត មាន​ប្រសាសន៍​ថា លោក​បាន​មក​ចូល​រួម​ធ្វើ​បាតុកម្ម​ចំនួន​បី​ថ្ងៃ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បញ្ជាក់​ថា លោក​បាន​ធ្វើ​គ្រូ​បង្រៀន​ជាច្រើន​ឆ្នាំ​មក​ហើយ មិន​ធ្វើ​ឲ្យ​ជីវភាព​គ្រូ​មាន​ការ​ផ្លាស់​ប្ដូរ​ទេ។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ជីវភាព​គាត់​ជួប​នឹង​បញ្ហា​លំបាក​ដដែល។ លោក​អះអាង​ថា លោក​គ្មាន​ជំនឿ​ទៅ​លើ​រដ្ឋាភិបាល ថា​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​នោះ​ទេ។ បើ​អាច​ធ្វើ​ទៅ​បាន​មែន​នោះ រដ្ឋាភិបាល​ដឹក​នាំ​ដោយ លោក ហ៊ុន សែន បាន​ដំឡើង​ប្រាក់​ខែ​ជូន​មន្ត្រី​រាជការ គ្រូ​បង្រៀន​បាន​ចំនួន​ច្រើន​ល្មម​អាច​ចំណាយ​គ្រប់គ្រាន់​សម្រាប់​គ្រួសារ​របស់​ពួក​គាត់​ហើយ។
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ពន្យល់​ថា រដ្ឋាភិបាល​ថ្មី​នេះ​នឹង​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​សម្រាប់​ការ​ដឹក​នាំ​ប្រទេស​ចំនួន ៥​ឆ្នាំ​ទៅ​មុខ​ទៀត​នេះ។ លោក ផៃ ស៊ីផាន បន្ថែម​ថា រដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំ​របស់ លោក ហ៊ុន សែន នេះ គឺ​ធ្វើ​ឲ្យ​ប្រទេស​មាន​ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់ និង​មាន​នីតិរដ្ឋ​ជាដើម។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី និស្សិត​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ឈ្មោះ យន់ ប៊ុនធៀង មាន​ប្រសាសន៍​ថា លោក​បាន​ឆ្លៀត​ពេល​ល្ងាច​ទៅ​ចូល​រួម​ធ្វើ​បាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ តុលា នោះ។ លោក ប៊ុនធៀង លើក​ឡើង​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​មាន​យន្តការ​ច្បាស់​លាស់​ក្នុង​ការ​ដឹក​នាំ​ប្រទេស​ឲ្យ​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ទេ​នោះ ចលនា​មហា​ជន ឬ​យុវជន​នឹង​ផ្ទុះ​ឡើង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​កាន់​តែ​ខ្លាំង​ទៀត ដោយ​ហេតុ​ថា គម្លាត​អ្នក​មាន និង​ក្រ​កាន់​តែ​ច្រើន ហើយ​យុវជន​បញ្ចប់​ការ​សិក្សា​គ្មាន​ការងារ​ធ្វើ គួបផ្សំ​នឹង​អំពើ​អយុត្តិធម៌​ក្នុង​សង្គម។
អ្នក​ជំនាញ​សេដ្ឋកិច្ច​លើក​ឡើង​ថា កម្ពុជា អាច​មាន​កំណើន​សេដ្ឋកិច្ច​ប្រមាណ ៧% ក្នុង​ឆ្នាំ​២០១៣ ប៉ុន្តែ​កំណើន​នោះ នឹង​អាច​ស្ថិត​នៅ​ទ្រឹង ឬ​គ្មាន​ឱកាស​ហក់​ឡើង​ទៅ​ប្រទេស​អភិវឌ្ឍន៍​ឡើយ ប្រសិន​បើ​កម្ពុជា មិន​ធ្វើ​កំណែ​ទម្រង់​លើ​គោល​នយោបាយ​កាត់​បន្ថយ​គម្លាត​អ្នក​មាន និង​អ្នក​ក្រ រួម​ទាំង​ពង្រឹង​មូលដ្ឋាន​ផលិត ដែល​មិន​បម្រើ​ប្រជាពលរដ្ឋ​ទូទៅ​ទេ​នោះ។
ក្រុម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា អ្វី​ដែល​រដ្ឋាភិបាល​មិន​អាច​ទប់ស្កាត់​បាន​នោះ បញ្ហា​អតិផរណា ពោល​គឺ​ទំនិញ​នៅ​លើ​ទីផ្សារ​កាន់​តែ​ឡើង​ថ្លៃ​ជា​បន្តបន្ទាប់ ហើយ​ចំណូល​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​រក​បាន​តិច មិន​អាច​ទប់ទល់​នឹង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​បាន។ ម្យ៉ាង​ទៀត ផលិតផល​កសិផល កសិករ​លក់​ក្នុង​តម្លៃ​ថោក និង​គ្មាន​ទីផ្សារ​ជាដើម។
របាយការណ៍​របស់​ធនាគារ​ពិភពលោក (World Bank) និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ឆ្នាំ​២០១៣ បាន​រក​ឃើញ​ថា ប្រជាពលរដ្ឋ​តិចតួច​បាន​ទទួល​ផល​ពី​កំណើន​សេដ្ឋកិច្ច​រៀង​រាល់​ឆ្នាំ។ អ្នក​មាន និង​អ្នក​ក្រ​នៅ​កម្ពុជា មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​ខ្លាំង ហើយ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ប្រមាណ ៨០% មាន​ដី​ធ្វើ​កសិកម្ម​តិច​ជាង​មួយ​ហិកតារ ស្រប​ពេល​ដែល​អ្នក​មាន​អំណាច​ប្រមាណ ២០% មាន​ដី​ច្រើន​ជាង ៥០០​ហិកតារ ដែល​គ្រប់គ្រង​ដី​ផលិត​កសិកម្ម​ស្ទើរ​តែ​ទាំង​ស្រុង​នៅ​ប្រទេស​កម្ពុជា។
ប្រជាពលរដ្ឋ​កម្ពុជា ប្រមាណ ៦​លាន​នាក់ ស្ថិត​នៅ​ក្រោម​បន្ទាប់​ភាព​ក្រីក្រ មាន​ន័យ​ថា ពួក​គាត់​មិន​អាច​រក​ចំណូល​បាន​ប្រមាណ ៥​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ។ បន្ថែម​ពី​លើ​នេះ​ទៀត ប្រជាពលរដ្ឋ​ប្រមាណ ៣​លាន​នាក់​ផ្សេង​ទៀត ងាយ​នឹង​ធ្លាក់​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​ដែរ ប្រសិន​បើ​កម្ពុជា មាន​វិបត្តិ​សេដ្ឋកិច្ច​បន្ថែម​ទៀត ដូច​ជា ទំនិញ​កាន់​តែ​ឡើង​ថ្លៃ និង​គ្រោះថ្នាក់​ធម្មជាតិ​ផ្សេង៕
ផ្សាយបន្តពី RFA (នេះជាការរក្សាឯកសារសម្រាប់សិក្សាស្រាវជ្រាវប៉ុណ្ណោះ)

តុលាការ​សាលា​ឧទ្ធរណ៍ បើក​សវនាការ​ករណី​លោក ឈូក បណ្ឌិត នៅ​រសៀល ថ្ងៃ​ទី​៣១​តុលា​

លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​។
លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​។
RFI-ចាន់ណា

ដោយ លី ម៉េងហួរ
សំណុំ​រឿង​ក្តី អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត បាញ់​ស្ត្រី​កម្មករ​កាត់ដេរ ៣​នាក់ ឲ្យ​រង​របួស​ធ្ងន់ ស្ទើរ​តែ​ស្លាប់ នឹង​ត្រូវ​តុលាការ​សាលា​ឧទ្ធរណ៍ បើក​សវនាការ ជំនុំ​ជម្រះ​ឡើង​វិញ នា​រសៀល​ម៉ោង ២ ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែ​តុលា។ ក្រុម​មេធាវី​របស់​លោក ឈូក បណ្ឌិត បាន​ប្តឹង​ប្រឆាំង​នឹង​ការ​សម្រេច​របស់​តុលាការ​ខេត្ត​ស្វាយរៀង ដែល​បាន​ផ្តន្ទាទោស កំបាំង​មុខ ដាក់​ពន្ធនាគារ ១​ឆ្នាំ​កន្លះ លើ​លោក ឈូក បណ្ឌិត ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា។ ចំណែក​ក្រុម​ជន​រងគ្រោះ បាន​ប្តឹង​តវ៉ា ប្រឆាំង​នឹង​ការ​ផ្តល់​សំណង។

សេចក្តី​រាយការ​ណ៏របស់​ លី ម៉េងហួរ
 
29/10/2013
សវនាការ នៅ​តុលាការ​សាលា​ឧទ្ធរណ៍ នា​រសៀល​ម៉ោង ២ ថ្ងៃ​ទី​៣១​តុលា លើ​សំណុំ​រឿង​ក្តី​លោក ឈូក បណ្ឌិត នឹង​ត្រូវ​ធ្វើ​ឡើង​ជា​សាធារណៈ បើក​ឲ្យ​មហាជន​ចូលរួម​តាមដាន។ ក្រុម​ស្ត្រី​កម្មករ ៣ នាក់ រង​គ្រោះ ក្នុង​អំពើ​បាញ់​ប្រហារ បង្ក​ឡើង​ដោយ​អតីត​អភិបាល​ក្រុង បាវិត លោក ឈូក បណ្ឌិត នឹង​ចូលរួម​ក្នុង​សវនាការ។ ចំណែក​លោក ឈូក បណ្ឌិត បាត់​ដំណឹង​សូន្យ​ឈឹង មិន​ដឹង​ស្លាប់ ឬ​រស់ ខណៈ​ដែល​ប៉ូលិស តាម​រក​មិន​ឃើញ។

លោក ជិន លី​ដា មេធាវី​ការពារ​ក្រុម​ស្ត្រី​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា មេធាវី និង​ជន​រង​គ្រោះ បាន​ទទួល​ដីកា កាល​ពី​សប្តាហ៍​មុន ពី​តុលាការ​សាលា​ឧទ្ធរណ៍ ឲ្យ​ចូលរួម​សវនាការ នា​រសៀល​ថ្ងៃ​ទី​៣១​តុលា។

តាម​លោក​មេធាវី សំណុំ​រឿង​ក្តី​លោក ឈូក បណ្ឌិត បាញ់​ស្ត្រី​កម្មករ ត្រូវ​បាន​ប្តឹង​ជំទាស់ ដោយ​ខាង​លោក​ឈូក​បណ្ឌិត ដែល​មិន​សុខ​ចិត្ត នឹង​ការ​សម្រេច​ផ្តន្ទាទោស កំបាំង​មុខ ដាក់​ពន្ធនាគារ​លើ​លោក​ឈូក បណ្ឌិត ១ ឆ្នាំ​កន្លះ។ រីឯ​ប៉ូលិស​ម្នាក់​ទៀត លោក ស ចាន់​ថា ក៏​មិន​សុខ​ចិត្ត​នឹង​ការ​សម្រេច​ក្តី​របស់​តុលាការ ដែល​ផ្តន្ទាទោស​រូប​លោក ដាក់​ពន្ធនាគារ ៦ ខែ ក្នុង​រឿង​កាន់​កាប់​អាវុធ​ខុស​ច្បាប់។ ចំណែក​ក្រុម​ស្ត្រី​កម្មករ​រងគ្រោះ ៣ នាក់ ក៏​បាន​ប្តឹង​ជំទាស់​នឹង​ការ​សម្រេច​របស់​តុលាការ​ខេត្ត​ស្វាយរៀង ដែល​តម្រូវ​ឲ្យ​លោក ឈូក បណ្ឌិត បង់​ប្រាក់​សង​ជំងឺ​ចិត្ត​តិច​តួច ដល់​កម្មករ​ទាំង​បី ត្រឹម​តែ​ពី ៨ លាន​រៀល ទៅ ២០ លាន​រៀល ខណៈ​ដែល​ក្រុម​ស្ត្រី​កម្មករ​រងគ្រោះ ទាមទារ​ប្រាក់​សំណង រហូត​ដល់​ពី ៤ ម៉ឺន​ដុល្លារ ទៅ ៤៥០០០ ដុល្លារ។

ក្នុង​ដីកា​សម្រេច កាលពី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ ចៅ​ក្រម​តុលាការ​ខេត្ត​ស្វាយរៀង បាន​ចេញ​ដីកា បញ្ជា​ឲ្យ​ប៉ូលិស តាម​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត យក​មក​ដាក់​ពន្ធនាគា​រ ពី​បទ​បាញ់​ឲ្យ​របួស​ស្ត្រី​កម្មករ​កាត់ដេរ ៣ នាក់ ឲ្យ​រងរបួស​ធ្ងន់ ក្នុង​ព្រឹត្តិការណ៍​តវ៉ា កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១។

សកម្មជន​សិទ្ធិមនុស្ស លោក មឿ​ន តុលា បាន​បញ្ជាក់ថា ការសម្រេច​ផ្តន្ទាទោស លើ​លោក ឈូក បណ្ឌិត ត្រឹមតែ ១ឆ្នាំកន្លះ គឺ​ស្រាល​ពេក ព្រោះ​លោក ឈូក បណ្ឌិត បាន​ដក​កាំភ្លើង​បាញ់​កម្មករ មិនមែនជា​រឿង​អ​ចេតនា​ទេ។ មួយទៀត ទោះជា​លោក ឈូក បណ្ឌិត ប្តឹង​ឧទ្ធរណ៍ ក៏​មិនអាច​លុបចោល​ដីកា​តាម​ចាប់ខ្លួន លោក ឈូក បណ្ឌិត យកមក​ដាក់ពន្ធនាគា​រ​ទេ។

យ៉ាងណាក៏ដោយ សកម្មជន​សិទ្ធិមនុស្ស និង​ជនរងគ្រោះ រង់​ចាំមើល​តុលាការ​ឧទ្ធរណ៍ កាត់ក្តី​លើ​ករណី​លោក ឈូក បណ្ឌិត នៅ​ថ្ងៃទី៣១តុលា ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្រកាស​របស់​រដ្ឋាភិបាល អាណត្តិ​ថ្មី ចំពោះ​ការកែទម្រង់​ស៊ីជម្រៅ លើ​ប្រព័ន្ធ​ច្បាប់ និង​តុលាការ៕

ផ្សាយបន្តពី ទំព័រ​ដើម

Friday, October 11, 2013

ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​មន្ត្រី​ជា​ចំណែក​ជោគជ័យ​នៃ​កំណែ​ទម្រង់​រដ្ឋាភិបាល​

ភាពស្និទ្ធ​ស្នាល​របស់​សម្តេច​ព្រះនរោត្តម​ សីហនុ ជាមួយ​ប្រជារាស្ត្រ ជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​ប្រជាប្រិយភាព​របស់​ព្រះអង្គ។
ភាពស្និទ្ធ​ស្នាល​របស់​សម្តេច​ព្រះនរោត្តម​ សីហនុ ជាមួយ​ប្រជារាស្ត្រ ជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​ប្រជាប្រិយភាព​របស់​ព្រះអង្គ។
@Google
ដោយ ប៉ែន បូណា
រដ្ឋាភិបាល​អាណត្តិ​ទី​៥​បាន​ចេញ​ដំណើរ​ហើយ ​ទោះ​បី​ជា​វិបត្តិ​នយោបាយ​នៅ​មិន​ទាន់​ដោះស្រាយ​បាន​ក៏​ដោយ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​កំណែ​ទម្រង់​ជា​ច្រើន ​ដើម្បី​ស្តារ​​ប្រជាប្រិយភាព​រដ្ឋាភិបាល​ឡើង​វិញ។ ប៉ុន្តែ ការ​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​មន្ត្រីរ​ដ្ឋា​ភិ​បាល និង​មន្ត្រី​អាជ្ញាធរ​ក៏​ត្រូវ​គេ​មើល​ឃើញ​ថា មាន​សារៈសំខាន់​ចាំ​បាច់​ មិន​អាច​មើល​រំលង​បាន​ដែរ ​ពីព្រោះ​វា​ជា​ចំណែក​នៃ​ជោគជ័យ ​ឬ​បរាជ័យ​នៃ​កំណែ​ទម្រង់​រដ្ឋាភិបាល។
ការ​គិតគូរ​ពី​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ខាង​គោលនយោបាយ ​គឺ​ជា​បញ្ហា​ចាំ​បាច់​ដើម្បី​ស្តារ​​ប្រជាប្រិយភាព​របស់​រដ្ឋាភិបាល ​ពីព្រោះ​ប្រសិន​បើ​គ្មាន​គោល​នយោបាយ​ល្អ​ដែល​ឆ្លើយ​តប​នឹង​សេចក្តី​ត្រូវការ​ជាក់​ស្តែង​របស់​ប្រជាពលរដ្ឋ​ទេ ការ​ដឹកនាំ​ប្រទេស​ក៏​មិន​ទទួល​ជោគជ័យ​ដែរ។ នេះ​គឺ​ជា​កត្តា​សត្យានុម័ត​ដែល​គ្មាន​រដ្ឋាភិបាល​ណា​មើល​រំលង​បាន​ឡើយ​ ជាពិសេស​ក្នុង​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ។
ប៉ុន្តែ មុន​នឹង​ឈាន​ទៅ​សម្រេច​គោល​នយោបាយ អាកប្បកិរិយា​របស់​ម​ន្ត្រី​រដ្ឋាភិបាល ​និង​មន្ត្រី​អាជ្ញាធរ​ក៏​ជា​ចំណែក​សំខាន់​មួយ​ដែរ​ដែល​គួរ​ពិចារណា។ មាន​បញ្ហា​ច្រើន​ណាស់​ដែល​កើតចេញ​ពី​អាកប្បកិរិយា​របស់​មន្ត្រី​មាន​បុណ្យ​ស័ក្តិ ហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខក​ចិត្ត​ដោយ​មិន​ទាន់​គិត​ដល់​សមត្ថភាព​ការងារ​ផង។ ភាព​ឆ្គាំ​ឆ្គង​សំខាន់​មួយ​របស់​មន្ត្រី​ទាំង​នោះ​គឺ​ការ​សម្ញែង​ទ្រព្យ​សម្បត្តិ​ដ៏​ស្តុកស្តម្ភ​របស់​ខ្លួន។

ជា​ទូទៅ  មន្ត្រី​ធំៗ​ថ្នាក់​លើ និង​អ្នក​ធ្វើ​ការ​ចំ​កន្លែង​ខ្លាញ់ ពួកគេ​បាន​បង្ហាញ​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​យ៉ាង​លឿន​រហ័ស និង​យ៉ាង​សម្ញែង​ដោយ​គ្មាន​លាក់លៀម។ ផ្ទះ​វីឡា ដី​ជា​ច្រើន​កន្លែង រថយន្ត​ទំនើប​ជាច្រើន​គ្រឿង និង​ប្រាក់​ចាយវាយ​យ៉ាង​ពោរ​ពាស​...។ ប៉ុន្តែ អ្នក​ទាំងនោះ​ហាក់ដូចជា​ភ្លេច​គិតថា តើ​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ដែល​ពួកគេ​មាន​នេះ ​បាន​មក​ពី​ណា? នេះ​ជា​សំណួរ​ដែល​អ្នកផង​ទាំងពួង​នាំ​គ្នា​ចោទសួរ​ និង​ខ្សឹប​ខ្សៀវ​គ្រប់​គ្នា។ ចម្លើយ​ដ៏​សាមញ្ញ​បំផុត​នោះ​គឺ មកពី​គេ​ធ្វើការ​ចំ​កន្លែង​ខ្លាញ់។

នៅ​ពេល​ដែល​មន្ត្រី​ទាំង​នោះ​ចុះ​មូលដ្ឋាន​ម្តងៗ ពួកគេ​បាន​បង្ហាញ​ពី​ភាព​ខុស​គ្នា​ស្រឡះ​ធៀប​នឹង​ជីវភាព​ប្រជាពលរដ្ឋ ​និង​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​ជាតិ។ ភាព​ខុសគ្នា​បាន​ស្តែង​ឡើង​តាមរយៈ​រថយន្ត​ដែលមាន​តម្លៃ​ខ្ពស់​កប់​ពពក និង​សម្ភារៈ​ប្រើប្រាស់​ទំនើបៗ​ជា​ច្រើន​ទៀត។

ទោះ​បី​ជា​ក្រុម​អ្នក​ភូមិ​ចោមរោម​មើល​ដោយ​ក្តី​ស្ងប់​ស្ញែង ក៏ប៉ុន្តែ ភាព​ស្ញប់ស្ញែង​ទាំងនោះ​បង្កប់​ដោយ​ការ​ឈឺចាប់​ និង​អស់សង្ឃឹម។ ពួកគេ​តែង​ដណ្តឹង​សួរ​គ្នា​ថា «តើ​ជាតិ​ណា​ទើប​ពួកយើង​អាច​មាន​ទ្រព្យសម្បត្តិ​ដូច​គេ?» សំណួរ​នេះ​ ក៏​បង្កប់ន័យ​ខកចិត្ត​យ៉ាងខ្លាំង​ណាស់ដែរ។

ក្រៅ​ពី​ទ្រព្យសម្បត្តិ មន្ត្រី​ភាគ​ច្រើន​ប្រកាន់​ឫក​ពារ​ក្រអឺតក្រទម​ក្នុងនាម​ជា​អ្នកមាន​និង​អ្នកទីក្រុង ដែល​ខុស​ស្រឡះ​ពី​អ្នកក្រ​និង​អ្នកស្រែ​ចម្ការ។ កង​អង្គរក្ស​ព្រោងព្រាត អ្នក​បើក​ទ្វារ​ឡាន និង​អ្នក​ហែហម​តាម​គោរព​រណែបរណប សូម្បីតែ​ពួកគេ​ចុះ​ទៅ​វាលស្រែ​សោះ​ក៏​ដោយ។ ពួកគេ​ចង់​បង្ហាញថា ធ្វើ​ធំ​គឺ​ដូច្នេះ​ឯង។ មើលទៅ បញ្ហា​មុខមាត់​ហាក់​ដូចជា​រឿង​សំខាន់​ណាស់​គឺ​សំខាន់​រហូតដល់​ភ្លេច​គិតពី​ភាព​សមរម្យ​ និង​ការ​សម្រប​ខ្លួន​ទៅនឹង​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ និង​ស្ថានភាព​ប្រទេសជាតិ។ មាន​មន្ត្រី​ច្រើន​ណាស់​ដែល​ត្រូវ​ប្រជាពលរដ្ឋ​និយាយ​ដើម​ពីក្រោយ​ខ្នង​ ក្រោយពី​ចុះទៅ​មូលដ្ឋាន ឬ​សូម្បីតែ​ទៅ​ចែក​អំណោយ។

ការ​ប្រើ​អំណាច​ដើម្បី​ឲ្យ​គេ​ខ្លាច​ក៏​ជា​បញ្ហា​ពេញ​និយម​មួយទៀត។ ជា​ទូទៅ ​អ្នក​មាន​បុណ្យស័ក្តិ​ច្រើន​តែ​ប្រាថ្នា​ចង់​ឲ្យ​អ្នកផង​ទាំងពួង​គោរព កោតខ្លាច ហើយ​តាំងខ្លួន​ជា​អ្នកឈ្នះ​ជានិច្ច មិន​ថា ខុស​ឬ​ត្រូវ​ឡើយ។ និយាយ​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​វិញ ការ​កេះកៀវ​រកលុយ​កាក់​គឺជា​ជំងឺ​ដែល​ពិបាក​ព្យាបាល។ ទោះបីជា​នាយករដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ពួកគេ​បម្រើ​រាស្ត្រ ប៉ុន្តែ រហូត​មក​ទល់​ម៉ោង​នេះ តើ​មាន​មន្ត្រី​ប៉ុន្មាន​នាក់​ដែល​ធ្វើ​ឯកសារ សំណុំ​បែបបទ​ផ្សេងៗ ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ហើយ​យកទៅ​ជូន​ដល់ផ្ទះ​ដូច​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ចង់​បាន​នោះ?

ទម្លាប់​មួយ​ទៀត​ដែល​មន្ត្រី​ចូលចិត្ត​ធ្វើ​នោះ​ គឺ​ការចូល​ចិត្ត​ឲ្យ​គេ​ផ្គាប់ផ្គន់។ ពេល​មេ​ចុះ​ទៅ​ដល់​ណា កូនចៅ​តាម​ខ្សែ​បណ្តោយ​ត្រូវ​តាម​ផ្គាប់ផ្គន់ យកចិត្ត​ថ្លើម ទោះ​មេ​ចង់បាន​អ្វី​ក៏បាន​ដូច​ចិត្ត​ពី​ព្រោះ​គឺ​ដោយសារ​មេនេះ​ហើយ​ បាន​ជា​ពួកគេ​មាន​កាស​ធ្វើ​ការ​នៅ​កន្លែង​ខ្លាញ់។ ដូច្នេះ មន្ត្រី​ថ្នាក់ក្រោម​ធ្វើការ​ផ្គាប់ចិត្ត​មេជាង​ផ្គាប់ចិត្ត​ម្ចាស់ឆ្នោត។ ការប្រតិបត្តិ​បែបនេះ​ ហាក់​បានកើត​ឡើងតៗគ្នា​ តាំងពី​ថ្នាក់លើ​រហូត​ថ្នាក់ក្រោម។ នេះ​គ្រាន់តែ​ជា​ចំណុចខ្លះៗដែល​ស្តីពី​អាកប្បកិរិយា​អវិជ្ជមាន ​របស់​មន្ត្រី​មួយចំនួន​តែប៉ុណ្ណោះ។ រូបភាព​អវិជ្ជមាន​ទាំងនេះ​ស្ថិតក្រោម​ក្រសែភ្នែក​តាមដាន​របស់​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា។ ទីបំផុត វា​ក៏​ផ្តល់​ផល​អវិជ្ជមាន​ដល់​រដ្ឋាភិបាល​វិញ។

ដូច្នេះ រយៈពេល​៥​ឆ្នាំ​ខាងមុខ​នេះ​ ជា​ពេលវេលា​សំខាន់​ណាស់​ដែល​មន្ត្រី​ត្រូវ​ផ្លាស់ប្តូរ​ឥរិយាបថ​អវិជ្ជមាន​របស់ខ្លួន​ជា​ចាំបាច់​ មុននឹង​និយាយ​ដល់​កំណែទម្រង់​គោល​នយោបាយ​ផ្សេង។ ប្រសិនបើ​មិន​ដូច្នោះ​ទេ រដ្ឋាភិបាល​ច្បាស់​ជា​មិនអាច​ស្តារ​​ប្រជាប្រិយភាព​របស់ខ្លួន​បានឡើយ

Tuesday, October 1, 2013

អ្នក​ជំនាញ៖ កំណែ​ទម្រង់​របស់​បក្ស​ប្រជាជន​ពិត​ជា​ពិបាក​ទទួល​ជោគ​ជ័យ

ក្រុម​អ្នក​ជំនាញ​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា និយាយ​ថា ការ​ធ្វើ​កំណែ​ទម្រង់​ផ្នែក​ខ្លះ​ក្រោម​គោល​នយោបាយ​ចតុកោណ​ដំណាក់​កាល​ទី៣ របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​នីតិកាល​ទី៥ នេះ ទំនង​ជា​នឹង​ពិបាក​ទទួល​ជោគជ័យ​ណាស់។លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ កញ្ញា ឆ្នាំ​២០១៣។ RFA Screenshot
ប៉ុន្តែ កាល​ពី​ថ្ងៃ​ពុធ កន្លង​ទៅ​នេះ លោក ហ៊ុន សែន មាន​សេចក្ដី​សង្ឃឹម​ថា តាម​រយៈ​នយោបាយ​ដែល​បាន​ដាក់​ចេញ​លើក​នេះ នឹង​ធ្វើ​ឲ្យ​បក្ស​ប្រជាជន​កម្ពុជា អាច​ទទួល​បាន​ការ​គាំទ្រ​ឡើង​វិញ។
កិច្ច​ពិគ្រោះ​យោបល់​របស់​ក្រុម​អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន ដែល​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សាន់វេ (Sunway Hotel) រំពឹង​ថា យុទ្ធសាស្ត្រ​កែ​ទម្រង់​គោល​នយោបាយ​របស់​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ អាណត្តិ​ទី​៥ នេះ ទំនង​ជា​ពុំ​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន ផ្លែផ្កា​ដូច​អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​នោះ​ទេ។
កិច្ច​សន្ទនា​នេះ ធ្វើ​ឡើង​រយៈពេល ៦​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​គោលការណ៍​កំណែ​ទម្រង់​ស្ថាប័ន​សំខាន់ៗ និង​សេវា​សាធារណៈ​របស់​រដ្ឋ​សម្រាប់​អាណត្តិ​ទី​៥ នេះ។
និពន្ធ​នាយក​វិទ្យុ​បារាំង​អន្តរជាតិ ជា​ភាសា​ខ្មែរ លោក ប៉ែន បូណា លើក​ឡើង​ថា គោល​នយោបាយ​ដែល លោក ហ៊ុន សែន ធ្វើ​កំណែ​ទម្រង់ ដូច​ជា ជំរុញ​ឲ្យ​មាន​វេទិកា​សាធារណៈ និង​ការ​ផ្លាស់​ប្ដូរ​សមាសភាព​រដ្ឋមន្ត្រី​មួយ​ចំនួន​ក្នុង​ពេល​ថ្មីៗ​នេះ ទំនង​ជា​មិន​អាច​ជួយ​អ្វី​បាន​ច្រើន សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ឡើយ។ ប៉ុន្តែ​ថា អ្វី​ដែល​អាច​ទម្លាយ​បញ្ហា​ទាំង​នេះ​ទៅ​បាន គឺ​ត្រូវ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​ឲ្យ​រួច​រាល់​ជា​មុន​សិន៖ «ពេល​នេះ ប្រទេស​កម្ពុជា ខ្ញុំ​បាន​និយាយ​រួច​ហើយ​នៅ​ក្នុង​វិទ្យុ​ខ្ញុំ ហាក់​ដូច​កំពុង​ប្រឈម​ចំពោះ​ជម្រើស​ពីរ​ទេ សំខាន់​ណាស់។ ទី​មួយ កំណែ​ទម្រង់។ ទី​ពីរ គឺ​បដិវត្ត ដើម្បី​ផ្លាស់​ប្ដូរ។ នេះ​កំពុង​តែ​បង្ហាញ​ចំពោះ​មុខ​យើង​ខ្ញុំ»
ដោយ​ឡែក លោក ពុយ គា អ្នក​ឆ្លើយ​ឆ្លង​សារព័ត៌មាន​ក្យូដូ (Kyodo) របស់​ជប៉ុន ប្រចាំ​កម្ពុជា គិត​ថា ការ​កែ​ទម្រង់​សម្រាប់​អាណត្តិ​នេះ ហាក់​មិន​ខុស​ពី​អាណត្តិ​មុនៗ​ឡើយ។ ពោល គឺ​ការ​កែ​ទម្រង់​លើក​នេះ ត្រូវ​គេ​ដឹង​ថា​មាន​ការ​រុះរើ​តិចតួច​លើ​មន្ត្រី​ផ្នែក​រដ្ឋាភិបាល​ ប៉ុណ្ណោះ។ ចំណែក​ក្បាល​ម៉ាស៊ីន​រដ្ឋាភិបាល​សំខាន់ៗ គឺ​នៅ​ដូច​ដើម។ ហេតុ​នេះ លោក​គិត​ថា​នេះ​ទំនង​ជា​ពិបាក​ណាស់ ដើម្បី​ក្នុង​ការ​សម្រេច​គោលដៅ​នៃ​ការ​កែ​ទម្រង់ ដែល​អាច​ទាក់ទាញ​ការ​ជឿ​ទុក​ចិត្ត​បាន​នោះ៖ «យើង​មិន​ដឹង​ថា តើ​ការ​ស៊ី​ជម្រៅ​នៃ​ការ​កែ​ទម្រង់​របស់​គាត់​ហ្នឹង ហ៊ាន​ប៉ុណ្ណា ហ៊ាន​កាត់​សាច់​បាន​ប៉ុន្មាន។ កាត់​សាច់​ស្អុយ​របស់​គាត់ ពីព្រោះ​បើ​យើង​មើល​ទៅ គ្រាន់​តែ​យើង​មើល​រដ្ឋាភិបាល​ត្រឡប់​មក​វិញ ដូច​ជា​ពិបាក។ ជា​ពិសេស គឺ​តួអង្គ​មនុស្ស​ដដែលៗ​ហ្នឹង​ច្រើន»
យ៉ាង​ណា​ក៏ដោយ កិច្ច​ប្រជុំ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​ពុធ សប្ដាហ៍​កន្លង​ទៅ​នេះ លោក ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​បី​ថា កំណែ​ទម្រង់ គឺ​ជា​ចំណុច​ស្លាប់​រស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា។
ទន្ទឹម​នឹង​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្ដេជ្ញា​ដែរ​ថា លោក​នឹង​មិន​លើក​លែង​ត​ទៅ​ទៀត​ឡើយ ហើយ​ក៏​មិន​បន្ធូរបន្ថយ​ដល់​មន្ត្រី​ក្រោម​បង្គាប់​របស់​លោក​ដែរ ដែល​ធ្វើ​ខុស ហើយ​ទុក​ឲ្យ​គោល​នយោបាយ​របស់​លោក​ត្រូវ​បរាជ័យ​ទៀត​ទេ៖ «តែ ​ដល់​ដំណាក់​កាល​ព្យាបាល​ហើយ​ប្រហែល​ជា ព្រោះ​ជួន​កាល​គេ​ត្រូវ​ការ​វះកាត់ ដូច​អ្នក​ជំងឺ​អ៊ីចឹង បើ​មិន​កាត់​វា​អាច​កង់ស៊ែរ។ គេ​អាច​កាត់​ដៃ​ម្ខាង​ចេញ ដើម្បី​គេ​កុំ​ឲ្យ​មហា​រីក​រាល​ដាល​ពេញ​ទាំង​ខ្លួន។ អ៊ីចឹង​ទេ រាជ​រដ្ឋាភិបាល ឬ​ទី​កន្លែង​ណា​មិន​អាច​ទុក​ឲ្យ​មន្ត្រី​ម្នាក់​ពីរ​នាក់ បង្ក​ការ​រំខាន​ក្លាយ​ទៅ​ជា​ជំងឺ​មហា​រីក​ទេ»
ជាមួយ​គ្នា​នេះ លោក ប៉ែន សមិទ្ធិ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា ចាត់​ទុក​ថា អ្វី​ដែល​ជា​ការ​តាំង​ចិត្ត​របស់​អ្នក​នយោបាយ គឺ​ជា​ផ្នែក​មួយ​ល្អ​ប្រសើរ ប៉ុន្តែ​សំខាន់​នៅ​ត្រង់​ថា តើ​អ្នក​នយោបាយ​នឹង​យក​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ផ្អែក​លើ​គោលការណ៍​ ធ្វើ​កំណែ​ទម្រង់​នេះ ទៅ​អនុវត្ត​បាន​កម្រិត​ណា។ បើ​ទោះ​ជា​បែប​ណា លោក​គិត​ថា ការ​កែ​ទម្រង់​គោល​នយោបាយ​ដែល​ប្រសើរ គួរ​ចាប់​ផ្ដើម​ពី​ប្រព័ន្ធ​យុត្តិធម៌​សង្គម ដែល​ជា​ផ្នែក​មួយ​អាច​ជះ​ឥទ្ធិពល​ដល់​ការ​សម្រេច​ស្មើ​គ្នា​រវាង​ពលរដ្ឋ និង​មន្ត្រី​រដ្ឋាភិបាល៖ «ជា​យោបល់​ផ្ទាល់​របស់​ខ្ញុំ គឺ​យុត្តិធម៌​សង្គម ជា​រឿង​ដែល​ត្រូវ​តែ​ចាប់​ផ្ដើម ជា​អាទិភាព។ មាន​ពេល​ខ្លះ មនុស្ស​បាន​រស់​នៅ​គ្រប់គ្រាន់​គួរ​សម​ហើយ ផ្លូវ​អាច​មាន​បញ្ហា​តិចតួច លិច​នៅ​ពេល​ភ្លៀង​អាច​ទ្រាំទ្រ​បាន ប៉ុន្តែ​ភាព​អយុត្តិធម៌​នៅ​ក្នុង​សង្គម គឺ​ជា​រឿង​លំបាក​ដែល​នឹង​ទ្រាំទ្រ»
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​គោល​នយោបាយ​ភ្លាមៗ​ក្រោយ​ពី​ប្រជុំ​សភា​ជា​ លើក​ដំបូង កាល​ពី​ថ្ងៃ​ទី២៣ ខែ​កញ្ញា រួច។ ស្ថិត​ក្រោម​ហេតុ​ផល​នេះ ត្រូវ​បាន​អ្នក​វិភាគ​សង្គម​គិត​ថា នោះ​ទំនង​ជា លោក ហ៊ុន សែន មើល​ឃើញ​ពី​ការ​បរាជ័យ​រួច​ទៅ​ហើយ ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា កន្លង​ទៅ។ នៅ​ក្នុង​នីតិកាល​ទី​៥ នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​របូត​កៅអី​សភា​ចំនួន ២២​អាសនៈ ក្នុង​ចំណោម ៩០​អាសនៈ កាល​ពី​អាណត្តិ​ទី​៤។
ថ្លែង​នៅ​ក្នុង​វេទិកា​អ្នក​និពន្ធ​សារព័ត៌មាន​អំពី​ការ​សម្លឹង​មើល​ ប្រទេស​កម្ពុជា ក្នុង​រយៈពេល ៥​ឆ្នាំ​ខាង​មុខ ក្រោម​ការ​ដឹក​នាំ​នៃ​រដ្ឋាភិបាល​ថ្មី។ ក្រុម​អ្នក​ជំនាញ​ផ្នែក​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា គិត​ថា ឆន្ទៈ​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី គឺ​ជា​យន្តការ​ដែល​អាច​ធ្វើ​ឲ្យ​ក្បាល​ម៉ាស៊ីន​នៃ​រដ្ឋាភិបាល​ថ្មី​មាន​ភាព​ ជោគជ័យ។ ប៉ុន្តែ គេ​ត្រូវ​ពិនិត្យ​ថា តើ​ការ​កែ​ទម្រង់​នោះ​ឆ្លើយ​តប​នឹង​គោលការណ៍​ដែល​ដាក់​ចេញ​ដែរ​ឬ​ទេ។ ក្នុង​ន័យ​នេះ គេ​គិត​ថា ទំនង​ជា​ពិបាក​ណាស់​ដែល​អាច​ធ្វើ​ឲ្យ​គោល​នយោបាយ​ថ្មី​នេះ​សម្រេច​តាម​បំណង។
តំណាង​មូលនិធិ​ខុនរ៉ាដ ប្រចាំ​ប្រទេស​កម្ពុជា លោក ដេននីស រេយ (Denis Schrey) និយាយ​ថា ដើម្បី​ទាក់ទាញ​ការ​គាំទ្រ និង​ការ​ជឿ​ទុក​ចិត្ត​ពី​ម្ចាស់​ឆ្នោត គណបក្ស​នយោបាយ​ទាំង​ពីរ​គួរ​ធ្វើ​កំណែ​ទម្រង់​ឲ្យ​បាន​ស៊ី​ជម្រៅ​បន្ថែម​ទៀត សម្រាប់​រយៈពេល ៥​ឆ្នាំ​ខាង​មុខ​នេះ។ លោក​គិត​ថា ការ​កែ​ទម្រង់ គឺ​ជា​ផ្នែក​មួយ ប៉ុន្តែ​ការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ទើប​ជា​មធ្យោបាយ​ដ៏​ប្រសើរ៖ «ខ្ញុំ​ជឿជាក់​ថា ក្នុង​រយៈពេល ៥​ឆ្នាំង​ខាង​មុខ​ទៀត​នេះ ពិត​ជា​មាន​ការ​កំណែ​ទម្រង់​មួយ​ដ៏​ចាំបាច់ ទើប​អាច​កសាង​ជំនឿ​ទុក​ចិត្ត​បាន។ ក្នុង​នោះ ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​ផ្នែក​នយោបាយ ផ្នែក​សេដ្ឋកិច្ច និង​នីតិរដ្ឋ។ ជា​ពិសេស ធ្វើ​ឲ្យ​វិស័យ​សារព័ត៌មាន​មាន​ភាព​សេរី និង​ប្រសិទ្ធភាព»
ចំណែក កៃ គឹមសុង និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសា​ខ្មែរ មាន​ប្រសាសន៍​ថា ប្រសិន​បើ​រដ្ឋាភិបាល​កែ​ទម្រង់​គោល​នយោបាយ​រួច​ហើយ ប៉ុន្តែ​អនុវត្ត​ប្រហាក់​ប្រហែល​អាណត្តិ​ទី​៤ បញ្ហា​នេះ​នឹង​មិន​បាន​ផល​ច្រើន​ឡើយ៖ «តើ ៧% ហ្នឹង វា​ប្រាកដ​បាន​ទៅ​ប្រជាពលរដ្ឋ។ វា​ចែក​រំលែក​គេ​ហៅ​សៀ (Share) ទៅ​ប្រជាពលរដ្ឋ ឬ​ក៏​បាន​តែ ១៥% នៃ​ក្រុម​មនុស្ស​អ្នក​មាន​ទេ។ ឧបមា​ថា បើ​សិន​យើង​គូរ​ពីរ៉ាមីត​វិញ គឺ​ថា ជី.ឌី.ភី (GDP) ៧% ហ្នឹង នៅ​វើលបេង (World Bank) របាយការណ៍​នៅ​វើលបេង យើង​ឃើញ​ហើយ​បាន​តែ ១៥% នៃ​កំពូល​ទេ គឺ​ក្រុម​មនុស្ស​អ្នក​មាន។ អ៊ីចឹង ជី.ឌី.ភី ឥត​បាន​ទៅ​ដល់​អ្នក​ស្រុក​ស្រែ​ចម្ការ​ជនបទ​ទេ អា​ហ្នឹង​រឿង​សេដ្ឋកិច្ច។ ហើយ​មួយ​ទៀត​សង្គមកិច្ច សង្គមកិច្ច​យើង​ឃើញ​ហើយ យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រាកដ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ផ្ទះ​នៅ ប្រជាពលរដ្ឋ​ត្រូវ​មាន​ការងារ​ធ្វើ សីលធម៌​ប្រជាពលរដ្ឋ​ត្រូវ​ឲ្យ​ប្រសើរ​ជាង​មុន»
នេះ​ពុំ​មែន​ទើប​តែ​លើក​ទី​មួយ​ទេ​ដែល លោក ហ៊ុន សែន ព្រមាន​ធ្ងន់ៗ​ដល់​មន្ត្រី​របស់​លោក ហើយ​ប្រកាស​អំពី​ការ​កែ​ទម្រង់​គោល​នយោបាយ។ ពោល គឺ​លោក​នាយក​រដ្ឋមន្ត្រី​ក៏​ធ្លាប់​ព្រមាន​ដាក់​អាយុ​ជីវិត​ខ្លួន​លោក​ ផ្ទាល់​ផង​ដែរ បើ​លោក​ការពារ​ធនធាន​សម្បត្តិ​ធម្មជាតិ​មិន​បាន និង​កាត់​បន្ថយ​អំពើ​ពុក​រលួយ ព្រម​ទាំង​ប្រព័ន្ធ​យុត្តិធម៌​សង្គម ដែល​រង​ការ​រិះគន់​ថា មាន​ភាព​ស្មុគស្មាញ​នោះ៕

ដោយៈ ម៉ម មុនីរតន៍
 - RFA

សួរ​លោក​ឯកអគ្គរដ្ឋទូត


  1. វិនិយោគ​លើ​យុវជន​កម្ពុជាៈ ផ្លូវ​ឆ្ពោះទៅកាន់​ភាពជឿនលឿន​ (២៩ កញ្ញា ២០១៣)
  2. រក្សាគន្លងផ្លូវនៃដំណើរការលទ្ធិប្រជាធិបតេយ្យប្រកបដោយសន្តិភាព (២២ កញ្ញា ២០១៣)
  3. ផ្លូវ​ទៅមុខ​សំរាប់​កំណែ​ទំរង់​ (១៥ កញ្ញា ២០១៣)
  4. គាំទ្រ​កម្មករ​នៅ​ប្រទេស​កម្ពុជា (៨ កញ្ញា ២០១៣)
  5. កំណែ​ទំរង់​អាច​នាំ​ទៅ​ដល់​ការ​ចូលរួម​និង​ឱកាស​សំរាប់ ប្រជាជន​កម្ពុជា​ទាំងអស់ (២៥ សីហា ២០១៣)
  6. ឱកាស​ជា​ប្រវត្តិសាស្ត្រ​សំរាប់​កំណែ​ទំរង់​ដ៏​មានន័យ​ (១៨ សីហា ២០១៣)
  7. តួនាទី​របស់​យុវជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ក្នុងការ​អភិវឌ្ឍន៍​នៅ​កម្ពុជា (១១ សីហា ២០១៣)
  8. ចាប់យក​ឱកាស​ក្នុងការ​អភិវឌ្ឍ​ន៍​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា (៤ សីហា ២០១៣)
  9. ក្តីសង្ឃឹម​នៃ​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​ (២៦ កក្កដា ២០១៣)
  10. បង្កលក្ខណៈ​ដល់​ការនាំចេញ​និង​ការវិនិយោគ​ច្រើន​របស់​សហរដ្ឋ​អាមេរិក (២១ កក្កដា ២០១៣)
  11. ការ​អភិរក្សប្រព័ន្ធ​ទន្លេ​មេគង្គ (១៤ កក្កដា ២០១៣)
  12. ផ្លូវ​ទៅកាន់​លទ្ធិប្រជាធិបតេយ្យ​ដ៏​ស្ថិតស្ថេរ​មួយ​ (៧ កក្កដា ២០១៣)
  13. ការការពារ និងការអភិរក្សវប្បធម៌ខ្មែរ (៣០ មិថុនា ២០១៣)
  14. ពលរដ្ឋ​កម្ពុជា​ គឺជា​ផ្នែក​មួយ​នៃ​រឿង​របស់​អាមេរិក​ (២៣ មិថុនា ២០១៣)
  15. ការ​ថែ​រក្សា​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​សង្គ្រោះ​ជីវិត (១៦ មិថុនា ២០១៣)
  16. បង្កើន​ចំណូល​របស់​រដ្ឋ គឺ​ជា​ជំហាន​សំខាន់​មួយ ឆ្ពោះ​ទៅ​រក​ភាព​គ្រប់គ្រាន់​ដោយ​ខ្លួន​ឯង (២ មិថុនា ២០១៣)
  17. សិទ្ធិ​របស់​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​ គឺជា​សិទ្ធិមនុស្ស (២៦ ឧសភា ២០១៣)
  18. តួនាទី​​របស់​ប្រទេស​កម្ពុជា ក្នុងការ​បង្វែរ​ការយ​ក​ចិត្ត​ទុក​ដាក់​របស់​សហរដ្ឋ​អាមេរិក​មក​ទ្វីប​អាស៊ី (២០ ឧសភា ២០១៣)
  19. បដិវត្តន៍​បច្ចេកទេស​នៅ​កម្ពុជា​ (១២ ឧសភា ២០១៣)
  20. សេរីភាព​សារព័ត៌មាន​មាន​សារៈសំខាន់​ចំពោះ​ប្រជាធិបតេយ្យ​មួយ​ដែល​រឹង​មាំ (៥ ឧសភា ២០១៣)
  21. ទាក់ទាញ​វិនិយោគ​បរទេស​ថែមទៀត ​នៅ​ប្រទេស​កម្ពុជា​ (២៨ មេសា ២០១៣)
  22. សារៈសំខាន់នៃគោលនយោបាយស្តីពីទិដ្ឋាការ ចំពោះទំនាក់ទំនងកម្ពុជា សហរដ្ឋអាមេរិក (២១ មេសា ២០១៣)
  23. សុវត្ថិភាព​ចរាចរ​ពលរដ្ឋ​កម្ពុជា​តាម​ដងផ្លូវ​ (៧ មេសា ២០១៣)
  24. ការ​គ្រប់គ្រង​​និង​​ទប់ស្កាត់​ជំងឺ​ (៣១ មិនា ២០១៣)
  25. សារៈសំខាន់​នៃ​តុល្យ​ភាព​ក្នុង​ទំនាក់ទំនង​ការងារ​រវាង​កម្មករ ​និង​ថៅកែ (២៤ មិនា ២០១៣)
  26. ការចូលរួម​គឺជា​គន្លឹះ​សំរាប់​លទ្ធិប្រជាធិបតេយ្យ​រឹងមាំ (១៧ មិនា ២០១៣)
  27. ទាញយកប្រយោជន៍ ពីបញ្ហាប្រឈម នៃនគរូបនីយកម្ម (១០ មិនា ២០១៣)
  28. គាំទ្រប្រទេសកម្ពុជា ពេលបច្ចុប្បន្ន និងអនាគត (៣ មិនា ២០១៣)
  29. ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា (២៤ កុម្ភៈ ២០១៣)
  30. កម្ពុជា​បន្ទាប់ពី​ធ្វើជា​ប្រធាន​អាស៊ាន (១០ កុម្ភៈ ២០១៣)
  31. ការ​ចងចាំ​ចំពោះ​ព្រះមហាវីរក្សត្រ (៣ កុម្ភៈ ២០១៣)
  32. ពិធី​សម្ភោ​ធ​ឡើង​កាន់តំណែង និង​​មាគ៌ា​ឆ្ពោះ​ទៅ​មុខ​ (២៧ មករា ២០១៣)
  33. មាគ៌ា​ទៅ​កាន់​អនាគត​ប្រសើរ​មួយ (២០ មករា ២០១៣)
  34. សុខមាលភាព​កុមារ​ ជា​រឿង​សំខាន់​ទី​១ ​និង​ការប្តេជ្ញាចិត្ត​រួមគ្នា​ (១៤ មករា ២០១៣)
  35. ការ​សម្លឹង​ក្នុង​ឆ្នាំ​ខាងមុខ​ (៧ មករា ២០១៣)
  36. សហរដ្ឋអាមេរិក​គាំទ្រ​សាលាក្តី​ខ្មែរក្រហម​ (៣០ ធ្នូ ២០១២)
  37. ការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា (២៣ ធ្នូ ២០១៣)
  38. ការផ្តល់អំណាច​ដល់​ស្ត្រី (១៦ ធ្នូ ២០១៣)
  39. បកស្រាយការយល់ខុសស្តីពីបំណុល (៩ ធ្នូ ២០១២)
  40. ការកាត់បន្ថយភាពអត់ការងារធ្វើ របស់យុវវ័យ (២ ធ្នូ ២០១២)
  41. ទស្សនកិច្ចរបស់លោកប្រធានាធិបតី និងពិធីអាហារពេលល្ងាច​ សំរាប់​អបអរ​បុណ្យ​អំណរ​គុណ​ព្រះ (២៥ វិច្ឆិកា ២០១២)
  42. ទស្សនកិច្ច​របស់លោក​ប្រធានាធិបតី Obama នៅ​កម្ពុជា​ (១៨ វិច្ឆិកា ២០១២)
  43. ការ​ឆ្លើយ​តប​​គ្រោះ​មហន្តរាយ​ធម្មជាតិ​ នៅ​សហរដ្ឋអាមេរិក​ (១១ វិច្ឆិកា ២០១២)
  44. ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក (៤ វិច្ឆិកា ២០១២)
  45. ការសុំ​កូនចិញ្ចឹម និង​សហប្រតិបត្តិការ​យោធា​រួមគ្នា​ (28 តុលា 2012)
  46. ការថែទាំសុខភាព ផ្លូវចិត្ត នៅកម្ពុជា (២១ តុលា ២០១២)
  47. សេដ្ឋកិច្ច និង​យុវជន​ (៧ តុលា ២០១២)
  48. ការវិនិយោគ​ក្នុង​សហគមន៍ ការប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​ (៣០ កញ្ញា ២០១២)
  49. សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពសាសនា (២៣ កញ្ញា ២០១២)
  50. សភា​សហរដ្ឋអាមេរិក និង​សេរីភាព​ក្នុងការ​បញ្ចេញយោបល់​ (១៦ កញ្ញា ២០១២)
  51. អត្ថន័យនៃពលកម្មរឹងមាំ ការបញ្ឈប់ការជួញដូរគ្រឿងញៀន (៩ កញ្ញា ២០១២)
  52. សហរដ្ឋអាមេរិក និង​លទ្ធិប្រជាធិបតេយ្យ​ (២ កញ្ញា ២០១២)
  53. ទីភ្នាក់ងារផ្តល់ជំនួយ USAID៖ ៥០ ឆ្នាំ នៅទូទាំងពិភពលោក និង ២០ ឆ្នាំ ដ៏មានសារសំខាន់នៅកម្ពុជា (២៦ សីហា ២០១២)
  54. វិនិយោគទុន​បរទេស និង​ទីភ្នាក់ងារ​ផ្តល់ជំនួយ USAID (១៩ សីហា ២០១២)
  55. គំរោង​ស្តីពី​គំនិត​ផ្តួចផ្តើម​នៅ​តំបន់​មេគង្គ​ក្រោម និង​ទិដ្ឋាការ​ឆ្នោត​ផ្សងសំណាង​ (១២ សីហា ២០១២)
  56. សាសនា​អ៊ិស្លាម និង​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​ (៥ សីហា ២០១២)
  57. ចំនួន​ផ្កាយ​លើ​ទង់ជាតិកីឡា​អូឡាំពិក និង​បេសកកម្ម​ភាពជា​ដៃគូ​តំបន់​ប៉ាស៊ីហ្វិក​ (២៩ កក្កដា ២០១២)
  58. ភាពទាក់ទង​គ្នា​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​ (២២ កក្កដា ២០១២)
  59. ទស្សនកិច្ច​របស់លោក​ស្រី Clinton រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ (១៥ កក្កដា ២០១២)
  60. បំណុល​កម្ពុជា និង​និមិត្តរូប​អាមេរិក​ (៨ កក្កដា ២០១២)
  61. ខួប​ទី ២៣៦ ឆ្នាំ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​សហរដ្ឋអាមេរិក​ (១ កក្កដា ២០១២)
  62. ហេតុអ្វី​ប្រទេស​កម្ពុជា​? (២៦ មិថុនា ២០១២)
  63. លោក William E. Todd ៖ “​សួរ​ឯកអគ្គរដ្ឋទូត​” (១៧ មិថុនា ២០១២)

វិនិយោគ​លើ​យុវជន​កម្ពុជាៈ ផ្លូវ​ឆ្ពោះទៅកាន់​ភាពជឿនលឿន

Monday, 30 September 2013 17:13 Written by  

លោក William E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​លោក William E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ភ្នំពេញ: ​សូម​អរគុណ​ជាថ្មី​ម្តងទៀត​ដែល​បាន​ចំណាយពេល​អាន​ខ្ទង់​សារព័ត៌មាន​ប្រចាំ​សប្តាហ៍​របស់ខ្ញុំ​។ ខ្ញុំ​នៅតែមាន​ការចាប់អារម្មណ៍​លើ​សំណួរ​ដែល​លោកអ្នក​ផ្ញើមក​ខ្ញុំ ពីព្រោះ​វា​បង្ហាញអោយឃើញ​នូវ​កង្វល់ យ៉ាងខ្លាំង​ចំពោះ​អនាគត​នៃ​ប្រទេស​កម្ពុជា​។ ក្នុង​សប្តាហ៍​កន្លងទៅ ដោយ​ព្រឹត្តិការណ៍​ក្នុងពេល​ក្រោយ ការបោះឆ្នោត​បាន​បន្ត​កើតមាន លោកអ្នក​ជាច្រើន​បាន​សួរ​ខ្ញុំ​ពី​ទិស​ដែល​កម្ពុជា​ត្រូវ​ដើរ​តាម​។ មិត្ត​អ្នកអាន ម្នាក់​បាន​សួរ​ដោយ​ចំ​ថា “​តើ​ប្រទេស​កម្ពុជា​អាច​បន្ត​ផ្តោតលើ​ភាពជឿនលឿន​បាន​យ៉ាងដូចម្តេច​?”​។​ក្នុង​រយៈពេល​២-៣​ស​ប្តា​ហ៏​កន្លងមកនេះ ខ្ញុំ​បាន​ចែករំលែក​ជាមួយ​លោកអ្នក​នូវ​គំនិត​របស់ខ្ញុំ ស្តីពី ផ្លូវ​ខាងមុខ​សំរាប់​កំណែ​ទំរង់​និង​សកម្មភាព​ប្រជាធិបតេយ្យ​ដោយ​សន្តិភាព​។ ខ្ញុំ​គិតថា សមាសភាព​នៃ​គន្លឹះ ទាំងពីរ​នេះ អាច​ឆ្លើយ​នូវ​សំណួរ​របស់​អ្នកអាន​រូបនេះ​។  អ្វីដែល​សំខាន់​ផងដែរ​សំរាប់​ភាពជឿនលឿន​ទៅ មុខ គឺ​ការវិនិយោគ​ទៅលើ​យុវជន​នៅក្នុង​ប្រទេស​កម្ពុជា កាត់បន្ថយ​ភាពក្រីក្រ លើក​កំពស់​ការថែរក្សា សុខភាព​និង​អាហារូបត្ថម្ភ​សំរាប់​កុមារ​។ ការលើក​កំពស់​ជីវភាព​រស់នៅរ​បស់​ពលរដ្ឋ​កម្ពុជា​សាមញ្ញ និង​ការ ផ្តល់ឱកាស​សំរាប់​យុវជន នឹង​នាំទៅដល់​ការអភិវឌ្ឍ​ន៏​អនាគត​របស់​ប្រទេស​កម្ពុជា​។ដូច​លោកអ្នក​ប្រហែលជា​បានដឹង​រួចហើយ ខ្មុំ​ជា​ឪពុក​ដែល​មានកូន​ចំនួន​៤​នាក់ ដូចនេះ​ការលើក កំពស់​សុខុមាលភាពរ​បស់​កុមារ​និង​យុវជន គឺជា​រឿង​មួយ​ដែល​ខ្ញុំ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​។ ដូចនេះ ហើយ​បានជា​ខ្ញុំ​មានការ​រីករាយ​ជាខ្លាំង ដែល​កម្ពុជា​ជា​ប្រទេស​ដែល​ផ្តោត​ការយកចិត្តទុកដាក់​ដ​ល់​ផែន ការ​សកម្មភាព​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ស្តីពី​បញ្ហា​កុមារ​ដែល​កំពុង​ជួប​ការខ្វះខាត​។ កាលពី ស​ប្តា​ហ៏​មុន ខ្ញុំ​បាន​ជួបប្រជុំ​ជាមួយ​ដៃគូរ​សំខាន់ៗ​មួយចំនួន ដើម្បី​ពិភាក្សា​នូវ​គំនិត​ផ្តួចផ្តើម​នេះ ដែល​នឹង អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ក្នុង​ការលើក​កំពស់​សុខភាព​កុមារ  លើក​កំពស់​ការថែរក្សា​កុមារ​ក្នុង​គ្រួសារ និង​ជួយ ការពារ​ពួកគេ​កុំអោយ​ក្លាយជា​ជនរងគ្រោះ​ដោយ​ការជួញដូរ ជៀស​ផុតពី​ការ​កេង​ប្រ​វ័​ញ្ជ​លើ​កំលាំង​ពលកម្ម អំពើ​ហឹ​ង្សា និង​ការរំលោភបំពាន​ជាដើម​។ ដូចដែល​យុទ្ធសាស្ត្រ​បាន​លើក​បង្ហាញ ឆ្លើយតប​និង​ភាពចាំបាច់ របស់​កុមារ​នៅពេលដែល​គេ​មាន​អាយុ​តិច នឹង​ផ្តល់ឱកាស​ដ៏​ល្អ​ដល់​គេ​អោយ​វិ​វត្ត​ទៅជា​មនុស្សពេញវ័យ ប្រកបដោយ​ភាព​រីករាយ​និង​ផ​លិទ្ធ​ភាព​។ ​ដើម្បី​គាំទ្រ​កុមារ​នៅពេលដែល​គេ​កំពុង​រីក​ធំធាត់​ទៅកាន់​មនុស្សពេញវ័យ យើង​ក៏ត្រូវ​ផ្តោត​ការយក ចិត្ត​ទុកដាក់​ផងដែរ​ដល់​តំរូវការ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ដូចជា​បញ្ហា​ថែរក្សា​សុខភាព និង​អាហារ បំប៉ន​ជាដើម​។ អាស្រ័យ​ហេតុនេះហើយ​បានជា​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក បន្ត​គាំទ្រ​កម្មវិធី​មួយចំនួន​ដូច ជា​កម្មវិធី​ឩ​ប​ត្ថ​ម្ភ​អនាគត (Feed the Future) ជាដើម​។ អត្រា​កុមារ​ដែល​ខ្វះ​ទំងន់​ក្រោម​អាយុ​៥​ឆ្នាំ បាន ថយចុះ​ពី​ចំនួន​៤៥ ភាគរយ​ក្នុង​ឆ្នាំ ២០០២ ដល់​៣៦​ភាគរយ​ក្នុង​ឆ្នាំ​២០០៥​។  បន្ត​នូវ​ជោគជ័យ​នេះ គឺជា​គោលបំណង​របស់​កម្មវិធី Feed the Future ដែលជា​កម្មវិធី​នៃ​គំនិត​ផ្តួចផ្តើម​ស្តីពី​ការប្រឆាំង​ភាព អត់ឃ្លាន​លើ​ពិភពលោក​និង​សន្តិសុខ​ស្បៀង​របស់លោក​ប្រធានាធិបតី​អាម​រិ​ក អូ​បា​ម៉ា​។ សមាសភាព​នៃ កម្មវិធី Feed the Future គឺ​កម្មវិធី Harvest ដែល​ជួយ​គ្រួសារ​កម្ពុជា​អោយ​យល់ដឹង​ពី​វិធី​ថ្មីៗ​នៃ​ការធ្វើ កសិកម្ម និង​ដាំ​ដំណាំ​ជាច្រើន​ទៀត ដើម្បី​បង្កើន​ប្រាក់ចំណូល និង​លើក​កំពស់​អាហារូបត្ថម្ភ​។​សហរដ្ឋអាមេរិក ក៏បាន​វិនិយោគ​ផងដែរ​នូវ​ទឹកប្រាក់​ជាង​១៥០​លាន​ដុល្លារ​អាមេរិក នៅក្នុង​វិស័យ HIV/AIDS  ដែល​ជួយ​លើ​ក្រុមយុវជន​ពេញវ័យ​ជាសំខាន់​។ អត្រា​ឆ្លង​មេរោគ HIV ដល់​យុវជន​ពេញវ័យ បាន​ថយចុះ​ប្រមាណ​៥០ ភាគរយ ចាប់តាំងពី​ឆ្នាំ​១៩៩៨​មក ហើយ​ប្រជាពលរដ្ឋ​ជាច្រើន​បច្ចុប្បន្នកំពុងរ​ស់ នៅក្នុង​ជីវិត​មាន​សុខភាព​មាំទាំ​ទោះជា​មាន​មេរោគ HIV/AIDS  ដែល​នេះ​ដោយសារតែ​ជំនាញ​និង​ធនធាន ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។ កម្មវិធី​សុខភាព​របស់​រដ្ឋាភិបាល​អាមេរិក ក៏បាន​ជួយ​ផងដែរ ដល់​ការកាត់បន្ថយ​អត្រា​ស្លាប់​របស់​កុមារ​ជាង​៥០​ភាគរយ ចាប់តាំងពី​ឆ្នាំ​២០០០​មក និង​ជួយ​កាត់បន្ថយ អត្រា​ស្លាប់​របស់​មាតា​ពេល​ឆ្លងទន្លេរ​ចំនួន​៥៦ ភាគរយ ក្នុង​ចន្លោះ​ឆ្នាំ​២០០៥​និង​២០១០​។  សមិទ្ធផល​ដ៏ គួរអោយកត់សំគាល់​នេះ  គឺជា​ការរួមចំណែក​ដ៏​សំខាន់​ដល់​ជោគជ័យ​នាពេល​អនាគត​របស់​ព​ល​រដ្ឋ​កម្ពុជា​។​ការធានា​នូវ​បរិ​កាស​សុ​វត្ថ​ភាព​ការងារ គឺជា​វិធី​មួយទៀត​ដែល​កម្ពុជា​អាច​លើក​កំពស់​នូវ​គុណភាព ជីវិត​សំរាប់​ពលរដ្ឋ ជាពិសេស​យុវជន​ពេញវ័យ​។ កាលពី​ថ្ងៃទី​៦ កញ្ញា ខ្ញុំ​បាន​សរសេរ​នៅក្នុង blog របស់ខ្ញុំ​​អំពី​កម្មវិធី​រោងចក្រ​ដ៏​ប្រសើរ​នៅក្នុង​ ប្រទេស​កម្ពុជា (BFC) ដែល​បានធ្វើ​អោយមាន​ផល​ល្អ​ក្នុងការ​ផ្តល់ សុ​វត្ថ​ភាព​នៅ​កន្លែងធ្វើការ​នៃ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ និង​ជួយ​លើក​កំពស់​ជីវភាព​រស់នៅរ​បស់ ពលរដ្ឋ​កម្ពុជា ដោយ​រួម​ប​ញ្ជូ​ល​នូវ​សុ​វត្ថ​ភាព​កន្លែង​ការងារ​និង​ទីផ្សារ​នៅ​សហរដ្ឋអាមេរិក​ផងដែរ​។ BFC បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០១ ហើយ​មកដល់​ឆ្នាំ​២០១២  សហរដ្ឋអាមេរិក​បាន​ទិញ​ផ​លិ​ផល​សំលៀក បំពាក់​និង​ស្បែកជើង​ពី​ប្រទេស​កម្ពុជា ដែលមាន​តំលៃ​ប្រមាណ ២,៦​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ចំនួន នេះ​គឺ​ស្មើ​ប្រមាណ​ជិត​២០​ភាគរយ​នៃ​ផលទុន​សរុប GDP របស់​កម្ពុជា​។ តួលេខ​នេះ​បានបង្ហាញ​ពី​ភាព ជោគជ័យ​របស់​កម្មវិធី​នេះ​។រដ្ឋាភិបាល​សហរដ្ឋអាមេរិក កំពុងធ្វើការ​ដើម្បី​ជួយ​លើក​កំពស់​ជីវិត​របស់​ប្រជាពលរដ្ឋ​កម្ពុជា កាន់ តែមាន​សុ​វត្ថ​ភាព សន្តិសុខ សុខភាព​ល្អ និង​កាន់តែ​មានការ​រីកចំរើន​ថែមទៀត​។ ប៉ុន្តែ​ដូច​ភាពជា​ដៃគូរ ផ្សេងៗ​ទៀត​ដែរ​ដែលមាន​ប្រសិទ្ធភាព ជោគជ័យ​តែង​កើតមាន​នៅពេលដែល​យើង​ធ្វើការ​ជាមួយគ្នា តែប៉ុណ្ណោះ និង​ស្តាប់​នូវ​តំរូវការ​របស់​គ្នា​ទៅវិញទៅមក​។ ការប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​ភាពជឿនលឿន គឺ​ការឆ្លើយតប​ដោយផ្ទាល់​ចំពោះ​ភាពចាំបាច់​នានា និង​គោលបំណង​របស់​ប្រជាជន​កម្ពុជា​។ ដូច​ប្រជាជន កម្ពុជា​បាន​រំលឹក​យើង​ជា​ញឹកញាប់ សំរាប់​អោយ​ប្រទេស​មាន​សេដ្ឋ​កិ​ច្ខ​រីកចំរើន​ទៅមុខ  ការកែ​ទំរង់​គឺមាន សារសំខាន់​។ នៅក្នុង​ស​ប្តា​ហ៏​ថ្មីៗ​នេះ ថ្នាក់ដឹកនាំ​មកពី​គណបក្ស​សំខាន់ៗ​ទាំង​២ បានលើកឡើង​ពីសារ សំខាន់​នៃ​ការកែ​ទំរង់​។​ដូចដែល​ខ្ញុំ​បានលើកឡើង​នៅក្នុង​ខ្ទង់​សារព័ត៌មាន​របស់ខ្ញុំ​កាលពី​ពេលមុន ខ្ញុំ​មាន​សុទិដ្ឋិនិយម អំពី​អនាគត​របស់​ប្រទេស​កម្ពុជា​។ ដូច​លោក Henry Ford ដែលជា​អ្នកជំនួញ​ដ៏​ឆ្នើម​មួយរូប​របស់​អាមេរិក បាន​លើកឡើងថា “​ការរួម​គ្នា​គឺជា​ការចាប់ផ្តើម ការបន្ត​នៅ​ជាមួយគ្នា​គឺជា​ការ​ចំរើន​ទៅមុខ ការធ្វើការ​ជា មួយ​គ្នា​គឺជា​ជោគជ័យ​” ។ការធ្វើការ​ជាមួយគ្នា​ដោយ​បណ្តាក់ទុន​លើ​យុវជន​កម្ពុជា​នាពេល​បច្ចុប្បន្ន នឹង ផ្តល់អោយ​ជា​រង្វាន់​សំរាប់​មនុស្ស​ជំនាន់ៗ​ក្រោយ​ទៀត​។  ខ្ញុំ​សូម​ជូនពរ​អោយ​ពលរដ្ឋ​កម្ពុជា​ទាំងអស់​ប្រកប ដោយ​សេចក្តីសុខ ស​ប្យា​យ​រីករាយ និង​មាន​សុ​វត្ថ​ភាព​នៅក្នុង​ឱកាស​ថ្ងៃ​ឈប់សំរាក​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នា ពេលខាងមុខ​។ ​សូម​បន្ត​ផ្ញើ​សំណួរ​មក​ខ្ញុំ​តាម​អ៊ីម៉េល AskAMBToddPP@state.gov  ។ សំនួរ​និង​មតិ​របស់ លោកអ្នក​ធ្វើអោយ​យើង​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​ត្រូវ​តាម​ពេលវេលា និង​មាន​ប្រយោជន៍​សំរាប់​ប្រទេស​កម្ពុជា​។ សូម​អរគុណ​ដែល​នៅ​បន្ត​ការ​ឆ្លើយឆ្លង​ដ៏​សំខាន់​នេះ​ជាមួយ​ខ្ញុំ​៕

Tuesday, September 24, 2013

លោក​នាយក​​រដ្ឋ​មន្ត្រី ហ៊ុន សែន ព្រមាន​​សមាជិក​​គណៈរ​ដ្ឋ​​មន្ត្រី​​ឲ្យ​​ប្តូរ​​ឥរិយា​បថ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមាន​រដ្ឋមន្ត្រីរបស់ខ្លួន ក្នុងការប្រជុំ​គណៈរដ្ឋមន្ត្រី​ជាលើកដំបូង។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមាន​រដ្ឋមន្ត្រីរបស់ខ្លួន ក្នុងការប្រជុំ​គណៈរដ្ឋមន្ត្រី​ជាលើកដំបូង។
@rfi

ដោយ ប៉ែន បូណា
ក្នុងឱកាស​ប្រជុំ​គណៈរដ្ឋមន្ត្រី​ថ្មី​លើកដំបូង​នៃ​រដ្ឋាភិបាល​អាណត្តិ​ទី៥ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដំឡើង​សំឡេង​ខ្លាំងៗ​ដាក់​មន្ត្រី​របស់​ខ្លួន​ដោយ​សុំ​ឲ្យ​ពួកគេ​ផ្លាស់ប្តូរ​ឥរិយាបថ​និង​ការដឹកនាំ​ជាដាច់ខាត។ ប្រមុខ​រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​រដ្ឋបាល​សាធារណៈ​បើក​វេទិកា​សាធារណៈ​ដើម្បី​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចង្អុលមុខ​មន្ត្រី​ដែល​ធ្វើ​ខុស។ វិធានការ​ជាច្រើន​ត្រូវបាន​ប្រកាស​ក្នុង​គោលដៅ​បម្រើ​ពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព។


គ្មាន​ទៀតឡើយ​ការយោគយល់​និង​អត់ឱន​ដល់​មន្ត្រីក្រោមឱវាទ​ដែល​ប្រព្រឹត្ត​ខុស។ នេះ​ជា​ពាក្យ​បញ្ជា​ម៉ឺងម៉ាត់​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ចំពោះមុខ​សមាជិក​គណៈរដ្ឋមន្ត្រី​​ថ្មី​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ទី៥។ ក្រោយពី​បង្ហាញ​គោលនយោបាយ​និង​ការសន្យា​កំណែ​ទម្រង់​ដ៏​វែង​អន្លាយ​សំដៅ​បម្រើ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ឲ្យ​បានល្អ​ជាង​មុន លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ដំឡើង​សំឡេង​ដាក់​សមាជិក​គណៈរដ្ឋមន្ត្រីយ៉ាងខ្លាំងៗដោយ​សុំ​ឲ្យ​ពួកគេ​ផ្លាស់ប្តូរ​ឥរិយាបថ​ជា​ចាំបាច់។

ដើម្បី​ចាត់វិធានការ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​មន្ត្រី និង​ក៏ដូចជា​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​មានការ​រៀបចំ​ធ្វើ​វេទិកាសាធារណៈ​រវាង​មន្ត្រី និង​ប្រជាពលរដ្ឋ ឬ​រវាង​ប្រធាន​ស្ថាប័ន​ជាមួយ​មន្ត្រីក្រោមឱវាទ។

វិធី​នេះ​ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​ចាត់ទុកជា​ការឆ្លុះ​កញ្ចក់​ដើម្បី​ស្វែងយល់​ពី​កំ​ហយ​ស​ឆ្គង​របស់ខ្លួន។ នៅក្នុង​វេទិកាសាធារណៈ​ឬ​ហៅថា​ជា​សមាជ​ផ្ទៃក្នុង ប្រជាពលរដ្ឋ ឬ​មន្ត្រីរាជការ​មាន​សិទ្ធិ​ឡើង​ចង្អុល​មុខមន្ត្រី​ដែល​បាន​ប្រព្រឹត្ត​ខុសឆ្គង។

លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ព្រមាន​ដល់​រដ្ឋមន្ត្រី​របស់ខ្លួន​ឲ្យ​បញ្ឈប់​ការប្រើ​សិទ្ធ​អំណាច​គាបសង្កត់​ថ្នាក់ក្រោម ឬ​ការបង្កើត​បណ្តាញ​ក្រុមគ្រួសារ​ក្នុង​ក្រសួង​ដែល​ខ្លួន​ដឹកនាំ។ លោក​ទទួលស្គាល់ថា គណៈរដ្ឋមន្ត្រី​ថ្មី​មាន​សមាសភាព​ចាស់​ភាគច្រើន​ដដែល ប៉ុន្តែ មន្ត្រី​ចាស់​ទាំងនោះ​ត្រូវតែ​ផ្លាស់ប្តូរ​ឥរិយាបថ ហើយ​ចាប់យក​គំនិត​ថ្មី និង​របៀប​ដឹកនាំ​ថ្មី។ នៅឯ​ថ្នាក់មូលដ្ឋាន​វិញ អំពើពុករលួយ​តាមរយៈ​ការដាក់​កុងត្រូល​យកលុយ​តាមផ្លូវ ឬ​ការទារលុយ​ពី​ពលរដ្ឋ​ពេលធ្វើ​លិខិតស្នាម​ជាដើម​ត្រូវតែ​លុបបំបាត់​ជាដាច់ខាត។

ទន្ទឹមនឹងនោះ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ព្រមាន​រដ្ឋមន្ត្រី​របស់ខ្លួន​ឲ្យ​ទទួលខុសត្រូវ​ចំពោះ មុខ​រដ្ឋសភា​ទៀតផង។ លោក​បាន​រម្លឹកថា រដ្ឋមន្ត្រី​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​នាយករដ្ឋមន្ត្រី និង​រដ្ឋសភា។ ក្នុងន័យនេះ លោក​បាន​បើក​សិទ្ធិ​ឲ្យ​រដ្ឋសភា​កោះអញ្ជើញ​រដ្ឋមន្ត្រី​​ណា​ម្នាក់​មក​សាកសួរ​ឬ​ធ្វើ​ញត្តិ​ស្តីបន្ទោស​យ៉ាង​ពេញលេញ​ផងដែរ។ លើសពីនេះ លោកនាយក​រដ្ឋមន្ត្រី​ចាស់​អាណត្តិ​ថ្មី​ក៏បាន​សុំ​ឲ្យ​មន្ត្រី​របស់ខ្លួន​ទទួលយក​មតិ​រិះគន់​ស្ថាបនា​ពី​គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល ព្រមទាំង​ផ្តល់​តម្លៃ​ដល់​បណ្តាញ​ផ្សាយ​ព័ត៌មាន។

លោកនាយក​រដ្ឋមន្ត្រី​ក៏​មិន​ភ្លេច​សន្យា​លើកតម្កើង​ប្រជាធិបតេយ្យ នីតិរដ្ឋ និង​ការគោរព​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​របស់​ពល​រដ្ឋ​ផងដែរ។ យ៉ាងណាក៏ដោយ លោក​បានបញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា រដ្ឋាភិបាល​ប្រឆាំង​ជាដាច់ខាត​រាល់​សកម្មភាព​ឬ​ការ​ញុះញង់​ដែល​នាំ​ឲ្យ​មាន​អស្ថិរភាព និង​ចលាចល​សង្គម។

សូមបញ្ជាក់ថា ក្នុង​រយៈពេល​ពេញ​មួយ​ព្រឹក​នេះ កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថ្មី​នៅ​មិនទាន់​ចប់​នៅឡើយ​ទេ។ លោកនាយក​រដ្ឋមន្ត្រី​នៅ​បន្ត​បង្ហាញ​កំណែទម្រង់​ដ៏​វែង​អន្លាយ​លើ​គ្រប់​វិស័យ​ដោយ​ចាត់ទុក​កំណែទម្រង់​ជា​បញ្ហា​ស្លា​ប់រស់។ ការដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​ស៊ីវិល និង​ប្រដាប់អាវុធ​ក៏ត្រូវ​បានបង្ហាញ​ផងដែរ៕
http://www.khmer.rfi.fr/cambodia/20130925-cambodia-hun-sen-warn-minister

សភា​​និង​​រដ្ឋាភិ​បាល​៖ ទារក​​ដែល​​កើត​​មិន​​គ្រប់​​ទម្ងន់

ព្រះមហាក្សត្រ និងសមាជិកសភាថ្មី ថតរូបរួមគ្នា ក្នុងថ្ងៃបើក​ប្រជុំសភា​ លើកដំបូងថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៣។
ព្រះមហាក្សត្រ និងសមាជិកសភាថ្មី ថតរូបរួមគ្នា ក្នុងថ្ងៃបើក​ប្រជុំសភា​ លើកដំបូងថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៣។
@ reuters
ដោយ ប៉ែន បូណា
រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី៥បានកើត​ចេញ​ជា​រូបរាង​ហើយ​បន្ទាប់ពី​ការបោះឆ្នោត​អនុម័ត​​ដោយ​​អ្នក​តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​​ទាំង ៦៨ រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ព្រឹក​​ថ្ងៃ​​អង្គារ​​ទី ២៤ កញ្ញា​​ម្សិល​មិញ។ ប៉ុន្តែ អ្នក​តំណាងរាស្ត្រ​ជាប់ឆ្នោត​មួយ​ក្រុម​ទៀត​មកពី​គណបក្សប្រឆាំង​មិនបាន​ចូលប្រជុំ​សភា​ទេ។បញ្ហា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី៥នេះ​ត្រូវគេ​ប្រៀបប្រដូច​ទៅនឹង​ទារក​ដែល​កើត​មិន​គ្រប់​ទម្ងន់។ តើ​រដ្ឋសភា និង​រដ្ឋាភិបាល មិន​គ្រប់​ទម្ងន់​នឹងត្រូវ​ប្រឈម​មុខ​នឹង​ផលវិបាក​អ្វីខ្លះ?
អ្នក​ដែល​បាន​តាមដាន​ការវិវឌ្ឍ​នយោបាយ​កម្ពុ​ជា​ចុងក្រោយ​នេះ​ពិត​ជាមាន​អារម្មណ៍​ហួស​ចិត្ត​​ផង​​ឬ​សង្វេគ​ផង​ក៏​ថា​បាន។ សង្វេគ​នៅត្រង់ថា ក្រោយ​ការបោះឆ្នោត អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត​មួយក្រុម​ចូលប្រជុំ​សភា​និង​បានធ្វើ​សច្ចាប្រណិធាន​នៅក្នុង​ព្រះបរមរាជវាំង។ ចំណែក​តំណាងរាស្ត្រ​ជាប់ឆ្នោត​មួយក្រុម​ទៀត​បែរជា​ទៅ​ជួបជុំ​និង​ស្បថ​នៅ​ពីមុខ​ប្រាសាទ​អង្គរវត្ត​​ក្នុង​ខេត្តសៀមរាប​ឯណោះ​ទៅវិញ។

មិនតែប៉ុណ្ណោះ អ្នកតំណាងរាស្ត្រ​ទាំងពីរ​ក្រុម​នេះ​ដែល​ទទួលបាន​សំឡេងគាំទ្រ​ពី​ពលរដ្ឋ​ម្ចាស់​​ឆ្នោត​​ដូចគ្នា​បែរ​ទៅជា​ចង្អុលមុខ​គ្នា​ថា​ជា​អ្នក​រំលោភបំពាន​រដ្ឋធម្មនុញ្ញ​ទៅវិញ។ តើ​អ្នក​ណា​ជា​អ្នករំលោភ​រដ្ឋធម្មនុញ្ញ? សំណួរ​នេះ សូម​ទុក​ឲ្យ​អ្នកច្បាប់​ទាំងឡាយ​បកស្រាយ​ទៅ​ចុះ ប៉ុន្តែ អ្វីដែល​គេ​អាច​មើលឃើញ​ច្បាស់​នៅពេលនេះ​គឺ ផលវិបាក​របស់​វា​បានធ្វើ​ឲ្យ​រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី​ក្រោយ​ការបោះឆ្នោត​មាន​លក្ខណៈ​មិន​គ្រប់គ្រាន់​ប្រៀបបាន​នឹង​ទារក​ដែល​កើតមក​មិន​គ្រប់​ទម្ងន់​ដែល​ត្រូវ​ទទួល​ការព្យាបាល​ជា​ចាំបាច់។

ជាការ​ពិតណាស់ វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត​ជា​រឿង​ដែល​បាន​កើតឡើង​ស្ទើរតែ​ស៊ាំ​​ទៅហើយ។ លើក​ណា​ក៏ដូចជា​លើក​ណា​ដែរ ឲ្យ​តែ​បោះឆ្នោត​ហើយ គណបក្ស​ដែល​ទទួល​​បាន​សំឡេងគាំទ្រ​ក្នុង​សភា​មិនដែល​បាន​ចូលប្រជុំ​សភា​ដោយ​ស្រុះស្រួល​គ្នា​ឡើយ។ ទោះជា​ត្រូវ​ចូលប្រជុំ​ទាំងអស់គ្នា ក៏​ពួកគេ​បាន​ឆ្លងកាត់​ជម្លោះ​បែកផ្សែង​ជាច្រើន​ខែ​រួច​ទៅ​ហើយ​​ដែរ។ តើ​នេះ​ជា​ចំណុចខ្សោយ​របស់​អ្នកនយោបាយ​ខ្មែរ​ដែល​មិនអាច​កែ​បាន​មែនឬ?

លើក​នេះ​អា​ចាត់ទុកថា​ជា​សំណាងល្អ​ទៅ​ចុះ​សម្រាប់​គណបក្ស​កាន់អំណាច​ដោយសារ​ការ​បង្កើត​​រដ្ឋាភិបាល​មិន​ទាមទារ​ឲ្យ​មាន​សំឡេង​គាំទ្រ​ពីរ​ភាគ​បី​ដូច​កាល​ពីលើក​មុន។ ប្រសិន​បើ​មិន​ដូច្នោះ​ទេ ម្ល៉េះ​សម​ការបង្កើត​រដ្ឋាភិបាល​ថ្មី​ត្រូវ​ជាប់គាំង​ជាច្រើន​ខែ​តទៅ​ទៀត​ជាមិនខាន។

ទោះបីជា​ការ​ជាប់គាំង​ត្រូវបាន​បញ្ចៀស​មែន ប៉ុន្តែ រដ្ឋសភា​និង​រដ្ឋាភិបាល​ថ្មី​ដែល​ទើបតែ​កើតចេញ​នៅពេលនេះ​ក៏​នៅមាន​ចំណុច​ប្រឈម​ចំពោះមុខ​ជាច្រើន​ទៀត​ដែរ៖ចំណុច​ប្រឈម​​ទី១​គឺ ការ​ទប់ទល់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុងស្ថិត​នៅក្រៅ​រដ្ឋសភា។ មិន​​ថា​​មហា​បាតុកម្ម ឬ​ជា​សកម្មភាព​អ្វី​ផ្សេង​ទៀតឡើយ​សុទ្ធតែជា​រំខាន​ដល់​ដំណើរ​របស់​រដ្ឋាភិបាល​​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ពីព្រោះ​អ្នក​តំណាងរាស្ត្រ ៥៥ នាក់​តំណាង​ឲ្យ​អ្នកបោះឆ្នោត​ជិត ៣លាន​នាក់​ចេញ​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​គ្រប់បែបយ៉ាង​មិនមែន​ជា​​រឿង​​សាមញ្ញ​ពេក​នោះឡើយ។

ចំណុច​ប្រឈម​ទី២ គឺ​រដ្ឋសភា​និង​រដ្ឋាភិបាល​ដែលមាន​ទម្ងន់​មិន​គ្រប់គ្រាន់​នឹងធ្វើ​ឲ្យ​ស្ថាប័នរដ្ឋ​​ទាំងពីរ​មាន​រូបភាព​មិនសូវ​ល្អ​ទាំង​នៅក្នុង​ឆាកនយោបាយ​ជាតិ និង​នៅលើ​ឆាក​អន្តរជាតិ។ ជាក់ស្តែង បណ្តា​ប្រទេស​មួយចំនួន​ដូចជា​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ជា​ដើម​​នៅតែ​បន្ត​ជំរុញ​ឲ្យ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​ចូលរួម​ក្នុង​រដ្ឋសភា​ដដែល។ នេះ​មាន​ន័យ​ថា បណ្តា​ប្រទេស​ទាំងនោះ​នៅ​មិនទាន់​ផ្តល់​តម្លៃ​ពេញលេញ​ដល់​រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​នោះឡើយ​ទេ។

ដូច្នេះ ខណៈដែល​រដ្ឋាភិបាល​ថ្មី​នេះ​មិនសូវមាន​ទឹកមាត់ប្រៃ​ជាមួយ​សហគមន៍​អន្តរជាតិ រីឯ​នៅ​ជ្រុង​ម្ខាង​ទៀត រវល់​តែ​ចំណាយ​កម្លាំង និង​ធនធាន​សម្រាប់​ទប់ទល់​ជាមួយ​បក្សប្រឆាំង​នោះ តើ​រដ្ឋាភិបាល​មាន​ពេលវេលា និង​ថាមពល​ល​គ្រប់គ្រាន់​ដែរឬទេ​សម្រាប់​អនុវត្ត​នយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​ដែល​ខ្លួន​ត្រូវធ្វើ​ក្នុង​គ្រប់​វិស័យ​ដូច​ការសន្យា​នោះ? ទាំងនេះ​គឺជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ណាស់​របស់​រដ្ឋាភិបាល​អាណត្តិ​ទី។

ពិត​ហើយ​ថា អាចមាន​អ្នកខ្លះ​សប្បាយ​ចិត្តនឹង​ឃើញ​ស្ថានភាព​បែបនេះ ប៉ុន្តែ សូម​កុំភ្លេចថា ផលវិបាក​របស់​វា​នឹង​ធ្លាក់​ទៅលើ​ពលក​រដ្ឋ​ខ្មែរ​គ្រប់គ្នា​មុនគេ។ ដូច្នេះ ប្រសិនបើ​អាច​បញ្ចប់​បាន​នៅ​មិនទាន់​ហួសពេល​ទេ​ដែល​អ្នកនយោបាយ​គួរតែ​រិះរក​មធ្យោបាយ​ស្រុះស្រួល​គ្នា​ដើម្បី​ពង្រឹង​រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី​ឲ្យ​មាន​កម្លាំង​ជាង​នេះ។ ក្នុងន័យនេះ គណបក្ស​ទាំងពីរ​គួរតែ​ងាក​មករក​ការចរចា​គ្នា​ជាថ្មី​ហើយ​រក​ច្រក​ណាមួយ​សមរម្យ​ដែល​អនុញ្ញាត​ឲ្យ​គណបក្ស​ទាំងពីរ​មានលទ្ធភាព​តស៊ូ​នយោបាយ​ជាមួយគ្នា​ប្រកបដោយ​តុល្យភាព​នៅក្នុង​រដ្ឋសភា។ នេះ​ជា​វិធី​ដ៏​ល្អ​បំផុត​មួយ។

ផ្ទុយទៅវិញ ការបន្ត​បែរខ្នង​ដាក់គ្នា​ហើយ​នៅតែ​ប្រើ​ទម្លាប់​យកឈ្នះ​ចិត្ត​គ្នា​ទៅវិញទៅមក​ដោយ​ម្ខាង​សម្អាង​លើ​សំឡេង​ភាគច្រើន​ដាច់ខាត​ដែល​ខ្លួន​អាចធ្វើ​អ្វី​ក៏បាន រីឯ​ម្ខាង​ទៀត​សម្អាង​លើ​សន្ទុះ​ចិត្ត​អ្នកគាំទ្រ​ហើយ​បន្ត​តស៊ូ​គ្រប់​រូបភាព​នៅក្រៅ​រដ្ឋសភា​នោះ ទីបំផុត ភាគី​ទាំងពីរ​នឹង​ខាតបង់​ទាំងអស់គ្នា។ អ្នក​ដែល​ខាតបង់​ធ្ងន់​ជាងគេ​គឺ​ប្រទេសជាតិ​និង​ប្រជា​ពល​រដ្ឋ​ខ្មែរ៕
ផ្សាយបន្តទាំងស្រុងពី៖ ទំព័រ​ដើម