Showing posts with label ស្រុករមាសហែក. Show all posts
Showing posts with label ស្រុករមាសហែក. Show all posts

Tuesday, October 29, 2013

តុលាការ​សាលា​ឧទ្ធរណ៍ បើក​សវនាការ​ករណី​លោក ឈូក បណ្ឌិត នៅ​រសៀល ថ្ងៃ​ទី​៣១​តុលា​

លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​។
លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​។
RFI-ចាន់ណា

ដោយ លី ម៉េងហួរ
សំណុំ​រឿង​ក្តី អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត បាញ់​ស្ត្រី​កម្មករ​កាត់ដេរ ៣​នាក់ ឲ្យ​រង​របួស​ធ្ងន់ ស្ទើរ​តែ​ស្លាប់ នឹង​ត្រូវ​តុលាការ​សាលា​ឧទ្ធរណ៍ បើក​សវនាការ ជំនុំ​ជម្រះ​ឡើង​វិញ នា​រសៀល​ម៉ោង ២ ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែ​តុលា។ ក្រុម​មេធាវី​របស់​លោក ឈូក បណ្ឌិត បាន​ប្តឹង​ប្រឆាំង​នឹង​ការ​សម្រេច​របស់​តុលាការ​ខេត្ត​ស្វាយរៀង ដែល​បាន​ផ្តន្ទាទោស កំបាំង​មុខ ដាក់​ពន្ធនាគារ ១​ឆ្នាំ​កន្លះ លើ​លោក ឈូក បណ្ឌិត ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា។ ចំណែក​ក្រុម​ជន​រងគ្រោះ បាន​ប្តឹង​តវ៉ា ប្រឆាំង​នឹង​ការ​ផ្តល់​សំណង។

សេចក្តី​រាយការ​ណ៏របស់​ លី ម៉េងហួរ
 
29/10/2013
សវនាការ នៅ​តុលាការ​សាលា​ឧទ្ធរណ៍ នា​រសៀល​ម៉ោង ២ ថ្ងៃ​ទី​៣១​តុលា លើ​សំណុំ​រឿង​ក្តី​លោក ឈូក បណ្ឌិត នឹង​ត្រូវ​ធ្វើ​ឡើង​ជា​សាធារណៈ បើក​ឲ្យ​មហាជន​ចូលរួម​តាមដាន។ ក្រុម​ស្ត្រី​កម្មករ ៣ នាក់ រង​គ្រោះ ក្នុង​អំពើ​បាញ់​ប្រហារ បង្ក​ឡើង​ដោយ​អតីត​អភិបាល​ក្រុង បាវិត លោក ឈូក បណ្ឌិត នឹង​ចូលរួម​ក្នុង​សវនាការ។ ចំណែក​លោក ឈូក បណ្ឌិត បាត់​ដំណឹង​សូន្យ​ឈឹង មិន​ដឹង​ស្លាប់ ឬ​រស់ ខណៈ​ដែល​ប៉ូលិស តាម​រក​មិន​ឃើញ។

លោក ជិន លី​ដា មេធាវី​ការពារ​ក្រុម​ស្ត្រី​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា មេធាវី និង​ជន​រង​គ្រោះ បាន​ទទួល​ដីកា កាល​ពី​សប្តាហ៍​មុន ពី​តុលាការ​សាលា​ឧទ្ធរណ៍ ឲ្យ​ចូលរួម​សវនាការ នា​រសៀល​ថ្ងៃ​ទី​៣១​តុលា។

តាម​លោក​មេធាវី សំណុំ​រឿង​ក្តី​លោក ឈូក បណ្ឌិត បាញ់​ស្ត្រី​កម្មករ ត្រូវ​បាន​ប្តឹង​ជំទាស់ ដោយ​ខាង​លោក​ឈូក​បណ្ឌិត ដែល​មិន​សុខ​ចិត្ត នឹង​ការ​សម្រេច​ផ្តន្ទាទោស កំបាំង​មុខ ដាក់​ពន្ធនាគារ​លើ​លោក​ឈូក បណ្ឌិត ១ ឆ្នាំ​កន្លះ។ រីឯ​ប៉ូលិស​ម្នាក់​ទៀត លោក ស ចាន់​ថា ក៏​មិន​សុខ​ចិត្ត​នឹង​ការ​សម្រេច​ក្តី​របស់​តុលាការ ដែល​ផ្តន្ទាទោស​រូប​លោក ដាក់​ពន្ធនាគារ ៦ ខែ ក្នុង​រឿង​កាន់​កាប់​អាវុធ​ខុស​ច្បាប់។ ចំណែក​ក្រុម​ស្ត្រី​កម្មករ​រងគ្រោះ ៣ នាក់ ក៏​បាន​ប្តឹង​ជំទាស់​នឹង​ការ​សម្រេច​របស់​តុលាការ​ខេត្ត​ស្វាយរៀង ដែល​តម្រូវ​ឲ្យ​លោក ឈូក បណ្ឌិត បង់​ប្រាក់​សង​ជំងឺ​ចិត្ត​តិច​តួច ដល់​កម្មករ​ទាំង​បី ត្រឹម​តែ​ពី ៨ លាន​រៀល ទៅ ២០ លាន​រៀល ខណៈ​ដែល​ក្រុម​ស្ត្រី​កម្មករ​រងគ្រោះ ទាមទារ​ប្រាក់​សំណង រហូត​ដល់​ពី ៤ ម៉ឺន​ដុល្លារ ទៅ ៤៥០០០ ដុល្លារ។

ក្នុង​ដីកា​សម្រេច កាលពី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ ចៅ​ក្រម​តុលាការ​ខេត្ត​ស្វាយរៀង បាន​ចេញ​ដីកា បញ្ជា​ឲ្យ​ប៉ូលិស តាម​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត យក​មក​ដាក់​ពន្ធនាគា​រ ពី​បទ​បាញ់​ឲ្យ​របួស​ស្ត្រី​កម្មករ​កាត់ដេរ ៣ នាក់ ឲ្យ​រងរបួស​ធ្ងន់ ក្នុង​ព្រឹត្តិការណ៍​តវ៉ា កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១។

សកម្មជន​សិទ្ធិមនុស្ស លោក មឿ​ន តុលា បាន​បញ្ជាក់ថា ការសម្រេច​ផ្តន្ទាទោស លើ​លោក ឈូក បណ្ឌិត ត្រឹមតែ ១ឆ្នាំកន្លះ គឺ​ស្រាល​ពេក ព្រោះ​លោក ឈូក បណ្ឌិត បាន​ដក​កាំភ្លើង​បាញ់​កម្មករ មិនមែនជា​រឿង​អ​ចេតនា​ទេ។ មួយទៀត ទោះជា​លោក ឈូក បណ្ឌិត ប្តឹង​ឧទ្ធរណ៍ ក៏​មិនអាច​លុបចោល​ដីកា​តាម​ចាប់ខ្លួន លោក ឈូក បណ្ឌិត យកមក​ដាក់ពន្ធនាគា​រ​ទេ។

យ៉ាងណាក៏ដោយ សកម្មជន​សិទ្ធិមនុស្ស និង​ជនរងគ្រោះ រង់​ចាំមើល​តុលាការ​ឧទ្ធរណ៍ កាត់ក្តី​លើ​ករណី​លោក ឈូក បណ្ឌិត នៅ​ថ្ងៃទី៣១តុលា ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្រកាស​របស់​រដ្ឋាភិបាល អាណត្តិ​ថ្មី ចំពោះ​ការកែទម្រង់​ស៊ីជម្រៅ លើ​ប្រព័ន្ធ​ច្បាប់ និង​តុលាការ៕

ផ្សាយបន្តពី ទំព័រ​ដើម

Monday, April 29, 2013

ខ្សឹបដាក់ត្រចៀក ៖ តើមន្រ្តី ខេត្តស្វាយរៀងខ្លះ ពិតជាពុករលួយ និងគិតតែប្រយោជន៍ផ្ទាល់ខ្លួន មែនទេ ?


E-mailPrintPDF
ស្វាយរៀងៈ ក្នុងចំណោម មន្រ្តីធំៗ របស់ខេត្តស្វាយរៀង ជាច្រើននាក់ គ្មាននរណាម្នាក់ ជឿថា មន្រ្តីទាំងអស់នោះ សុទ្ធតែល្អឥតខ្ចោះទាំង អស់គ្នានោះទេ ហើយក៏មិនប្រាកដថា ត្រីមួយកន្ត្រក បើស្អុយមួយ ស្អុយទាំងអស់នោះដែរ ។
ហេហេ !!! ក្នុងឋានៈ ជាមន្រ្តីរាជការជាន់ខ្ពស់ នៅក្នុងខេត្ត ដែលរាជរដ្ឋាភិបាល បានប្រគល់តួនាទីឲ្យ ក្នុងគោលបំណងតែម្យ៉ាងគត់ គឺឲ្យ ធ្វើការបម្រើរដ្ឋ និងបម្រើរាស្រ្ត ដោយស្មោះត្រង់ តែផ្ទុយទៅវិញ អ្នកធំខ្លះ នៅក្នុងខេត្តស្វាយរៀង ពួកគេមិនបានបំពេញ ភារកិច្ចឲ្យបានល្អនោះទេ គឺពួកគេធ្វើការប្រកាន់បក្ខពួក គ្រូសារនិយម ប្រព្រឹត្តអំពើពុករលួយ និងពូកែលុតក្រាបអ្នកធំ ដើម្បីការពារតំណែងរបស់ខ្លួន កុំឲ្យ វិនាសអន្តរាយតែប៉ុណ្ណោះ ហើយមានមន្រ្តីខ្លះទៀតពេលដែលកម្មករ មានបញ្ហាដោយធ្វើបាតុកម្ម ទាមទារលក្ខខណ្ឌមួយចំនួននោះ បែរជា កាន់ជើងថៅកែរោងចក្រ ហើយបានគាបសង្កត់កម្មករ ដែលជាជនជាតិខ្មែរគ្នាឯងទៅវិញ ដោយសារតែខ្លួនបានទទួល លាភសក្ការៈ ពីពួក ថៅកែរោងចក្រទាំងនោះ រីឯអធិការនគរបាលក្រុង-ស្រុកខ្លះមួយថ្ងៃៗ មិននាំគ្នាការពារសុវត្ថិភាពប្រជាពលរដ្ឋនោះទេ គឺគិតតែប្រឹងប្រែង គាបសង្កត់ និងរកលុយពីកំហុសឆ្គងតិចតួចរបស់រាស្រ្តដែលមិនសូវយល់ដឹងពីច្បាប់ទម្លាប់ ហើយក៏មាន មន្រ្តីខ្លះទៀត មានដីធ្លីរាប់រយ ហិកតា ជួលឲ្យបរទេសធ្វើស្រែចំការ ខណៈ ដែលប្រជាពលរដ្ឋខេត្តស្វាយរៀងមួយចំនួន កំពុងតែប្រឈមមុខ និងវិបត្តិគ្មានដីធ្វើស្រែចំការ សម្រាប់ចញ្ចឹមជិវិត។
ស៊ីសេរ៉ូ គឺជាទស្សនៈវិទូ និងជារដ្ឋបុរសដ៏ល្បីល្បាញម្នាក់ របស់អ៊ីតាលី លោកគឺជាអ្នកបន្តទ្រឹស្ដីរបស់ ប្លាតុង និងអារីស្តូត ស្ដីពីរដ្ឋ និងនយោបាយ ។ នៅក្នុងស្នាដៃរបស់លោកស្ដីពី «ការពិភាក្សាអំពីរដ្ឋ និងអំពីច្បាប់» លោកយល់ថា ច្បាប់គឺយុត្តិធម៌ជាទីបំផុត ចំណែក អំណាចរដ្ឋ លោកបានទទូចឲ្យប្រគល់ឲ្យមនុស្ស ដែលប៉ុនប្រសព្វ និងដែលមានប្រាជ្ញា ដើម្បីឲ្យមន្រ្តីទាំងនោះ ការពារទ្រព្យសម្បត្តិជាតិ និងការពារ ព្រមទាំងបម្រើប្រជាជនដោយស្មោះត្រង់ ។
ទស្សនៈរបស់ សេស៊ីរ៉ូ គឺលោកចង់សំដៅថា មន្រ្តីដែលរដ្ឋបានប្រគល់អំណាចជូន គឺជាមនុស្សដែលពោរពេញ ដោយចំណេះដឹង និងទេព្យ កោសល្យ ហើយគឺជាមនុស្សដែលស្មោះត្រង់បំផុត ជាមួយជាតិ និងប្រជាជន ។ ចុះចំណែកមន្រ្តីធំៗ ខេត្តស្វាយរៀងខ្លះ ដែលបម្រើការងារ នៅសាលាខេត្ត និងតាមមន្ទីរមួយចំនួន ពិតជាមនុស្សដែលមានចំណេះវិជ្ជាជ្រៅជ្រះ និងបានបម្រើរដ្ឋ និងរាស្រ្តដោយស្មោះត្រង់ដែរឬទេ?
ចម្លើយដែលពិតជាមិនអាចប្រកែកបាន គឺមន្រ្តីខ្លះធ្វើការរាល់ថ្ងៃ ដើម្បីតែផលប្រយោជន៍បក្ខពួករបស់ខ្លួន និងក្រុមគ្រូសារខ្លួន តែប៉ុណ្ណោះ ពួកគេមិនបានយកអំណាច ដែលរាជរដ្ឋាភិបាលប្រគល់ឲ្យមកបម្រើប្រជាជន ដោយស្មោះត្រង់នោះទេ ។ ស្ថានភាពរបស់មន្រ្តីខេត្តស្វាយ រៀងសព្វថ្ងៃនេះ ធ្វើឲ្យយើងនឹកស្រមៃដល់អតីតកាល ពោលគឺកាលពីឆ្នាំ១៨៣៤ ខណៈ ដែល ប្រទេសយួន បានកាន់កាប់ប្រទេស កម្ពុជា ដោយចាប់ផ្ដើមអនុវត្តនយោបាយយួនូបនីយកម្ម ហើយបានបញ្ជូនមេទ័ពយួនម្នាក់ឈ្មោះ ទ្រឿង មិញយ៉ាង មកកាន់ប្រទេសកម្ពុជា អនុវត្តផែនការនេះ ។
នៅក្នុងលិខិតមួយ របស់មេទ័ពយួន ទ្រឿង មិញយ៉ាង ដែលផ្ញើជូនព្រះចៅក្រុងវ៉េមិញម៉ាង បានសសេរថា« ឆ្លងតាមការមកដល់ប្រទេស កម្ពុជា របស់ទូលបង្គំបានមួយរយៈ ទូលបង្គំសង្កេតឃើញថា មន្រ្តីខ្មែរគ្មានចេះធ្វើការអ្វីទាំងអស់ អ្វីដែលពួកគេចេះ គឺការប្រព្រឹត្តអំពើ ពុករលួយ និងលុតក្រាបដើម្បីរក្សាអំណាចរបស់ខ្លួនតែប៉ុណ្ណោះ»។ ដោយឡែក ក្នុងនៅឆ្នាំ១៨៨៤ ខណៈ ដែលប្រទេសកម្ពុជា ស្ថិតនៅ ក្រោមអាណានិគមន៍និយមបារាំង នៅក្នុងលិខិតមួយរបស់ អគ្គទេសាភិបាលបារាំង ប្រចាំឥណ្ឌូចិនលោក ប៉ូល ឌុយមែរ ផ្ញើជូនរដ្ឋមន្រ្តី អាណានិគមន៍ លោក ហ្សង់ ឌឺក្រេ ក៏បានសរសេរថា « ខ្ញុំព្យាយាមបង្រៀន មន្រ្តីខ្មែរឲ្យចេះធ្វើការ តែផ្ទុយទៅវិញ មន្រ្តីទាំងនោះ ចេះតែ ពុករលួយ និងអែបអបសុំបុណ្យស័ក្តិតែប៉ុណ្ណោះ»។
ហេហេ !!! តើចរិតរបស់មន្រ្តីខ្មែរ កាលពីជាងមួយសត្សវត្តន៍មុន ដែលមន្រ្តី បរទេសទាំងពីរខាងលើ បានសរសេរផ្ញើទៅ ចៅហ្វាយរបស់ ខ្លួន ពិតជាដិតដាម នៅក្នុងសណ្ដានចិត្តរបស់មន្រ្តីខ្មែរមួយចំនួន រហូតដល់សព្វថ្ងៃមែនទេ ?
សំណេរមួយនេះ មិនមែនជាការវាយប្រហារទាំងទទឹងទិស ចំពោះមន្រ្តីដែលគេប្រព្រឹត្តខ្លួនល្អនោះទេ តែជាការវាយ សំពង ចំពោះមន្រ្តី អាក្រក់មួយ ចំនួន ដែលមិនបានយកអំណាច ដែលរដ្ឋប្រគល់ឲ្យទៅបម្រើរាស្រ្ត ដោយស្មោះ និងបានយកអំណាច ទៅប្រើផ្ដេសផ្ដាស ដើម្បីផលប្រយោជន៍ ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ៕

Monday, March 18, 2013

មេ អ.ហ ស្រុក ២រូប ក្នុងខេត្តស្វាយរៀង ត្រូវបានដកហូត តំណែង



E-mailPrintPDF
ស្វាយរៀងៈ ក្រោយពីមានរឿងចម្រូងចម្រាស់ ពាក់ព័ន្ធទៅនឹងការកាត់ដីធ្លី របស់បញ្ជាការដ្ឋានលក់ និង ការមិន សូវមានមុខនៅទីបញ្ជាការដ្ឋាន ព្រមទាំងមិនស្ដាប់មេកើយផងនោះ នៅទីបំផុត មេបញ្ជាការកងរាជអាវុធហត្ថ ស្រុករមាសហែក និងស្រុកស្វាយទាប ត្រូវបានដកហូតតំណែងហើយ កាលពីប៉ុន្មានថ្ងៃមុននេះ។
យោងតាមប្រភពពីមន្រ្តីជាន់ខ្ពស់កងរាជអាវុធហត្ថ ខេត្តស្វាយរៀងម្នាក់ បានលួចបង្ហើបឲ្យដឹងថា មេបញ្ជាការកង រាជអាវុធហត្ថ ស្រុករមាសហែក លោក ទឹម វណ្ណិ និងលោក អូត ចាន់គុណា មេបញ្ជាការកងរាជអាវុធហត្ថ ស្រុក ស្វាយទាប ត្រូវបានដកហូតពីតំណែងហើយ កាលពីទី១៤ ខែមីនា កន្លងទៅថ្មីៗនេះ ដោយលិខិតដកហូតតំ ណែងនោះ បានបង្គាប់បញ្ជាឲ្យមន្រ្តីទាំងពីរខាងលើមកបង្ហាញមុខនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយ រៀងរាល់ម៉ោងធ្វើការ។
ប្រភពមន្រ្តីខាងលើបានបន្តថា មូលហេតុនៃការដកហូតតំណែងមន្រ្តីទាំងពីរខាងលើនេះ គឺដោយសារតែមេបញ្ជា ការកងរាជអាវុធហត្ថស្រុករមាសហែក លោក ទឹម វណ្ណិ វាពាក់ព័ន្ធទៅនិងការកាត់ដីបន្ទាយលក់ ដែលការកាត់ដី បន្ទាយមួយផ្នែកលក់នេះ វាទើបតែបែកធ្លាយ ខណៈដែលម្ចាស់ដីគេ បានមកធ្វើរបងហើយពេលនោះ មន្រ្តីជាន់ ខ្ពស់កងរាជអាវុធហត្ថឃើញក៏សួរនាំ ទើបបែកធ្លាយ ហើយក៏មានការស្នើសុំដកតំណែងនេះ តែម្ដងទៅ ដោយ ឡែកមេបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយទាប គឺលោក អូត ចាន់គុណា ការដកតំណែងរបស់លោក ដោយ សារតែលោកមិនសូវបានបង្ហាញមុខនៅបញ្ជាការដ្ឋានស្រុក ព្រមទាំងអនុវត្តន៍ភារកិច្ចខ្វះការទទួលខុសត្រូវ ជាពិ សេសទៅទៀតនោះ លោកហាក់ដូចជាមិនគោរពបទបញ្ជារបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។
ពាក់ព័ន្ធទៅនិងការដកហូតតំណែងនេះ លោកឧត្តមសេនីយ៏ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្វាយរៀង បានទទួលស្គាល់ថា លោកពិតជាបានស្នើទៅមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនាយឧត្តម សេនីយ៏ សៅ សុខា ឲ្យដកតំណែងមន្រ្តីទាំងពីរខាងលើពិតប្រាកដមែន។
លោកបានថ្លែងថា « មន្រ្តីទាំងពីរខាងលើត្រូវបានដកហូតតំណែងកាលពីថ្ងៃ១៤ កន្លងទៅនេះ ដោយបង្គាប់ឲ្យមក បង្ហាញខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រង់ចាំទទួលភារកិច្ចថ្មី ក៏ប៉ុន្តែមានតែលោក ទឹម វណ្ណិ ម្នាក់ទេ ដែលមកបង្ហាញមុខនៅទីបញ្ជាការដ្ឋាន ចំណែកលោក អូត ចាន់គុណា មិនដែលមកបង្ហាញមុខនៅបញ្ជាការដ្ឋាន ទេ»។
ទោះជាយ៉ាងណាក៏ដោយលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង មិនបានប្រាប់ពីមូលហេតុ នៃការ ដកហូតតំណែងមន្រ្តីទាំងពីខាងលើនោះទេ ដោយលោកបានចាត់ទុកការផ្លាស់ប្ដូរតំណែងនេះថា វាជារឿងធម្មតា របស់មន្រ្តីរាជការ ហើយវាក៏មិនទៀងទាត់ដែរ ក្នុងនោះសូម្បីតែរូបលោកក៏មិនប្រាកដថា អាចនិងកាន់តំណែងមេ បញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង រហូតដល់ពេលណាដែរ។
បើតាមលោក សាន្ត ប៊ុនថាន មេបញ្ជការស្រុកទាំងពីរនេះ មិនទាន់មានការតែងតាំងថ្មីនៅឡើយទេ ដោយមេបញ្ជា ការរងស្រុកម្នាក់ ទទួលបន្ទុកជាមេបញ្ជាការស្ដីទីបណ្ដោះអាសន្ន ចំណែកតំណែងមេបញ្ជាការ គឺរង់ចាំការប្រជុំ វាយតម្លៃពីគណៈបញ្ជាការកងរាជអាវុធហត្ថខេត្តរូចរាល់សិន ទើបស្នើសុំទៅថ្នាក់លើ ដើម្បីតែងតាំងមន្រ្តីនោះ ជា មេបញ្ជាការ៕

Tuesday, March 12, 2013

ដីមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក មានអ្នកធ្វើប្លង់ជ្រៀកលក់


(ថ្ងៃទី 24 កុម្ភៈ 2013, ម៉ោង 08:39:AM) | ដោយ: ចន្រ្ទា
ក- ក ក+ | Print
ស្វាយរៀង: លោក​វរសេនីយ៍ត្រី ទឹម វ​ណ្ណិ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​រមាសហែក បាន​រង​នូវ​ការ​ស៊ើប​អង្ករត និង​ចោទប្រកាន់ថា​បានធ្វើ​ប្លង់ដី​ជា​ពីរ​ចំណែក ក្នុងនោះ​មួយចំណែក​កសាង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​រមាសហែក ដែលមាន​ទំហំ​២២​ម៉ែត្រ គុណ​នឹង​៦៩​ម៉ែត្រ ដោយឡែក​ដី​ដែល​ធ្វើ​ប្លង់​លក់​នោះ​មាន​ទំហំ​១០​ម៉ែត្រ​គុណ​នឹង​៦០​ម៉ែត្រ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​តា​ត្រាវ ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក លក់បាន​បាន​តម្លៃ​១​ម៉ឺន​ដុល្លារ ដោយមាន​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​លេខ​343/08 ដោយ​លោក​គង់​សាលាង អតីត មេឃុំ​កំពង់ត្រាច កាលពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០០៨​។​
ទីតាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​រមាសហែក ដែល​ត្រូវបាន​គេ​ធ្វើ​ប្លង់​ជា​ពីរ​ចំណែក ហើយ​លក់​មួយ​ប្លង់​បាន​លុយ​១​ម៉ឺន​ដុល្លារ​​ (រូបរបងលាបថ្នាំពណ៌ស)
​រឿងរ៉ាវ​បែកធ្លាយ​នៃ​ការធ្វើ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ នៃ​ការ​បំបែក​ដី​ជា​ពីរ ចំណែក​នោះ​ទើបតែ​ដឹង​នៅពេលដែល​ម្ចាស់​ដី​ទិញ​បាន​នោះមក​ធ្វើ​របង​ព័ទ្ធ​ដី​កាលពី​ថ្ងៃទី​១១​ខែធ្នូ ឆ្នាំ​២០១២ ដល់​ថ្ងៃទី​១៤​ខែកុម្ភៈ ឆ្នាំ​២០១៣ ទើប​មាន​ក្រុមការងារ​អាវុធហត្ថ​ខេត្ត​ចុះមក​ស្រាវជ្រាវ​និង​ពិនិត្យ​ទំហំ​ដី​អង្គភាព​កងរាជអាវុធហត្ថ​ស្រុក​រមាសហែក ជាក់ស្តែង​តែម្តង​ទៅតាម​បទបញ្ជា​ផ្ទាល់មាត់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ហេ​ត្ថ​ខេត្តស្វាយរៀង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ព្រហ្ម ដន មេបញ្ជាការរង​ទទួលបន្ទុក​ភស្តុភា​-​បច្ចេកទេស លោក​វរសេនីយ៍ទោ​ម៉ែន សំអឿន មេបញ្ជាការរង​និង​ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​យុត្តិធម៌ បាន​បើក​អង្គប្រជុំ​មួយ​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែកុម្ភៈ ឆ្នាំ​២០១៣ ដោយមាន​ការចូលរួម​ពី​លោក​ហែ​ន សា​គុន អភិបាលស្រុក​រមាសហែក លោក​ម៉ៅ ពុ​ទ្ធី ប្រធានការិយាល័យ ភូមិបាល​ស្រុក លោក​អនុសេនីយ៍ទោ នួន សុឃឿន នាយការិយាល័យ​វិ​ស្វរ​កម្ម​ខេត្ត​រួម​និង លោក​វរសេនីយ៍ត្រី ទឹម វ​ណ្ណិ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​រមាសហែក​ផងដែរ​។​
ទីតាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​រមាសហែក ដែល​ត្រូវបាន​គេ​ធ្វើ​ប្លង់​ជា​ពីរ​ចំណែក ហើយ​លក់​មួយ​ប្លង់​បាន​លុយ​១​ម៉ឺន​ដុល្លារ​ (រូបរបងលាបថ្នាំពណ៌ស)
​បើ​យោងតាម​កំណត់ហេតុ​នៃ​អង្គប្រជុំ​ដែល​ទើប​បែកធ្លាយ​កាលពីពេល​ថ្មីៗ​នេះ ស្តីពី​ការពាក់ព័ន្ធ​ទៅលើ​ដីធ្លី​អង្គភាព​អាវុធហត្ថ​ស្រុក​រមាសហែក ពិនិត្យ​ជាក់ស្តែង​ទំហំ​ដី​អង្គភាព​ទទឹង​២៤​ម៉ែត្រ បណ្តោយ​៦៩​ម៉ែត្រ ទំហំ​ដី​ធ្វើ​របង​ជាប់​បន្ទាយ​មាន​ទទឹង​១០​ម៉ែត បណ្តោយ​៦០​ម៉ែត្រ លក់​ពីមុន​តម្លៃ​១​ម៉ឺន​ដុល្លារ មូលហេតុ​នៃ​ការលក់​នោះ ដើម្បី​កសាង​អង្គភាព​អាវុធហត្ថ​ស្រុក​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា នៅក្នុង​កិច្ចប្រជុំ​នោះ​លោក​ហែ​ន សា​គុន អភិបាលស្រុក​រមាសហែក បាន​មានប្រសាសន៍ថា បញ្ហា​ដិ​នេះ​គាត់​មិនបាន​ដឹង​ទេ ក្នុង​ឆ្នាំ​២០០៤ គាត់​កំពុង​រៀន កាលនោះ​លោក​ម៉ៅ វិ​រៈ និង​លោក​ណេ​ប សារ៉ុន ជា​គណៈកម្មការ គណៈបញ្ជាការ​ឯកភាព​ស្រុក​បាន​ឯកភាពគ្នា​វាស់វែង​ដីធ្លី មាន​ប្លង់​កម្មសិទ្ធិ​ដឹងឮ​តាម​ឯកសារ​ឆ្នាំ​២០០៤​។​

​លោក​ម៉ៅ​ង ពុ​ទ្ធី ប្រធានការិយាល័យ​សុរិយោដី​ស្រុក​បាន​បំភ្លឺ​លើ​បញ្ហា​ដី​នេះ​ថា លោក​បានទទួល​ស្គាល់​ក្នុងការ​វាស់វែង​ដីធ្លី​នោះ​មែន មុខ​ឆ្នាំ​២០០៣ ប៉ុន្តែ​ក្នុង​ឆ្នាំ​២០០៣ ដី​នោះ​ពុំទាន់​បានធ្វើ​ប្លង់ កម្មសិទ្ធិ​ទេ ក្រោយមក​នៅ​ចុងឆ្នាំ​២០០៣ លោក​បាន​ទៅ​បំរើការ​ងារ​នៅ​ខេត្តតាកែវ តាម​ផែនការ​របស់​ក្រសួង​។ លុះដល់​ឆ្នាំ​២០០៤ លោក​ពុំ​បានដឹង​រឿង​វាស់វែង​ដីធ្លី​និង​ចេញ​ប្លង់​កម្មសិទ្ធិ​ពេលនោះ​ឡើយ លោក​គ្រាន់តែ​ដឹង​ប៉ុណ្ណោះ​។​
ទីតាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​រមាសហែក ដែល​ត្រូវបាន​គេ​ធ្វើ​ប្លង់​ជា​ពីរ​ចំណែក ហើយ​លក់​មួយ​ប្លង់​បាន​លុយ​១​ម៉ឺន​ដុល្លារ​ (រូបរបងលាបថ្នាំពណ៌ស)
​ក្រោយពី​ការចុះ​ស្រាវជ្រាវ​ដីធ្លី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​រមាសហែក រួចមក​ក្រុមការងារ​អាវុធហត្ថ​ខេត្ត​បាន​ភ្ជាប់​ឯកសារ​មួយចំនួន រួមមាន ៖ ទី​១-​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដែលមាន​ចុះហត្ថលេខា​ដោយ​លោក​គង់ សាលាង មេឃុំ​កំពង់ត្រាច កាលពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០០៨ ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ប្រភេទ​ដី​សាងសង់​បញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក ចុះហត្ថលេខា​ដោយ​លោក​គង់ ផុន ប្រធានការិយាល័យ​រៀបចំ​ដែល​ដី​នគរូបនីយកម្ម​សំណង់ និង​ភូមិបាល ចុះ​ថ្ងៃទី​៩​ខែមីនា ឆ្នាំ​២០០៤ និង​អគ្គនាយក​សុរិយោដី​និង​ភូមិសាស្ត្រ ដោយ​លោក​សេក សេដ្ឋា ចុះ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០០៤ ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ប្រភេទ​ដី​សាងសង់ របស់​ឈ្មោះ​ទឹម វ​ណ្ណិ និង​នាង​កង សា​គុណ (​ប្តី​ប្រពន្ធ​) ព្រំប្រទល់​ខាងជើង​ទល់នឹង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក ខាងត្បូង​ច្រកចេញចូល ខាងកើត​ហេង​សេង និង​ខាងលិច​ថ្នល់​(​ប្លង់ដី​ដែល​លក់​) ចុះហត្ថលេខា​ដោយ​លោក​គង់ ផុន ប្រធានការិយាល័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​ភូមិបាល ចុះ​ថ្ងៃទី​៩​ខែមីនា ឆ្នាំ​២០០៤ និង​អគ្គនាយក​សុរិយោដី​និង​ភូមិសាស្ត្រ​ដោយ​លោ​សេក សេដ្ឋា ចុះ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០០៤ រួម​នឹង​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំ​នួ​ទៀត​។​

​នៅ​ពុំទាន់​ដឹងថា លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង មាន​ចំណាត់ការ​យ៉ាងណា​នោះទេ ក្រោយ​ពេលដែល​ទទួលបាន​របាយការណ៍​ដូច្នេះហើយ មតិ​ប្រជាពលរដ្ឋ​មន្ត្រីរាជការ​មួយចំនួន​ក៏មាន​ការងឿងឆ្ងល់​ផងដែរ ដែល​នៅ​សុខៗ​ស្រាប់តែ​ដី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​រមាសហែក​ចែកជា​ពីរ​ប្លង់​យ៉ាង​ស្របច្បាប់​ដូច្នេះ​នោះទេ ដល់ពេល​គេ​ធ្វើ​របង ទើប​ភ្ញាក់​ព្រើត​តែម្តង​។ 

​ពាក់ព័ន្ធ​ករណី​លក់​ដី​នេះ លោក​វរសេនីយ៍ត្រី ទឹម វ​ណ្ណិ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​រមាសហែក​បាន​ប្រាប់​អ្នកកាសែត​តាម​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃទី​២៣​ខែកុម្ភៈ ឆ្នាំ​២០១៣ យ៉ាងខ្លី​ថា គាត់​លក់​ដី​ប្លង់​ផ្សេង​ទេ មិនបាន​លក់​ដី​បន្ទា​ទេ​៕
- See more at: http://www.cen.com.kh/localnews/show_detail/135?token=MTc0N2MxYzlmZjFjZWQ3MGRiMTJiMWNlMDA0MGU1#.UUB8Ydaq9e9

លោក ហែន សាគុណ អភិបាលស្រុក រមាសហែកអាចនឹង ត្រូវផ្លាស់ប្ដូរឆាប់ៗនេះ



លោក ហែន សាគុណ អភិបាលស្រុករមាសហែក
 
ស្វាយរៀងៈ នៅទីបំផុតពាក្យចចាមអារ៉ាមកន្លងមក ដែលនិយាយថា នឹងមានការផ្លាស់ប្ដូរលោក ហែន សាគុណ អភិបាលស្រុករមាសហែកឲ្យមកបម្រើការ នៅសាលាខេត្តស្វាយរៀងនោះ វាអាចនឹងក្លាយជា ការពិតហើយ នេះបើយោងតាមប្រភពដ៏គួរឲ្យទុកចិត្តមួយបាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យ ដឹងកាលពីថ្ងៃសុក្រ ទី២៧ ខែកក្កដា។

ប្រភពដ៏គួរឲ្យទុកចិត្តនោះ បានប្រាប់ឲ្យដឹងថា ការដោះដូរលោក ហែន សាគុណ វាអាចជាការពិតស្ទើរ តែ១០០ភាគរយទៅហើយ ដោយខាងខេត្តកំពុងតែពិចារណារកមនុស្សមកដាក់ជំនួស ដែលក្នុងនោះ មានមន្រ្តីមកពីក្រសួងមហាផ្ទៃ មន្រ្តីសាលាខេត្តស្វាយរៀង និងមន្រ្តីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀងម្នាក់។


នៅក្នុងចំណោមមន្រ្តីដែលមកស្ថាប័នទាំងបីនោះ គឺមានតែលោក ឡឹក ចំរើន ម្នាក់គត់ ដែលបច្ចុប្បន្នមាន តំណែងជាស្នងការរងទទួលបន្ទុកផ្នែកកណ្ដាលសន្តិសុខ នៃស្នងការដ្ឋានខេត្តស្វាយរៀង គឺជាមនុស្សគេ សង្ឃឹមថានឹងទៅជំនួសតំណែងនេះ ក៏ប៉ុន្តែលោក ឡឹក ចំរើន ហាក់ដូចជាស្ទាក់ស្ទើរ នៅក្នុងការទទួល យកតំណែងនេះ ព្រោះលោកចង់បានតំណែងផ្សេងក្រៅពីតំណែងអភិបាលស្រុករមាសហែក។

យោងតាមមន្រ្តីនគរបាលដែលមានតួនាទីខ្ពស់ នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀងម្នាក់ ដែលសុំមិន បញ្ចេញឈ្មោះបានប្រាប់ដើមអម្ពិលឲ្យដឹងថា ឥឡូវលោក ឡឹក ចំរើន មិនព្រមទទួលយកតំណែងនេះទេ ជាហេតុធ្វើឲ្យខាងខេត្តកំពុងតែរកមនុស្សម្នាក់ផ្សេងទៀត ដែលនៅក្នុងខេត្តទទួលយកតំណែងនេះ។

បើតាមប្រភពពីមន្រ្តីជាន់ខ្ពស់ដែលប្រាប់ដើមអម្ពិលបានបន្ថែមថា លោក ហែន សាគុណ អភិបាលស្រុក រមាសហែកនាពេលបច្ចុប្បន្នមិនយល់ព្រម លើការផ្លាស់ប្ដូលោកចេញពីស្រុកនេះទេ ក៏ប៉ុន្តែនេះជាការ សម្រេចចិត្តរបស់ខេត្ត ដោយមានការយល់ព្រមពីក្រសួងមហាផ្ទៃផង ព្រោះមានមូលហេតុមួយចំនួន ដែល ធ្វើឲ្យមានការប្លាស់ប្ដូនេះ គឺទី១. ដោយសារលោក ហែន សាគុណ មានសុខភាពមិនសូវល្អ និងមូលហេតុ ដ៏សំខាន់ ទី២. នោះគឺដោយសារតែការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់កន្លងមក ក្នុងចំណោមក្រុង២ និង ស្រុក៦ របស់ខេត្តស្វាយរៀង គឺមានតែស្រុករមាសហែកមួយគត់ ដែលបានបង់អសនៈ ក្រុមប្រឹក្សា ឃុំ អស់ចំនួន ៨អាសនៈ ទៅឲ្យគណបក្សសិទ្ធិមនុស្ស ដូច្នោះអ្នកដែលទទួលខុសត្រូវដំបូងគេ គឺអភិបាល ស្រុកនេះឯង។

នៅព្រឹកថ្ងៃសៅរ៍ ទី ២៨ ខែ កក្ដដា ឆ្នាំ ២០១២ ដើមអម្ពិលមិនអាចធ្វើការទំនាក់ទំនងលោក ជៀង អំ អភិ បាលខេត្តស្វាយរៀង ដើម្បីសុំការបំភ្លឺបានទេពាក់ព័ន្ធពីបញ្ហា ដោះដូរអភិបាលស្រុករមាសហែកនេះ ដោយ ទូរស័ព្វរបស់លោកមិនអាច ហៅចូលបាន ក៏ប៉ុន្តែនៅពេលដែលយើងបាន ធ្វើការទាក់ទងមន្រ្តីជាច្រើន របស់ខេត្តស្វាយរៀងនោះ ពួកគេហាក់ដូចជាស្ទាក់ស្ទើរក្នុងការប្រាប់តែមានមន្រ្តីខ្លះបាននិយាយ ដោយ ល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់ថា រឿងនេះជាការពឹតដោយខាងខេត្តកំពុងតែស្វែងរកមនុស្សដែល មានលក្ខណៈសម្បត្តិល្អ ដើម្បីទទួលតំណែងជាអភិបាលស្រុករមាសហែកជំនួសលោក ហែន សាគុណ នេះ៕

DAP-news

អភិបាលស្រុក រមាសហែក ត្រូវបានផ្លាស់ប្ដូរលឿន ដូចផ្លេកបន្ទោរ


E-mailPrintPDF
ស្វាយរៀងៈ បន្ទាប់ពីកាន់តំណែងជាអភិបាលស្រុក រមាសហែកដ៏ចម្រូងចម្រាស់រឿងដីធ្លី មិនទាន់ទាំងបាន១ឆ្នាំ កន្លះស្រួលបួលផង នៅទីបំផុតលោក ហែន សាគុណ ត្រូវបានប្រកាស់ប្ដូតំណែងនៅព្រឹកថ្ងៃទី៧ ខែមីនា នៅក្នុង ពិធីប្រថុចញ៉ុចមួយ នៅសាលាស្រុករមាសហែកក្រោមអធិបតីភាព របស់លោកអភិបាលខេត្តស្វាយរៀងជៀង អំ។
នៅក្នុងពិធីប្រកាស់ប្លាស់ប្ដូអភិបាលស្រុករមាសហែក ដែលមានរយៈពេលមួយដង្ហើមចង្រិតនេះ លោក ហែន សា គុណ ត្រូវបានផ្ទេភារកិច្ចពីអភិបាលស្រុករមាសហែក ឲ្យមកបម្រើការនៅសាលាខេត្តស្វាយរៀង ជំនួសដោយ លោក ពេញ ជា ដែលជាអនុមន្រ្តីថ្នាក់លេខ១០ អភិបាលរងស្រុកស្វាយទាប ឲ្យមកបម្រើការជាអភិបាល នៃ គណៈអភិបាលស្រុករមាសហែកវិញ។
យោងតាមប្រភពពីមន្រ្តីម្នាក់ ដែលស្និទ្ធិ និងលោក ហែន សាគុណ បានប្រាប់ឲ្យដឹងថា ការប្រកាសប្លាស់ប្ដូនេះ គឺ វាឆាប់រហ័សពេក ព្រោះគេទើបតែជូនដំណឹងឲ្យលោក ហែន សាគុណ ដឹងតែពីរថ្ងៃប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យ លោក ហែន សាគុណ ដែលកំពុងតែមានបញ្ហាសុខភាពស្រាប់ផងនោះ ពិបាកនិងទប់អារម្មណ៍បានណាស់ ទៅ និងការប្លាស់ប្ដូរ ដ៏ឆាប់រហ័សនេះ ក៏ប៉ុន្តែលោកត្រូវបានលួងលោមដោយកូនស្រីម្នាក់ ដែលជិតនិងរៀបអាពាហ៍ ពិពាហ៍នៅពេលខាងមុខនេះ ឲ្យគាត់ប្រឹងទប់អារម្មណ៍នៅក្នុងពិធីប្រកាសប្ដូរតំណែង ។
ពាក់ព័ន្ធទៅនិងការផ្ទេតំណែងអភិបាលស្រុករមាសហែកនេះ លោក អភិបាលខេត្តស្វាយរៀង ជៀង អំ មិនអាច សុំការបំភ្លឺបានទេ ពាក់ព័ន្ធទៅនិងការផ្ទេរតំណែងនេះ ថាតើការផ្លាស់ប្ដូនេះ ដោយសារបញ្ហាកំហុសការងារ ឬ យ៉ាងណានោះ។
ក៏ប៉ុន្តែបើតាមមន្រ្តីជាន់ខ្ពស់របស់ខេត្តស្វាយរៀងម្នាក់ បានប្រាប់ឲ្យដឹងថា ការផ្លាស់ប្ដូរតំណែងនេះ គឺលោក ហែន សាគុណ មិនមានកំហុសអ្វីមួយនោះទេ ការផ្លាស់ប្ដូរនេះ ដោយសារតែលោក ហែន សាគុណ មានបញ្ហាសុខភាព មិនប្រក្រតីប៉ុណ្ណោះ។
តាមប្រភពពីមន្រ្តីខ្លះបានប្រាប់ថា មានមូលហេតុមួយចំនួន ដែលធ្វើឲ្យមានការប្លាស់ប្ដូនេះ ទី១. ដោយសារលោក ហែន សាគុណ មានសុខភាពមិនសូវល្អ និងមូលហេតុដ៏សំខាន់ទី២នោះ ដោយសារតែការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់កន្លងមកក្នុងចំណោមក្រុង២ និងស្រុក៦ របស់ខេត្តស្វាយរៀង មានតែស្រុករមាសហែកមួយគត់ ដែល បានបាត់បង់អាសនៈក្រុមប្រឹក្សាឃុំអស់ចំនួន ៨អាសនៈទៅឲ្យគណបក្សសិទ្ធិមនុស្ស ដូច្នោះអ្នកដែលទទួលខុស ត្រូវដំបូងគេ គឺអភិបាលស្រុកនេះឯង ហើយគម្រោងការផ្លាស់ប្ដូនេះ គឺយូរណាស់មកហើយ ពោលតាំងពីក្រោយ ការបោះឆ្នោតឃុំសង្កាត់មកម្ល៉េះ៕
Photo by DAP-NEWS